ខ្មែរនៅប្រទេសន័រវេស ជំរុញឱ្យរដ្ឋាភិបាលគ្រួសារហ៊ុន ប្រញាប់ប្តឹងប្រទេសថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីទប់ស្កាត់ការឈ្លានពាន ខណៈយោធាថៃ បានប្រើអាវុធគ្រប់ធុន និងយន្តហោះចម្បាំងទម្លាក់គ្រាប់បែកឈ្លានពានកម្ពុជាជាថ្មីទៀត១១ថ្ងៃមកនេះ ។
នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមខ្មែរប្រទេសន័រវែស និងសមាគមពុទ្ធសាសនិកជនខ្មែរពីទីក្រុងគ្រីស្ទានសាន់ ប្រទេសន័រវែស នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ។
សេចក្តីថ្លែងការណ៍បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះយោធាថៃ និងរដ្ឋាភិបាលថៃ ដែលតែងតែយកលេសគ្រប់បែបយ៉ាង បង្កសង្គ្រាមឈ្លានពានទៅលើប្រទេសកម្ពុជាម្តងហើយម្តងទៀត។
ប្រភពដដែល គូសបញ្ជាក់ថា សកម្មភាពយ៉ាងគឃ្លីនរបស់ភាគីថៃនេះ ជាការរំលោភបំពានបទឈប់បាញ់កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ និងរំលោភគោលការណ៍ច្បាប់អន្តរជាតិនានា ដែលជាក្តីបារម្ភពីផលប៉ះពាល់នៃសង្គ្រាមលើជនស៊ីវិលកម្ពុជា ទីវត្តអារាមខ្មែរ ប្រាសាទបុរាណខ្មែរជាបេតិកភណ្ឌពិភពលោក ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារជាច្រើននៅកម្ពុជា។
សេចក្តីថ្លែងការណ៍នោះ ជំរុញរដ្ឋាភិបាលកម្ពុជា គួរប្រញាប់ប្តឹងប្រទេសថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជុំវិញករណីវិវាទព្រំដែន និងករណីខូចខាតប្រាសាទបុរាណខ្មែរនៅតំបន់ព្រំដែន ស្របតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ភ្ជាប់ផែនទីរបស់អាណានិគមបារាំង។
បន្ថែមលើនេះ គួរតែត្រូវប្តឹងពួកមេយោធា និងមន្ត្រីជាន់ខ្ពស់មួយចំនួននៃរដ្ឋាភិបាលថៃ ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) អំពីករណីបង្កសង្គ្រាមលើកម្ពុជា ករណីសម្លាប់ជនស៊ីវិលខ្មែរ និងបទឧក្រិដ្ឋកម្មពាក់ព័ន្ធមួយចំនួន។
សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវរដ្ឋាភិបាលកម្ពុជា បង្កើនសកម្មភាពនយោបាយការទូតល្អជាមួយដៃគូអន្តរជាតិនានា ដើម្បីដាក់សម្ពាធថៃឲ្យគោរពច្បាប់អន្តរជាតិ និងគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលថៃក៏ជារដ្ឋភាគីដែរនោះ។
សមាគមខ្មែរប្រទេសន័រវែស និងសមាគមពុទ្ធសាសនិកជនខ្មែរ អំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលថៃ និងកម្ពុជា ត្រូវតែបញ្ឈប់សង្គ្រាមជាបន្ទាន់ និងវិលទៅគោរពបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងឱ្យរដ្ឋាភិបាលថៃដោះលែងកងទ័ពខ្មែរទាំង១៨រូបដោយគ្មានលក្ខខណ្ឌ។
យ៉ាងណា ក្រោយយោធាថៃបើការការឈ្លានពានកម្ពុជាជាថ្មីទៀត ចាប់ពីថ្ងៃទី៧ខែធ្នូ មកដល់ថ្ងៃទី១៧ ខែធ្នូនេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេស ដូចជា នៅកូរ៉េខាងត្បូង កាណាដា សហរដ្ឋអាមេរិក និងអូស្រ្តាលីជាដើមបានប្រមូលផ្តុំគ្នាតវ៉ា និងថ្កោលទោសទង្វើថៃឈ្លានពាននេះ និងអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានច្បាប់ ដើម្បីឱ្យថៃបញ្ឈប់ការឈ្លានពាននេះ និងទទួលខុសត្រូវចំពោះបទឧក្រិដ្ឋកម្មសង្គ្រាមនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ការវាយប្រហារមកលើទឹកដីកម្ពុជា ពីសំណាក់យោធាថៃ ក្នុងរយៈពេល១០ថ្ងៃ គិតត្រឹមល្ងាចថ្ងៃទី១៦ ខែធ្នូនេះ បានបណ្តាលឱ្យជនស៊ីវិលខ្មែរ ១៧នាក់ ស្លាប់ និង ៧៧នាក់ រងរបួស ហើយជនភៀសសឹកកើនដល់ជិត ៤៤ម៉ឺននាក់។ ក្រៅពីនោះ យោធាថៃ ក៏បានប្រើប្រាស់អាវុធយុទ្ធភណ្ឌ និងយន្តហោះចម្បាំងទម្លាក់គ្រាប់ បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងប្រាសាទបុរាណខ្មែរផងដែរ៕









