គណបក្សប្រជាធិបតេយ្យជឿនលឿនដែលអះអាងថាមាននិន្នាការប្រជាធិបតេយ្យ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទលើ លោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ ក្រោមហេតុផលថា ដើម្បីឯកភាពជាតិខ្មែរឡើងវិញ ទប់ទល់បរទេសឈ្លានពាន ខណៈយោធាថៃពង្រីកសមរភូមិប្រយុទ្ធឈ្លានពានដីខ្មែរតាមទំនើងចិត្ត រយៈពេល១០ថ្ងៃមកនេះ។
ការជំរុញនេះ ក៏ជិតដល់ពេលតុលាការគ្រោងបើកសវនាការជំនុំជម្រះលើលោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ លើសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៨ និង៣០នាទីព្រឹក នៅសាលាឧទ្ធរណ៍ភ្នំពេញ។
គណបក្សប្រជាធិបតេយ្យជឿនលឿន ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៥ ខែធ្នូថា ប្រទេសកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសសៀម ដែលខ្មែរគ្រប់និន្នាការនយោបាយមានភាពចាំបាច់ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ផ្សះផ្សាជាតិ និងឯកភាពជាតិ ដើម្បីទប់ទល់សត្រូវឈ្លានពាន។
ក្នុងន័យនេះ គណបក្សប្រជាធិបតេយ្យជឿនលឿន អំពាវនាវដល់រដ្ឋាភិបាល និងតុលាការទម្លាក់ចោលបទចោទ និងដោះលែងលោក កឹម សុខា ព្រមទាំងសកម្មជននយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសង្គមដើម្បីចូលរួមការពារ កសាង អភិវឌ្ឍន៍ ក្នុងនាមជាកុលបុត្រខ្មែរទាំងអស់គ្នា។
បន្ថែមលើនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា ប្រាប់ VOD ថា ស្មារតីសាមគ្តីជាតិមានសារៈសំខាន់ ស្តែងឡើងនៅសម័យអង្គរដែលព្រះមហាក្សត្រខ្មែរបានផ្សះផ្សាជាតិបង្រួបបង្រួមជាតិគ្រប់ស្រទាប់វណ្ណៈ ក្លាយជាសម័យមហានគរ និងជាប្រទេសខ្លាំងមួយនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
យ៉ាងណា លោកថា ខណៈថៃឈ្លានពានយ៉ាងគគ្លើនរំលោភច្បាប់អន្តរជាតិ ក្នុងសម័យបច្ចុប្បន្ននេះវិញ អ្វីដែលរដ្ឋាភិបាលត្រូវធ្វើនោះ គឺការឯកភាពជាតិដើម្បីការពារបូរណភាពទឹកដី ក្នុងរយៈពេលយូរទៀត ដែលបក្សកាន់អំណាចគួរដើរតួនាទីមុន ក្នុងការផ្សះផ្សាជាតិគ្រប់និន្នាការនយោបាយទាំងអស់។
លោកថា៖ «ភាពជាគំរូ ខ្ញុំនៅតែមើលឃើញថា រដ្ឋាភិបាលបក្សកាន់អំណាច គួរតែដើរតួជាសំខាន់ សំខាន់មុន។ យើងអត់អាចចាំពលរដ្ឋជាអ្នកធ្វើរឿងហ្នឹងមុនទេ ព្រោះឥលូវពលរដ្ឋចេញទៅមួយជំហាន ហើយបង្ហាញពីភាពសាមគ្គីរបស់ពួកគាត់ បង្ហាញការគោរពការគាំទ្រទៅដល់កងទ័ពនៅជួរមុខ ពាក់ព័ន្ធទៅនឹងបញ្ហាអធិបតេយ្យភាពរបស់កម្ពុជា ដែលមានការឈ្លាន ពានពីប្រទេសថៃហ្នឹង។ អ្វីដែលនៅខ្វះខាតចំណុចនៅឃើញបញ្ហាពាក់ព័ន្ធរដ្ឋាភិបាលបង្ហាញស្មារតីរួបរួមស្មារតី ឱបក្រសោបខ្មែរតែមួយ។ មិនត្រូវផាត់ចោលភាគីណាមួយទេ ព្រោះភាគីមួយៗសុទ្ធតែជាធាតុសំខាន់នៅក្នុងការចូលរួមការអភិវឌ្ឍប្រទេសជាតិ ចូលរួមក្នុងការធ្វើម៉េចកុំឲ្យបរទេសឈ្លានពានខ្មែរបាន»។
យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានអះអាងនៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះថា មហិច្ឆតាឈ្លានពានរបស់ថៃពេលនេះ ថៃបានប្រើយុទ្ធសាស្ត្រទាំងសង្គ្រាមសព្វាវុធ និងសង្គ្រាមចិត្តសាស្ត្រ តាមបណ្តាញសារព័ត៌មានផ្លូវការរបស់រដ្ឋ និងបណ្តាញសង្គមមិនផ្លូវការ ដើម្បីបំបាក់ស្មារតីកងទ័ពកម្ពុជា និងពលរដ្ឋកម្ពុជា តាមរយៈបង្កើតព័ត៌មានក្លែងក្លាយ តាមរយៈកាលៃរូបភាព ចាប់បានទាហានកម្ពុជា បំផ្លាញអាវុធកម្ពុជា ដែលថា ក្នុងបំណងថៃចង់ឱ្យពលរដ្ឋកម្ពុជាអស់ជំនឿលើរដ្ឋាភិបាល។
ការណ៍នេះ លោកអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស កុំចាញ់យុទ្ធសាស្ត្រនេះ និងត្រូវបន្តពង្រឹងស្មារតីសាមគ្គីជាតិ ដើម្បីប្រឆាំងនឹងសត្រូវឈ្លានពាន។
លោកថា៖ «សូមបងប្អូនទាំងក្នុងនិងក្រៅប្រទេស សូមបន្តកម្លាំងសាមគ្គីដ៏ខ្លាំងក្លានេះ ឱ្យក្លាយទៅជាមោទកភាពជាតិនូវគ្រប់កាលៈទេសៈ ពីព្រោះនេះជាកម្លាំងចលករដ៏ខ្លាំងក្លា ដែលអាចយកឈ្នះអស់មារសត្រូវ ជាពិសេសយកឈ្នះសត្រូវឈ្លានពានទឹកដីយើង»។
យ៉ាងណា ទោះមានការអំពាវនាវឱ្យពលរដ្ឋខ្មែរ ពង្រឹងឯកភាពជាតិ ដើម្បីប្រឆាំងសត្រូវឈ្លានពានក៏ដោយ តែរដ្ឋាភិបាលហាក់មិនទាន់ផ្តល់សញ្ញាដោះលែងអ្នកនយោបាយជំទាស់ សកម្មជន ដែលត្រូវបានចាប់ដាក់ពន្ធនាគារ ដើម្បីធ្វើជាគំរូដល់ពលរដ្ឋពីស្មារតីផ្សះផ្សាជាតិ ដើម្បីរួមគ្នាប្រឆាំងនឹងសត្រូវឈ្លានពានទឹកដីនៅឡើយទេ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា យល់ថា កាលពីកម្ពុជាមិនទាន់បំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស ប្រទេសជិតខាងមិនហ៊ានឈ្លានពានដីខ្មែរនោះទេ ហើយសហគមន៍អន្តរជាតិនៅបន្តជួយជ្រោមជ្រែងកម្ពុជា។
តែលោកថា ក្រោយរដ្ឋាភិបាលដើរផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស រំលាយគណបក្សសង្រ្គោះជាតិ ចាប់ខ្លួនអ្នកនយោបាយជំទាស់ជាបន្តបន្ទាប់នោះ ធ្វើឱ្យជាតិបែកបាក់ធ្ងន់ធ្ងរ ហើយក្លាយជាប្រទេសទន់ខ្សោយ បាត់បង់ជំនឿចិត្តពីសហគមន៍អន្តរជាតិ ធ្វើឱ្យប្រទេសជិតខាងកាន់តែមានមហិច្ចតាឈ្លានពានទឹកដីខ្មែរតាមទំនើងចិត្ត។
លោកថា៖ «យើងមើលឃើញហើយ កាលណាកម្លាំងសាមគ្គីដូចពាក្យចាស់ថាចង្កឹះមួយបាច់ គឺកាច់មិនបាក់ទេ ប៉ុន្តែបច្ចុប្បន្នយើងបែកខ្ញែកគ្នា ដែលជាហេតុធ្វើឲ្យជនជាតិផ្សេងៗដែលជាប្រទេសជិតខាងហ្នឹង! ប្រមាថមើលងាយមកលើកម្ពុជា អ៊ីចឹងទាល់តែមានការសាមគ្គីរួបរួមគ្នាហ្នឹងហើយទើបកម្ពុជាចាប់ផ្ដើមខ្លាំងឡើងវិញ ប៉ុន្តែបើមិនបញ្ចប់នូវភាពមានៈយកឈ្នះរៀងៗខ្លួនទេ ខ្ញុំមិនសង្ឃឹមថា កម្ពុជានឹងមានភាពល្អប្រសើរ ឈ្នះសង្គ្រាម ឬក៏ទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិអ្វីនោះទេ»។
ដោយឡែក អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត បង្ហោះសារលើហ្វេសប៊ុកលោកចំពេលថៃឈ្លានពានដីខ្មែរនេះដែរថា រដ្ឋាភិបាលចោទថាបរទេសជួយ លោក កឹម សុខា ផ្ដួលរំលំខ្លួន ដែលបរទេសនោះច្បាស់ជាសំដៅដល់បណ្ដាប្រទេសសេរី។
លោកលើកជាសំនួរថា ឥឡូវសត្រូវកំពុងឈ្លានពាន និងជាពេលស្លាប់រស់ បើសូម្បីតែការលើកលែងការចោទប្រកាន់លើ លោក កឹម សុខា មិនអាចធ្វើបានផង តើអន្ដរជាតិឯណានឹងហ៊ានលូកដៃ ឬឈរខាងខ្មែរ?
យ៉ាងណា លោកបានកោតសរសើរពលរដ្ឋទូទៅ រួមទាំងអ្នកមិនស្របនឹងនយោបាយគណបក្សកាន់អំណាច ដែលពួកគេទុកការឈឺចាប់មួយឡែក ហើយចូលរួមប្រយុទ្ធជាស្មារតីរួមនៃប្រជាជាតិខ្មែរ ដែលលោកថានេះហើយបានជាគណបក្សកាន់អំណាច គួរតែមានសមានចិត្តត្រឡប់វិញ បិទទំព័រប្រវត្តិសាស្ដ្រ ខ្មែរធ្វើបាបខ្មែរ ដោយប្ដូរមកវិញ ខ្មែរឱ្យតម្លៃខ្មែរ ខ្មែរគោរពខ្មែរ។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការទីក្រុងភ្នំពេញ ចេញសាលក្រមចុះថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ផ្តន្ទាទោស ដោយឃុំខ្លួននៅក្នុងផ្ទះចំនួន២៧ឆ្នាំ ខណៈសមត្ថកិច្ចចាប់ខ្លួនគាត់ទាំងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
លោកត្រូវបានតុលាការចោទប្រកាន់ ពីបទក្បត់ជាតិ ពាក់ព័ន្ធនឹងសំណុំរឿងដ៏ចម្រូងចម្រាស ដែលចោទថាគប់គិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន សែន។
យ៉ាងណា សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា ច្រានចោលទៅនឹងសេចក្តីសម្រេចរបស់តុលាការនេះ ដោយចាត់ទុកថា ការផ្តន្ទាទោស និងដំណើរការច្រើនឆ្នាំ ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។
អាមេរិក អំពាវនាវឲ្យអាជ្ញាធរអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ ប្រើប្រាស់សិទ្ធិមនុស្សជាសាកលក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសេរីភាពនៃការបញ្ចេញមតិ ព្រមទាំងការចូលរួមកសាងប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដមួយ៕









