បញ្ញវ័ន្ត​​​ខ្មែរ​ជំរុញឱ្យខ្មែរ​គ្រប់​​និន្នាការ​នយោបាយ​​​ស្រាក់​ដៃគ្នា​​ជួយ​ជាតិ​​ទ​ប់​​ទល់​​ថៃ​ឈ្លាន​ពាន

បញ្ញវ័ន្តខ្មែ​រ​ បន្តជំ​រុញ​​​ឱ្យ​​ខ្មែរ​គ្រប់​​និន្នាកា​រ​នយោបាយ​​​ ​ទាំង​​ព្រះ​សង្ឃ ​និង​​គ្រហស្ថ​​រួប​រួម​​សាមគ្គីស្រាក់​ដៃ​គ្នា​​ជួយ​​​​កង​ទ័ព​​ជួរ​មុខ​​ និង​ជួយ​​ជន​ភៀស​សឹក​ ​​ដែល​​កំពុង​ជួប​ការ​​លំបាក​​យ៉ាង​ខ្លាំង ​ខណៈ​​លោក​នាយក​​រដ្ឋ​​មន្ត្រី​​ហ៊ុន ម៉ាណែត ​បាន​​បង្ហាញ​​ពី​មោទកភាព​​នៅ​​ពេល​​ឃើញ​​ខ្មែ​រ​​នៅ​​គ្រប់​​ទិស​​ទី​​រួប​​រួម​សាមគ្គី​គ្នា​។

ការ​បង្ហាញពីការ​រួបរួមសាមគ្គីគ្នា​កាន់​តែខ្លាំង​របស់​ប្រជាជាតិ​ខ្មែរ​នេះ​ គឺ​ខណៈ​​ដែល​ថៃ​​​មិន​​គោរព​បទឈ​ប់​បាញ់​ជា​ថ្មី​ទៀត ​ដែ​ល​​បាន​​ដាក់​ឱសាន​វាទ​​​​​នៅ​ត្រឹម​ម៉ោង​១០​យប់ ​ថ្ងៃទី​១៣ ​ខែ​ធ្នូ ដោយ​លោក ​អាន់​វ៉ា​ អ៊ីប្រា​ហ៊ី​​​ម ​​នា​យក​រដ្ឋ​មន្ត្រីម៉ាឡេស៊ី ដែលជា​ប្រធាន​អា​ស៊ាន​ បន្ទាប់​​ពីលោក ​ដូណាល់ ​ត្រាំ ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បាន​ជួប​សន្ទនា​តាម​ទូរសព្ទ​​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត​ និង​​នាយក​​រដ្ឋ​​មន្ត្រី​ចាំ​ផ្ទះ​ថៃ​ ​​លោក​​អនុទីន ឆាន់​វីរៈ​គុល ដោយ​​បាន​ស្នើ​ឱ្យ​ប្រទេស​ទាំង​ពី​រ​ គោរព​បទឈប់​បាញ់​ដែល​បាន​ចុះកិច្ច​​ព្រ​ម​ព្រៀង​​ជាមួយគ្នា ​ក្នុង​សេច​ក្តី​ថ្លែង​ការ​ណ៍​​រួម​នៅ​ទីក្រុង​កូឡាឡំពួរ កាលពីថ្ងៃ​ទី​​២៦​ខែតុលា​។

លោក ​ហ៊ុន ម៉ាណែត ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ ​នៅ​ថ្ងៃទី​១៤​ធ្នូនេះថា លោក​​មានមោទក​ភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គី​ជាតិខ្មែរ ក្នុងកាលៈទេសៈ​ដែលប្រទេសជាតិ កំពុង​ជួបប្រទះ​នឹងការលំបាក ដោយសារការឈ្លានពានពីប្រទេសជិតខាង។

លោក​នាយក​រដ្ឋមន្ត្រី​លើកឡើង​ថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់​និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតី​​សាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈ​កងទ័ព វីរៈនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ការពារដែន​អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

លោកនាយក​រដ្ឋមន្ត្រី​​ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរ នៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំង​ចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់កម្ពុជា ​បន្តបេសក​កម្ម​ការពារទឹកដី ​និងថា​រាជរដ្ឋាភិបាល​ស្ថិត​​​នៅជាមួយ​​ប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាល​ជាតិ​ខ្មែរ​គ្រប់ពេលវេលា។

ជាមួយគ្នា​នេះ​ សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម មានថេរ​ដីកា​នៅក្នុងពិធីសច្ចកិរិយា​នៅរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥​​ថា ពេល​នេះទឹ​កដី​យើង​កំពុង​រង​​ការ​​វាយ​ប្រហារយ៉ាងខ្លាំងពីប្រទេស​ថៃ ដូច្នេះ​សូមព្រះតេជគុណគ្រប់ព្រះអង្គ និមន្តចេញ​ពី​វត្ត​ហើយ ទៅជួយបរិស័ទ្ធរបស់យើងដែល​កំពុងរងទុក្ខ។

ព្រះអង្គមានសង្សដីកាថា៖«ទាំងព្រះសង្ឃ​ ទាំងគ្រហស្ថ ​ព្រះករុណាគ្រប់​​ព្រះអង្គ​​ទូទាំង​ប្រទេស​​ ពេលនេះ​ទឹកដីរបស់​យើង​កំពុង​រងនូកា​រវា​​យ​​ប្រហារយ៉ាងខ្លាំង​​អំពីប្រទេសថៃ។​ ព្រះសង្ឃ​គ្រប់​ព្រះ​​អង្គ​​ទូទាំង​ប្រទេស ​សូម​ព្រះតេជគុ​ណនិ​មន្ត​ចា​ក​ចេញពីវត្ត ​ហើយ​ចូល​ទៅ​ជួយ​បរិស័ទ​របស់​យើង​​ដែល​កំពុង​តែ​រងទុក្ខ ​និងជម្លៀស​នៅ​តាម​ទល់​ដែន។ ​អ្វីគ្រប់​​យ៉ាង​ ​​ដែល​​ព្រះ​អង្គ​អាច​ធ្វើ​បាន​​​ព្រះអង្គ​ត្រូវ​តែធ្វើ ​​ពីព្រោះ​ញោម​កំពុង​តែរងទុក្ខ​វេទនា​។ មួយ​វិញទៀត ​ពល​រដ្ឋ​ខ្មែរ​ជាទី​ស្រឡាញ់​ ​សូមអស់លោក​ទាំង​អស់​មេត្តា​​ចូល​រួម​ជួយអ្វី​​ដែល​អាច​ធ្វើបាន ​ដល់​បងប្អូន​របស់​យើង​​ដែល​កំពុង​តែជម្លៀស​»។

លោក ​មាជ សុវណ្ណា​រ៉ា ​ប្រធានគណបក្ស​ជំនាន់​ថ្មី ​ដែល​​ក្នុង​រយៈ​ពេល​​ជាច្រើន​ថ្ងៃ​​មក​នេះ ​បាន​ធ្វើ​​ដំណើរ​​ចេញ​​ពី​ខេត្ត​មួយ​​ទៅ​ខេត្ត​មួយ ​នៅ​តាមបណ្តោយ​​ព្រំដែនកម្ពុជា​ថៃ ​បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​១៤ខែ​​ធ្នូនេះ​​ថា តាំងពីមាន​ការ​ផ្ទុះ​សង្គ្រាម​ជាលើក​ទី២ កាលពីថ្ងៃទី​៧​ខែ​ធ្នូមក​ នៅ​តាម​វត្ត​និង​​សា​លា​​រៀន​រាប់​រយ ​​ចាប់​តាំង​ពី​ខេត្ត​ពោធិ៍សាត់ ​​បាត់​តំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ ឧត្តរ​មាន​ជ័យ ​និង​​ខេត្ត​ព្រះ​វិហារ​​ គឺ​ពេញ​ណែន​ទៅ​ដោយ​ជន​ភៀសសឹក​។

លោក​ថា បើទោះ​បីជាជន​ភៀស​សឹក​ទាំងនោះ ​អ្នក​ខ្លះ​មាន​រថយន្ត​​ មានគោយន្ត ​មាន​ម៉ូតូ​ឬមាន​រ៉ឺម៉ក​​ក៏ដោយ ​ក៏ពួកគាត់​បាន​រត់​ភៀស​ខ្លួន​គេច​​ចេញ​ពី​គ្រាប់​​ផ្លោង​​របស់​កង​ទ័ព​​សៀម​ជ្រុល​​​និយម ​មិន​បាន​​យក​អ្វី​ជាប់​តាម​ខ្លួន​បាន​ច្រើនទេ​ ជាពិសេស​​គ្រឿង​ហូប​​ចុក​​ ខោអាវ​​ស្លៀក​ពាក់​ ទឹក​​​ប្រើប្រាស់ ​និងកន្លែង​ស្នាក់​នៅជាដើម ​ដែល​នៅ​ពេល​នេះ ​កំពុង​ជួប​ការ​លំបាក​ដែល​ត្រូវការ​ជួយ​​ជាបន្ទាន់​។ ​

លោកថា៖«​ខ្វះខា​តបំផុត គឺ​អាហារហូប​ចុកប្រចាំថ្ងៃ ទឹកប្រើប្រាស់ ថ្នាំសង្កូវ​អីៗ​វា​អាច​មាន​ជំងឺ​ឆ្លង ​ដោយ​​សារ​​តែ​មនុស្ស​ច្រើ​ន​​ខ្វះ​អនា​ម័យ​អី​ជាដើ​ម។ ចឹង​​ទោះ​បីយ៉ាង​ណា​ យើង​​ឃើញ​ថា​ ទឹក​​ចិត្ត​​ខ្មែរ​​យើង​​បង្កើត​​នូវ​​ក្រុម​សប្បុរសធ​ម៌​ ទាំង​​យុវជន ​ទាំង​មន្ត្រី​រាជ​ការ​ ​កង​​កម្លាំង​​ប្រដាប់​​អាវុធ​​ខ្លួន​​ឯង ​ក៏​​ដូ​ច​​ជា​ខ្មែរក្រៅ​​ស្រុក​ក្នុង​​ស្រុក ​​គឺ​​ថា​បា​ន​​សម្រុក​​ពី​រា​ជ​​ធានី​ភ្នំពេញ​​ ពី​តាម​​បណ្តា​​ខេត្ត​ ​ទាំង​​ព្រះ​​សង្ឃ​ ​ទាំង​ពល​រដ្ឋ ​បាន​​យក​​ស្បៀង​​ សម្លៀក​​បំពាក់​​ទៅ​​ចែក​​ជ​ន​ភៀស​សឹក​ច្រើន​ណាស់ ​ប៉ុន្តែ​​វា​នៅ​តែមិ​ន​​គ្រប់​គ្រាន់​​ទេ ​ពីព្រោះ​​ជន​​ភៀស​​សឹក​នៅ​​ពេល​​នេះ​ច្រើន​ណាស់​​ដល់​លាន​នាក់​​​ទៅ​ហើយ»។

ជាមួយគ្នានេះ ​លោក ​សុវណ្ណារ៉ា ​លើក​ឡើង​​ថា នៅ​ក្នុង​កាលៈ​​ទេសៈ​​ដ៏​លំបាក​​នេះ ​មិន​​មែន​​ជា​​ពេល​​ដែល​​ខ្មែរ​​ត្រូវ​ប្រកាន់​​និន្នា​ការ​​នយោបាយ​ នៅ​​ប​ន្ត​ឈ្លោះ​​​គ្នា​​​​នោះ​ទេ ប៉ុន្តែ​គឺ​ជាពេល​វេលា​ដែល​​ខ្មែរ​ត្រូវរួប​រួម​សាមគ្គី​គ្នា​​ជួយ​ខ្មែរ​ដើម្បីការពារខ្មែរ។

លោកថា៖ «ចឹងពេលនេះ មិនមែនជាពេល​ដែល​យើង​ប្រកាន់​និន្នាការ​គណបក្ស​​នយោបាយ​ទេ ​ខ្មែរ​​តែមួយ ​ខ្មែរ​​ជួយ​ខ្មែរ ​ខ្មែរការពារខ្មែរ​ ខ្មែរ​បម្រើ​ខ្មែរ ​ខ្មែរ​ស្រឡាញ់​ខ្មែរ អាហ្នឹង​​ហើយ​​ដែល​​ជា​ការ​​សាមគ្គី​​ភាព​​​រឹ​ង​មាំ ដើម្បី​បង្ហាញ​​ឱ្យ​សត្រូវ​ប​រទេស​ឈ្លាន​ពាន​ហ្នឹង មើល​​ឃើញ​​ថា ខ្មែរ​ពេល​​នេះ​ដែល​​ខ្មែរ​​ត្រូវ​តែកា​រ​ពារ​ ​ត្រូវតែងើបឡើង​​ឈរ​រឹង​មាំក្លា​ហាន ​ដើម្បី​ប្រយុទ្ធ​ទប់ទ​ល់​​ ហើយ​​នឹង​​លើក​​ទឹក​​ចិត្ត​​ដល់​​វីរៈ​​កង​​ទ័ព​ ​ខ្ញុំឃើ​ញ​គ្រប់​​ច្រក​ល្ហក។ ​យើង​​ទម្លាក់​​និន្នា​ការ​​នយោបា​យ ​យើង​រើស​អើង ឬ​ក៏​​យើង​​​មាន​គំនុំ​​នយោបា​យ​​បុគ្គល​​ណា ​គឺ​ថា​យើង​​ដាក់​ចោល​​ ហើយ​​យើង​​ចាប់​​ដៃ​គ្នា​ទាញ​​ចង​​ជា​ព្រ័ត្រ​រុំ​​ ដើម្បី​ទប់​នឹងសត្រូវបរទេសឈ្លានពាន»។

​លោក​ មុត ចន្ថា ​អតី​ត​នាយ​ខុទ្ទកាល័យ​លោក ​កឹម សុខា ​អតីត​​ប្រធាន​គណបក្ស​​សង្គ្រោះ​​ជាតិ​​​បាន​​សរ​សេរ​​លើ​​​បណ្តាញ​​​សង្គម​​ថា លោក​​រីក​រាយ​បំផុត​នៅពេ​ល​ស្តាប់​ឮ​មេដឹក​នាំ​ខ្មែរ​ អំពាវ​នាវ​ឱ្យ​ខ្មែរ​រួប​រួម ដើម្បី​ប្រឆាំង​ចំពោះស​ត្រូវ​ឈ្លាន​ពាន​ទឹក​ដី។

ប៉ុន្តែលោ​ក​ក៏សូម​ឱ្យមានការឯកភាពជាតិខ្មែរទាំងមូល ដោយមិនគិតពីនិន្នាការនយោបាយ។ ​អតីតមន្ត្រី​គណ​បក្ស​សង្គ្រោះជាតិ​រូប​នេះ​លើកឡើង​ក្នុង​សំណេរ​ដើម​ថា៖ «ឯកឧត្តម កឹម សុខា ក៏​ជា​តួអ​ង្គ​នយោបាយ​សំខាន់​​ម្នា​ក់ ក្នុង​ការ​ធ្វើឱ្យ​ខ្មែ​រ​ឯកភាព​ជាតិ ដូច្នេះ​​គួ​រ​ដល់ពេ​ល​វេ​លា​សម​ស្រប​​បំផុត ដើម្បី​បញ្ចប់​រឿង​ក្តី​របស់​លោក សំដៅ​ធ្វើ​ឱ្យខ្មែ​រ​យើង​ខ្លាំង តទល់​នឹង​សត្រូវ​ឈ្លាន​ពាន»។

ទាក់​ទង​នឹង​លំនៅ​ដ្ឋាន​និង​ទ្រព្យ​សម្បត្តិ​របស់​ជន​ភៀស​សឹក ​នៅ​តាម​ព្រំដែន​ លោក​បណ្ឌិត មាស នី អ្នក​​សិក្សា​​ស្រាវ​​ជ្រាវ​​ពី​ការ​​អភិវឌ្ឍ​​សង្គម ​និង​​ជា​អ្នក​​​វិភាគ​​នយោ​បាយ​​ បាន​​សរ​សេរ​​លើ​បណ្តាញ​​សង្គម​​របស់​​លោក​​ថា អាជ្ញាធរមូលដ្ឋាន ​និង​ប្រជាការពារភូមិ ​មាន​កាតព្វកិច្ច​សំខាន់​ក្នុង​ការ​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​រដ្ឋ​​ និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​​ក្នុង​ភូមិ ​ដែល​ប្រជាពលរដ្ឋ​បាន​​ភៀស​​ខ្លួន​ចេញ។​

លោកបណ្ឌិត ​មាស នី ​លើកឡើង​ថា លោក​មាន​មោទក​ភាព​ ​នៅពេល​ឃើញ​ខ្មែរ​បាន​​ស្គាល់​សត្រូវ​​រួម​​ទាំង​អស់​គ្នា គឺបរទេស​ឈ្លានពាន។

ជាមួយគ្នា​នេះ​ បញ្ញវ័ន្ត​ខ្មែរ​​ដែល​មាន​វ័យ​ចំណាស់​ម្នាក់​​​ទៀត ​គឺលោក​បណ្ឌិត ​ឡៅ ម៉ុង​​ហៃ បាន​ចូល​​មក​​សរសេរ​​បន្ទរ​ថា​ អាជ្ញាធរ​​ត្រូវប្រកាសដាក់តំបន់​ភូមិឃុំ ស្រុក ដែល​​អ្នកស្រុក​បាន​ភៀស​សឹក​​ចាក​ចេញពីផ្ទះ​ជាតំបន់​មានភាពអាសន្ន និង​​ត្រូវដាក់​​កម្លាំង​នគរបាល ឲ្យយាមល្បាតរក្សាការ​ពារ​ទ្រព្យសម្បត្តិ និងសត្វពាហន:របស់អ្នកស្រុក។​

ជាមួយគ្នា​នេះ​ លោក​បណ្ឌិត ​ឡៅ ម៉ុង​ហៃ​ បាន​សរសេរ​ក្រើន​រំឭក​លើ​បណ្តាញ​​សង្គម​​របស់​លោក​ថា កម្ពុជា​ត្រូវស្គាល់​សៀម​​ឱ្យបាន​ច្រើន ដោយ​បញ្ជាក់ថា សៀម​ជាសម្ព័ន្ធ​មិត្ត​ក្រៅ​អង្គ​ការ​ណាតូ​​ដ៏​សំខាន់​​មួយ​របស់​​អាមេរិក។

ឆ្លើតតប​ទៅនឹងការ​លើកឡើង​ពីការខ្វះខាតទឹក​ស្អាត​ ​នៅ​តាម​ជំរុំ​ជន​ភៀស​សឹកនានា ​​ហើយ​មាន​ការ​​​ស្នើ​ឱ្យ​​ក្រសួង​មហាផ្ទៃ ​ប្រមូល​រថ​យន្ត​ពន្លត់​អគ្គីភ័យ​​​ពី​តាម​បណ្តាខេត្ត​នានា ​ដើម្បី​ទៅ​ប្រចាំ​ការ​​ដឹកទឹក​ជូន​​ជនភៀស​សឹកប្រើប្រាស់​នោះ លោក ​ទូច សុខៈ ​អ្នក​នាំពាក្យ​រង​ក្រសួង​មហា​ផ្ទៃ ​បាន​ឆ្លើយ​តប​នៅ​ថ្ងៃទី​១៤ខែ​​ធ្នូ​នេះ ​​តាម​បណ្តាញ​​សង្គម​​របស់​​លោក​​ថា លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ​​ស សុខា កំពុង​រៀប​ចំ​ចាត់​ចែង​ករណី​នេះ និង​ការ​ងា​​រផ្សេ​ងៗ​ច្រើន​ទៀត ដើម្បី​​ជួយ​​សម្រួល​​ដល់​​​ទុក្ខ​លំបាក​​របស់​​ជន​​ភៀស​​សឹក​។

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អនុទីន ឆានវីរៈគុល បានច្រានចោលសេចក្ដី​រាយការណ៍ អំពី​កិច្ចព្រមព្រៀង​ឈប់​បាញ់ បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហោះសារ​លើបណ្ដាញសង្គម អំពាវនាវឱ្យប្រទេស​ថៃ និងកម្ពុជាបញ្ឈប់ការប្រយុទ្ធគ្នាត្រឹមម៉ោង ១០ យប់​ថ្ងៃទី១៣ ខែធ្នូ។

លោក អនុទីន បាននិយាយថា មិនមានកិច្ចព្រមព្រៀងណាមួយឡើយ ហើយបានជំរុញឱ្យសាធារណជន​ថៃ ​ជឿជាក់លើការណែនាំជាផ្លូវការរបស់យោធាថៃ។ នាយក​រដ្ឋ​មន្ត្រី​ចាំផ្ទះ​រូប​នេះ ​សង្កត់​ធ្ងន់​ថា សំណើរឈប់បាញ់ណាមួយ ត្រូវតែស្នើឡើងដោយផ្ទាល់​ពីប្រទេសកម្ពុជា តាម​រយៈ​បណ្តាញ​ត្រឹម​ត្រូវ មិន​មែន​តាម​រយៈ​សម្ពាធ​ពីមេដឹកនាំ​ប្រទេស​ដទៃ ឬសេចក្តីថ្លែងការណ៍​ ដែលធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។ ​នេះ​បើ​យោង​តាម​កាសែតថៃ The Nation។

ក្រសួង​ការពារជាតិកម្ពុជា ​បាន​ចេញ​សេចក្តីសង្ខេបស្ថានការណ៍នៅតាមបន្ទាត់​ព្រំដែនកម្ពុជា-ថៃ​ថា គិតចាប់ពីម៉ោង ៨:ព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ​កងយោធាថៃនៅ​តែ​បន្ត​​បាញ់​ប្រហារ មកលើកងកម្លាំងកម្ពុជា​នៅយោធភូមិភាគទី៥ ក្នុង​​នោះ​​​នៅ​ម៉ោង ៩:៥២នាទី យោធាថៃ​បាន​​បាញ់​ផ្លោងចូលភូមិ​សាស្ត្រ​ភូមិព្រៃចាន់។

ម៉ោង ១០:៣៦នាទី យន្តហោះចម្បាំង F-16 ​របស់​ថៃ​ទម្លាក់ចំនួន ២គ្រាប់ នៅភូមិសាស្ត្រភូមិថ្មសិន ឃុំនិមិត្ត ស្រុកអូរជ្រៅ។ ម៉ោង ១០:៣៨នាទី F-16 ហោះលើភូមិសាស្ត្រឃុំ អូរបីជាន់។ ម៉ោង ១០:៥៨នាទី យោធាថៃបានប្រើដ្រូនស៊ើបការណ៍ ហោះក្តាប់សភាព​ការណ៍នៅភូមិសាស្ត្រ​ឃុំអូរបីជាន់។ ម៉ោង ១១:២០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ បានព្យាយាមរុលចូលមកខាង​មុខ​ភូមិ​សាស្ត្រ​បឹងត្រកួន។ ម៉ោង ១១:៥៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិ​ព្រៃចាន់ និង​ម៉ោង ១២:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិបឹង​ត្រកួន​ជាដើម។

លោកបណ្ឌិត ​​គិន ភា​ ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​​នៃ​រាជបណ្ឌិត​សភា​កម្ពុជា ​​​បាន​សរសេរ​​លើ​​បណ្តា​​ញ​​សង្គម​​របស់​​លោក ​នៅ​ថ្ងៃទី​១៤ខែ​​ធ្នូ​នេះ​ថា គ្មានការឈឺចាប់ណាខ្លាំងជាងការ​ឈឺចាប់ដែលប្រទេសជាតិ ​ត្រូវសត្រូវឈ្លានពាននិងប្រមាថនោះទេ។

លោក​បាន​សម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ និងជំពាក់គុណដ៏សែនធ្ងន់ ចំពោះបងប្អូនវីរកងទ័ព​ដ៏អង់អាចក្លាហាន ដែលបានលះបង់សាច់ស្រស់​ឈាមស្រស់ និងពលីជីវិត ​ដើម្បីការពារទឹកដី​ និងប្រាសាទ​បុរាណ​ដែលជាមរតកដូនតាខ្មែរយើង។

លោកលើក​ឡើង​ថា តាមរយៈការតស៊ូប្រយុទ្ធនឹងសត្រូវឈ្លានពាន រយៈពេល​ជាច្រើន​ថ្ងៃកន្លងមក​នេះ យើងបានមើលឃើញយ៉ាង​ប្រត្យក្សនូវមហាសាមគ្គីជាតិ និងឯកភាពជាតិ​នៃមហាគ្រួសារ​ខ្មែរ​ ទាំង​នៅសមរភូមិមុខ និងសមរភូមិក្រោយ និងទាំងក្នុងប្រទេស ​និងក្រៅប្រទេស ដែល​មិន​ធ្លាប់​​មានរាប់សតវត្សរ៍​មក​ហើយ។

បញ្ញវ័ន្ត​រូប​នេះ​ បញ្ជាក់ទៀត​​ថា ខ្មែរ​ម្នាក់ៗសុទ្ធតែមានការឈឺឆ្អាលចំពោះប្រទេសជាតិ និងការឈឺ​ចាប់​ចំពោះ​សត្រូវឈ្លានពាន ហើយបានប្រែក្លាយការឈឺឆ្អាល និងការឈឺចាប់ទាំងនោះទៅ​ជា​សកម្មភាពជាក់ស្ដែង តាមរយៈការគាំទ្រ​​ជាស្មារតី សម្ភារៈ ថវិកា និងបញ្ញាញាណទៅតាម​សមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។ ​ចំណែកបងប្អូនខ្មែរនៅឯនាយសមុទ្រ បានចេញតវ៉ាប្រឆាំង​អំពើឈ្លានពានរបស់សត្រូវ ស្ទើរពាសពេញពិភពលោក ក្នុងស្មារតីខ្មែរតែមួយ។

ឈរ​លើ​ស្មារតីនៃមហាសាមគ្គីជាតិ និងឯកភាពជាតិ​ ដែលខ្មែរ​មាននាពេលនេះ លោក​បណ្ឌិត​ គិន ភា​ ជំរុញឱ្យខ្មែរ​គ្រប់​និន្នាការ​នយោបាយ ​ត្រូវប្រែក្លាយ​មេរៀន​សោកនាដ​កម្ម និងការឈឺចាប់​ដែលបង្កឡើងដោយ​សត្រូវ​បរទេស​ឈ្លានពាននេះ​ ទៅជាការខិតខំប្រឹងប្រែងបន្ថែមទៀតក្នុង​ការពង្រឹងស្មារតីសាមគ្គីជាតិ និងឯកភាពជាតិយូរអង្វែង និងមានលក្ខណៈជាប្រព័ន្ធ និងខិត​ខំ​ប្រឹងប្រែងពង្រឹងសមត្ថភាពជាតិ​ខ្មែរ​ លើគ្រប់វិស័យទៅថ្ងៃអនាគត។

លោកថា​៖ «ខ្មែររួម៖ រស់ ខ្លាំង អភិវឌ្ឍ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ