ម៉ាឡេស៊ីថាកម្ពុជា​និង​ថៃ​ស្នើ​ពន្យា​ពេល​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បទេស​ដើម្បី​រៀប​ចំ​សណ្តាប់​ធ្នាប់

នាយករដ្ឋ​មន្ត្រី​ម៉ាឡេ​ស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្តូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម​(Anwar Ibrahim) និយាយ​ថា​ ភាគី​ប្រទេស​កម្ពុជា​និ​ង​ថៃ ស្នើ​ពន្យា​ពេល​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ចំពោះ​ការ​វាយ​តម្លៃ​ការ​វិវត្ត​ចុង​ក្រោយ​នៃ​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន ដែល​បាន​គ្រោង​ទុក ដើម្បី​រៀប​ចំ​ស្ថាន​ការណ៍​ឱ្យ​មាន​សណ្តាប់​ធ្នាប់។

ប្រភពព័ត៌មាន​ដឹស្តា​(The Star) និង ប៊រ​ណាម៉ា​(Bernama)​ រប​ស់ប្រ​ទេស​ម៉ាឡេ​ស៊ី បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​ដូច​គ្នា​ថា លោក​នាយក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា ភាគី​ប្រទេស​ទាំង​ពីរ​បាន​ស្នើ​ពន្យា​ពេល​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​​ការ​បរទេស​អាស៊ាន​ ដែល​គ្រោង​នឹ​ងធ្វើ​នៅ​ថ្ងៃ​ស្អែក ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ ដើម្បីធា​នាស្ថា​ន​ការណ៍​ឱ្យ​មាន​សណ្តាប់​ធ្នាប់។

លោកនាយករដ្ឋមន្ត្រី បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ បន្ទា​ប់​ពី​ចាប់​ផ្តើម​អាន​សៀវ​ភៅ​នៅឯ​វិទ្យា​ស្ថាន​អន្តរ​ជាតិ​នៃកា​រ​សិក្សា​អ៊ីស្លាម​កម្រិត​ខ្ពស់​ នៅ​ថ្ងៃ​​ទី​១៥​នេះ​ថា៖ ‘‘យើង​នៅតែ​ស​ម្រប​សម្រួល​ និង​តាម​ដាន​នូវ​ការ​ខំ​ប្រឹង​ប្រែង។ ពួក​គេ​បាន​ស្នើ​ពន្យា​រពេ​ល​កិច្ច​ប្រជុំ​រដ្ឋ​ម​​ន្ត្រី​ការបរទេស​ដែលបា​នគ្រោង​ទុក​នៅ​ថ្ងៃ​អង្គារ។ ដូច្នេះ​ពួក​យើង​ពន្យារ​ពេល​រៀប​ចំ​ឱ្យ​មាន​សណ្តាប់​ធ្នាប់។ ប៉ុន្តែ​យើង​នៅ​តែ​ទទូច​ឱ្យ​បញ្ឈប់​ការ​ប្រយុទ្ធ នេះ​​គឺ​ជា​រឿង​សំខាន់​ណាស់។ ខ្ញុំកំ​ពុង​ទាក់​ទង​ពួក​គេ​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​រៀង​រាល់​ថ្ងៃ»។

ប្រភពបន្តថា នៅថ្ងៃទី១៤ ខែធ្នូ យោធារបស់ប្រទេសថៃ បាន​ប្រកាស​ថា ពួក​គេនឹ​ងពិ​ចារណា​លើ​ការ​បិទ​រាំង​ខ្ទប់​ចំពោះកា​រ​នាំ​ចេញ​ឥន្ធនៈ​មក​ប្រទេស​កម្ពុជា ខណៈ​ដែល​ការ​ប្រយុ​ទ្ធ​រីក​រាល​ដាល​ដល់​តំបន់​ឆ្នេរ​នៃ​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ២​ថ្ងៃ បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​និយាយ​ថា ភាគី​ទាំង​សង​ខាង​បាន​យល់​ព្រម​លើ​បទ​ឈប់​បាញ់​ថ្មី​មួយ។

ទិន្នន័យ និងលទ្ធផលនៃការតាមដានផ្កាយរណប និង​ត្រូវ​បាន​ចង​ក្រង​ នឹង​បង្ហាញ​ដល់​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អា​ស៊ាន​​នៅ​ថ្ងៃ​ទី១៦ ខែ​ធ្នូ ដោយ​ផ្តល់​ឱ្យ​រដ្ឋ​សមាជិក​នូវ​ព័ត៌​មាន​ដែល​ផ្អែក​លើ​ភស្តុ​តាង និង​អព្យា​ក្រឹត​អំពី​ការ​អភិវឌ្ឍ។

ជុំវិញរឿងនេះ តាមប្រភពការសែតកម្ពុជាថ្មី ជាភាសាអង់គ្លេស បានចុះផ្សាយថា ភាគី​ប្រទេស​បារាំង​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​អំពាវ​នាវ​របស់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ម៉ាឡេ​ស៊ី ឱ្យ​មាន​បទ​ឈប់​​បាញ់​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​ជា​បន្ទាន់ ខណៈ​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​តាម​ព្រំដែន​កាន់​តែ​ខ្លាំង​ឡើង​។

ប្រភព​ដដែល បាន​បន្ត​ថា នៅក្នុងសេចក្តីថ្លែងការណ៍​មួយ បារាំង​បាន​ជំរុញ​ឱ្យ​ភាគី​ទាំង​២ បញ្ចប់​អារិភាព​ដោយ​វិល​ត្រឡប់​ទៅ​រក​ការ​សន្ទនា​ស្រប​សេច​ក្តី​ប្រកាស​ទី​ក្រុង​គូឡា​ឡាំពួរ។

ប្រភពនោះ បន្តថា នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ស្វាគម​ន៍ចំ​ពោះគំ​និត​ផ្តួច​ផ្តើម​នេះ​ដោយ​​បាន​និយាយ​ថា ប្រទេស​កម្ពុជា​គាំទ្រ​ឱ្យ​មាន​បទ​ឈប់​បាញ់ និង​ការ​ផ្ទៀង​ផ្ទាត់​ដោយ​អ្នក​អង្កេត​ការ​ណ៍​អាស៊ាន និង​ការ​តាម​ដាន​របស់​សហរ​ដ្ឋ​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ