ក្រុម​ហ៊ុនអាមេរិក​ជាង​៨០០​បារម្ភ​ពី​ការ​​​រកស៊ី​​នៅកម្ពុជា ​ខណៈ​ថៃ​​គំរាម​​រិត​​ត្បិត​​ការ​​ដឹក​ជញ្ជូន​​តាម​​សមុទ្រ​

ខណៈ​​កម្ពុជា​​មិន​​ទាន់​បាន​បញ្ចេញ​​ប្រតិក​ម្ម​​ជា​ផ្លូវ​ការណ៍​​ណា​​មួយ ​ចំពោះ​​ការ​​គំរាម​​​​​រិ​ត​ត្បិត​​លើ​​ការ​​ដឹក​​ទំនិញ​​តាម​​សមុទ្រ​​ពីសំ​ណាក់​​ភាគី​ថៃ តំណាង​ក្រុមហ៊ុ​ន​​អាមេរិក​ជាង​​៨០០​នៅ​​កម្ពុជា​​បាន​​​​ប្រាប់​​រដ្ឋាភិ​បាល​​អាមេរិក​ តាម​​រយៈ​​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា ​​​​ពី​ក្តី​បារម្ភ​​របស់​​​ពួកគេ​​ក្នុង​​ការ​ធ្វើអាជីវកម្ម​​នៅ​កម្ពុជា​ ខណៈ​​បច្ចុប្បន្ន​​មាន​​​ជន​​ជាតិ​​អាមេរិក​​រាប់​​ពាន់​​​​នាក់​កំពុង​​​​ធ្វើ​​អាជីវកម្ម​​និង​​រស់​នៅ​កម្ពុជា​។

តាម​រយៈ​លិខិត​មួយ​ច្បាប់ចុះថ្ងៃទី​១៥ ខែ​ធ្នូ ​ឆ្នាំ​​២០២៥ លោក Casey Barnett ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​អាមេរិក​ប្រចាំ​កម្ពុជា (AmCham) ផ្ញើ​​ជូន​លោក​ស្រី Bridgette Walker ភារ​ធារី​នៃស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ស្នើ​ឲ្យ​​ស្ថាន​​ទូត​បញ្ជូន​​សារ​​​​​ទៅ​រដ្ឋាភិបាល​​អាមេរិក ​អំពី​​ក្ដីបារម្ភ​​របស់​ពួក​គេ​ ពាក់​​ព័ន្ធ​នឹង​​ការ​​ព្រមាន​ពីការ​រិត​ត្បិត​​​របស់​​យោ​ធា​​ថៃ ​ដែល​​ថា កំពង់​ផែរ​បស់​កម្ពុជា​ «មាន​​ហានិភ័យ​ខ្ពស់» និង​បិទ​​ផ្លូ​វដឹក​ជញ្ជូន​ប្រេង​ឥន្ធនៈ និង​ទំនិញ​ដែល​​មា​ន​​សក្តានុពល​យុទ្ធ​សាស្ត្រ​​ផ្សេង​ទៀត។

បើ​តាម​លោក Casey Barnett បច្ចុប្បន្នមានក្រុម​ហ៊ុន​អាជីវកម្មដែលគ្រប់គ្រងដោយ​ជនជាតិ​អាមេរិកប្រមាណ ៨៦៥ ក្រុមហ៊ុន​ បាន​ចុះឈ្មោះនៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្រុមហ៊ុន​​រាប់​រយទៀត ​បាន​​និង​កំពុង​​ធ្វើការរួម​គ្នា​ជាមួយក្រុមហ៊ុន​ផលិតរបស់កម្ពុជា ដើម្បីផលិតទំនិញសម្រាប់ម៉ាកយីហោអាមេរិក។ ក្រុមហ៊ុនទាំងនេះ តំណាងឱ្យការវិនិយោគរបស់​សហរដ្ឋអាមេរិក ជាច្រើន​​​ពាន់​លានដុល្លារ​នៅក្នុងប្រទេស​កម្ពុជា ខណៈពាណិជ្ជកម្មភាគច្រើន រវាងសហរដ្ឋ​អាមេរិក និង​កម្ពុជា ត្រូវបានធ្វើឡើងតាមរយៈការដឹកជញ្ជូនតាមសមុទ្រ។

កាលពីថ្ងៃទី១៤ ខែធ្នូ លោក​ ណៈរា ឃុនថូធម (Nara Khunthuthom) ជំនួយការអ្នក​នាំពាក្យ​កងទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ បាន​ពិពណ៌នាអំពីសំណើរបស់យោធាថៃក្នុងការទប់ស្កាត់ និងត្រួតពិនិត្យ​កា​រ​ដឹក​ជញ្ជូន​ប្រេង​​ឥន្ធនៈ និង​ការ​ផ្គត់​ផ្គង់​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ការ​ប្រកាស​​រិត​ត្បិត​​ការ​​ដឹក​​ជញ្ជូន​​តាម​​ផ្លូវ​​សមុទ្រ​​របស់​កម្ពុជា ​ដោយ​ចាត់​ទុក​កំពង់ផែរបស់កម្ពុជាថាជា «តំបន់មាន​ហានិភ័យខ្ពស់»។ នេះ​បើ​តាម​សារព័ត៌មាន​ថៃមួយចំនួន។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ​​និង​ស្ថាប័ន​ដទៃទៀត​របស់​រដ្ឋាភិបាល​ មិន​ឃើញ​បញ្ចេញ​ប្រតិកម្ម​​ចំពោះ​ការលើក​ឡើង​របស់​ថៃ​ ពីការ​រឹតត្បិត​​ការ​ដឹក​ទំនិញ​​តាម​ច្រក​សមុទ្រ​របស់​កម្ពុជា​នេះ​ទេ។

ប៉ុន្តែ​​លោក​ ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ ​និង​ដឹកជញ្ជូន ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​​របស់​​លោក​​ថា ​​ប៉ុន្មានថ្ងៃមកនេះ ឃើញកាសែត​ថៃដកស្រង់​សំដី​មន្ត្រីជាន់ខ្ពស់ថៃ ពាក់ព័ន្ធ​​​ពី​ការព្រមាន​បិទរាំងខ្ទប់ដំណើរ​នាវាចរ​ដឹកទំនិញ​​តាមផ្លូវសមុទ្រ​ឆ្លងកាត់ឈូងសមុទ្រថៃចូល​មក​កាន់​ប្រទេស​កម្ពុជា ដោយមន្ត្រី​ថៃ​ទាំងនោះ យកលេសផ្សេងៗមកសំអាង ក្នុងគោលដៅ​ចិញ្ចឹម​មហិច្ចតា​ឈ្លាន​ពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។

លោក​ផន រឹម​បន្ត​​ថា៖ «កម្ពុជាមិនមែនក្មេង​បៀមដៃ។ កម្ពុជា​បានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈ​រួច​រាល់ ឆ្លើយ​តប​គ្រប់​ទម្រង់ ចំពោះមហិច្ឆតាបង្ក​សង្គ្រាមពង្រីក​ទំនាស់របស់ថៃ។ កម្ពុជា​មានច្រក​ដឹកទំនិញ​​សមុទ្រ​ចម្រុះ និង​ប្រទាក់​ក្រឡា ដែល​មាន​សក្តានុពល និងធានាបាននូវឯករាជ្យ​ភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ»។

លោក​ ម៉ែន ណាត ​ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​​កម្ពុជា ​បាន​ប្រាប់​វីអូឌី​នៅ​​ថ្ងៃទី​១៧ខែ​​ធ្នូ​​នេះ​ថា​​ បើ​​ផ្អែក​តាម​​ច្បាប់​​អន្តរ​ជាតិ ថៃ​គ្មាន​សិទ្ធិ​ក្នុង​​កា​រ​​បិទ​​ច្រក​​​សមុទ្រ​កម្ពុជា​​នោះ​​ទេ ពីព្រោះរឿងដែនសមុទ្រនេះ វាពាក់ព័ន្ធនឹងប្រទេសមួយចំនួនទៀត។ ប៉ុន្តែលោក​ថា ពេលនេះថៃព្រហើន​ខ្លាំង​ណាស់ ​លែងសូវខ្វល់រឿងច្បាប់អន្តរជាតិទៀតហើយ។

យ៉ាងណា​ក្តី​ សកម្ម​ជន​ព្រំដែន​ដែល​​បាន​ភៀស​ខ្លួន​​ទៅ​នៅ​ក្រៅ​ប្រទេស​រូបនេះ ​លើកឡើង​ថា រឿង​នេះ គឺជាផលវិបាកសម្រាប់កម្ពុជា ដោយហេតុថា រឿងដែនសមុទ្រខ្មែរ ត្រូវបានថៃ និងវៀត​ណាម បង្កើត​កិច្ចព្រមព្រៀងខុសច្បាប់ឆ្នាំ​១៩៩៧ ចែកសមុទ្រខ្មែរ ៣​ម៉ឺន​គ.ម.​ក្រឡា​ក្នុង​ម្នាក់ៗ​។ ថៃនិងវៀតណាម​ធ្វើ​​ដូច្នេះបា​ន នៅ​ក្រោម​ហេតុ​ផល​នៃកិ​ច្ចព្រម​​ព្រៀង​ដែន​ទឹក​ប្រវត្តិ​សាស្ត្រ ឆ្នាំ​១៩៨២ ដែល​លោក ហ៊ុន សែន និង​មេដឹក​នាំ​​វៀ​តណា​ម បាន​ព្រម​ព្រៀង​ជាមួយ​គ្នា ។

លោក​ ម៉ែន ណាត និយាយ​ថា កាល​នោះ​លោក ហ៊ុន សែន យល់​ព្រម​កាត់​​កោះ​​ត្រល់ និង​ចង្កោម​កោះ​ក្រចក​សេះ​ឲ្យ​វៀត​ណាម ម្ល៉ោះហើយ​វាជា​ផ​ល​វិបាក​បំផុត​សម្រាប់​កម្ពុជា នៅ​របប​ដឹក​នាំ​សព្វ​ថ្ងៃ។

អាខោន​ហ្វេសប៊ុកមួយ​​ឈ្មោះ​ Than MunyRathបាន​លើកឡើងថាយោង​តាម​ច្បាប់​សមុទ្រ​អន្តរ​ជាតិ (UNCLOS) ប្រទេស​ថៃ និង​វៀត​ណាម អាច​បិទ​បាន​តែ “ដែន​ទឹក” ចម្ងាយ​​ ១២​ម៉ៃល៍​ពី​ឆ្នេរ​​សមុទ្រ​​របស់​​ខ្លួន​​ប៉ុណ្ណោះ​។ វៀត​ណាម​​និង​​ថៃ ​មិន​មាន​សិទ្ធិ​បិទ​ផ្លូវ​ទឹក​អន្តរ​ជាតិ​នៅ​កណ្ដាល​ឈូង​សមុទ្រ​បាន​ទេ។ ប្រភព​នេះ​ លើក​ឡើង​ថា នា​វាដឹ​ក​ទំនិញ​ធំៗ​ពី​ចិន អាមេរិក​ ឬ​អឺរ៉ុប អាច​ធ្វើ​ដំណើរ​ចូល​មក​កាន់​កំពង់​ផែ​ក្រុង​ព្រះសី​ហនុ ដោយ​វាង​កាត់​កណ្ដាល​ឈូង​សមុទ្រ​ ដោយ​មិន​ចាំបា​ច់​ចូល​កាត់​ដែន​ទឹក​របស់​ថៃ ឬ​វៀត​ណាម​ឡើយ។

ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​សមុទ្រ​កម្ពុជា កាលពីខែមីនា​ឆ្នាំ២០​២៥​ លោក​​នាយក​​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​បាន​​ថ្លែង​ថា បញ្ហា​ព្រំដែន​​សមុទ្រ​ ​​រួម​​ទាំង​​កោះ​​គជ់ ​ដែ​ល​​ថៃ​​កំពុង​​កាន់​កាប់​​ផង​​ដែរ​ គឺ​កម្ពុជា​-​ថៃ​ មិន​​ទាន់​​បាន​​ចុះកិ​ច្ច​​ព្រម​​ព្រៀង​​ណា​​មួយ​​នៅ​ឡើយ​​ទេ ​ហើយ​បច្ចុប្បន្ន​ភាគី​ទាំង​ពីរ​កំពុង​​ធ្វើការ​ចរចា។

លោកថា៖ «យើង​នៅ​បន្តការចរចា​​ យើង​នៅមានការ​ទាមទារ​​របស់​យើង​​ពីឆ្នាំ៧២​​ជំនាន់​នោះ​ជំនាន់​​អី។ ខ្ញុំ​គ្រាន់​តែសូម​បញ្ជាក់​ថា ព្រំដែន​​ទឹក​​អី កោះ​គជ់​កោះ​​អី ​តំបន់​​ត្រួត​​​ស៊ី​គ្នា​​នេះ អ្នក​ខ្លះ​ខំ​ស្អី​ ​យើង​​ប្តឹង​យើង​​ស្អី? ​ថា​យើង​​​ធ្វើ​ឱ្យបាត់​​ អត់​​ទាន់​​មាន​​បាត់​ ​អត់​ទាន់​​មាន​អី​​រឿង​កន្លែង​ណា​អី​ណា​ទេ ​ព្រំដែន​​ទឹក​មិន​​ទាន់​​បាន​​ចរចា​ឯកភាព​គ្នា​ទេ ​ហើយ​ការ​ទាម​ទារ​នៅ​​ដូ​ច​​ខ្សែ​៧២​​អី​កាល​​មុន​ក៏​យើង​​​នៅ​បន្ត​ទាម​ទារ​ ​ដើម្បី​ជា​មូល​ដ្ឋាន​ចរចា​​ អត់​​ទាន់​​មាន​​លះ​បង់​​ស្អី កន្លែង​​ណា​ទេ​​ ហើយ​​​ចឹង​​​កុំ​​និយាយ​​រឿង​បិទ​​រឿង​ស្អី​ណា​នោះ»។

ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា កាលពីខែធ្នូឆ្នាំ២០២៤​ បាន​ដាក់​លិខិត​ចំហមួយ​ជូន​ លោក ​ហ៊ុន ម៉ាណែត ​ទាក់​ទង​នឹង​កោះគជ់ ​និង​​លំហសមុទ្រខ្មែរ​ ដោយ​ផ្តល់​ជា​យោបល់ដល់​ លោក ហ៊ុន ម៉ាណែត​ ថា រដ្ឋាភិបាលកម្ពុជា​ ចាំបាច់ត្រូវប្តឹងប្រទេសថៃ​ ទៅកាន់តុលាការអន្តរជាតិ ក្នុងសំណុំរឿង​«កោះគុត» និងការកំណត់ព្រំដែនសមុទ្រកម្ពុជា-ថៃ។

ក្រុមនេះ​ បាន​ប្រាប់​ថា ​​កម្ពុជា​អាច​ប្រើ​យន្តការតុលាការណាមួយ ដូចជា តុលាការ​យុត្តិធម៌អន្តរជាតិ (International Court of Justice (ICJ)) ឬ តុលាការមជ្ឈត្តិការ​អន្តជាតិ (Permenent Court of Arbitration (PCA))។ បន្ថែម​ពីនេះ ​កម្ពុជា​ត្រូវប្រើច្បាប់អន្តរជាតិចំនួន៣ យ៉ាងតិចរួមមានសន្ធិសញ្ញាបារាំង​​-​សៀម​ឆ្នាំ១៩០៧, កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ស្តីពីបូរណ​ភាព​ទឹក​ដី អធិបតេយ្យរបស់កម្ពុជា និងច្បាប់សមុទ្រ UNCLOS​-​1982។​ ​

ជាមួយ​នឹងការភ្ញាក់ផ្អើល​ដែល​មិន​នឹកស្មានថា ថៃ​គំរាម​​រិតត្បិត​​​ច្រក​សមុទ្រ​​កម្ពុជា លោក ​សុខ សុគន្ធ​ ហៅ​​ ជែម ​សុខ ​អ្នក​ធ្វើអត្ថាធិប្បាយ​លើ​បណ្តាញ​សង្គម ដែល​ធ្លាប់​បាន​បញ្ចុះ​បញ្ចូល​លោក ​ហ៊ុន សែន ​​ឱ្យ​​ធ្វើ​កំណែ​ទម្រង់​​ប្រព័ន្ធ​​ដឹកនាំ​​រដ្ឋ​មួយ​​ចំនួន ​​និ​ងស្នើ​​សុំ​ឱ្យដោះ​​លែង​​សកម្ម​ជន​​នយោ​បាយ ​និង​សកម្ម​ជន​សង្គម​ តែលោក ​ហ៊ុន សែន ​មិន​​ព្រម​នោះ​ ​និយាយ​​ថា លោក ​ហ៊ុន សែន ​ដែល​​ត្រូវ​បាន​​វៀ​តណា​ម​​លើក​​បន្តុប​​ឱ្យ​ឡើង​​កាន់​​អំណាច ​បាន​​ព្រម​​ព្រៀង​​កាត់​​ដែន​​សមុទ្រ​​កម្ពុជា​​​ទំហំ ​៣ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ​ ទៅ​​​ឱ្យ​​វៀត​ណាម ​តាម​​រយៈ​​​​សន្ធិស​ញ្ញា​​ចុះ​​ថ្ងៃ​៧ ខែ​កក្កដា ឆ្នាំ​១៩៨២។

​បើទោះ​បីជាសន្ធិសញ្ញា​ខុស​ច្បាប់​​ជាមួយ​​វៀត​ណាម​​នេះ ​ត្រូវបា​ន​​កិច្ច​​ព្រម​ព្រៀង​​សន្តិ​ភាព​ទីក្រុង​ប៉ារីស​​និរាករណ៍​​ចោ​ល​​ហើយ​​​ក្តី ​ក៏​លោក ​ហ៊ុន សែន ​​ប្រធាន​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​បាន​​កែ​ប្រែ​ធ្វើ​ឱ្យ​​ស្រប​ច្បាប់​វិញ ​​តាម​​រយៈ​​ការ​បង្កើត​ឱ្យ​​មាន​​សន្ធិ​សញ្ញា​​ព្រំដែន​​បំពេញ​​បន្ថែម​​ឆ្នាំ​២០០៥ ដែល​​កាល​នោះ​ ​លោក ​ហ៊ុន សែន ​​បាន​​គំរាម​​រំលាយ​​របប​​រាជា​និយម​​​ចោល ​បើ​​ព្រះ​មហា​ក្សត្រ​​ខ្មែរ​​មិន​​ព្រម​​​ឡាយ​​ព្រះហ​ស្ថលេ​ខា​ លើ​​សន្ធិសញ្ញា​បំពេញ​បន្ថែម​ដ៏ចម្រូង​​ចម្រាស​​នេះ​ទេ។ នេះ​​បើ​​តាម ​លោក ​ជែម សុខ និង ​លោក ​អ៊ុំ សំអាន ប្រធាន​ស្ថាប័ន​កិច្ច​ការ​ព្រំដែន​​និង​អន្តោ​ប្រវេសន៍​នៃ​​រដ្ឋាភិ​បាល​​ស្រមោល​​២៣​តុលា​​នៅ​​​ក្រៅ​​ប្រទេស។

កាលពីដើម​ឆ្នាំ​២០២៥ ឯក​អគ្គ​រដ្ឋទូតបារាំង​ប្រចាំនៅកម្ពុជា ​និង​ឯក​អគ្គ​រាជទូត​ជប៉ុន​​​ប្រចាំ​នៅ​​អង្គ​ការ​​​សហ​ប្រជា​ជាតិ ​បាន​​​ជំរុញ​ឱ្យ​កម្ពុជា​​ឆាប់​​ផ្តល់​​សច្ចា​ប័ន​លើ​​ច្បាប់​​សមុទ្រ​​(UNCLOS) ដើម្បី​​ការ​ពារ​​ដែន​​សមុទ្រ​​កម្ពុជា។ ក៏ប៉ុន្តែ​គេមិ​ន​​ឃើញ​​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន​អើ​​ពើ ​ឬ​ក៏ផ្ត​ល់​​សច្ចា​ប័ន​​​លើ​​ច្បាប់​​អន្តរ​ជាតិ​​ដ៏​មាន​​សារ​សំខាន់​នេះ​ទេ។

​ត្រង់​​ចំណុច​នេះ ​លោក ​អ៊ុំ សំអាន ​ធ្លាប់​​បាន​​ធ្វើ​​​អត្ថាធិ​ប្បាយ​ថា រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន​​មិន​​ហ៊ាន​​ផ្តល់​​សច្ចាប័​ន​​​លើ​​UNCLOS​ទេ ​ដោយ​​សារ​​តែ​វា​ប៉ះ​ពាល់​​ដល់​​សន្ធិ​សញ្ញា​​ឆ្នាំ​​១៩៨២ ដែល​​លោក​​ហ៊ុន​ សែន ​កាត់​​​​​ផ្ទៃសមុទ្រ​​កម្ពុជា​​​ឱ្យ​​វៀត​ណាម។

លោក​ ជែម សុខ ​បាន​និយាយ​ថា កម្ពុជាមិនបានផ្តល់​សច្ចាប័នលើ​​UNCLOS​នោះ​​ទេ ខណៈ​ដែល​​ថៃ​​ក៏​​បាន​ដណ្តើម​​កាន់​​កាប់​​ដែន​​សមុទ្រ​​ខ្មែរ​៣ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​ផងដែរ​។

លោក​លើក​ឡើង​ថា៖ «រាល់កិច្ចព្រមព្រៀង ដែលផ្ទុយពី​ប្រយោជន៍កម្ពុជា ត្រូវ​លោក ហ៊ុន សែន ​ប្រកែក​​មិន​លុប​វា​ចោល​​ទេ។ ដល់​យើង​មិន​លុប​វា​ចោល តាម​សុពល​ភាព​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ យើង​ក៏​កំពុង​មាន​បញ្ហា​អស់​នេះ។ តើ​យើង​ដឹង​ទេ? យើង​ដាក់​ដុំ​ថ្ម​លើ​ក្បាល​យើង ហើយ​ស្រែក​យំ?»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ