ក្រសួងការពារជាតិ បានឱ្យដឹងនៅប៉ុន្មានម៉ោងមុននេះថា យោធាថៃកំពុងបាញ់សម្រុកយ៉ាងខ្លាំង នៅសមរភូមិយុទ្ធភូមិភាគ៤ ដូចជា នៅតំបន់អានសេះ និងភ្នំខ្មោច ជាដើមដោយប្រើកងរថក្រោះ កាំភ្លើងធំ និងយន្តហោះទម្លាក់គ្រាប់បែក ដែលការឈ្លានពានរបស់ថៃមកលើកម្ពុជា ចូលដល់ថ្ងៃទី១០។
នេះបើតាមការសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ដែលចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៦ខែធ្នូនេះ។
ក្រសួង បាននិយាយថា ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១១ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
បើតាមប្រភពខាងលើ នៅម៉ោងជិត៩ព្រឹកនេះ យោធាថៃបានបាញ់សម្រុកយ៉ាងខ្លាំងនៅភូមិសាស្ត្រអានសេះ និងចល័តរថក្រោះ បំពាក់កាំភ្លើងបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច ថៃប្រើរថក្រោះ កាំភ្លើងធំ ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាតវាយសម្រុកខ្លាំងនៅភូមិសាស្ត្រប្រាសាទតាក្របី ភ្នំ៣៣៣ ថ្មឆត្រ ជប់អង្គុញ ថ្មដូន ភ្នំខ្មោច និងអូរស្មាច់។
នៅសមរភូមិទិសយោធភូមិភាគទី៥ វិញ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន កាំភ្លើងធំថៃ បាញ់ចេញពីនាវាចូលភូមិសាស្ត្រអូរភ្លុកដំរី និងកំពុងបន្តបាញ់ប្រហារនៅឡើយ។
យ៉ាងនេះក្តី ក្រសួងថា កងកម្លាំងរបស់កម្ពុជា នៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា៕









