រដ្ឋបាលរាជធានីភ្នំពេញ ហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងកាលៈទេសៈដែលយោធាថៃ កំពុងវាយប្រហារឈ្លានពានទឹកដីកម្ពុជា។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅរសៀលថ្ងៃទី១៧ ខែធ្នូនេះថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងតែត្រូវបានឈ្លានពានដោយខ្មាំងសត្រូវនោះ រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតការប្រើប្រាស់ដ្រូនគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានថា៖ «ជនណាដែលបំពាន ឬប្រើប្រាស់ដ្រូនដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់ស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដានចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អប្រសើរ ហើយក្នុងករណីពិនិត្យឃើញមានជនណាបំពាននូវសេចក្តីណែនាំនេះ ត្រូវចាត់វិធានការជាបន្ទាន់។
គិតចាប់ពីថ្ងៃទី៧ ដល់ព្រឹកថ្ងៃទី១៧ ខែធ្នូនេះ មានចំនួន១១ថ្ងៃហើយ ដែលយោធាថៃ បានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅជួរមុខ តាមបន្ទាត់ព្រំដែន ដោយប្រើទាំងអាវុធធុនធ្ងន់ គាំទ្រថ្មើរជើង ប្រើយន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់ និងបាញ់ផ្សែងពុល តាមទំនើងចិត្តលើដែនដីកម្ពុជា យ៉ាងតិច៥ខេត្តជាប់ព្រំដែន និងបានទម្លាក់គ្រាប់២គ្រាប់ ក្បែរជំរុំជនភៀសសឹក នៅភូមិសាស្ត្រស្ពានអូរជីក ព្រំប្រទេសស្រុកស្រីស្នំ ខេត្តសៀមរាប ដែលជាតំបន់អង្គរជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ការវាយប្រហារមកលើទឹកដីកម្ពុជា ពីសំណាក់យោធាថៃ ក្នុងរយៈពេល១០ថ្ងៃ គិតត្រឹមល្ងាចថ្ងៃទី១៦ ខែធ្នូនេះ បានបណ្តាលឱ្យជនស៊ីវិលខ្មែរ ១៧នាក់ ស្លាប់ និង ៧៧នាក់ រងរបួស ហើយជនភៀសសឹកកើនដល់ជិត ៤៤ម៉ឺននាក់។ ក្រៅពីនោះ យោធាថៃ ក៏បានប្រើប្រាស់អាវុធយុទ្ធភណ្ឌ និងយន្តហោះចម្បាំងទម្លាក់គ្រាប់ បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងប្រាសាទបុរាណខ្មែរផងដែរ៕









