បារាំង បង្ហាញការព្រួយបារម្ភ ចំពោះការប្រឈមមុខដាក់គ្នារវាងកម្ពុជានិងថៃ ជុំវិញជម្លោះព្រំដែនដែលអូសបន្លាយប្រមាណចំនួនជិត១០ថ្ងៃមកនេះ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ របួស និងជនភៀសសឹករាប់ម៉ឺននាក់ និងគាំទ្រការជំរុញឱ្យកម្ពុជា-ថៃវិលទៅគោរពបទឈប់បាញ់។
ក្រសួងអឺរ៉ុប និងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ប្រទេសបារាំងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជា។ ប្រទេសបារាំង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងការជំរុញឲ្យមានការបន្តកិច្ចសន្ទនាដោយសន្តិវិធីរវាងប្រទេសទាំងពីរ។
ប្រទេសបារាំង គាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យមានបទឈប់បាញ់ភ្លាមៗ ហើយជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាវិញ ស្របតាមបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួរ ដើម្បីឈានទៅរកការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី។
ការអំពាវនាវរបស់ក្រសួងអឺរ៉ុបនិងការបរទេសបារាំង កើតឡើងខណៈក្រសួងមហាផ្ទៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៤ ខែធ្នូនេះថា គិតចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង១រសៀលថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរំលោភច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់ជាមុនមកលើដែនអធិបតេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើងជាថ្មីកាលពីថ្ងៃទី០៧ ខែធ្នូ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិល។
ជុំវិញជម្លោះព្រំដែននេះ ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា ព្រឹកថ្ងៃទី១៥ខែធ្នូនេះ យោធាថៃបានបន្តប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹកខ្មែរ នៅស្រុកស្រីស្នំ ខេត្តសៀមរាប ទាំងកំរោល ខណៈទីតាំងជាច្រើនទៀតនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ យោធាថៃនៅបន្តបាញ់ផ្លោងចូល ដែលថៃបើកការឈ្លានពានជាថ្មីទៀតចំនួន៩ថ្ងៃមកនេះ៕









