សេចក្តីរាយការណ៍ចេញពីសេតវិមានអាមេរិក ឱ្យដឹងថា ប្រធានាធិបតី ត្រាំ នឹងចាត់វិធានការលើភាគីដែលរំលោភបទឈប់បាញ់ ខណៈយោធាថៃបានបើកការឈ្លានពានកម្ពុជាទ្រង់ទ្រាយធំជាថ្មីទៀត ជិត១០ថ្ងៃមកនេះ ក្រោយថៃប្រកាសដកខ្លួនពីបទឈប់បាញ់ឯកតោភាគី។
ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អាមេរិក បានរាយការណ៍កាលពីថ្ងៃទី១៤ ខែធ្នូនេះថា សេតវិមាន ព្រមានពីចំណាត់ការ រកមុខអ្នកទទួលខុសត្រូវរឿងជម្លោះព្រំដែនកម្ពុជា-ថៃ ប្រសិនបើចាំបាច់ ដើម្បីបញ្ឈប់ការកាប់សម្លាប់គ្នា និងធានាឱ្យបាននូវសន្តិភាពឡើងវិញ។
សេចក្តីរាយការណ៍ប៉ុន្មានថ្ងៃមុននេះ សារព័ត៌មានថៃ ឱ្យដឹងថា កិច្ចសន្ទនាតាមទូរស័ព្ទជាថ្មីទៀត កាលពីថ្ងៃទី១២ខែធ្នូ រវាងលោក ត្រាំ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃលោក អានុទីន ឱ្យបន្តអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពឡើងវិញ។
យ៉ាងណា នៅថ្ងៃទី១៣ខែធ្នូ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន បង្ហោះសារបង្ហាញការខកចិត្តជាខ្លាំងចំពោះការលើកឡើងរបស់ លោក ត្រាំ ដែលថា ករណីទាហានថៃជាន់មីន ជារឿងឧបទ្ទវហេតុប៉ុណ្ណោះ។
ជាការកត់សម្គាល់ កាលថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីថៃ លោក អនុទីន បានប្រកាសដកខ្លួនពីបទឈប់បាញ់ដោយឯកតោភាគី ដោយថា ថៃលែងវិលចូលតុចរចាជាមួយកម្ពុជាទៀតហើយ ហើយថារដ្ឋាភិបាលថៃ មិនខ្លាចនឹងវិធានការសងសឹករបស់សហរដ្ឋអាមេរិកនោះទេ ដោយសំអាងលើទាហានថៃជាន់មីនរងរបួស ទម្លាក់កំហុសដាក់កម្ពុជាថា ជាអ្នករំលោភបទឈប់បាញ់ ទោះកម្ពុជាបានបដិសេធថា មីនដែលទាហានថៃជាន់នោះ ជាមីនចាស់បន្សល់ទុកពីសម័យសង្គ្រាមស៊ីវិលរបស់កម្ពុជា។
យ៉ាងណា ក្រុមយោធាថៃ នៅតែយកហេតុផលនេះ ប្រកាសប្រើកម្លាំងទ័ព ដើម្បីវាយឈ្លានពានកម្ពុជា ក្រោយថៃប្រកាសដាច់ខាតមិនព្រមទៅតតាំងក្តី នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ជាមួយកម្ពុជាជុំវិញសំណុំរឿងព្រំដែននេះ។
លើសពីនេះ លោក អានុធីន សង្កត់ធ្ងន់ថា ថៃបានសម្រេចចិត្តផ្អាក ឬលុបចោលការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
បន្ទាប់ពីប្រកាសមិនបន្តអនុវត្តបទឈប់បាញ់ដោយឯកតោភាគីរួចមក នៅថ្ងៃទី១២ ខែវិច្ឆិកា ទាហានថៃបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា បណ្ដាលឱ្យមានអ្នកបាត់បង់ជីវិតម្នាក់ និងរបួស៣នាក់ផងដែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែភាគីកម្ពុជានៅតែមិនតបត ដោយអះអាងថាគោរពបទឈប់បាញ់ ។
ក្រោយប្រកាសដកខ្លួនពីបទឈប់បាញ់ដោយឯកកតោភាគីភាគីថៃ បានបង្កហេតុជាច្រើនរំលោភលើដែនដីកម្ពុជា ដូចជាបានដោះមីនដោយឯកតោកភាគី នៅឃុំអូរបីជាន់ រួចចែកឱ្យពលរដ្ឋខ្លួន។
ការចល័តទ័ពរាយបន្លាលួសព័ទ្ធយកភូមិដីខ្មែរ នៅខេត្តបន្ទាយមានជ័យ និងកន្លែងផ្សេងទៀត រហូតបើកការវាយប្រហារមកលើទាហានខ្មែរនៅជួរមុខ ជាទ្រង់ទ្រាយធំ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៧។
លុះព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោក ហ៊ុនសែន បាននិយាយនៅលើហ្វេសប៊ុករបស់លោកថា ក្រោយការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលា ដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព។
លោកបន្តថា កម្ពុជាពិតជាមិនអង្គុយឱបដៃឱ្យអស់លោក បំផ្លាញកម្ពុជាតាមចិត្តចង់របស់អស់លោកនោះទេ។ ហើយថា ពេលនេះ «កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយតបត ដើម្បីការពារទឹកដីយើង»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី១៥ ខែធ្នូនេះថា ទង្វើរបស់យោធាថៃ និងនាយករដ្ឋមន្រ្តីថៃ លោក អនុទីន ដែលមិនគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ឆ្លុះបញ្ចាំងថា ថៃកំពុងមើលងាយមហាអំណាចអាមេរិក និងប្រធានអាស៊ាន ជាម្ចាស់ហត្ថលេខី។
យ៉ាងណា លោកថា ដំណាក់កាលនេះ ប្រធានាធិបតី ត្រាំ ត្រូវតែចាត់វិធានការធ្ងន់ធ្ងរលើប្រទេសថៃ ដែលរំលោភលើបទឈប់បាញ់ បន្តឈ្លានពានកម្ពុជាយ៉ាងកម្រោល និងឃោឃៅបំផុត។
លោកបន្តថា ប្រធានាធិបតី ដូណាល់ ត្រាំ គួរតែព្រមានថៃដាក់ទណ្ឌកម្មខ្លាំងក្លាលើថៃ ព្រមទាំងបិទប្រព័ន្ធរ៉ាដាយន្តហោះចម្បាំង F-16 ដើម្បីកុំឱ្យថៃបន្តទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា និងពលរដ្ឋខ្មែរ។
លោកថា៖ «ថៃអត់ស្ដាប់តាម លោក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីហ្នឹង ដោយសារតែថៃចង់បន្តឈ្លានពានយកទឹកដីខ្មែរយើងបន្ថែមទៀត តាមមហិច្ឆតារបស់ខ្លួន ជាពិសេសគឺថៃចង់ឈ្លានពានយកទឹកដីខ្មែរហ្នឹង ទៅតាមផែនទីខ្នាត១/៥០ពាន់ដែលថៃគូរជាឯកតោភាគី។ ជាការពិតហើយ ថៃកំពុងមើលស្រាលទៅលើលោកប្រធានាធិបតី ត្រាំ ហើយនិងមើលស្រាលទៅលើប្រធានអាស៊ាន ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយសារតែថៃយល់ថា ខ្លួនឯងមានខ្នងបង្អែកចិននៅពីក្រោយខ្នង»។
នៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពមាន ៨ចំណុច តម្រូវឱ្យភាគីទាំងពីរបានឯកភាពគ្នា ការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា ការស្តារទំនុកចិត្តជាមួយគ្នាឡើងវិញ ការអនុវត្តការបោសសម្អាតមីនតាមព្រំដែន ចៀសវាងនូវការគំរាមកំហែងដោយប្រើប្រាស់កម្លាំង ឬការញុះញង់ ការប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី និងគម្រោងដោះលែងវីរកងទ័ពខ្មែរទាំង១៨នាក់ផងដែរ។
ឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន តបតាមច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ឬទង្វើញុះញង់ ដើម្បីស្តារ និងរក្សាទំនុកចិត្ត ការជឿទុកចិត្តគ្នាទៅវិញទៅមក និងសន្តិភាពតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក សេង វណ្ណលី យល់ថា ការដែលថៃហ៊ានបើកការវាយប្រហារបាញ់ផ្លោងលើដែនអធិបតេយ្យកម្ពុជា ដោយមិនខ្លាចសម្ពាធសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកថ្កោលទោស ដោយថៃប្រើលេសថា ដើម្បីបង្រ្កាប កម្ទេចទីតាំងល្បែងអនឡាញខុសច្បាប់ដែលប្រតិបត្តិការនៅកម្ពុជា។
ម្យ៉ាងវិញទៀត លោកថា ការដែលលោក អនុទីន ប្រកាសវាយកម្ទេចកម្ពុជា និងមិនគោរពបទឈប់បាញ់អ្វីទាំងនេះ ដើម្បីទាញការគាំទ្រពីពួកយោធា និងពួកក្រុមអភិរក្សនិយមរបស់ព្រះមហាក្សត្រថៃប៉ុណ្ណោះ។
លោកបន្តថា ការបន្តវាយប្រហារឈ្លានពានកម្ពុជាជាបន្តបន្ទាប់របស់យោធាថៃនេះ ដើម្បីសម្រេចមហិច្ចតាលេបទឹកដីខ្មែរ និងច្បាមយកប្រាសាទបុរាណខ្មែរ ផ្គាប់ចិត្តពួកអភិរក្សនិយមរបស់ព្រះមហាក្សត្រថៃ។
លោកថា៖ «គំនិតរបស់យោធាគឺតែងបន្តសង្គ្រាមជាមួយកម្ពុជា ទោះបីជាមានសម្ពាធខាងក្រៅ ទោះបីជាមានការហៅទូរស័ព្ទជំរុញឲ្យមានបទឈប់បាញ់ ទោះបីជាមានកិច្ចសម្របសម្រួលពីប្រធានអាស៊ានលោក អាន់វ៉ា ឬក៏មានការលើកឡើងថា នឹងដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ដោយសារតែប្រងើយកណ្តើយទៅនឹងការហៅទូរស័ព្ទរបស់ លោក ដូណាល់ ត្រាំ ថៃក៏កំពុងតែប្រថុយទៅនឹងសម្ពាធពីសហរដ្ឋអាមេរិក ដើម្បីទិសដៅធ្វើយ៉ាងណា ដើម្បីសម្រេចបាននូវសំឡេងក្នុងការបោះឆ្នោតឆាប់ៗហ្នឹងអាចនឹងមិនឈ្នះដាច់ ឬក៏អាចមិនឈ្នះនៅក្នុងលេខរៀងលេខមួយ ក៏ប៉ុន្តែយ៉ាងហោចណាស់ ប្រសិនបើគាត់ឈ្នះបាន១០០អាសនៈជាងនៅក្នុងសភានោះ រដ្ឋាភិបាលនាពេលអនាគត អាចនឹងពិបាកក្នុងការ បង្កើតឡើងដោយគ្មានវត្តមានរបស់គណបក្សភូមិចៃថៃ»។
យ៉ាងណា លោក សេង វណ្ណលី យល់ថា ក្នុងកាលៈទេសៈនេះ ភាគីកម្ពុជា រួមទាំងទាហានកម្ពុជា ត្រូវវាយទប់ទល់ឱ្យខ្លាំងដើម្បីការពារទឹកដីខ្មែរ និងទាមទារទឹកដីខ្មែរមកវិញពីសត្រូវថៃឈ្លានពាន។
លោកអះអាងថា កំឡុងពេលនេះ គ្មាននរណា ឬសហគមន៍អន្តរជាតិណា អាចទាន់លូកដៃជ្រៅដើម្បីជួយកម្ពុជាបានទេ មានតែកម្ពុជាត្រូវខ្លាំងដោយខ្លួនឯង ពឹងខ្លួនឯងសិន ប្រើសិទ្ធិស្វ័យការពារទប់ទល់ជាមួយចោរសៀមឈ្លានពាន៕









