ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា កងទ័ពកម្ពុជានៅបន្តប្រយុទ្ធយ៉ាងស្វិតស្វាញ ប្រឆាំងទៅនឹងសត្រូវឈ្លានពានថៃ ខណៈការឈ្លានពានរបស់ថៃចូលដល់ថ្ងៃទី៨នេះ ទោះបីយោធាថៃនៅបន្តប្រើអាវុធគាំទ្រធុនធ្ងន់ និងយន្តហោះចម្បាំងប្រភេទF-16 វាយសម្រុកនៅភូមិភាគ៥ ក្នុងខេត្តពោធិ៍សាត់ និងភូមិភាគ៤ នៅខេត្តព្រះវិហារ ដោយប្រើគ្រាប់បែកចង្កោមនិងបាញ់ផ្សែងពុលក៏ដោយ។
ការណ៍នេះកម្ពុជា ចាត់ទុកការឈ្លានរបស់យោធាថៃ ទង្វើសម្លាប់ពលរដ្ឋខ្មែរដោយមិនរើសគោលដៅ និងទាមទារឱ្យសហគមន៍អន្តរជាតិចាត់វិធានការច្បាប់លើប្រទេសថៃ ដើម្បីធានាសន្តិសុខក្នុងតំបន់ និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយចាត់ទុកថាទង្វើឈ្លានពារបស់ថៃជិត១០ថ្ងៃមកនេះ ជាបទឧក្រិដ្ឋកម្មសង្គ្រាម។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាននិយាយថា នៅថ្ងៃទី១៤ខែធ្នូនេះ ជាថ្ងៃទី៨ហើយ ដែលយោធាថៃបានបើកការឈ្លានកម្ពុជារំលោភលើច្បាប់អន្តរជាតិ រំលោភលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ថៃចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅគូឡាឡាំពួរ។
អ្នកស្រីថា ស្ថានការណ៍នៅសមរភូមិជួរមុខ នៅទិសយុទ្ធភូមិភាគទី៣ មានខេត្តកោះកុងជាដើម មានសភាពស្ងប់ស្ងាត់វិញ។ ប៉ុន្តែថា នៅសមរភូមិទិសយុទ្ធភូមិភាគទី៥ មានខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ និងយុទ្ធភូមិភាគទី៤ មានខេត្តឧត្តរមានជ័យ និងព្រះវិហារ យោធាថៃបង្កើនការបាញ់ផ្លោងដោយអាវុធគាំទ្រ និងយន្តហោះចម្បាំង។
បើតាមក្រសួងនៅសមរភូមិយុទ្ធភូមិភាគទី៤ចាប់ពីម៉ោង ២និង៤០នាទី រំលងអាធ្រាត រហូតដល់ម៉ោង៨ព្រឹកថ្ងៃអាទិត្យនេះ យោធាថៃបានបន្តប្រើអាវុធធុនធ្ងន់ប្រភេទគាំទ្រ ផ្លោងចូលប្រាសាទព្រះវិហារ និងប្រើយន្តហោះចម្បំាងទម្លាក់គ្រាប់បែកចង្កោម និងបាញ់ផ្សែងពុលចូលភូមិសាស្ត្រខេត្តព្រះវិហារ រួមទាំងបាញ់កាំភ្លើងធំចូលប្រាសាទខ្នា។
អ្នកស្រីថា៖ «នៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបង្កើនរថក្រោះ និងកម្លាំងថ្មើរជើងចូលមកបន្ថែមទៀត ក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងបាញ់ផ្សែងពុលចូលប្រាសាទព្រះវិហារ»។
រីឯសមរភូមិនៅយុទ្ធភូមិភាគទី៥ យោធាថៃបានបន្តបាញ់មកលើយោធាកម្ពុជា ចាប់ពីម៉ោង១២រំលងអាធ្រាត រហូតម៉ោង៨ព្រឹកនេះ យោធាថៃបានប្រើយន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រអូរភ្លុកដំរី និងបើកការវាយប្រហារនៅចក្រច១ រីឯខេត្តបន្ទាយមានជ័យ ថៃបានបាញ់ចូលច្រកបឹងត្រកួន។
យ៉ាងណា ក្រសួងការពារជាតិកម្ពុជា បានអះអាងថា មកដល់ពេលនេះ កងទ័ពកម្ពុជានៅតែឈរជើងយ៉ាងរឹងមាំ និងប្រយុទ្ធយ៉ាងស្វិតស្វាញទប់ទល់ជាមួយសត្រូវឈ្លានពាន ដើម្បីការពារទឹកដី។
អ្នកស្រីថា៖ «យើងបញ្ជាក់ឡើងវិញសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ»។
លើសពីនេះ កម្ពុជាជំរុញឱ្យសហគមន៍អន្តរជាតិថ្កោលទោស និងចាត់វិធានការច្បាប់លើប្រទេសថៃ ដោយចាត់ទុកថា ទង្វើឈ្លានពានសម្រាប់ពលរដ្ឋខ្មែរមិនរើសគោលដៅបែបនេះ ជាឧក្រិដ្ឋកម្មសង្គ្រាម ដើម្បីធានាសន្តិសុខក្នុងតំបន់ និងការពារសណ្តាប់ធ្នាប់អន្តរជាតិ។
យ៉ាងណា សារព័ត៌ក្នុងស្រុក បានចុះផ្សាយថា ជាការឆ្លើយតបទៅនឹងទង្វើឈ្លានពាននេះ BM២១ របស់កម្ពុជាកំពុងឆ្លើយតប នៅលើសមរភូមិប្រយុទ្ធ។
រីឯកាសែតក្នុងស្រុកថៃវិញ បានចុះផ្សាយថា មកដល់ពេលនេះ ក្រសួងការពារជាតិថៃ មិនទទួលបានការជូនដំណឹងពីដ្ឋាភិបាលថៃ លើវិធានឱ្យបញ្ឈប់ការឈប់បាញ់នៅឡើយទេ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកការធ្វើដំណើរចេញចូលទាំងស្រុងនៅតាមច្រកព្រំដែនកម្ពុជា-ថៃ រហូតដល់មានការជូនដំណឹងជាថ្មី ដោយសំអាងថា ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ កុំឱ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរ ពិសេសការឆ្លងកាត់តាមព្រំដែន។
លើសពីនេះ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ កងទ័ពថៃបានឈ្លានពាន វាយប្រហារ និងសម្លាប់ពលរដ្ឋខ្មែរ ដោយគ្មានការរើសមុខ សូម្បីតែស្ពាន ថ្នល់ សាលារៀន និងវត្តអារាម ក៏ពួកគេប្រើកាំភ្លើងធំ និងយន្តហោះវាយបំផ្លាញ រួមទាំងបាញ់ផ្សែងពុលចូលភូមិពលរដ្ឋខ្មែរទៀតផង ដែលលោកចាត់ទុកទង្វើឈ្លានរបស់ថៃនេះ ជាទង្វើសម្លាប់ពលរដ្ឋខ្មែរមិនរើសមុខ៕









