ខណៈយោធាថៃប្រើយន្តហោះចម្បាំង F-16 ពង្រីកសមរភូមិប្រយុទ្ធ ឈ្លានពានដែនដីខ្មែរ តាមទំនើងចិត្តជិត១០ថ្ងៃមកនេះ បង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងប្រាសាទបុរាណនោះ អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាប្តឹងថៃបន្ទាន់ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីទប់ស្កាត់ទង្វើឈ្លានពានដ៏កំរោលរបស់ថៃនេះ។
គិតពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែធ្នូនេះ មានចំនួន៩ថ្ងៃហើយ ដែលយោធាថៃ បានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅជួរមុខ តាមបន្ទាត់ព្រំដែន ដោយប្រើទាំងអាវុធធុនធ្ងន់ គាំទ្រថ្មើរជើង ប្រើយន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់តាមទំនើងចិត្តលើដែនដីកម្ពុជា យ៉ាងតិច៥ខេត្តជាប់ព្រំដែន។
បើតាមក្រសួងការពារជាតិកម្ពុជា ៩ថ្ងៃមកនេះ យោធាថៃ បានបាញ់ផ្លោង និងប្រើយន្តហោះចម្បាំង ទម្លាប់គ្រាប់បែកផ្តាច់ស្ពានមេទឹក នៅស្រុកវាលវែង ទម្លាក់គ្រាប់ចូលតំបន់អូរភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់ ទម្លាក់គ្រាប់ដាក់ប្រាសាទព្រះវិហារ និងបាញ់ផ្សែងពុល។
នៅថ្ងៃទី១៥ធ្នូនេះ យោធាថៃបង្កើនការឈ្លានពានដោយបាញ់ផ្លោងចូលភូមិជោគជ័យ ភូមិព្រៃចាន់ ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ។ ហើយថា នៅម៉ោងជាង១០ព្រឹកនេះ យន្តហោះF-16 ថៃបានទម្លាក់គ្រាប់បែកចំនួន២គ្រាប់ជិតជំរុំជនភៀសសឹកខ្មែរនៅស្រុកស្រីស្នំ ខេត្តសៀមរាប។
នៅម៉ោង ១១:២៨នាទីថ្ងៃដដែល យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅភូមិសាស្ត្រភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាដើម។
ជុំវិញការពង្រីកសមរភូមិប្រយុទ្ធឈ្លានពាននេះ កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស និងចាត់វិធានការលើប្រទេសថៃ ដើម្បីធានាសន្តិសុខក្នុងតំបន់ និងការពារសណ្តាប់ធ្នាប់អន្តរជាតិ ដោយថា ទង្វើឈ្លានពានលើពលរដ្ឋខ្មែរមិនរើសគោលដៅនេះ ជាឧក្រិដ្ឋកម្មសង្គ្រាម។
អ្នកស្រីថា៖ «កម្ពុជាអំពាវនាវឲ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា–ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះ ដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កម្រោលនេះ។ កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ និងដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា នឹងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា ក្រៅពីប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួនបន្ទាន់ហើយនោះ កម្ពុជាចំបាច់ណាស់ត្រូវពន្លឿនប្តឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឱ្យបានលឿនផងដែរ ទើបអាចការពារបូរណភាពទឹកដី និងអាយុជីវិតពលរដ្ឋបាន។
លោកថា៖ «ទាំងខាងកើតខាងលិច មិនអាចលេងប្រយុទ្ធតតាំងគ្នារឿងគ្រឿងអាវុធទេ យើងត្រូវតែប្ដឹងទៅតុលាការអន្តរជាតិ ICJ និង ICC យើងមិនអាចសម្លាប់គ្នាទាំងខាងថៃ ទាំងខាងខ្មែរទេ! សំខាន់បំផុតរដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត នោះត្រូវតែប្ដឹងទៅអង្គការសហប្រជាជាតិដាច់ខាត ត្រូវតែអញ្ចឹង យើងមិនអាចផ្លោងបាញ់គ្នាទៅវិញទៅមកបានទេ។ ប៉ុន្តែយើងក៏ត្រៀមប្ដឹងទៅតុលាការអន្តរជាតិមានតែប៉ុណ្ណឺងទេ ដែលអាចជួយការពារប្រទេសជាតិយើងបាន។ ព្រោះខ្ញុំមិនយល់ដែរ ម៉េចបាន លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន មិនប្ដឹង»។
ជាមួយគ្នានេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ចាត់ទុកថា ការប្រើប្រាស់យន្តហោះចម្បាំងរំលោភចូលដែនអធិបតេយ្យភាពកម្ពុជា កាន់តែជ្រៅរបស់យោធាថៃ គឺបង្ហាញពីការល្មើសច្បាប់អន្តរជាតិកាន់តែខ្លាំង។
សម្រាប់ លោក សុជាតិ កម្ពុជាត្រូវប្រញាប់រកអាមេរិក និងស៊ុយអ៊ែត ដែលលក់យន្តហោះឱ្យថៃ ឱ្យបញ្ឈប់ថៃដែលប្រើប្រាស់យន្តហោះចម្បាំងឈ្លានពានដីខ្មែរ ដែលសកម្មភាពនេះជាការគំរាមកំហែងដល់សន្តិសុខតំបន់ និងសណ្តាប់ធ្នាប់ពិភពលោកផងដែរ។
ជាងនេះទៀត លោកថា កម្ពុជាក៏ត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការ ICC ដើម្បីការពារទឹកដី និងឱ្យថៃទទួលខុសត្រូវចំពោះការឈ្លានពានទឹកដីខ្មែរនៅពេលនេះ។
លោកថា៖ «ត្រូវតែប្ដឹងទៅអង្គការសហប្រជាជាតិ និងសន្តិសុខរបស់អង្គការសហប្រជាជាតិហើយនឹងដាក់ប្ដឹងស្ដេចថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិតែម្ដង ដោយសារតែរដ្ឋាភិបាលអត់មានអ្នកទទួលខុសត្រូវ ហើយសភាក៏ត្រូវបានរំលាយ ដូច្នេះប្រមុខរាជាណាចក្រមួយនេះ គឺជាអ្នកទទួលខុសត្រូវ អ៊ីចឹងកម្ពុជាត្រូវដាក់ពាក្យបណ្ដឹង ស្ដេចថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ឲ្យទទួលខុសត្រូវ ហើយណាមួយទៀត ស្តេចថៃធ្វើជាមេបញ្ជាការកងទ័ពកំពូលរបស់ថៃដែលជាអ្នកបញ្ជាឲ្យរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជា»។
ចំពេលថៃឈ្លានពានដីខ្មែរនេះដែរ ប្រជាពលរដ្ឋខ្មែរនៅតាមបណ្តាប្រទេសផ្សេងៗ មាននៅ អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ដ្រាលី កាណាដា និងសហរដ្ឋអាមេរិក ជាដើម បាននាំធ្វើបាតុកម្មប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជា និងស្នើឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍បញ្ឈប់សង្គ្រាមនេះផងដែរ។
កាលពីខែកក្កដា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានប៉ះទង្គិចគ្នាដោយអាវុធរយៈពេល៥ថ្ងៃម្តងហើយ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ទើបមានបទឈប់បាញ់ ក្រោមការសម្របសម្រួលពីយន្តការអាស៊ាន ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ប៉ុន្តែជាង៥ខែមកនេះថៃមិនបានគោរពបទឈប់បាញ់នេះទេ ហើយបន្តឈ្លានពានកម្ពុជា រហូតមានការផ្ទុះអាវុធទ្រង់ទ្រាយធំជាលើកទី២ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយកម្ពុជាអស់ការអត់ធ្មត់ ប្រកាសប្រើសិទ្ធិតបត ដើម្បីការពារទឹកដី។
ជុំវិញជម្លោះព្រំដែននេះ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានជូនព័ត៌មានទៅតុលាការ ICJ អំពីបំណងដាក់ពាក្យស្នើសុំតុលាការ ICJ ធ្វើការវិនិច្ឆ័យវិវាទព្រំដែនលើតំបន់ទាំង៤ តាមលិខិតចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
បញ្ហានេះ ធ្វើឱ្យក្រុមអ្នកតាមដាន អះអាងថា ចាប់តាំងពីពេលនេះមក រដ្ឋាភិបាលគ្រាន់តែជូនដំណឹងទៅ(ICJ) មិនទាន់បានដាក់ពាក្យប្តឹងនោះទេ រយៈពេលប្រមាណ៦ខែទៅនេះ។
ជុំវិញរឿងនេះដែរ នៅពីថ្ងៃទី៩ ខែធ្នូ នេះ អង្គការក្រៅរដ្ឋាភិបាលចំនួន៣ មានមូលដ្ឋាននៅប្រទេសអូស្រ្តាលី រួមមាន អង្គការប្រជាធិបតេយ្យខ្មែរ ក្រុមអ្នកតស៊ូមតិកម្ពុជា និងអង្គការ២៣តុលា ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវសហគមន៍អន្តរជាតិ រួមទាំងរដ្ឋសមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ ថ្កោលទោសថៃឈ្លានពានកម្ពុជា។
លើសពីនេះ អង្គការទាំង៣នោះ អំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឱ្យស្នើសុំអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់ និងប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ។
សេចក្តីថ្លែងការណ៍សរសេរក្នុងន័យដើមថា៖ «បូរណភាពទឹកដីរបស់កម្ពុជា និងជីវិតរបស់ប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែន មិនអាចដោះស្រាយដោយការសម្ងាត់ ការបដិសេធ ឬការរៀបចំដោយស្ងៀមស្ងាត់នៅពីក្រោយឆាកនោះទេ។ ពួកគេត្រូវតែការពារតាមរយៈការទូតដែលមានតម្លាភាព សកម្មភាពផ្លូវច្បាប់ដ៏រឹងមាំ និងការប្រើប្រាស់យន្តការតំបន់ និងអន្តរជាតិយ៉ាងពេញលេញ»៕









