អង្គការ-សមាគមចំនួន១៥ បង្ហាញការសោកស្តាយចំពោះការចេញប្រកាសថ្មីមួយរបស់ក្រសួងព័ត៌មាន ស្តីពី “លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍” ដោយថាវិធានថ្មីនេះ នឹងបង្កើនការរឹតត្បិតលើសេរីភាពសារព័ត៌មានដែលកំពុងចុះទន់ខ្សោយស្រាប់។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រសួងព័ត៌មាន បានប្រកាសស្តីពីលក្ខខណ្ឌគុណវុឌ្ឍ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្រោមហេតុផលថា ដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាន សម្រាប់សាធារណជន។
សេចក្តីថ្លែងការណ៍របស់អង្គការ-សមាគមចំនួន១៥ ដែលចេញផ្សាយនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា ពួកគេមានការសោកស្តាយចំពោះការចេញវិធានទាំងពីរនេះ ពីសំណាក់ក្រសួងព័ត៌មាន ដោយវិធានការទាំងនេះ នឹងធ្វើឱ្យការរាយការណ៍ព័ត៌មាន កាន់តែពិបាក កាន់តែគ្រោះថ្នាក់ និងរឹតត្បិតកាន់តែខ្លាំងទៅលើសេរីភាពសារព័ត៌មាន ដែលកំពុងចុះទន់ខ្សោយស្រាប់។
ពួកគេបន្តថា ប្រកាសលេខ២៩៤នេះ បានកំណត់នូវប្រព័ន្ធកំណត់គុណវុឌ្ឍិ និងលក្ខខណ្ឌផ្តល់អាជ្ញាបណ្ណយ៉ាងច្រើន ដែលគ្របដណ្តប់ទាំងអង្គភាពសារព័ត៌មាន (newsrooms) អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព ហើយនិងអ្នកបច្ចេកទេស ហើយវាបានកំណត់នូវលក្ខខណ្ឌជាច្រើន ដើម្បីទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីក្រសួងព័ត៌មាន ដូចជា ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន ការវាយតម្លៃកម្រិតចំណេះដឹងពីក្រសួងព័ត៌មាន និងត្រូវមានរចនាសម្ព័ន្ធលម្អិតសម្រាប់ស្ថាប័នព័ត៌មាន។
សម្រាប់អ្នកសារព័ត៌មានជាបុគ្គល ប្រកាសនេះ បានកំណត់លក្ខខណ្ឌដ៏តឹងរ៉ឹងមួយចំនួន ដូចជា ត្រូវមានលិខិតបញ្ជាក់ “កិរិយាមាយាទ” ពីអាជ្ញាធរឃុំ-សង្កាត់ លិខិតថ្កោលទោស លិខិតបញ្ជាក់សុខភាព ហើយលក្ខខណ្ឌទាំងនេះ គឺមានលក្ខណៈទូលំទូលាយខ្លាំង និងមិនមានភាពច្បាស់លាស់ ដែលអនុញ្ញាតឱ្យក្រសួងព័ត៌មានដកហូតតួនាទីជាអ្នករាយការណ៍ព័ត៌មានបាន នៅពេលដែលមានការចេញផ្សាយអត្ថបទ អំពីតួអង្គដែលមានអំណាចណាមួយ ហើយតួអង្គនោះមិនពេញចិត្ត ។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា៖ « អ្នកសារព័ត៌មានទាំងនោះ អាចនឹងត្រូវបានអាជ្ញាធរដកហូតលទ្ធភាពក្នុងការចុះទៅយកព័ត៌មាន សម្ភាសន៍មន្ត្រីរាជការ និងចុះធ្វើការងារដែលមានសុវត្ថិភាពនៅមូលដ្ឋាន។ អ្នកសារព័ត៌មានមិនមានអង្គភាព អ្នករាយការណ៍ព័ត៌មានឯករាជ្យ និងអ្នកដែលរាយការណ៍អំពីបញ្ហាបរិស្ថាន ដីធ្លី អំពើពុករលួយ និងបញ្ហានយោបាយ សុទ្ធតែនឹងក្លាយជាអ្នករងគ្រោះជាងគេបំផុត»។
អង្គការសង្គមស៊ីវិលទាំងនោះ បន្តទៀតថា បទបញ្ញត្តិថ្មីទាំងនេះ ត្រូវបានចេញដោយមិនមានការប្រឹក្សាយោបល់ឱ្យបានទូលំទូលាយ ហើយអាចនឹងធ្វើឱ្យចំណាត់ថ្នាក់របស់ប្រទេសកម្ពុជាលើសេរីភាពសារព័ត៌មាន កាន់តែធ្លាក់ចុះបន្ថែមទៀត។ ការពង្រីកអំណាចរបស់ក្រសួងព័ត៌មាន ក្នុងការដកហូត ឬព្យួរអាជ្ញាបណ្ណ តាមរយៈបទបញ្ញត្តិថ្មីៗទាំងនេះ នឹងកាន់តែរឹតត្បិតការងាររាយការណ៍ព័ត៌មានដែលមានលក្ខណៈរិះគន់អាជ្ញាធររដ្ឋ ហើយនឹងបំបាក់ទឹកចិត្តអ្នកសារព័ត៌មាន ដោយមិនឱ្យរាយការណ៍ព័ត៌មានណា ដែលមានលក្ខណៈរសើប។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃទី១៦ ខែធ្នូនេះថា វិធានរបស់ក្រសួងបង្កើតឱ្យមានក្តីបារម្ភពីការរឹតត្បិតសេរីភាពអ្នកសារព័ត៌មាន ខណៈវិស័យសារព័ត៌មាននៅកម្ពុជានាពេលកន្លងមក មានការធ្លាក់ចុះ និងរងការរិះគន់ជាបន្តបន្ទាប់។
លោកថា៖ «ចឹងយើងជាអង្គការសង្គមស៊ីវិល ជាថ្មីម្តងទៀត នៅតែសូមស្នើសុំដោយទទូច សុំឱ្យក្រសួងពិនិត្យឡើងវិញទៅលើវិធានការ ឬក៏សេចក្តីប្រកាសនេះ ដោយអនុញ្ញាតឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ទៅលើសិទ្ធិ និងសេរីភាពសារព័ត៌មាន ឬក៏ការការពារទៅដល់អ្នកសារព័ត៌មានឯករាជ្យ ជៀសវាងការរឹតត្បិតនៃសេរីភាពសារព័ត៌មាន»។
ស្រដៀងគ្នានេះដែរ នាយិកាមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកស្រី ឆន សុគន្ធា បានបង្ហាញក្តីបារម្ភពីលក្ខខណ្ឌកំណត់ក្នុងគុណវុឌ្ឍិនេះ ដែលមានការរឹតត្បិតទៅដល់អ្នកសារព័ត៌មានបន្ថែមទៀត ដោយក្នុងនោះការធ្វើបណ្ណសារព័ត៌មាននៅឆ្នាំ២០២៦ បានតម្រូវឱ្យធ្វើលិខិតថ្កោលទោស ឬលិខិតបញ្ជាក់ពីកិរិយាមាយាទដោយអាជ្ញាធរមូលដ្ឋាន ទាំងដែលអ្នកសារព័ត៌មានដែលរាយការណ៍រឿងបែបរសើប មានអ្នកខ្លះជាប់ពន្ធនាគារ បណ្តឹងនៅបន្តនិតិវិធីក្នុងតុលាការជាដើម។
អ្នកស្រីបានលើកឡើងបន្តក្នុងសំណេរដើមក្នុងតេឡេក្រាមថា៖ «ជាងនេះទៅទៀត គឺតម្រូវឲ្យមានភ្ជាប់អត្ថបទយ៉ាងតិចពីរ ដែលចុះផ្សាយរួចក្នុងរយៈពេល៣ខែចុងក្រោយ និងលក្ខខណ្ឌតម្រូវផ្សេងៗទៀត។ ខ្ញុំមើលឃើញថា នៅឆ្នាំ២០២៥នេះ ចំនួនអ្នកសារព័ត៌មានដែលហ៊ានរាយការណ៍ព័ត៌មានបែបស្ថាបនា មានការថយចុះ ដោយសារពួកគាត់មានការភ័យខ្លាច ឬរិតត្បិតខ្លួនឯង ស្របពេលដែលអ្នកខ្លះជាប់បណ្តឹង ឬចាប់ដាក់ពន្ធនាគារ ស្ថាប័នខ្លះត្រូវដកអាជ្ញាបណ្ណជាដើម។ ប្រសិនបើប្រកាសនេះ ចូលជាធរមាននៅឆ្នាំក្រោយ អ្នកដែលមានបំណងចុះឈ្មោះដើម្បីបានអាជ្ញាប័ណ្ណសារព័ត៌មានកាន់តែមានចំនួនថយចុះ ដោយសារលក្ខខណ្ឌស្មុគ្រស្មាញ និងត្រូវការខ្ពស់ជាងមុន»។
វីអូឌី មិនអាចសុំការឆ្លើយតបជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានទេ នៅថ្ងៃទី១៦ ខែធ្នូនេះ។
ការស្ទង់មតិឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន បានអះអាងថា ជាង៨១ភាគរយ( ៨១,៤%) នៃអ្នកសារព័ត៌មានចំនួន ៤៦៧នាក់ វាយតម្លៃសេរីភាពសារព័ត៌មានជាវិជ្ជមាន ហើយជាង ៨៦% និយាយថា ពួកគេមាន «សេរីភាពពេញលេញ» និង «មានអារម្មណ៍ថាមានសុវត្ថិភាព» ដោយបានធ្វើសន្និដ្ឋានស្ថានភាពសេរីភាពព័ត៌មាននៅកម្ពុជាជារួមថា «ល្អឥតខ្ចោះ»។
តែបើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការ-សមាគមទាំង១៥ បរិយាកាសសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែអាក្រក់ទៅៗ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានចាត់ថ្នាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទី១៦១ ក្នុងចំណោមប្រទេសចំនួន១៨០ នៅទូទាំងពិភពលោក។ ប្រទេសកម្ពុជាបានធ្លាក់អស់ ១០ ថ្នាក់ ចាប់តាំងពីឆ្នាំ២០២៤ មក។
របាយការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ២០២៥ របស់ Freedom House ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានចាត់ថ្នាក់កម្ពុជាម្តងទៀតថា «មិនមានសេរីភាព» ជាមួយនឹងពិន្ទុ ២៣/១០០ ដោយលើកឡើងពីការគាបសង្កត់ជាបន្តបន្ទាប់លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកប្រឆាំង៕









