ការឈ្លានពានចូលដល់ថ្ងៃទី១០នេះ​ថៃ​បាញ់​សម្រុក​«យ៉ា​ង​ខ្លាំង​»​នៅ​ទិ​​ស​ព្រះ​វិហារ

ក្រសួង​​ការ​​ពារ​​ជាតិ​ បាន​ឱ្យ​​ដឹង​​​នៅ​ថ្ងៃទី១៦​ខែ​ធ្នូ​នេះ ថៃ​បាន​​​ប្រើ​រថ​ក្រោះ កាំភ្លើង​ធំ និង​យន្ត​ហោះ​ចម្បាំង ​បាញ់​​សម្រុក​​យ៉ាង​​ខ្លាំង នៅ​ទិស​ព្រះ​វិហារ ព្យាយាម​រុល​ចូល​តំបន់​​អាន​​សេះ និង​​ភ្នំ​ខ្មោច ខណៈកា​រ​ឈ្លាន​ពាន​របស់​ថៃចូ​ល​ដល់​ថ្ងៃ​ទី​១០ ។

ក្រ​សួង​​ការ​​ពារ​​ជាតិ​​​កម្ពុ​ជា ឱ្យដឹងថា ការឈ្លាន​ពានរ​បស់​យោធាថៃ​ចូ​ល​ដល់​ថ្ងៃទី​១​០​នេះ ថៃ​បាន​ពង្រីក​ទីតាំង​ប្រយុទ្ធ​កាន់​តែ​ចូល​ជ្រៅលើ​ដែ​ន​អធិ​​ប​​តេយ្យ​កម្ពុជា ទាំង​ផ្នែក​ជើង​ទឹក ជើង​អាកាស និង​ជើង​គោក ហើយ​​បាន​បាញ់​សម្រុក​​យ៉ាង​ខ្លាំង​នៅ​ទិស​ប្រាសាទ​ព្រះ​វិហារ នៅតំបន់​អាន​សេះ និង​តំបន់​ភ្នំ​ខ្មោច និង​តំបន់​មួយ​ចំនួន​ទៀត។​

នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា នៅ​ថ្ងៃ​ទី១៦​ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ។

អ្នកស្រីថា៖ «ចំនួននៃការប្រើប្រាស់យន្តហោះចម្បាំងF-16 ទម្លាក់​​គ្រាប់​បែក និង​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​របស់​យោធា​ថៃ​ វាយ​ប្រហារ​មក​លើក​ម្ពុជា​មាន​ចំនួន​ទំហំ​កាន់​តែ​កើន​ឡើង​​ជាលំដាប់ និង​បាន​ពង្រីក​ទីតាំង​បាញ់​ប្រហារ​មក​លើក​ម្ពុជា កាន់​តែ​ចូល​មក​ជ្រៅ»។

យ៉ាងណា ក្រសួងថា កងទ័ពកម្ពុជា នៅបន្តឈរជើង និង​ទ​​ប់​ទល់​នឹង​ការ​ឈ្លាន​ពាន​​របស់​​ថៃនេះ​ បាន​​​យ៉ាង​​រឹង​មាំ ក្នុង​​ការ​បំពេញ​​តួនាទី ជា​អ្នក​ការ​ពារ​ទឹក​ដី​ខ្មែរ។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​VOD​ថា ដំណាក់​កាលនេះ​ ខ្មែរ​ត្រូវ​តែសា​មគ្គី​គ្នា គឺ​លោក​បន្ត​គាំទ្រ​រដ្ឋាភិ​បាល​ឱ្យប្រើ​​សិទ្ធិ​ស្វ័យកា​រ​ពារ ដើម្បី​វាយ​បក​នឹង​សត្រូវ​ឈ្លាន​ពាន។

លោកបន្តថា ការវាយស​ម្រុក​ឈ្លានពា​ន​ទឹក​ដី​ខ្មែរ​របស់យោ​ធា​ថៃនេះ​ គឺ​បង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ពីម​ហិច្ចតា​ថៃ​ច​ង់​​លេប​ទឹក​ដី​ខ្មែរ ដែល​មេដឹក​នាំក​ម្ពុជា​ចាំបាច់​ត្រូវ​វាយ​ទប់​ទល់​ឱ្យ​ខ្លាំង​ដើម្បី​ការ​ពារ​ទឹកដី។

ហើយក្រៅពី​ប្រើ​​សិទ្ធិ​ស្វ័យ​​ការ​ពារ​ខ្លួន​ កម្ពុជា​​ចំបាច់​​ណាស់​​ត្រូវ​​ពន្លឿន​​ប្តឹង​​ថៃ​ទៅ​​កាន់​​តុលាការ​​យុត្តិធ​ម៌​​អន្តរ​ជា​​តិ ICJ ឱ្យ​​បាន​​លឿន​​បំផុត ដើម្បី​អា​​ច​ការ​ពារ​​បូរណ​ភាព​​ទឹក​​ដី​ និង​​អាយុ​ជីវិត​ពលរដ្ឋ​​ខ្មែរ​បាន។

លោកថា៖ «នៅពេលដែលថៃវាយសង្គ្រប់​លើ​កម្ពុជា​មែន​ទែន​នេះ វា​ដល់​ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​ប្ដឹង​ថៃទៅ​កា​ន់​តុលាការ​អន្តរ​ជាតិ ដូច​ជា​ តុលាការ​យុត្តិ​ធម៌​អន្ដ​រ​ជាតិ​អាយ.ស៊ី.ជេ តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​អាយ​ស៊ីស៊ី​ ហើយ​ប្ដឹង​ទៅ​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១​៩៩១ ដែល​មាន​ប្រទេស​បារាំង និង​ប្រទេស​ឥណ្ឌូនេ​ស៊ី​ ជា​សហ​ប្រធាន​ហើយ​និង​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជាជាតិ​ផង​ដែរ»។

នាយក​កម្ម​វិធី​តស៊ូ​មតិ​របស់​អង្គ​ការ​​ប្រជា​ធិប​​​តេយ្យ​​​ខ្មែរ​​​​​នៅ​​អូស្ត្រាលី លោក សេង វណ្ណលី ធ្លាប់​ប្រាប់V​OD​ថា លោក​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ ដើម្បី​ទប់​ទល់​មហិច្ចតា​សត្រូវ​ឈ្លាន​ពាន។

លោកបន្តថា ការប្រើសិទ្ធិ​ស្វ័យ​ការ​ពារ​នេះ គឺត​ប​តាម​ច្បាប់​ជាតិ និង​អន្តរ​ជាតិ ដោយ​ប្រើ​សិទ្ធិ​ពេញ​ទំហឹង និង​ឱ្យ​អស់​ពី​សមត្ថ​ភាព មិន​ថា​កង​កម្លាំង និង​សព្វា​វុធ​នោះ​ទេ គឺ​អាច​វាយ​បក​សត្រូវ ដើម្បី​ការ​ពារ​ទឹក​ដី។

លោក​អះអាងថា សកម្មភាពយ៉ាងគឃ្លើន និងឃោឃៅរបស់យោធា​​ថៃ​​​ប៉ុន្មាន​​ថ្ងៃ​នេះ ឆ្លុះ​បញ្ចាំង​ថា ពួក​យោធា​​អភិរក្ស​​និយម​​របស់​​ថៃ ជា​ជន​​ល្មោភ​​សង្រ្គាម ហើយ​​តែង​ចិញ្ចឹម​​ចិត្ត​​ចង់​ឈ្លាន​​ពាន​ទឹក​​​ដី​​ខ្មែរ។

លោកថា៖ «កិច្ចការបន្ទាន់នៅពេលនេះ កម្ពុជាចាំបាច់ត្រូវតែធ្វើក្រៅតែ​អំពី​ការ​ទប់​ទល់​ជាមួយ​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ គឺ​កម្ពុជា​ត្រូវ​តែ​ដើរ​ការ​ទូត​យ៉ាង​សកម្ម​បំផុត​តែម្ដ​ង ទី១​គឺ​ត្រូវ​តែ​អំពាវ​នាវ​ឲ្យស​ហគ​មន៍​អន្តរ​ជាតិ​ តែង​ថ្កោល​ទោស​ទៅ​លើទ​ង្វើឈ្លា​ន​ពាន​របស់​ថៃ ហើយ​ក៏​ដូច​ជា​ជំរុញ​ឲ្យ​ប្រធាន​សមាជិក​អាស៊ាន ព្យាយាម​សម្រប​សម្រួល​ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ភាគី​ថៃ​ចូល​មក​តុ​ចរចា ទី២​អំពាវ​នាវ​ឲ្យក្រុ​ម​ប្រឹក្សា​អង្គ​ការ​សហ​ប្រជា​ជាតិ ឬ​ក៏​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ បើក​ឲ្យ​មាន​កិច្ច​ប្រជុំ​បន្ទាន់​ ស្តីអំ​ពី​សកម្ម​ភាព​ឈ្លាន​ពាន​របស់​ថៃ ហើយ​ដោយ​ជំរុ​ញឲ្យ​ក្រុម​ប្រឹក្សា​អង្គ​ការ​សហ​ប្រជា​ជាតិ ដូច​ជា​ មហា​សន្និបា​ត​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​ផ្ដល់​យោបល់​ប្រឹក្សា​ផ្លូវ​ច្បាប់​ ដើម្បី​ស្នើ​ឲ្យ​តុលាការ​អន្ត​រ​ជាតិ​ តុលាការ​យុត្តិ​ធម៌​អន្ដរ​ជាតិ​អាយ.ស៊ី.ជេហ្នឹង​ ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដែល​ជា​ចំណុច​ទីតាំង​រសើប រវាង​កម្ពុជា​ជាមួយ​ថៃ​ ដើម្បី​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ជម្លោះ​នាពេ​លអ​នាគត»។

បើតាមសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី​ករណី​កង​កម្លាំង​យោធាថៃបើក​ការ​ឈ្លាន​ពាន​កម្ពុជា​ចូល​ដល់​​ថ្ងៃ​ទី​១០​នេះ យោធា​ថៃ​បើក​ការ​បាញ់​ផ្លោង​រាប់​សិប​ទីតាំង​ ផ្តោត​លើខេ​ត្ត​យ៉ាង​តិច​៦​ជាប់​ព្រំដែន មាន ខេត្ត​កោះ​កុង ​ពោធិ៍​សាត់ បន្ទាយ​មាន​ជ័យ ឧត្តរ​មាន​ជ័យ ព្រះវិ​ហារ និង​​សៀមរាប ជា​តំបន់​អង្គរ ជាដើម។

តំបន់​ដែលថៃបានបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មាន​​ភូមិ​សាស្ត្រ​អូ​​រស្មាច់ ប្រាសាទ​​ខ្នារ ជប់​​អង្គុញ និង​​ប្រា​សាទ​​តាមាន់​ធំ​ ​ថ្មដូន ប្រាសាទ​​​តាក្របី ​ក្រុង​សំរោង តំប​ន់​ប្រជាពលរដ្ឋ​ស៊ីវិល ​ប្រា​សាទ​​ព្រះ​វិហារ ​ និងកាលពីថ្ងៃចន្ទ យន្ត​ហោះ​​ចម្បាំងថៃនេះ បានទម្លាក់គ្រាប់ ២គ្រាប់ ក្បែរ​ជំរំ​ជន​​ភៀស​សឹក នៅ​ភូមិ​​សាស្ត្រ​ស្ពាន​អូរ​ជីក ​ព្រំប្រទល់​​ស្រុក​​ស្រីស្នំ ខេត្ត​សៀមរាប តំបន់អង្គរជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ