សាលាឧទ្ធរណ៍ភ្នំពេញ បដិសេធបណ្តឹង​សុំ​ឱ្យ​ដោះលែង​សកម្មជន​២៣តុលា

សាលា​ឧទ្ធរណ៍ភ្នំពេញ បាន​ច្រាន​ចោលបណ្តឹង​សុំឱ្យដោះលែងឱ្យ​មានសេរីភាពរបស់​​សកម្មជន​ផ្សព្វផ្សាយ​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស លោក​ ស៊្រុន ស៊្រន និង​សកម្មជន​ផ្សេង​ទៀត ខណៈសហមេធាវី​របស់ពួកគេ​នៅ​តែ​បន្ត​ស្នើ​សុំ​ឱ្យ​ដោះលែង ដោយថា ​​នី​តិវិធីនៃ​ការ​ឃុំខ្លួន​​បាន​អូស​​បន្លាយ​ជាង​​១ឆ្នាំទៅហើយ។​

លោក សឺន ជុំជួន មេធាវីការ​ពារក្តីឱ្យ​សកម្មជន២៣តុលា បានថ្លែងថា សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី​១៥ ខែ​ធ្នូនេះ បាន​សវនាការ​លើបណ្តឹង​ស្នើសុំដោះលែង​ឱ្យ​មានសេរីភាពវិញ​របស់​សកម្មជន​២៣តុលា រួមមាន លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធ។ លោកបន្ត​ថា ក្រោយ​ការ​សួរដេញដោល តុលាការ​បាន​សម្រេច​បដិសេធបណ្តឹង​សុំ​នៅ​ក្រៅឃុំ​នេះ ដោយលើកផល​ថា បណ្តឹង​នេះផ្ទុយនឹង​ទម្រង់​ច្បាប់។

ទោះជាយ៉ាងណា លោកថា ក្នុងនាម​ជា​សហមេធាវីការ​ពារ​ក្តីឱ្យ​សកម្ម​ជន​២៣តុលា លោក​នៅតែ​ស្នើសុំ​ឱ្យ​តុលាការ​ដោះលែង​កូនក្តីរបស់​ខ្លួន ដោយសារ​ការ​ឃុំខ្លួន​បាន​ធ្វើ​ឡើង​ជាង១ឆ្នាំ ដែល​ស្មើ​ប្រមាណ ១ភាគ៣​ នៃទោស​អតិប្បរមា ២ឆ្នាំ​។​

សកម្មជនផ្សព្វផ្សាយ​កិច្ច​ព្រមព្រៀង​ទីក្រុ​ងបារីស​២៣តុលា លោក ស៊្រុន ស៊្រន កញ្ញា ភឹង​ សោភា និង​​លោក សាន សិទ្ធ ត្រូវសមត្ថកិច្ច​​ចាប់​ខ្លួន​កាលពី​​ថ្ងៃ​​​ទី​​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ ដោយ​ចោទ​​ពីបទ ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​​វឹក​វរ​​ធ្ងន់​​ធ្ងរ​​ដល់​​សន្តិ​សុខ​​សង្គម។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​ពួក​គេ​បាន​និយាយ​ពី​គុណ​សម្បត្តិ និង​​គុណ​វិបត្តិ​នៃកា​រ​បញ្ចូល​​ខេត្ត​ចំនួន៤ របស់​កម្ពុជា ​​ទៅ​​ក្នុង​​កិច្ច​​សហ​ប្រតិ​បត្តិ​​ការ​​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​វៀត​ណាម​ និង​ឡាវ (CLV)។

គួរ​បញ្ជាក់ថា ​​មាន​មនុស្ស​​ប្រហែល ១០០នាក់ហើយ​​ ត្រូវបានចាប់ខ្លួន ចាប់តាំងពីចុងខែកក្កដា ឆ្នាំ​២០២៤ ហើយជាមួយគ្នា​​នោះ មានមនុស្ស​​​ជាង ៦០​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ និងដាក់​ឱ្យ​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​​ពន្ធនាគារ សម្រាប់ការតវ៉ា​នៅលើប្រព័ន្ធផ្សព្វ​​​ផ្សាយ​​​សង្គម ផែនការប្រមូល​ផ្តុំ ឬបង្ហាញពីអារម្មណ៍​របស់ពួកគេ អំពីការជាប់ពាក់​ព័ន្ធនៅក្នុងករណី​តំបន់​​ត្រីកោណ​​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម  CLV-DTA ។

ដីការបស់តុលាការ បានលើកឡើងថា ជនជាប់ចោទបាន​បង្កើត​ព័ត៌មាន​«បំភ្លៃ»និង«ប្រឌិត​» ​ដោយ​​មាន​ចេតនា​​ទុច្ចរិត ញុះ​ញង់​ឱ្យ​មាន​ការ​ខឹង​សម្បារ​ប្រឆាំង​នឹងថ្នាក់ដឹកនាំ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

ជាមួយ​គ្នានេះ សកម្មជនផ្សព្វផ្សាយ​កិច្ច​ព្រមព្រៀង​ទីក្រុ​ងបារីស​២៣តុលា លោក ស៊្រុន ស៊្រន កញ្ញា ភឹង​ សោភា និង​​លោក សាន សិទ្ធ ត្រូវសមត្ថកិច្ច​​ចាប់​ខ្លួន​កាលពី​​ថ្ងៃ​​​ទី​​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ ដោយ​ចោទ​​ពីបទ ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​​វឹក​វរ​​ធ្ងន់​​ធ្ងរ​​ដល់​​សន្តិ​សុខ​​សង្គម។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​ពួក​គេ​បាន​និយាយ​ពី​គុណ​សម្បត្តិ និង​​គុណ​វិបត្តិ​នៃកា​រ​បញ្ចូល​​ខេត្ត​ចំនួន៤ របស់​កម្ពុជា ​​ទៅ​​ក្នុង​​កិច្ច​​សហ​ប្រតិ​បត្តិ​​ការ​​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​វៀត​ណាម​ និង​ឡាវ (CLV)។

តែយ៉ាងណា ក្រោយមក​​រដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពី CLV-DTA រយៈពេល ២០ឆ្នាំ កាល​ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីការតវ៉ា និងការរិះគន់តាមបណ្តាញសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ