ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ខែធ្នូនេះ យោធាថៃបានបន្តប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹកខ្មែរ នៅស្រុកស្រីស្នំ ខេត្តសៀមរាប ទាំងកំរោល ខណៈទីតាំងជាច្រើនទៀតនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ យោធាថៃនៅបន្តបាញ់ផ្លោងចូល ដែលថៃបើកការឈ្លានពានជាថ្មីទៀតចំនួន៩ថ្ងៃមកនេះ។
ក្រសួងការពារជាតិ ឱ្យដឹងថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ខែធ្នូនេះ យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ បានចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ដោយថាយោធាថៃបានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកំរោល ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាប។
លើសពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និយាយក្នុងការផ្សាយផ្ទាល់ ស្តីពីបច្ចុប្បន្នភាពស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះដែរថា នៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ យោធាថៃនៅតែបន្តឈ្លានពានលើដែនអធិបតេយ្យកម្ពុជា បាញ់ផ្លោងមកលើកងម្លាំងកម្ពុជា រំលោភលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ។
អ្នកស្រីថា គិតចាប់ពីម៉ោង៤រសៀលថ្ងៃទី១៤ដល់ម៉ោង៨ព្រឹកថ្ងៃទី១៥ខែធ្នូនេះ យោធាថៃ បានប្រើដ្រូនទម្លាក់គ្រាប់បែក នៅភូមិសាស្ត្របឹងត្រកួន បាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ។
ដោយឡែកនៅខេត្តពោធិ៍សាត់វិញ យោធាថៃបានប្រើកាំភ្លើងធំបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភ្លុកដំរី ភូមិសាស្ត្រឃុំថ្មដា និងប្រើដ្រូនពាំក្បាលគ្រាប់ទម្លាក់លើភូមិសាស្ត្រច្រកជ័យជំនះ ក្នុងខេត្តពោធិ៍សាត់។
បើតាមប្រភពដដែល កាលពីវេលាម៉ោង៤:០៤នាទីល្ងាចថ្ងៃទី១៤ធ្នូនេះ យោធាថៃបានបាញ់ប្រហារមកលើកម្ពុជា ដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ។
បើគិតពីថ្ងៃទី៧ខែធ្នូ ដែលយោធាថៃបើកការឈ្លានពានកម្ពុជា រហូតថ្ងៃទី១៥នេះ ពោលគឺមានចំនួច ៩ថ្ងៃ មកនេះ យោធាថៃបានប្រើយន្តហោះចម្បាំងF-16 ទម្លាប់គ្រាប់ កម្ទេចស្ពានមេទឹកនៅខេត្តពោធិ៍សាត់ ទម្លាក់គ្រាប់នៅតំបន់អូរភ្លុកដំរី។
ទម្លាក់គ្រាប់បែបសម្ទេចប្រាសាទបូរាណខ្មែរ មានប្រាសាទព្រះវិហារជាដើម ដោយប្រើគ្រាប់បែកចង្គោម និងបាញ់ផ្សែងពុល ដែលកម្ពុជាថា ថៃបានបំពានច្បាប់អន្តរជាតិ។
យ៉ាងណា អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ថា វីរៈកងទ័ពកម្ពុជាបន្តឈរជើងយ៉ាងរឹងមាំ ដើម្បីតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញទប់ទល់ការឈ្លានពានរបស់យោធាថៃ។
ដោយឡែក ក្រសួងមហាផ្ទៃ ឱ្យដឹងថា ការបាញ់ប្រហាររបស់យោធាថៃ ធ្វើឱ្យចំនួនជនស៊ីវិលកម្ពុជាស្លាប់កើនដល់១២នាក់ និងរបួសកើនដល់៧៤នាក់ ក្នុងនោះមានម្នាក់ត្រូវផ្សែងពុល និងជនភៀសសឹកកើនដល់ជាង ៤០ម៉ឺននាក់ ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងរបស់ពលរដ្ឋស៊ីវិល ៕









