ចេតិយក្លាយជាផ្ទះ របងវត្តក្លាយជាជញ្ជាំង មានទឹក មានអាហារទីណាក៏អាចរស់បាន ឱ្យតែអាចគេចពីគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែករបស់ទាហានថៃ។ ទាំងនេះ គឺជាការលើកឡើងរបស់ពលរដ្ឋភៀសសឹក មកពីតាមបណ្ដាស្រុកជាប់ព្រំដែន រួមមាន ស្រុកកំរៀង ភ្នំព្រឹក និងសំពៅលូន ដែលកំពុងជ្រកកោននៅតាមវត្តអារាម ក្នុងខេត្តបាត់ដំបង។
ភៀសខ្លួនមកពីស្រុកភ្នំព្រឹក លោក ប្រាក់ រឹម ធ្វើដំណើរជាមួយម៉ូតូចាស់ទ្រុឌទ្រោមមួយគ្រឿង ដឹកកូនក្មួយចម្ងាយជិត១០០គីឡូម៉ែត្រទម្រាំមកដល់ជំរុំ។ ជាអតីតទាហានរំដោះសម័យខ្មែរក្រហម ទោះមកដល់កន្លែងសុវត្ថិភាពទៅហើយក្ដី លោកនៅតែចិញ្ចឹមចិត្តប្រឡូកសមរភូមិប្រសិនរដ្ឋត្រូវការ ទាំងដែលលោកមានរបួសមួយចំហៀងខ្លួន។
លោក ប្រាក់ រឹម និយាយថា៖ «វាផ្លោងចូលខាងជើងផ្ទះប្រហែលជាដីពីរបីគីឡូដែរ វាផ្លោងមករត់ពីលើផ្ទះរហូត។ គ្រាប់ដេញទៅ ធ្លាក់ទៅជើង ទៅជើងទៅ គ្រាន់តែអត់មកជិតទេ គ្រាន់តែថាដូចក្មេងៗតូចៗវាភ័យដែរហ្នឹង។ ឥឡូវនេះ ថៃវាអាងវាមានអាវុធទំនើបជាងយើង ហើយណាមួយយើងក៏មិនតបមិនតពួកវា ព្រោះដោយសារយើងចង់បានសុខសន្តិភាព។ ហើយខ្ញុំវាពិការបាត់ហើយ បានអីទៅរួចនឹងគេ អស់មួយចំហៀងខ្លួនហើយ។ មិនចង់ឱ្យជួបដែរ ប៉ុន្តែបើថាវាទៅរួចអាចទៅទៀតណា»។
កំពុងសិក្សាថ្នាក់ទី១០ នៅស្រុកភ្នំព្រឹក កញ្ញា អូន ស្រីឡែន ត្រូវភៀសខ្លួនតាមឪពុកមា មកស្នាក់នៅជំរុំក្បែរចេតិយ។ ធ្លាប់តែខ្លាចខ្មោចតាមទម្លាប់ក្មេង ឥឡូវ ស្រីឡែន ថា ខ្លួនខ្លាចសង្គ្រាម និងគ្រាប់ផ្លោងរបស់ថៃជាងខ្លាចខ្មោចទៅទៀត។
កញ្ញា អូន ស្រីឡែន និយាយថា៖ «ភ័យអ៊ី បងប្អូនខ្ញុំយំទាំងអស់។ ខ្លាច(ខ្មោច)ណាស់អ៊ី ក្រោយផ្ទះខ្លួនឯងក៏មិនចង់ដើរទៅផងពេលយប់។ ដល់ពេលមកនេះ អ៊ូអរៗផង តែខ្លាចសង្គ្រាមជាងខ្លាចខ្មោច។ លះបង់អស់ហើយខ្លាចខ្មោចនោះ»។
ចំណែក អ្នកស្រី កុច នឿត មកពីស្រុកសំពៅលូន ទើបបានពីរថ្ងៃប៉ុណ្ណោះ។ អ្នកស្រីថា យោធាថៃបានបាញ់គ្រាប់ផ្លោងមកជាច្រើនគ្រាប់ ធ្វើឱ្យអ្នកស្រីបោកបែនស្រូវសឹងមិនទាន់។
អ្នកស្រី កុច នឿត និយាយថា៖ «ដឹកកណ្ដាប់មកមិនទាន់បោកផង ហើយថាបញ្ជាន់ទាំងយប់ មិនហ៊ានឈប់នៅតែមិនរួចទៀត។ ព្រឹកឡើងមកមែន (គ្រាប់ផ្លោង) ដល់ហើយយើងនៅមិនបានទេ បែនផងអីផង។ ហើយស្រូវហ្នឹងក៏មិនកើតទៀត រុយៗបាន៥បាវ ដូចថាយើងរត់ទៅ បានស្រូវទៅស៊ីបួនប្រាំបាវ សុទ្ធតែស្រូវនោះ។ […] ឈ្នះៗ ខ្មែរឱ្យបានសេចក្ដីសុខ មិនបានធ្វើអីទេ រវល់តែរត់នោះ»។
រយៈពេល៩ថ្ងៃនេះ ការបាញ់ប្រហាររបស់យោធាថៃ ពលរដ្ឋខេត្តបាត់ដំបងប្រមាណ ១ម៉ឺនគ្រួសារ ស្មើនឹងជាង៣ម៉ឺននាក់ បានរត់ភៀសខ្លួនស្វែងរកជំរុំសុវត្ថិភាព ដោយខ្លះគេចមកតែខោអាវមួយចង្កេះប៉ុណ្ណោះ។ គិតមកទល់បច្ចុប្បន្ន ជំរុំភៀសសឹកនៅខេត្តបាត់ដំបង បានកើនដល់២៩ជំរុំហើយ៕









