ថៃបានវាយប្រហារតាមអាកាស​ចូលជ្រៅក្នុងដែលដីកម្ពុជា​ក្នុង​ខេត្តសៀមរាបជាតំបន់អង្គរ

ប្រទេសកម្ពុជា បានចោទ​ប្រកាន់​ថៃ នៅ​ថ្ងៃ​​​ទី​១៥ ខែ​ធ្នូ ចំពោះ​ការ​វាយ​ប្រហារ​ខិត​ចូល​ជ្រៅទៅ​ក្នុ​ង​ដែន​ដី​របស់​ពួក​គេ ដែល​ទម្លាក់​គ្រាប់​បែក​លើខេ​ត្ត​ជា​កន្លែង​នៃ​ប្រាសាទ​អង្គរ​​មាន​​អាយុ​កាល​​រាប់​សតវត្សរ៍ ហើយ​ក៏​ជា​កន្លែង​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ដ៏​លើស​លប់​របស់​ប្រទេស​កម្ពុជា ជា​លើក​ដំបូង ក្នុង​ជម្លោះ​ព្រំដែន​ដែល​បាន​កើត​ឡើង។

ប្រភពសារព័ត៌មាន​ ឆាន់ណែល​ ញូអេស៊ា​(channel​news​​asia) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​​១៥ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះថា​ មនុស្ស​​រាប់​សិប​នាក់ ត្រូវ​បាន​ស្លាប់ ក្នុង​រយៈ​ពេល​៥ថ្ងៃ​​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅក្នុ​ង​ខែ​កក្កដា​ មុន​ពេល​ការ​សម្រប​សម្រួល​បទ​ឈប់​បាញ់​ បន្ទាប់​មក​បទ​ឈប់​បាញ់​ក៏​បាន​ខូច​ខាត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​បន្ទាប់ នេះ​ជា​ផ្នែក​មួយ​នៃជ​ម្លោះដ៏​រ៉ាំរ៉ៃ​​ដែល​ចាក់​ឫស​ នៅ​ក្នុង​ការ​កំណត់​ព្រំដែន​សម័យ​អាណា​និគម​នៃ​ព្រំ​ដែន ៨០០ គីឡូ​ម៉ែត្រ​របស់​ប្រទេស។

ក្រុមមន្ត្រី បាននិយាយថា ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មីរវាង​ប្រទេស​ជិត​ខាង​អាស៊ី​អាគ្នេយ៍​ទាំង​ពីរ​ នៅ​ក្នុង​ខែ​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣១​នាក់ រួម​ទាំង​ទាហាន និង​ជន​ស៊ីវិល និង​មនុស្ស​ប្រមាណ ៨សែន​នាក់​(៨០០០០០)​បាន​ផ្លាស់​ទី​លំនៅ។

ប្រភពបន្ត​ថា ប្រទេស​កម្ពុជា​ដែល​យោធា​ថៃ​ បាន​ប្រើ​ប្រាស់​អាវុធ​ហួស​ហេតុ​មក​លើ​នោះ​ បាន​និយាយ​ថា​ កង​កម្លាំង​ថៃ​បាន​ពង្រីក​ការ​វាយ​ប្រហារ​‘‘ដ៏ជ្រៅ’’​ ចូល​ទៅ​ក្នុង​ដែន​ដី​ប្រទេស​កម្ពុជា​នាពេ​ល​ព្រឹក​ថ្ងៃច​ន្ទ។

មន្ត្រីក្រសួងការពារជាតិ និយាយ​នៅក្នុ​ង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា យន្ត​ហោះច​ម្បាំង​ថៃ​មួយ​គ្រឿង​បាន​ទម្លាក់​គ្រាប់​បែក​ ‘‘នៅ​ជិត​ជំរុំ​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំ​នៅ ក្នុង​ស្រុក​ស្រី​ស្នំ ខេត្ត​សៀម​រាប’’។

រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្រ្តា បានប្រាប់​សារ​ព័ត៌​មាន​អាអេ​ហ្វប៉េ​​(AFP)​ថា នេះ​គឺ​ជា​ការ​‘‘វាយ​ប្រហារ​ដែល​កង​ទ័ព​ថៃ បាន​ជ្រៀត​ចូល​ជ្រៅបំ​ផុត​មក​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា’’ ក្នុង​កំឡុង​នៃ​ការ​ប៉ះ​ទង្គិច​គ្នាឡើ​ង​វិញ​ដោយ​ស្ថិត​នៅ​ចម្ងាយ​ជាង ៧០​គីឡូ​ម៉ែត្រ​ ពី​ព្រំដែន​ហើយ​នៅ​ឆ្ងាយ​ពី​តំបន់​ដែល​មាន​ជម្លោះ​។

មន្ត្រីរូបនេះ បាន​បន្ត​ថា នេះ​គឺ​ជាកា​រវា​យប្រ​ហារ​ដំបូង​របស់​យោធា​ថៃ​ ដែល​បាន​ទម្លាក់​គ្រាប់​បែក​លើ​តំបន់​នានា​ក្នុង​ខេត្ត​សៀមរាប។

លោកបានបន្ថែមទៀត​ថា ការបំផ្ទុះគ្រាប់បែកបាន​បង្ខំ​ឱ្យ​ក្រុម​គ្រួសារ​ដែល​​បា​ន​​ផ្លាស់​​ទី​លំនៅ​​រួច​​ជា​​​ច្រើន​​រយ​នាក់​​ ត្រូវ​​ភៀស​​ខ្លួន​​ចេញ​​​ពី​​កន្លែង​​ជម្លៀស។

បន្ថែមពីនេះ ប្រភពថា យោងតាមទិន្នន័យពីប្រតិបត្តិករ អង្គរ​អ៊ីន​ធើ​ប្រាយ​ បាន​ឱ្យដឹ​ង​ថា ការ​កក់​សំបុត្រ​ ចូល​​ទស្សនា​​​ឧទ្យាន​​អង្គរ​​ប្រចាំ​​ខែ បាន​ធ្លាក់​ចុះ ដែល​យ៉ាង​ហោច​ណាស់​ចំនួន ១៧% ចាប់​ពី​ខែ​មិថុនា​ដល់​ខែ​វិច្ឆិកា។

អ្នក​​ស្រី ឆាយ ស៊ីវលីន ប្រធានស​មាគម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា បាន​ប្រាប់​អាអេហ្វ​ប៉េ (AFP) ថា ភ្ញៀវទេសចរ​មួ​យចំ​នួន ដែ​ល​គ្រោង​មក​ទស្សនា​ប្រទេស​កម្ពុជា តាម​រយៈ​ច្រក​ព្រំដែន​ថៃ បាន​លុប​ចោល​គម្រោង​ឬ​ផ្លាស់​ប្តូរ​ផ្លូវ​ឆ្លង​កាត់​​តាម​ប្រទេស​ជិត​ខាង​វៀត​ណាម ឬ​ឡាវ។

អ្នក​ស្រី​បាន​និយាយ​ទៀត​ថា របាយ​ការណ៍​នៃ​ការ​បំផ្ទុះ​គ្រាប់​​បែ​ក​​នៅ​ខេត្ត​សៀម​រាប បាន​ធ្វើ​ឱ្យ​‘‘ភ្ញៀវទេស​ចរ​​មួយ​ចំនួន ​ដែល​​បាន​​កក់​​ដំណើរ​​កម្សាន្ត​​រួច​​ហើយ​​មាន​​ការ​​ព្រួយ​​បារម្ភ​​ជា​ពន់​ពេក»។ អ្នក​ស្រីប​ន្ត​ថា ភ្ញៀវមួយ​ចំនួន​ទៀត បាន​លុប​ចោល​គម្រោង​ធ្វើ​ដំណើរ​ អំឡុង​​ពេល​អ្នក​ដទៃ​ទៀត​ ស្នើ​ពន្យា​ពេល​នៃ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ។

ជាមួយគ្នានេះ សារព័ត៌មាន​អេភី(AP) បានចេ​ញ​ផ្សាយ​នៅ​ថ្ងៃទី​១៥ ខែ​ធ្នូ​នេះ​ដែរ​ថា ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​រវាង​ភាគី​ប្រទេស​ថៃ និង​កម្ពុជា ដែល​ឈាន​ចូល​សប្តាហ៍​ទី២ នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ទីក្រុង​ភ្នំពេញ អះ​អាង​ថា ការ​ទម្លាក់​គ្រាប់​បែក​របស់​ថៃ បាន​វាយ​ប្រហារ​ចូល​កាន់​តែ​ជ្រៅ​ចូល​ទៅ​ក្នុង​ដែន​ដី​របស់​ពួក​គេ ខិត​ចូល​ជិត​ជម្រក​ប្រជា​ពលរដ្ឋ​ដែល​បាន​ភៀស​ខ្លួន​ ចេញ​ពី​តំបន់​គ្រោះថ្នា​ក់​នៅ​តាម​ព្រំដែន។

បើតាមប្រភពដដែល យោងតាមក្រសួងការពារជាតិ និង​ក្រសួង​ព័ត៌មាន​របស់​ប្រទេស​កម្ពុជា យន្ត​ហោះ​ចម្បាំង អេហ្វ ១៦​(F-16)​របស់​ថៃ បាន​ទម្លាក់​គ្រាប់​បែក​ចំនួន ២គ្រាប់ ភ្លាមៗ​បន្ទាប់​ពី​ម៉ោង ១០ ព្រឹក នៅ​ជិត​ជំរុំ​ជន​ភៀស​ខ្លួន​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ខេត្ត​សៀម​រាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ