ក្រសួងមហាផ្ទៃ ឱ្យដឹងថា គិតដល់ម៉ោង៦ល្ងាចថ្ងៃទី១៤ខែធ្នូ យោធាថៃនៅបន្តប្រើយន្តហោះច្បាំង ទម្លាក់គ្រាប់ អាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងបាញ់ផ្សែងពុល មកលើដែនអធិបតេយ្យកម្ពុជា ធ្វើឱ្យចំនួនជនស៊ីវិលស្លាប់កើនដល់១២នាក់ និងរបួសកើនដល់ ៧៤នាក់ ក្នុងនោះមានម្នាក់ត្រូវផ្សែងពុល និងជនភៀសសឹកកើនដល់ជាង ៤០ម៉ឺននាក់ ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងរបស់ពលរដ្ឋស៊ីវិល។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ គិតពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ឱ្យដឹងថា អំពើឈ្លានពានរំលោភច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់ជាមុនមកលើដែនអធិបតេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើងកាលពីថ្ងៃទី៧ ខែធ្នូបានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបណ្តាលឱ្យពលរដ្ឋស៊ីវិលស្លាប់មានចំនួន ១២នាក់ របួសចំនួន ៧៤នាក់ ក្នុងនោះមានម្នាក់ត្រូវផ្សែងពុល។
ចំណែក ករណីពលរដ្ឋនៅជំរុំសុវត្ថិភាពក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងសៀមរាប មានជនភៀសសឹកសរុប ១២០ ៨១៤គ្រួសារ (កើន ៣ ៦៩៤គ្រួសារ) ស្មើនឹងមនុស្ស ៤០៣ ៦០១នាក់ (កើនឡើង ៨ ៨៩៥គ្រួសារ) ក្នុងនោះមានស្ត្រី ២៤ម៉ឺននាក់ និងកុមារ ៩ម៉ឺន៦ពាន់នាក់។
សម្រាប់ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនស៊ីវិលវិញ ក្រសួងថា គិតពីថ្ងៃទី៧ មកដល់ពេលនេះ ខូចខាតផ្ទះពលរដ្ឋ ៣៦ខ្នង សាលារៀន១ទីតាំង ប្រាសាទបុរាណ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិយាល័យគយនិងរដ្ឋករ១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ២ខ្នង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ក្បាលស្ពាន១កន្លែង ស្ពានដែក១ ស្ថានីយ៍ប្រេង១ទីតាំង មធ្យោបាយដឹកជញ្ជូន៥គ្រឿង ឃ្លាំងទិញដំឡូង១ទីតាំង ព្រមទាំងទ្រព្សសម្បត្តិនិងសម្ភារជាច្រើនទៀត។
ក្រៅពីនោះ សេវាមូលដ្ឋាន ដូចជាសេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុងស្រុកឃុំសង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារដោយអាវុធគ្រប់ធុន និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានធ្វើសេចក្តីសង្ខេបព័ត៌មានដែរថា នៅខេត្តឧត្តរមានជ័យ យោធាថៃ បានធ្វើការវាយប្រហារមកលើតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ជប់គគីរ ថ្មដូន អូរស្មាច់ ដោយប្រើប្រាស់អាវុធធុនតូច ធុនធំគ្រប់ប្រភេទ រួមមាន រថគ្រោះ រថពាសដែក ទ្រូនទម្លាក់គ្រាប់ យន្តហោះF-16 បាញ់ផ្លោងគ្រាប់បែកចង្កោមជាច្រើននៅស្រុកសំរោង ស្រុកបន្ទាយអំពិល និងស្រុកត្រពាំងប្រាសាទ។
នៅទិសខេត្តព្រះវិហារ យោធាថៃ បានបាញ់ប្រហារចាប់ពីតំបន់អានសេះ តំបន់ប្រាសាទព្រះវិហារ រហូតដល់តំបន់មុំបី និងភូមិសាស្ត្រផ្សេងៗទៀត ខណៈនៅខេត្តបន្ទាយមានជ័យ យោធាថៃ បានបន្តបាញ់ប្រហារដោយគ្រាប់យុទ្ធភណ្ឌ និងផ្សែងពុល មកលើកងកម្លាំងកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួក និង ក្រុងប៉ោយប៉ែត។
លោកបន្តថា៖ «យោធាថៃបានប្រើយន្តហោះទម្លាក់គ្រាប់បែកនៅភូមិថ្មសឹង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ ចំពោះផលប៉ះពាល់ គឺទើបបានប្រទះឃើញសពប្រជាពលរដ្ឋម្នាក់ តែមិនស្គាល់អត្តសញ្ញាណ ដែលប្រហែលជាស្លាប់នៅថ្ងៃទី១១ ដោយសារតែការវាយប្រហាររបស់ភាគីថៃ ហើយនៅថ្ងៃនេះ គឺមានរងរបួសចំនួន ១៥នាក់ និងពុលផ្សែងពុលចំនួន១នាក់»។
លោក ទូច សុខៈ បន្តទៀតថា នៅខេត្តពោធិ៍សាត់ ទាហានថៃបានវាយប្រហារលើខ្សែត្រៀមជួរមុខចំនួន ៤មុខព្រួញ រូមមាន ទិសច្រកជ័យជំនះ អូរភ្លុកដំរី ច១ វាយគួច ដ្រូនពាំក្បាលគ្រាប់ទម្លាក់ និងកាំភ្លើងធំ បណ្តាលឱ្យខូចខាតសំណង់អគារជាច្រើនកន្លែង និងនៅខេត្តបាត់ដំបង ទាហានថៃបានបង្ហោះដ្រូន រំលោភចូលទឹកដី ភូមិអូរល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ចម្ងាយពីព្រំដែនប្រមាណ ៣០០ម៉ែត្រ។
ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន បាននិងកំពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និងអធិតេយ្យភាពជាតិ ដោយម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅនៃសមរភូមិប្រយុទ្ធ៕









