ជាថ្មីម្ដងទៀត សវនាការលើសំណុំរឿងប្ដឹងទាស់របស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវជំនុំជម្រះនៅថ្ងៃទី១៨ ខែធ្នូ ស្អែកនេះ ត្រូវបានប្រកាសលើកពេល ដោយគ្មានការបញ្ជាក់មូលហេតុ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
មេធាវីការពារក្ដី លោក កឹម សុខា គឺលោក ផែង ហេង ប្រាប់វីអូឌីថា សវនាការនេះ នឹងលើកដោយគ្មានពេលកំណត់ឡើយ។ លោកបានសរសេរលើគណនីបណ្ដាញសង្គមរបស់លោកដែរថា លោកទើបតែទទួលបានលិខិតជូនដំណឹង តាមរយៈការបង្ហោះលើបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះទេ ពោលគឺមុនកាលបរិច្ឆេទដែលសវនាការធ្លាប់គ្រោងធ្វើតែមួយថ្ងៃប៉ុណ្ណោះ។
គិតមកទល់ពេលនេះ មានរយៈពេល២ឆ្នាំហើយ ដែលសំណុំរឿង លោក កឹម សុខា ប្ដឹងទាស់ការចោទប្រកាន់របស់សាលាដំបូង ត្រូវបានជាប់គាំងនៅសាលាឧទ្ធរណ៍ភ្នំពេញ ដែលពន្យារពេលសវនាការតាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
សហមេធាវីការពារក្ដី លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ប្រាប់វីអូឌីថា ការបន្តលើកពេលសវនាការ នឹងធ្វើឱ្យសំណុំរឿងអូសបន្លាយកាន់តែយូរ ហើយវាគឺជាសញ្ញានៃភាពអយុត្តិធម៌ ដែលនឹងបន្តកើនឡើងតាមពេលវេលា។
អ្នកស្រី ម៉េង សុភារី ថ្លែងថា៖ «គ្រាន់តែទុករឿងក្ដីរបស់គេចោលដោយមិនកាត់ក្ដី វាចាត់ទុកថាជាក្ដីអស់សង្ឃឹមនៅក្នុងការស្វែងរកយុត្តិធម៌ឱ្យគេបាត់ទៅហើយ។ នេះគឺជាខ្លឹមសារប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ អញ្ចឹងហេតុដូច្នេះហើយ យើងខ្ញុំដែលជាសហមេធាវី សូមសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ក្នុងករណីរឿងក្ដីរបស់ឯកឧត្តម កឹម សុខា ព្រោះរឿងក្ដីនេះគឺយូរពេក យូរមែនទែន។ អញ្ចឹងកុំថាឡើយដល់តែកាត់ក្ដីថា រឿងហ្នឹងយុត្តិធម៌ ឬក៏មិនយុត្តិធម៌ ដូច្នេះហើយការទុករឿងចោលហ្នឹង គឺវាអយុត្តិធម៌សម្រាប់ឯកឧត្តម កឹម សុខា បាត់ទៅហើយ»។
ការប្ដឹងទាស់ទៅសាលាឧទ្ធរណ៍របស់ លោក កឹម សុខា ធ្វើឡើងក្រោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានផ្តន្ទាទោសអតីតមេដឹកនាំបក្សប្រឆាំងដ៏មានប្រជាប្រិយភាពរូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ដោយឃុំខ្លួនក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ ក្រោមបទចោទ សន្ទិដ្ឋិភាពជាមួយបរទេស ឬត្រូវរ៉ូវដោយសម្ងាត់ជាមួយរដ្ឋបរទេស ប្រទូស្តឱ្យមានអំពើឈ្លានពានប្រឆាំងរដ្ឋាភិបាលស្របច្បាប់។
សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា ធ្លាប់ច្រានចោលទៅនឹងសេចក្តីសម្រេចរបស់តុលាការនេះ ដោយចាត់ទុកថា ការផ្តន្ទាទោស និងដំណើរការច្រើនឆ្នាំនៃសវនាការ គឺដើម្បីបំបិទសំឡេង លោក កឹម សុខា តាមរយៈការចោទប្រកាន់ដោយប្រឌិត ដែលនេះគឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌កម្ពុជា ខណៈសហគមន៍ជាតិ និងអន្តរជាតិ មើលឃើញថា នេះគឺជាសំណុំរឿងនយោបាយ៕









