តំណាងសហភាពអឺរ៉ុប ជំរុញដល់ប្រទេសកម្ពុជា និងថៃ ស្តារឡើងវិញនូវបទឈប់បាញ់ជាបន្ទាន់ ដើម្បីជៀសវាងការរាលដាលជម្លោះកាន់តែធ្ងន់ធ្ងរ ហើយសន្យាផ្តល់នូវរូបភាពពីផ្កាយរណប សម្រាប់ឃ្លាំមើលបទឈប់បាញ់។
នេះបើតាមសេចក្តីថ្លែងការណ៍របស់លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដែលត្រូវបានស្រង់មកផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុករបស់សហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា (European Union to Cambodia) នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។
លោកស្រី Kaja Kallas ត្រូវបានស្រង់សម្តីក្នុងសំណេរដើមថា ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ ហេតុដូច្នេះហើយ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។
លោកស្រីបន្តថា៖ «នាងខ្ញុំនឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។ សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។
ប្រភពដដែលបន្តថា សារនេះ លោកស្រី Kaja Kallas បានជម្រាបជូនទៅរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ នៅក្នុងកិច្ចពិភាក្សា នាព្រឹកថ្ងៃទី១៧ ខែធ្នូនេះ។
ស្របពេលគ្នានេះដែរ ទំព័រហ្វេសប៊ុកក្រសួងការបរទេសកម្ពុជា ក៏បានផ្សព្វផ្សាយពីជំនួបតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប លោកស្រី ខាថា ខាឡាស់ (Kaja Kallas) នៅថ្ងៃនេះផងដែរ។
ប្រភពដដែលបានលើកឡើងថា ក្នុងជំនួបនោះ លោក ប្រាក់ សុខន បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានគាំទ្រដល់ការអភិវឌ្ឍនានានៅកម្ពុជា និងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា–ថៃ ដែលកំពុងបន្តកើតឡើង។
ជាមួយគ្នានោះ លោក ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការប្តេជ្ញាមិនផ្លាស់ប្តូររបស់កម្ពុជាចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងមាគ៌ាសន្តិភាព ដូចបានកំណត់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ លោកក៏បានផ្លាស់ប្តូរយោបល់ជាមួយលោកស្រី ខាចា ខាឡាស់ អំពីស្ថានការណ៍កំពុងវិវត្តន៍ និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការបញ្ឈប់នូវការផ្ទុះអាវុធ និងស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។
គិតចាប់ពីថ្ងៃទី៧ ដល់ព្រឹកថ្ងៃទី១៧ ខែធ្នូនេះ មានចំនួន១១ថ្ងៃហើយ ដែលយោធាថៃ បានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅជួរមុខ តាមបន្ទាត់ព្រំដែន ដោយប្រើទាំងអាវុធធុនធ្ងន់ គាំទ្រថ្មើរជើង ប្រើយន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់ និងបាញ់ផ្សែងពុល តាមទំនើងចិត្តលើដែនដីកម្ពុជា យ៉ាងតិច៥ខេត្តជាប់ព្រំដែន និងបានទម្លាក់គ្រាប់២គ្រាប់ ក្បែរជំរុំជនភៀសសឹក នៅភូមិសាស្ត្រស្ពានអូរជីក ព្រំប្រទេសស្រុកស្រីស្នំ ខេត្តសៀមរាប ដែលជាតំបន់អង្គរជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ការវាយប្រហារមកលើទឹកដីកម្ពុជា ពីសំណាក់យោធាថៃ ក្នុងរយៈពេល១០ថ្ងៃ គិតត្រឹមល្ងាចថ្ងៃទី១៦ ខែធ្នូនេះ បានបណ្តាលឱ្យជនស៊ីវិលខ្មែរ ១៧នាក់ ស្លាប់ និង ៧៧នាក់ រងរបួស ហើយជនភៀសសឹកកើនដល់ជិត ៤៤ម៉ឺននាក់។ ក្រៅពីនោះ យោធាថៃ ក៏បានប្រើប្រាស់អាវុធយុទ្ធភណ្ឌ និងយន្តហោះចម្បាំងទម្លាក់គ្រាប់ បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងប្រាសាទបុរាណខ្មែរផងដែរ៕









