អ្នកតាមដានស្ថានការណ៍នយោបាយ និយាយថា សារអំពាវនាវឱ្យពលរដ្ឋខ្មែរសាមគ្គីគ្នាពង្រឹងស្មារតីខ្មែរ តែជាសារនយោបាយបែបប្រជាភិថុតិ ក្បត់នឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់ឃើញអ្នកនយោបាយផ្សះផ្សាជាតិ ដើម្បីរួមគ្នាប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី បើគណបក្សកាន់អំណាច នៅតែកម្ចាត់សំឡេងជំទាស់ ដែលមាននិន្នាការប្រជាធិបតេយ្យនោះ។
ការយល់ឃើញនេះ បន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅថ្ងៃទី១៦ ខែធ្នូ បាននិយាយថា មកដល់ម៉ោងនេះ ខ្មែរបានបង្ហាញឱ្យពិភពលោកបានឃើញពីការតស៊ូយ៉ាងស្វិតស្វាញ ក្នុងការប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី តាមរយៈការចេះសាមគ្គីគ្នាយ៉ាងរឹងម៉ាំ ក្នុងបុព្វហេតុការពារអធិតេយ្យភាពជាតិ បូរណភាពទឹកដី និងការពារពលរដ្ឋស្លូតត្រង់ចេញពីការរំលោភបំពានយ៉ាងកម្រោល។
ករណីនេះ លោកបានជំរុញឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តរក្សាកម្លាំងសាមគ្គីជាតិ ដើម្បីប្រឆាំងនឹងសត្រូវឈ្លានពានទឹកដីកម្ពុជា។
លោកថា៖ «ចឹងសូមបងប្អូនយើងទាំងក្នុងនិងក្រៅប្រទេស សូមបន្តរក្សាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លានេះ ឱ្យក្លាយទៅជាមោទកភាពជាតិនៅគ្រប់កាលៈទេសៈ ពីព្រោះនេះជាកម្លាំងចលករដ៏ខ្លាំងក្លាដែលអាចយកឈ្នះអស់មារសត្រូវ ជាពិសេសយកឈ្នះសត្រូវឈ្លានពានទឹកដី»។
ការថ្លែងរបស់លោក ប៉ែន បូណា បានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា»។
ជុំវិញការលើកឡើងនេះ លោក ប៉ោ មករា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន យល់ថា ការផ្សះផ្សាជាតិ និងសាមគ្គីជាតិជាធ្លុងមួយ ជារឿងងាយនិយាយនិងសរសេរ ប៉ុន្តែសកម្មភាពដែលត្រូវធ្វើដើម្បីឱ្យមានការផ្សះផ្សាជាតិ សាមគ្គីជាតិពិតប្រាកដ និងបានយូរអង្វែងនោះ ទើបជារឿងលំបាក។ លោកថា ដើម្បីឱ្យមានការផ្សះផ្សាជាតិ និងសាមគ្គីជាតិពិតប្រាកដ រដ្ឋាភិបាលគួរតែធ្វើជាគំរូ តាមរយៈការដោះលែងសកម្មជននយោបាយ និងសកម្មជននានាដែលរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល ឱ្យមានសេរីភាពវិញ។
លោកថា៖ «ចឹងរដ្ឋាភិបាលដើម្បីធានាទៅដល់ការអភិវឌ្ឍ ធានាដល់ការចូលរួម ធានាទៅដល់ហៅថាផ្សះផ្សាជាតិមួយទៅលើគោលបំណងជាតិ ដើម្បីឱ្យជាតិហ្នឹងអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន មានស្ថេរភាព មានវឌ្ឍនភាព និងមានសុខដុមរមនារវាងជាតិខ្មែរនិងខ្មែរ វាគួរណាស់ តែបង្ហាញភាពជាគំរូ តាមរយៈការអនុគ្រោះ ឬការដោះលែងសកម្មជននយោបាយ សកម្មជនបរិស្ថាន ឬក៏អ្នកដែលចូលរួមធ្វើការងារដែលមានទោសទណ្ឌពាក់ព័ន្ធនឹងសកម្មភាពរបស់ខ្លួនឯងរិះគន់ទៅលើរដ្ឋាភិបាល។ វាជារឿងមួយដែលបង្ហាញពីឥទ្ធិពល បង្ហាញពីភាពខ្លាំងរបស់កម្ពុជា នៅពេលដែលកម្ពុជាកំពុងតែរងការឈ្លានពានពីបរទេស ដូចជាប្រទេសថៃជាដើមហ្នឹង វាបង្ហាញទៅដល់ឆាកអន្តរជាតិ ពាក់ព័ន្ធនឹងការសាមគ្គីភាព ពាក់ព័ន្ធនឹងការផ្សះផ្សាជាតិយើងដែរ នៅពេលដែលយើងមានបញ្ហា យើងស្រុះស្រួលគ្នាដោះស្រាយ»។
អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ឃើញស្រដៀងគ្នាដែរថា ការអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ឱ្យមានការរួបរួម និងសាមគ្គីជាតិរវាងខ្មែរនិងខ្មែរពីសំណាក់រដ្ឋាភិបាល ក្នុងកាលៈទេសៈដែលថៃឈ្លានពានទឹកដីកម្ពុជានេះ ជារឿងល្អមួយ។ លោកថា ដើម្បីឱ្យការផ្សះផ្សា និងសាមគ្គីភាពកាន់តែរឹងម៉ាំ រដ្ឋាភិបាលត្រូវតែដោះលែងសកម្មជននយោបាយ និងសកម្មជនផ្សេងទៀត ដូចជា លោកកឹម សុខា លោកថាច់ សេដ្ឋា លោកស៊ុន ចន្ធី លោកចៅ វាសនា កញ្ញាសេង ធារី សកម្មជន២៣តុលា និងយុវជនបរិស្ថានជាដើម។
បើតាម លោក សំអាន មកដល់ពេលនេះ រដ្ឋាភិបាលដឹកនាំដោយគ្រួសារហ៊ុន នៅមិនទាន់មានការផ្សះផ្សាជាតិ និងសាមគ្គីជាតិនៅឡើយទេ ហើយបើមិនព្រមផ្សះផ្សាជាតិ អ្នកដែលធ្លាប់គាំទ្រគណបក្សសង្ក្រោះជាតិ ជិតពាក់កណ្តាលប្រទេស គេគិតយ៉ាងម៉េចលើបក្សកាន់អំណាច ដែលអំពាវនាវតែមាត់ ហើយនៅតែតាមកម្ចាត់ក្រុមប្រឆាំងដែលមាននិន្នាការប្រជាធិបតេយ្យនោះ។
លោកថ្លែងថា៖ «យើងឃើញថា រហូតមកដល់ពេលនេះ [រដ្ឋាភិបាល]លោក ហ៊ុន ម៉ាណែត មិនទាន់មានការផ្សះផ្សាជាតិ ឬក៏អត់ទាន់មានការដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការនៅឡើយទេ សូម្បីតែលោក កឹម សុខា ហើយនិងយុវជនបរិស្ថាន សកម្មជន២៣តុលាអី គ្រាន់តែសុំនៅក្រៅឃុំហ្នឹង ក៏សាលាឧទ្ធរណ៍ច្រានចោលសុំនៅក្រៅឃុំសម្រាប់អ្នកទាំងអស់ហ្នឹងផងដែរ ដូច្នេះកុំឱ្យប្រជាពលរដ្ឋរិះគន់ថា លោក ហ៊ុន ម៉ាណែត ហ្នឹងនិយាយពីការផ្សះផ្សាជាតិ មហាគ្រួសារខ្មែរហ្នឹងតែមាត់ គាត់ត្រូវបង្ហាញពីសកម្មភាពរបស់គាត់ តាមរយៈការដោះលែង លោកកឹម សុខា អ្នកទោសនយោបាយទាំងអស់ចេញពីពន្ធនាគារ ហើយឱ្យលោកសម រង្ស៊ី ត្រឡប់ទៅប្រទេសវិញ អាហ្នឹងទើបជាការផ្សះផ្សាជាតិពិតប្រាកដ ក្នុងការប្រឆាំងនឹងការឈ្លានពានពីសំណាក់ប្រទេសថៃ»។
ការលើកឡើងរបស់អ្នកឃ្លាំមើល ក៏ចំពេលដែលសាលាឧទ្ធរណ៍ភ្នំពេញ ប្រកាសលើកពេលជំនុំជម្រះសំណុំរឿងប្តឹងទាស់របស់លោក កឹម សុខា ជាថ្មីទៀត ដោយមិនកំណត់ពេល ខណៈការជម្រះគ្រោងធ្វើនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា វាជាសញ្ញាល្អដែលអ្នកនាំពាក្យរដ្ឋាភិបាល លើកឡើងពីការរួបរួមសាមគ្គីជាតិរវាងខ្មែរនិងខ្មែរនេះ ប៉ុន្តែលោកហាក់នៅមិនទាន់ឃើញពីទង្វើរដ្ឋាភិបាល ដែលបង្ហាញពីការរួបរួម ផ្សះផ្សាជាតិនោះ បានស្តែងចេញនៅឡើយ។
លោកថា៖ «យើងឃើញហើយចុងក្រោយនេះ ប្រទេសកម្ពុជាយើងធ្លាក់នៅក្នុងភ្លក់សង្គ្រាម ហើយខ្មែរយើងខាងផ្ទៃក្នុងក៏មានការបែកបាក់ ដោយសារតែរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាចហ្នឹង ប្រើប្រាស់នូវប្រព័ន្ធតុលាការរឹតត្បិតនូវសិទ្ធិសេរីភាព ហើយធ្វើទុក្ខបុកម្នេញទៅលើសកម្មជននានាជាដើម[…] ការចង់បង្ហាញអំពីការរួបរួមនេះ ខ្ញុំយល់ថា មិនមានអីជាការលំបាកទេ យើងយល់ថា អំណាច និងឥទ្ធិពលរបស់មេដឹកនាំបច្ចុប្បន្ន ក៏ដូចជាប្រព័ន្ធតុលាការកម្ពុជា អាចធ្វើទៅបាន គឺធ្វើការសម្របសម្រួល ក្នុងការដោះលែងឱ្យអ្នកទាំងអស់នោះ មានសិទ្ធិសេរីភាពពេញលេញ ដើម្បីប្រើប្រាស់ និងអនុវត្តសិទ្ធិរបស់ខ្លួន ដើម្បីបង្ហាញនូវសកម្មភាពក្នុងការចូលរួមដើម្បីការពារជាតិអីជាដើម»។
បើតាមអង្គការសិទ្ធិមនុស្សលីកាដូ គិតត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ តុលាការកម្ពុជា ដែលគេដឹងថាជាឧបករណ៍បម្រើនយោបាយរបស់គ្រួសារហ៊ុន បានបន្តចាប់ឃុំខ្លួនអ្នកនយោបាយប្រឆាំងនិងសកម្មជនបម្រើសង្គមចំនួន ៩២នាក់ហើយ និងនៅតែបន្តដាក់សម្ពាធផ្សេងៗទៅលើសកម្មជននយោបាយ និងសកម្មជនសង្គមបន្តទៀត បើទោះជាមានចរន្តជំរុញឱ្យតុលាការទម្លាក់ចោលបទចោទ និងដោះលែងអ្នកទោសមនសិការទាំងនេះ ដើម្បីចាប់ផ្តើមបើកទំព័រថ្មីឱ្យមានការរួបរួមជាតិ ចាប់តាំងពីថៃបានបើកធ្វើសង្គ្រាមវាយចូលឈ្លានពានកម្ពុជាចាប់តាំងពីខែកក្កដាមកក្តី។
គេកត់សម្គាល់ឃើញថា ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រើប្រព័ន្ធតុលាការបើកយុទ្ធនាការរំលាយគណបក្សសង្គ្រោះជាតិ និងចាប់ឃុំខ្លួនប្រធានគណបក្ស លោក កឹម សុខា ដែលជាគូប្រជែងនយោបាយរបស់ខ្លួនកាលពីចុងឆ្នាំ២០១៧មក បានធ្វើឱ្យប្រព័ន្ធត្រួតពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យត្រូវបានបំផ្លាញ ធ្វើឱ្យរដ្ឋាភិបាលគ្រួសារហ៊ុនអាចជិះសេះលែងដៃ និងបន្តប្រើតុលាការឱ្យចាប់ឃុំខ្លួនអ្នកនយោបាយប្រឆាំង និងសកម្មជនសង្គមតាមអំពើចិត្ត។
ជ្រុង១នៃការដឹកនាំប្រទេសដោយរដ្ឋាភិបាលឯកបក្សនេះ យុត្តិធម៌សង្គមត្រូវបានគេមើលឃើញថា បានធ្លាក់ចុះយ៉ាងខ្លាំង ខណៈគ្រប់រឿងក្តីរបស់អ្នកនយោបាយ និងសកម្មជនគណបក្សប្រឆាំង រួមទាំងសកម្មជនសង្គម ដែលហ៊ានបញ្ចេញមតិនិយាយការពិតរិះគន់ពីភាពអសកម្មនៅក្នុងសង្គម តែងតែត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរ និងពិន័យជាប្រាក់យ៉ាងច្រើន រហូតដល់រាប់លានដុល្លារផងដែរ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ធ្លាប់លើកឡើងដែរថា ការបន្តឃុំខ្លួនសកម្មជននយោបាយ និងសកម្មជនសង្គមទាំងនេះ គឺមិនមានផ្តល់ផលល្អដល់កម្ពុជានោះទេ ពីព្រោះអ្នកទាំងនេះស្ថិតក្នុងចំណុចគន្លឹះស្នូលសំខាន់ដែលសហគមន៍អន្តរជាតិ ស្នើឱ្យដោះលែង ដើម្បីស្តារឡើងវិញនូវការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស និងការរួមតូចនៃលំហរប្រជាធិបតេយ្យនៅកម្ពុជា។
បន្ថែមពីនេះ លោកបានលើកឡើងពីគោលការណ៍ និងខ្លឹមសារដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាថា មានតែការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងឯកភាពជាតិទេ ទើបអាចនាំកម្ពុជាទៅរកការអភិវឌ្ឍ និងភាពរីកចម្រើន ព្រមទាំងមានសុខសន្តិភាពពិតប្រាកដសម្រាប់ខ្មែរទាំងអស់គ្នា៕









