ក្រសួងការពារជាតិកម្ពុជា បានអះអាងថា យន្តហោះចម្បាំង F-16 ថៃ បានទម្លាក់គ្រាប់បែក ចំនួន២គ្រាប់ចូលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈកងទ័ពថ្មើរជើងថៃ កំពុងព្យាយាមរុលចូលតំបន់បឹងត្រកួនក្នុងខេត្តនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ជុំវិញបញ្ហានេះ អ្នកតាមដានជម្លោះព្រំដែនមួយចំនួន ជំរុញឱ្យរដ្ឋាភិបាលបញ្ចេញអាវុធប្រឆាំងនឹងយន្តហោះចម្បាំងនេះ ដើម្បីការពារទឹកដី ខណៈថៃបើកការឈ្លានពានជាថ្មីទៀត ដល់ថ្ងៃទី៨ បើគិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
បើតាមក្រសួងការពារជាតិកម្ពុជា ដែលបានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃអាទិត្យនេះថា នៅយោធភូមិភាគទី៥ ក្នុងខេត្តបន្ទាយមានជ័យ នៅម៉ោងជិត១០ យោធាថៃបានបាញ់ផ្លោងជាបន្តបន្ទាប់ ចូលភូមិសាស្ត្រភូមិព្រៃចាន់ ប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ២គ្រាប់ នៅភូមិសាស្ត្រភូមិថ្មសិន ឃុំនិមិត្ត ស្រុកអូរជ្រៅ ខណៈកម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្ត្រ បឹងត្រកួន។
នៅព្រឹកថ្ងៃអាទិត្យនេះដែរ ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី១៤នេះ ថៃបានបើកការឈ្លានពានកម្ពុជា ចូលដល់ថ្ងៃទី៨ហើយ ដែលថៃបានប្រើយន្តហោះចម្បាំងប្រភេទនេះ ទម្លាក់គ្រាប់បែកចង្កោម និងបាញ់ផ្សែងពុលចូលតំបន់ប្រាសាទព្រះវិហារ និងទម្លាក់គ្រាប់នៅតំបន់អូរប្លុកដំរី ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បញ្ចេញសំណាញ់មេឃប្រភេទ KS-1C បាញ់ទម្លាក់យន្តហោះចម្បាំង F-16 របស់ថៃ ដើម្បីការពារទឹកដី ដោយលោកចាត់ទុកថា ទង្វើឈ្លានពានរបស់ថៃនេះ គឺជាអំពើភេវរកម្ម ។
លើសពីនេះ លោកថា នេះជាភស្តុតាងបន្ថែមទៀត ដើម្បីដាក់ភ្ជាប់ទៅនឹងបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ហើយថា លោក ដូណាល់ ត្រាំ គួរតែព្រមានថៃនិងដាក់ទណ្ឌកម្មទៅលើថៃ ព្រមទាំងបិទប្រព័ន្ធរ៉ាដានៃយន្តហោះចម្បាំង F-16 ដើម្បីទប់ស្កាត់ទង្វើឈ្លានពានមកលើដែនដីកម្ពុជា៕









