ជនស៊ីវិលខ្មែរស្លាប់និងរបួសជិត១០០នាក់ក្រោយថៃឈ្លាន​ពាន​ចំនួន​១០​ថ្ងៃ

ជនស៊ីវិលខ្មែរ​ស្លាប់ និង​របួស​ បាន​កើន​ឡើង​ជិត​១០០​នាក់ ក្រោ​យ​យោធា​ថៃ​បើក​ការ​ឈ្លានពាន​​ចំនួ​ន​​១០​ថ្ងៃ​មក​នេះ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន រួម​ទាំង​ប្រាសាទ​បូរាណ ត្រូវ​បាន​បំផ្លាញ ដោយ​គ្រាប់​ផ្លោង និង​យន្ត​ហោះ​ចម្បាំង​ថៃ។ នេះ​បើ​តាម​ការ​អះ​អាង​របស់​ក្រសួង​មហា​ផ្ទៃ។

ក្រសួង​មហា​ផ្ទៃ បាន​និយាយ​ថា គិត​ត្រឹម​​​ម៉ោង​៦ល្ងាច​ថ្ងៃ​ទី​១៦​ខែធ្នូ ម្សិលមិញនេះ ពលរដ្ឋខ្មែរ​ចំនួន២នាក់ទៀត នៅខេត្តកោះកុង បានស្លាប់ និង២នាក់​ទៀត​របួស ដែលធ្វើឱ្យចំនួន​ពលរដ្ឋស៊ីវិល​ស្លាប់​កើន​ឡើង​ដល់ ១៧នាក់ និងរបួស​ ៧៧នាក់ ខណៈជនភៀសសឹក​កើនដល់​ជិត ៤៤ម៉ឺន​នាក់ ដោយ​សារការ​រំលោភបទឈប់បាញ់ និងសង្គ្រាមឈ្លាន​ពាន​របស់យោធាថៃ មក​លើបូរណភាពទឹកដីកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ ចេញផ្សព្វផ្សាយ​​លើបណ្តាញ​សង្គមរបស់​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងនេះ បានឱ្យ​ដឹងថា គិតចាប់ពីម៉ោង១រសៀល​ដល់​​ម៉ោង​​៦ល្ងាច​ថ្ងៃទី១៦​ខែធ្នូ មាន​ពលរដ្ឋស្លាប់ចំនួន ២នាក់ នៅខេត្តកោះកុង​ ក្នុងមណ្ឌល​សុវត្ថិភាព និងរបួសចំនួន​២​នាក់ នៅខេត្តបន្ទាយមានជ័យ និង​ឧត្តរ​មានជ័យ ដែលធ្វើឱ្យចំនួនពលរដ្ឋ​ស្លាប់​កើន​ដល់​ ១៧នាក់ និងរបួស ៧៧នាក់។

ចំណែក ជនស៊ីវិលដែលភៀសសឹកវិញ ក្រសួងថា កើនដល់ ១៣១ ៦៧២គ្រួសារ ស្មើ​នឹង​ចំនួន​មនុស្ស ៤៣៨ ៩៥៣នាក់ កំពុងនៅជំរុំ​សុវត្ថិភាព​ក្នុង​ខេត្ត​ព្រះវិហារ ឧត្តរ​មានជ័យ បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង សៀមរាប និង​កំពត។

សម្រាប់ករណីបំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ជនស៊ីវិល​វិញ គិត​ពី​ថ្ងៃទី​៧ មក​ដល់​ពេល​នេះ ខូចខាត​ផ្ទះពលរដ្ឋ ៥១ខ្នង សាលារៀន​១ទីតាំង មណ្ឌលសុខភាព​១ទីតាំង ប្រាសាទបុរាណ១ វត្ត​អារាម៤ទីតាំង សាលាឆទាន​១ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិយាល័យ​គយ​និង​រដ្ឋករ​១អគារ អគារ​កាស៊ីណូ៤ទីតាំង សណ្ឋាគារ​៣ទីតាំង អគារ​៣ខ្នង មណ្ឌល​​កសិកម្ម​​សហគមន៍​១ទីតាំង ស្ពាន​ថ្ម១ ក្បាល​ស្ពាន​១កន្លែង ស្ពាន​ដែក១ ស្ថានីយ៍ប្រេង​១ទីតាំង មធ្យោបាយ​ដឹក​ជញ្ជូន​​​៥គ្រឿង​ និងស្ពានបុរាណមួយ​កន្លែង។

ក្រៅពីនោះ​ សេវា​មូលដ្ឋាន​ ដូចជា ​សេវា​រដ្ឋបាល សុខាភិបាល និង​អប់រំ​នៅ​តាម​ក្រុង​ស្រុក​ឃុំ​សង្កាត់ ត្រូវ​បានផ្អាក​ស្ទើរ​ទាំង​ស្រុង ដោយសារ​តែ​ភាគីថៃ​បង្កើន​ការ​វាយ​ប្រហារ​​ដោយ​អាវុធ​គ្រប់​ធុន និង​គ្រប់ទម្រង់​មកលើតំបន់​ស៊ីវិល ទាំ​ង​តាម​ជើង​គោក ជើង​ទឹក និង​ជើង​អាកាស។

ចំណែក​ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើបច្ចុប្បន្នភាព​នៅលើទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី​១៦​ខែធ្នូ សាលារៀន​ក្នុង​ខេត្ត​ជាប់​បន្ទាត់​ព្រំដែន​ចំនួន ៦​ បានបិទ​ទ្វារ​សរុប​ចំនួន ១ ០៤២សាលា ប៉ះពាល់​ដល់​គ្រូ​បង្រៀន​ជិត​ ១ម៉ឺន​នាក់ (៩ ៨៦៥នាក់) និង​សិស្សជាង ២៤ម៉ឺន​នាក់ (២៤៥ ០០១​នាក់)។

គិតពីថ្ងៃទី៧ ដល់ព្រឹក​ថ្ងៃទី១៧ ខែ​ធ្នូ​នេះ មាន​ចំនួន​១១ថ្ងៃ​ហើយ ដែល​យោធា​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​មក​លើក​ងក​ម្លាំង​កម្ពុជា​នៅ​ជួរ​មុខ តាម​បន្ទាត់​ព្រំដែន ដោយ​ប្រើ​ទាំង​អាវុធ​ធុន​ធ្ងន់ គាំទ្រ​ថ្មើរ​ជើង ប្រើ​យន្ត​ហោះច​ម្បាំង​F-16 ទម្លាក់​គ្រាប់ និងបាញ់ផ្សែងពុល​ ​តាម​​ទំនើង​​ចិត្ត​​លើ​ដែន​​ដី​​កម្ពុជា​ យ៉ាង​តិច​៥ខេត្ត​ជាប់​ព្រំដែន និង​បាន​ទម្លាក់គ្រាប់២គ្រាប់ ក្បែរ​ជំរុំ​ជន​ភៀស​សឹក នៅភូមិ​សាស្ត្រ​ស្ពានអូរជីក ព្រំប្រទេស​​​​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ដែលជាតំបន់អង្គរ​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ