ការបង្រួបបង្រួមជាតិ ក្នុងចំណោមក្រុមអ្នកនយោបាយរបស់កម្ពុជាក្នុងគ្រាអាសន្ននេះ អាចក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុត សម្រាប់យុទ្ធនាការស្របច្បាប់ ប្រឆាំងនឹងការឈ្លានពានរបស់ថៃ នេះមិនមែនមានន័យថា ការឯកភាពជាតិ នឹងអាចផ្លាស់ប្តូរ ការប្រើកម្លាំងយោធារបស់ថៃទាំងស្រុងភ្លាមៗនោះទេ ប៉ុន្តែយ៉ាងហោចណាស់យើងអាចទប់ស្កាត់ និងប្រើប្រាស់ភាពស្របច្បាប់ តាមរយៈយន្តការការទូតនៅក្នុងកំរិតតំបន់ និងអន្តរជាតិរបស់កម្ពុជាយ៉ាងមានប្រសិទ្ធិភាព។
កន្លងមកនេះ នៅពេលរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ស្នើឱ្យអាស៊ាន ដៃគូសំខាន់ៗ និងស្ថាប័នអន្តរជាតិ គាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន ចង់មិនចង់ប្រទេស/ស្ថាប័នទាំងនោះនឹងវិនិច្ឆ័យជាមុនថា តើការទាមទារនេះមានភាពស្របច្បាប់ និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានសាធារណៈ ឬនៅតែក្នុងរង្វង់របស់ក្រុមអ្នកនយោបាយគ្រប់គ្រងអំណាចមួយក្តាប់តូចតែប៉ុណ្ណោះ។
នយោបាយអន្តរជាតិសព្វថ្ងៃនេះ ភាពស្របច្បាប់ គឺជាទម្រង់នៃអំណាចយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសតូចដែលរងការឈ្លានពានពីប្រទេសជិតខាងដែលធំជាង ដូចកម្ពុជា។ ដូច្នេះ ធម្មានុរូប ឬភាពស្របច្បាប់ ជាសភាវល្អ ភាពក្នុងការគ្រប់គ្រង ក្រៅតែបង្ហាញឱ្យឃើញពីសាមគ្គីភាព និងការបង្រួបបង្រួមជាតិ ក៏អាចបំបាក់ស្មារតីគូសត្រូវ និងអាចជួយទាក់ទាញការគាំទ្រពីមជ្ឈដ្ឋានតំបន់ និងអន្តរជាតិផងដែរ។ ការណ៍នេះ នឹងធ្វើឱ្យចោរឈ្លានពានកាន់តែពិបាកក្នុងការយកលេសប្រើប្រាស់សម្ពាធនានា ដើម្បីឈ្លានពានកម្ពុជា សំដៅសម្រេចបាននូវមហិច្ចតាកខ្វក់របស់ខ្លួន។
ដូច្នេះ ដើម្បីសម្រេចបានស្មារតីសាមគ្គីជាតិពិតប្រាកដ គឺត្រូវចាប់ផ្តើមពីខាងក្នុង និងទាមទារឱ្យមានឆន្ទៈនយោបាយរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក្នុងការដាក់ចេញនូវសកម្មភាពជាក់ស្តែង និងបន្ទាន់បំផុត ០៣យ៉ាង ដើម្បីធានាបាននូវការចូលរួមពីប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយទាំងក្នុង និងក្រៅប្រទេស។
ជ្រុងមួយនៃភាពស្របច្បាប់ផ្នែកនយោបាយ និងប្រព័ន្ធគ្រប់គ្រងតាមលំនាំប្រជាធិបតេយ្យ មិនអាចញែកចេញពីគោលនយោបាយការបរទេសកម្ពុជា ក្នុងគ្រាដែលថៃឈ្លានពានបានឡើយ។
ភាពស្របច្បាប់ សាមគ្គីភាព និងការផ្សះផ្សាជាតិ គឺជាខែលការពារជាតិយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងទង្វើឈ្លានពាន។ ប្រជាធិបតេយ្យ និងភាពជឿជាក់របស់កម្ពុជាក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ត្រូវបានបំផ្លាញ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧ និងការរឹតបន្តឹងសកម្មភាពស៊ីវិល និងសិទ្ធិ សេរីភាពប្រជាពលរដ្ឋ ដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយដោយក្រុមអង្គការសិទ្ធិមនុស្សជាតិ និងមជ្ឈដ្ឋានអន្តរជាតិ។ ដូច្នេះ ការស្ដារឡើងវិញនូវលំហនយោបាយ រួមទាំងការស្ដារគណបក្សសង្គ្រោះជាតិឡើងវិញ ឬការបើកឱកាសឱ្យគណបក្សប្រឆាំងអាចចូលរួមក្នុងការប្រកួតប្រជែង នឹងបង្ហាញទៅកាន់មជ្ឈដ្ឋានអន្តរជាតិថា ឯកភាពជាតិរបស់កម្ពុជាត្រូវបានលើកកម្ពស់ ប្រព័ន្ធសេរី-ពហុបក្ស ត្រូវបានគោរព និងត្រូវបានអនុវត្តដោយគ្មានការគំរាមគំហែង ទើបស្មារតីសាមគ្គីជាតិ និងការរួបរួមក្នុងនាមជាខ្មែរតែមួយ អាចសម្រេចបានពិតប្រាកដ។
ការធ្វើសម្បទានផ្នែកនយោបាយរបស់គណបក្សកាន់អំណាច ក៏មានសារៈសំខាន់សម្រាប់ការគាំទ្រពីអន្តរជាតិ ក្នុងការឆ្លើយតបនឹងទង្វើឈ្លានពានរបស់ថៃផងដែរ ព្រោះការគាំទ្រណាមួយពីមជ្ឈដ្ឋានតំបន់ និងអន្តរជាតិ អាស្រ័យលើភាពស្របច្បាប់ និងការទទួលស្គាល់ ក៏ដូចជាស្ថានភាពលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្សក្នុងស្រុក។
ជ្រុងមួយទៀត គឺករណីរបស់លោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត គឺជាការសាកល្បងដ៏សំខាន់ បង្ហាញពីស្មារតីរួបរួមជាតិពិតប្រាកដរបស់រដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដែលតែងប្រកាសចង់ឃើញម្តងហើយម្តងទៀត។ ដូច្នេះការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត មិនត្រឹមតែជាជំហានមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពយុទ្ធសាស្ត្រដែលអាចជួយស្តារនូវទំនុកចិត្ត និងការគំាទ្រពីប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាកាត់បន្ថយរូបភាពរបស់កម្ពុជាជាប្រព័ន្ធឯកបក្ស និងទទួលបានការសាទរពីមជ្ឈដ្ឋានអន្តរជាតិផងដែរ។ ការឯកភាពជាតិក្នុងចំណោមអ្នកនយោបាយ នឹងជួយលើកកម្ពស់ស្មារតីរួបរួមជាតិ ប្រយុទ្ធប្រឆាំងនឹងសកម្មភាពឈ្លានពាន និងពង្រឹងបន្ថែមនូវជំហរការទូតរបស់កម្ពុជា ក្នុងកិច្ចការការទូតក្នុងឆាកតំបន់ និងលើឆាកអន្តរជាតិ។
លើសពីនេះ ស្មារតីរួបរួមជាតិ ក៏អាស្រ័យលើការលាងសម្អាតអ្វីដែលមជ្ឈដ្ឋានអន្តរជាតិ មើលឃើញថា ជាចំណុចខ្សោយរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ហើយដែលត្រូវបានថៃប្រើប្រាស់ជាលេសមួយក្នុងការឈ្លានពានលើកម្ពុជា ដូចជា ការឆបោកតាមអនឡាញ បណ្តាញជួញដូរមនុស្ស និងអាជីវកម្មកខ្វក់ ដែលត្រូវបានការពារដោយប្រព័ន្ធនិទណ្ឌភាពនៅកម្ពុជា។
ការចាត់វិធានការយ៉ាងម៉ឺងមាត់ជាមួយនឹងការចោទប្រកាន់ប្រកបដោយតម្លាភាព និងកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតជាមួយស្ថាប័នជំនាញក្នុងតំបន់ និងអន្តរជាតិ នឹងលុបបំបាត់លេសដែលថាកម្ពុជាជាជម្រកសម្រាប់ឧក្រិដ្ឋជន ប្រតិបត្តិការអាជីវកម្មកខ្វក់ និងរដ្ឋម៉ាហ្វីយ៉ា ក៏ដូចជាកាត់បន្ថយសមត្ថភាពរបស់ថៃក្នុងការដាក់សម្ពាធ ឬការឈ្លានពានដោយប្រើលេស “ប្រតិបត្តិការសន្តិសុខ” ជំនួសឱ្យការឈ្លានពាន។
ប្រសិនបើជំហានទាំងបីនេះដំណើរការជាមួយគ្នា សមរភូមិការទូតរបស់កម្ពុជានឹងកាន់តែសកម្ម និងប្រកបដោយប្រសិទ្ធិខ្ពស់ ហើយដែលមជ្ឈដ្ឋានតំបន់ និងអន្តរជាតិ ពិបាកក្នុងការបដិសេធភាពស្របច្បាប់នេះ។ សាមគ្គីជាតិក្នុងចំណោមអ្នកនយោបាយកម្ពុជា នឹងជួយជំរុញយន្តការការទូត និងការចូលរួមពីដៃគូសំខាន់ៗ រួមទាំងមហាអំណាច ឱ្យប្រកាន់ខ្ជាប់ និងលើកកម្ពស់ការអនុវត្តផែនការសន្តិភាពកាន់តែទូលំទូលាយ និងអាចការពារកម្ពុជាពីការឈ្លានពានយ៉ាងមានប្រសិទ្ធិភាព។
ប្រសិនបើកម្ពុជាបរាជ័យក្នុងការកែទម្រង់ និងបង្រួបបង្រួមជាតិ នោះថៃនឹងនៅតែអាចបន្តប្រើប្រាស់ចំណុចខ្សោយនៃការគ្រប់គ្រងរដ្ឋ និងសេដ្ឋកិច្ចឆបោករបស់កម្ពុជា ជាអាវុធនយោបាយ និងសីលធម៌ដើម្បីបិទបាំងមហិច្ចតាឈ្លានពានរបស់ខ្លួន ហើយការឆ្លើយតបពីមជ្ឈដ្ឋានតំបន់ និងអន្តរជាតិចំពោះទង្វើឈ្លានពាននេះ នឹងនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ខណៈសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់កំពុងរង្គោះរង្គើស្រាប់ ដែលកាន់តែបង្កភាពងាយស្រួលដល់ថៃ ក្នុងការប្រើប្រាស់លេសទាំងនេះ ដើម្បីបកស្រាយហេតុផលនៃឈ្លានពានរបស់ខ្លួន។
ប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្ន ងាកមករកការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ រួមមាន ការបើកចំហនយោបាយ កិច្ចសន្ទនានយោបាយសំដៅដោះស្រាយបញ្ហាផ្ទៃក្នុង ដោយឈរលើស្មារតីសាមគ្គីជាតិ និងការបង្រួបបង្រួមជាតិនោះ វានឹងជួយពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការធ្វើការទូតប្រកបដោយភាពសកម្ម។ យន្តការអាស៊ានដំណើរការបានល្អបំផុត នៅពេលដែលភាគីដែលស្វែងរកការគាំទ្រត្រូវបានគេមើលឃើញថាមានការអត់ធ្មត់ និងគោរពច្បាប់ជាតិ និងអន្តរជាតិ។
ដូចគ្នានេះដែរ ការអំពាវនាវឱ្យមានចូលរួមពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងស្ថាប័ននានាក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក៏ទាមទារឱ្យមានការគោរពប្រព័ន្ធនីតិរដ្ឋ និងអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង។ ដូច្នេះ រដ្ឋាភិបាលកម្ពុជាដែលស្របច្បាប់ និងទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ នឹងអាចដាក់សម្ពាធកាន់តែខ្លាំងលើប្រទេសឈ្លានពាន និងស្នើឱ្យមានដំណោះស្រាយសមស្របមួយ រួមមាន ការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ការស៊ើបអង្កេតដោយមិនលំអៀង និងការអនុលោមតាមក្របខ័ណ្ឌបទឈប់បាញ់ដែលទទួលស្គាល់ជាអន្តរជាតិ ទន្ទឹមនេះ ក៏ជួយបង្កភាពងាយស្រួលដល់រដ្ឋបរទេសក្នុងការដាក់ចេញនូវជំហរការទូត និងថ្កោលទោសចំៗ ចំពោះការរំលោភលើអធិបតេយ្យភាពកម្ពុជា។
ឯកភាពជាតិ ក៏អាចជួយពង្រឹងបរិយាកាស និងភាពជឿទុកចិត្តលើប្រភពព័ត៌មានក្នុងស្រុក ពីមជ្ឈដ្ឋានខាងក្រៅផងដែរ។ លំហនយោបាយពហុភាគីអនុញ្ញាតឱ្យបរិយាកាសព័ត៌មានមានភាពចម្រុះ និងផ្តល់សារដែលបរទេសអាចបែងចែកអ្វីទៅជាការការពារអធិបតេយ្យភាពស្របច្បាប់ សារញុះញង់ ការបង្កភាពស្អប់ខ្ពើម និងព័ត៌មានមិនពិត ជាដើម។ ភាពចម្រុះក្នុងការទទួលបានព័ត៌មាន មានសារៈសំខាន់ណាស់ ពីព្រោះវិបត្តិព្រំដែនជារឿយៗ ក្លាយជាការប្រកួតប្រជែងលើរឿងរ៉ាវរបស់អ្នកនយោបាយ ដើម្បីសម្រេចបាននូវរបៀបនយោបាយរបស់ខ្លួន។ ប្រសិនបើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ពិតជាមានចេតនារួបរួមជាតិមែននោះ គឺត្រូវចាប់ផ្តើមពីការសម្បទានផ្នែកនយោបាយពីខាងក្នុងស្រុករបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងប្តេជ្ញាចិត្តចំពោះនីតិរដ្ឋតែម្តង។
ផ្ទុយទៅវិញ ប្រសិនបើការអំពាវនាវជំរុញឱ្យមាន “ស្មារតីសាមគ្គីជាតិ និងការរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ” គ្រាន់តែជាវោហារសាស្ត្រនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ខណៈគណបក្សប្រឆាំងដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋកន្លះប្រទេស ត្រូវបានផាត់ចោលពីឆាកនយោបាយ លោក កឹម សុខា បន្តឃុំខ្លួន និងហាមមិនឱ្យធ្វើនយោបាយ ថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សដទៃទៀត រាប់មិនអស់បន្តរងបទចោទ ចាប់ដាក់គុក និងការយាយីសូម្បីនៅក្រៅប្រទេស ភាពទន់ខ្សោយនៃប្រព័ន្ធអភិបាលកិច្ច និងចំណូលសេដ្ឋកិច្ចដែលបានមកពីឧស្សាហកម្មឆបោក នឹងនៅតែបន្តរារាំងដល់សមត្ថភាពការទូតកម្ពុជាក្នុងកៀរគរការគាំទ្រ ជាពិសេសក្នុងគ្រាប្រទេសកំពុងរងការឈ្លានពាន ពីមជ្ឈដ្ឋានតំបន់ និងអន្តរជាតិ និងកាត់បន្ថយឱកាសនៃការចូលទៅប្រើប្រាស់យន្តការដោះស្រាយជម្លោះដោយសន្តិវិធីរវាងរដ្ឋ។ ដូច្នេះ យុទ្ធសាស្ត្ររយៈពេលវែងដ៏រឹងមាំបំផុតរបស់កម្ពុជា គឺត្រូវលុបបំបាត់ចំណុចខ្សោយដែលធ្វើឱ្យភាពស្របច្បាប់របស់កម្ពុជាចុះខ្សោយ និងជំរុញស្មារតីសាមគ្គីជាតិ និងការបង្រួបបង្រួមជាតិក្នុងនាមខ្មែរតែមួយយ៉ាងពិតប្រាកដ ដូចសុភាសិតមួយឃ្លាថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។
បើមិនដូច្នេះទេ ស្មារតីសាមគ្គីជាតិ និងការរួបរួមក្នុងនាមជាខ្មែរតែមួយ គ្រាន់តែជាវោហារសាស្ត្រនយោបាយប្រជាភិថុតដដែលៗ ដែលឥស្សរជននយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត តែងប្រើប្រាស់ សំដៅការពារអំណាចនយោបាយ និងផលប្រយោជន៍របស់ក្រុមគ្រួសារពួកគេតែប៉ុណ្ណោះ៕









