បទវិភាគ៖ មូលហេតុ​ចម្បង​អ្វី​បាន​ជិត​កន្លះ​ឆ្នាំ​ហើយ​អន្តរ​ជាតិ​​មិ​ន​​ថ្កោល​​ទោស​ថៃ​​ឈ្លាន​ពាន​ខ្មែរ?

បើ​​គិត​ចាប់​តាំងពីថ្ងៃទី២៤ ខែ​​កក្កដា រហូត​​ដល់​​ថ្ងៃ​ទី​​១៨ខែ​ធ្នូនេះ​ ​មា​ន​​រយៈ​​ពេល​ជាង​៥ខែ​មក​ហើយ​ ​ដែល​​​ថៃ​​បាន​ប្រើ​យន្ត​ហោះ​ចម្បាំង ​​​F-16 បើក​ការ​វាយ​លុក​​បាញ់​​ស្រោច​​​​​រំលោភ​​ឈ្លាន​ពាន​​ចូល​មក​​ក្នុង​​ដែន​​អធិប​តេយ្យ​​ភាព​​របស់​​កម្ពុជា​ រហូត​ដល់​មាន​ការ​​ទម្លាក់​​គ្រាប់​​បែក​​ចង្កោម និង​​បាញ់​​ផ្សែង​ពុល បង្ក​គ្រោះ​ថ្នាក់​ដល់​ជន​ស៊ីវិល​ខ្មែរ និង​កង​ទ័ព​ជួរ​មុខ ទាំង​បំពាន​ធម្ម​នុញ្ញ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ធម្ម​នុញ្ញ​អាស៊ាន និង​គោល​ការណ៍​គ្រឹៈ​ច្បាប់​អន្ត​រជាតិ​មួយ​ចំនួន​ទៀត។

ប៉ុន្តែជិតកន្លះឆ្នាំមកនេះ គេឃើញមានតែសហរដ្ឋអាមេរិក ដែល​បាន​ចេញ​អន្តរា​គម​ន៍​ឱ្យ​មាន​បទឈ​ប់​បាញ់ និង​ថ្មី​ៗ​នេះ សហភាព​អឺរ៉ុប ក៏បា​ន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​ជម្លោះ រួម​ទាំង​ប្រទេស​បារាំង និង​ចិន ។

ប៉ុន្តែ មហាមិត្តដែកថែ​ប​ចិន និងវៀតណាម ដែលជាមិត្តម៉ឺនឆ្នាំ ជាមួយ​គណបក្ស​កាន់​អំណាច​កម្ពុជា មិន​បាន​ថ្កោល​​ទោស ឬចាត់​វិធាន​ការ​ច្បាប់​ទៅ​លើ​​ប្រ​ទេស​ថៃ ដែល​បាន​ប្រើ​យន្ត​ហោះ​ចម្បាំង​ទម្លាក់​គ្រាប់​​បែក​​​ចង្កោម និង​បាញ់​ផ្សែង​ពុល ស្រោច​មក​លើ​ជន​ស៊ីវិល​ខ្មែរ​ស្លូត​ត្រង់ ក្នុង​សង្គ្រាម​ឈ្លាន​ពាន​កម្ពុជា​ទាំង​កម្រោល​នេះ​ទេ។

បញ្ហានេះ ជាការចោទសួរថា​ មានមូលហេតុ​ចម្បង​អ្វី​បាន​ជិត​កន្លះ​ឆ្នាំ​ហើយ អន្តរ​ជាតិ​​មិ​ន​​ថ្កោល​​ទោស​ថៃ​ឈ្លាន​ពាន​ខ្មែរ?

មុន​​នឹ​ង​​ធ្វើ​ការ​​វិភាគ​ ​​ទៅ​​លើ​​ប្រធានប​ទ​នេះ វីអូឌីសូម​​រំឭក​ថា កាល​​​ពី​​រសៀល​​ថ្ងៃ​ទី​​៧ ​ខែធ្នូ ​ឆ្នាំ​​២០២៥ កង​ទ័ព​​ថៃ ​បាន​​បើក​​ការ​​បាញ់​​ផ្លោង​យ៉ាង​​សន្ធាប់​​​ជាថ្មីទៀត ​​​មក​លើ​​ទឹក​​​ដីកម្ពុជា​ក្នុង​ទ្រង់​ទ្រាយ​ធំ ​ហើយ​កម្ពុជា​បាន​បា​ញ់​​ត​បត​ការពា​រ​ខ្លួន​ក្នុង​រយៈ​ពេល​ប្រមាណ​ជា២៤​ម៉ោង​ក្រោយមក​។

នេះគឺជាសង្គ្រាម​​រំលោភ​ឈ្លាន​ពាន​ក្នុង​ទ្រង់​ទាយ​​ធំ​លើ​ក​ទី២​ ចាប់​តាំង​ពីខែ​កក្កដា ​​ឆ្នាំ​​២០២៥ ​ដែល​​ថៃ​បាន​​រំលោភ​​​ទៅ​​នឹង​​កិច្ច​​ព្រម​ព្រៀង​​បទ​​ឈ​ប់​​បាញ់​​លើក​ទី២ ​នៅ​​ទីក្រុង​កូឡា​ឡំ​ពួ​រ ដែល​​ចុះ​​ហត្ថ​លេខា​​ដោយ​​នាយក​​រដ្ឋ​មន្ត្រីនៃ​​​ប្រទេស​​​ទាំង​​​ពីរ ក្រោម​​វត្តមាន​​​ជា​​សាក្សី​ពី​​​ ​​​លោក ​ដូណាល់ ​ត្រាំ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​និង​​លោក ​អាន់វ៉ា​ អ៊ីប្រាហ៊ីម​ នាយក​​រដ្ឋ​​មន្ត្រី​​ម៉ាឡេស៊ី​ កាល​ពីថ្ងៃ​ទី​​២៦ខែ​​តុលា​។​

គិតត្រឹម​ថ្ងៃទី​​​១៥ខែ​​ធ្នូ ​​ក្រៅ​​​ពី​យន្ត​ហោះ​​​F-16​​របស់​​ថៃ ​បាន​​ទម្លាក់​គ្រាប់​បំផ្លាញ​​ស្ពាន​​មេទឹក​ក្នុង​​ខេត្ត​ពោធិ៍​សាត់ និង​​បំផ្លាញ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​​​ជា​ច្រើន​​ផង​នោះ។ យ៉ាង​ហោច​ណាស់ ​បាន​​សម្លាប់​​​ជ​ន​​ស៊ីវិល​កម្ពុជា​១៨​នាក់ ​និង​​រង​របួស​​​៧៨​​នាក់ ថែមទាំង​ធ្វើឱ្យប្រជាជន​​ភៀសសឹក​កើន​ឡើង​​ដល់​ជាង​៤០​ម៉ឺន​នាក់ ​និង​សាលា​រៀន​ជាង​១ម៉ឺន​កន្លែង​បាន​បិទទ្វារ ខណៈ​​មក​ដល់​ថ្ងៃ​ទី​១៨ខែ​​ធ្នូ​នេះ ​កង​​ទ័ព​ថៃ​នៅ​​តែ​បន្ត​បាញ់​ផ្លោង​​ចូល​​មក​​ក្នុង​​ទឹក​ដី​កម្ពុជា​​​នៅ​ឡើយ​។ ​

បើ​ទោះ​បីជាសង្គ្រាម​បាន​ផ្ទុះ​ឡើង​​តែនៅក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ​​ដែល​​ជា​អ្នក​​រំលោភ​​បទ​ឈប់​​បាញ់​ក្តី​ ក៏​​លោក ​អនុធីន ឆាន​វីរៈគូន បាន​​និយាយ​​ធ្វើ​​ខ្លួន​ហាក់ដូ​ច​​​​​ជាជ​ន​រង​គ្រោះ​​ទៅ​វិញ។

កាលពីថ្ងៃទី​១៣ខែ​​​ធ្នូ លោក ​អនុធីន ប្រកាសថា ប្រទេសថៃ «លែង​ស្តាប់អ្ន​កណា​ទៀ​ត​ហើយ​» និង​ថែម​ទាំង​​ចោទ​​សួរ​​ថា តើ​ប្រទេស​ថៃនឹ​ង​មាន​ពេល​វេលា ដើម្បី​ការ​ពារ​អធិប​តេយ្យ​ភាព​របស់​ខ្លួន និង​ការ​ពារ​សុវត្ថិភាព​ពលរដ្ឋ​ដែរ​ឬ​ទេ ប្រសិន​បើ​ប្រទេស​ថៃ​បន្ត​​ស្តាប់​ភាគី​ខាង​ក្រៅ ស្រប​​ពេល​​​ដែល​​កង​ទ័ព​ថៃ​​កំពុង​​ទម្លាក់​​គ្រាប់ ​និ​ង​​បាញ់​ផ្លោង​​បំផ្លាញ​​ប្រាសាទ ​និង​​ភូមិ​ដ្ឋាន​ពល​រដ្ឋ​​ខ្មែរ។

នៅ​ថ្ងៃទី​១៥ខែ​ធ្នូ​នេះ​ទៀត​សោធ ​លោក នីកនតេជ ផាលាំង​គូន (Nikorndej Balankura) អ្នក​នាំពាក្យ​ក្រសួង​ការបរទេសថៃ បាន​ថ្លែង​ថា រដ្ឋាភិបាល​ថៃ​បាន​កំណត់​លក្ខខណ្ឌ​ចំនួន៣ ដើម្បី​បញ្ចប់​ការ​វាយប្រហារ​​គ្នា​​តាម​​ព្រំដែន​ជាមួយ​កម្ពុជា។ លក្ខខណ្ឌ​ទាំងនោះ ​រួមមាន កម្ពុជា​ត្រូវ​ប្រកាស​បទ​ឈប់​បាញ់​មុន​ហើយ​ត្រូវតែ​អនុវត្ត​បទឈប់បាញ់ជាក់​ស្ដែង និង​ចុងក្រោយ​ថៃ​ឱ្យ​កម្ពុជា​ត្រូវធ្វើ​កិច្ច​សហប្រតិបត្តិកា​រយ៉ាង​ពិត​ប្រាកដ និង​ស្មោះត្រង់​លើ​ការ​បោស​សម្អាត​​គ្រាប់​មីន។ នេះ​បើ​តាមកាសែត​The Nation​របស់​ថៃ។

ទាក់​ទង​នឹងភាពនៅតែគឃ្លើន​របស់​ថៃនេះ លោក​ សុក សំអឿន ​ទីប្រឹ​ក្សា​​ច្បាប់​​​នៃ​ក្រុម​មេធាវី​អម​រិន្នបាន​ប្រាប់​វីអូឌីថា ក្នុងកិច្ចការអន្តរជាតិគ្មានយន្តការអ្វី សម្រាប់ដាក់ទណ្ឌកម្មប្រទេសដែលឈ្លានពានប្រទេសដទៃ​នោះទេ ក្រៅពីប្រតិកម្មរបស់សហគមន៍អន្តរជាតិ និង​ប្រទេស​មហាអំ​ណាច​ ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​ការ​ទូត និង​សេដ្ឋកិ​ច្ច​តែ​ប៉ុណ្ណោះ ហើយ​ប្រសិន​បើ​ប្រទេស​ឈ្លាន​​ពាន​នោះ គេ​មាន​សេដ្ឋកិ​ច្ច​រឹង​មាំ គេ​មាន​អំណាច​ខ្លាំង​ក្លា នោះគឺ​មិ​នអា​ច​បញ្ឈប់​សកម្ម​​ភា​ព​ឈ្លាន​​ពាន​នោះ​បាន​ឡើយ។ ជា​ឧទាហរណ៍​ដូច​ជាសង្រ្គាម​រុស្សី និង​អ៊ុយ​ក្រែន​ជាដើម។

ដោយ​មាន​បទពិសោធ​ន៍​ធ្លាប់ធ្វើការងារ​តស៊ូមតិ​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ ក្នុង​នាម​ធ្លាប់​ហ្វឹក​​ហ្វឺន និង​ជាអតីត​នាយ​ទាហាន និង​ជា​អ្នក​ស្រាវ​ជ្រាវ​ច្បាប់ និង​ធ្វើកា​រ​ក្នុង​វិស័យ​ច្បាប់​ជិត​ ៤០ឆ្នាំ​មក​ហើយ​នោះ​ លោក​​មេធា​វី សុក សំអឿន ​បាន​​ផ្តល់​​ជា​ម​តិ​​ចំនួន​​៤​ចំណុច ក្នុង​នោះ​​ទី​១. រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បន្ត​កិច្ច​ការ​ការ​ទូត​បន្ត​ទៅទៀ​ត ដោយ​ឱ្យ​សហគមន៍​អន្តរ​ជាតិ​ឃើញ​ថា ថៃ​កំពុង​តែ​ឈ្លាន​ពាន​កម្ពុជា និង​សូម​ឱ្យ​ប្រទេស​ទាំង​នោះ ជួយ​គាប​សង្កត់ ឬ​ដាក់​ទណ្ឌក​ម្ម​សេដ្ឋកិ​ច្ច​លើ​ថៃ និង​ឱ្យ​ថៃ​បញ្ឈប់​សង្រ្គាម។

ចំណុច​​ទី​២ រាជរដ្ឋាភិបាលកម្ពុជា គួរតែបង្កើននិងហ្វឺកហ្វឺនកងទ័ព​បន្ថែម និង​បន្ថែម​ថវិកា​លើវិ​ស័យ​ការ​ពារ​ជាតិ ព្រម​​ទាំ​ង​​ពង្រឹង និង​បង្កើន​យុទ្ធោប​​ករ​ណ៍កង​ទ័ព ​ដើម្បី​​ត្រៀម​សង្រ្គាម​​រយៈ​​ពេល​​យូរ​អង្វែង។

ចំណែក​ចំណុច​ទី​៣ លោក ​សុក សំអឿន អំពាវនាវ​ឱ្យខ្មែរដែលរស់នៅ​គ្រ​ប់​ប្រទេស ងើប​ឡើង​តវ៉ា សូម​ឱ្យ​ប្រទេស​ទាំង​នោះ ធ្វើ​ការ​គាប​សង្កត់​ឱ្យ​ថៃ​បញ្ឈប់​សង្រ្គាម ឬ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​លើ​ថៃ កាល​បើ​ថៃ​នៅ​តែ​បន្ត​សង្រ្គាម និង​​ចំណុច​​​ទី៤ ប្រសិន​បើ​ក្នុង​ករណី​​ដែ​លក​ម្ពុជា​មាន​លទ្ធ​ភាព គឺ​មាន​តែ​ការ​វាយ​បក​ទេ ដែល​អាច​ឱ្យ​ថៃ​អាច​លើក​ទង់​សុំ​ចរចា​​បញ្ឈប់​សង្រ្គាម​បាន តែ​នេះ​គឺ​ជា​មធ្យោ​បាយ​ចុង​ក្រោយ និង​ក្នុង​ករណី​ដែល​កម្ពុជា​មាន​លទ្ធ​ភាព។

​លោក​បណ្ឌិត ​គិន ភា ​ប្រធានវិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​​​នៃ​​រា​ជ​​បណ្ឌិត​​សភា​​កម្ពុជា ក៏​​បាន​​សរសេរ​លើ​​បណ្តាញ​​សង្គម​របស់​​លោក​​ផង​ដែរ​​ថា កម្ពុ​ជា​​ត្រូវត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​យូរ​អង្វែង​ជាមួយ​សៀម​​ដោយ​​លោក​​ថា ចោរ​​ឈ្លា​ន​ពាន​វា​មិន​បញ្ឈប់​ងាយៗ​ទេ យ៉ាង​តិច​ក៏​ដល់​ខែ​កុម្ភ: ឆ្នាំ​២០២៦​ដែរ។

លោក អ៊ូ ច័ន្ទរ័ត្ន​ សហស្ថាបនិកគណបក្ស​កែទម្រង់​កម្ពុជា និង​​​លោក​ ស៊ឹង សែន​ករុណា ​​ប្រធាន​​អង្គ​ការ​ប្រជា​ធិប​តេយ្យ​​​ខ្មែរ ​ក៏យ​ល់​​ស្រ​បទៅ​​​នឹង​ការ​​លើកឡើង​​រប​ស់​​លោក​មេធាវី ​សុក សំអឿន ​ផងដែរ និង​បាន​បន្ថែម​​ថា នៅ​​ក្នុង​​ស្ថាន​ភាព​​ដែល​​ប្រទេស​​ថៃ​​សន្ធប់​​ឈ្លាន​​ពាន​ ​ប្រមាថ​​មើល​​ងាយ​​កម្ពុជា ​ដូច​បច្ចុប្បន្ន​ ​​កម្ពុជា​​​ហាក់​​គ្មាន​​​​ជម្រើស​​អ្វី​​ក្រៅ​ពី​​ត្រូ​វ​ប្រើ​កម្លាំង​ទ័ពឱ្យ​អស់​ពីសមត្ថ​ភាព ​និង​លទ្ធភាពដើម្បី​​ច្បាំង​ទប់​ទល់​ការពារខ្លួន​នោះ​ទេ​។

លោក ច័ន្ទ​រ័ត្ន ​និយាយ​ថា​ បើទោះបីជាមានការខិត​ខំ​​ប្រឹងប្រែង​ពីលោ​ក​​ប្រធានា​ធិបតី ​ដូណាល់ ​ត្រាំ​ និង​លោក ​អាន់វ៉ា អ៊ីប្រាហ៊ីម ​ម្តង​​ហើយ​ម្តង​ទៀត​ក្តី ក៏​ប៉ុន្តែ​​ហាក់​​ដូ​ច​ជាមិ​ន​​មា​ន​​ប្រសិទ្ធ​ភាព​​ខ្លាំង​ទេ ដោយ​ភាគី​ថៃ​​​ហាក់​​ដូច​​ជា​នៅ​​តែ​​មាន​​ភាព​ព្រងើយ​កន្តើយ។

លោកថា៖ «​មួយ​ទៀត​ដែល​យើង​អាច​ធ្វើទៅ​កើតដែរ ​ទោះ​បីជាវាយឺតក៏ដោយ គឺប​ណ្តឹង​​ទៅ​​​តុលាការ​​អន្តរ​​ជាតិ​ ​បណ្តឹង​​​​ទៅ​​អង្គ​ការ​​សហ​ប្រជាជាតិ​ ​យើង​​ត្រូវ​តែដា​ក់​​បណ្តឹង​ ​អត់​​ត្រូវ​ពន្យា​​ពេល​​ទៀត​ទេ​ ហើយ​​អត់​​ត្រូវ​​គ្រា​​​​​​​ន់​​តែ​ស្រែកទេ​ ​ត្រូវ​​​តែចាប់​​ផ្តើម​​សកម្ម​​ភាព ​ពីព្រោះ​​ពី​មុន​មក​​យើង​​ហាក់ដូ​ច​ជា​​គ្រាន់​​​តែ​កម្លារ​ហើយ​​យើង​​​អត់​បាន​ធ្វើ។ ខ្ញុំមិ​ន​​ដឹង​ថា ​បាន​ធ្វើ​ឬ​មិន​​បា​ន​​​ធ្វើ​​ទេ ​ពីព្រោះ​​ឃើញ​​សារ​​ព័ត៌​មាន​​ មាន​​អ្ន​ក​លើក​ឡើង​​ខ្លះ​អី​ហ្នឹង​​ហា​​ក់​​ដូច​​​​​ជា​នៅមាន​​មន្ទិល​​សង្ស័យ​​ថា យើង​​មិន​​ព្រម​ធ្វើ​​ដូច្នេះ​​យើង​​ត្រូវ​តែចា​ប់​​ផ្តើម​​ធ្វើ»។

លោក​ អ៊ូ ច័ន្ទ​រ័ត្ន ​​ក៏កត់​សម្គាល់​ផង​ដែរថា បើ​ទោះ​បីជាថៃ​បាន​ប្រើកម្លាំង​ទ័ព​ឈ្លាន​ពាន​​កម្ពុជា​​ម្តង​​ហើយ​ម្តង​​ទៀត​​យ៉ាង​ណា​​ក្តី ក៏​​រហូត​​មក​​ដល់​​ពេលនេះ​ ​​ប្រទេស​​ផ្សេងៗ​​ហាក់​​ដូច​​ជា​មិន​​ទាន់​​មាន​​ប្រទេស​ណា​មួយ​​ចេញ​​សេច​ក្តី​​ថ្លែង​ការណ៍​​​ថ្កោល​​ទោស​​ប្រទេស​ថៃ​នៅ​ឡើយ​ទេ គឺ​បណ្តាប្រ​​ទេស​​​​នានា​ ​ហាក់​នៅ​ក្នុង​ជំហ៊ាន​​មួយ​​ប្រយ័ត្ន​​ប្រយែង​ខ្លាំង​ ដូច្នេះ​​មា​ន​​តែ​កម្ពុជា​​ត្រូវ​​បន្ត​ធ្វើកិ​ច្ច​ការ​​ទូត​ឱ្យ​​បាន​​ជាប់​​លាប់​​មែន​ទែន។

លោកថា៖ «ហើយ​អ្វីដែល​សំខាន់​សម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ​​គ្រប់​​និន្នាការ ​​គឺ​ការ​​រួប​​រួម​គ្នាឯ​កភាព​​ជា​ធ្លុង​មួយ​ ​ក្នុង​​កា​រ​​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​អំពើ​​ឈ្លាន​ពាន​​នេះ ហើយ​​ទៅ​​​អនាគត​​យើង​​ត្រូវ​​តែ​ត្រៀម​​លក្ខណៈ​ឱ្យ​មែន​ទែន​​ហើយ ​ដើម្បី​ត្រៀម​​លក្ខណៈ​​បាន​​ល្អ​ប្រសើរ​ ​ទាល់​តែ​ប្រទេស​យើង​មាន​មាគ៌ា​មួយ​​ច្បាស់​​លាស់​​សម្រាប់​​ទាំង​អស់គ្នា​ មិន​​សម្រាប់​​​តែក្រុម​ណា​មួយ​ទេ»។

យ៉ាងណាក្តី ក្រសួងអឺរ៉ុប និងការបរទេសបារាំង និង​អ្នកនាំ​ពាក្យក្រសួង​ការបរទេសចិន កាលពី​ថ្ងៃទី​១៤​និង​​​ទី​​១៥ខែ​​ធ្នូ​ បាន​​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​កើន​ឡើង​នៃ​ការ​ប្រឈម​មុខ​​​​ដា​ក់​គ្នា​កាន់​​តែ​ក្តៅ​​រវាង​ថៃ និង​កម្ពុជា និង​​បាន​​ជំរុញ​​ឱ្យ​ប្រទេស​​ទាំង​ពីរ ​ធ្វើការអត់​ធ្មត់​ឱ្យបាន​ខ្ពស់​បំផុត ​និង​ងាក​ទៅរក​តុចរចា​ដោយ​សន្តិវិធី​ដើម្បី​​បញ្ចប់​ជម្លោះ​។

វិលទៅសំណួរ​ខាងដើមដែល​ថា មាន​មូល​ហេតុចម្បងអ្វីបានជិតកន្លះឆ្នាំហើយ អន្តរ​ជាតិ​​មិន​​ថ្កោល​​ទោស​ថៃឈ្លាន​ពាន​ខ្មែរ?

ត្រង់​ចំណុច​នេះ ​លោក​ ស៊ឹង សែន​ករុណា​​ លើក​​ឡើង​​ថា ការ​ដែល​​រដ្ឋាភិ​បាល​​គ្រួសារ​​ហ៊ុន ​បាន​​​ដឹ​ក​នាំ​ប្រទេស​​ងាកចេញឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​ ដោយ​​​រំលាយ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​​តាម​បែប​ប្រជាធិបតេយ្យ​តាម​​រយៈ​​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីចុង​ឆ្នាំ​២០១៧ ដែល​ផ្ទុយ​ទៅ​នឹងកិច្ច​ព្រមព្រៀង​ទី​ក្រុង​​ប៉ារីស ​ដែល​មានការ​ទទួ​ល​ស្គាល់​និងគាំទ្រ​ជាអន្តរជាតិ ​អាច​ជាមូលហេតុ​មួយដែល​ធ្វើឱ្យ​សហគមន៍​អន្តរ​ជាតិ​​​មានការ​ខកចិត្ត  ហេតុដូច្នេះ​ហើយ​ទើប​​ពួកគេ​​ហាក់​ព្រងើយ​​​កន្តើយ​ចំពោះ​កម្ពុជា​។

លោកថា៖ «បើសិនជាចាប់​តាំងពីពេល​នោះមក ​យើង​​ចាប់​​ផ្តើម​កសាង​​ប្រទេស​​ដោយ​​មាន​ការ​​គោរព​សិទ្ធិ​​មនុស្ស និងគោ​រព​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ត្រឹម​ត្រូវ ម្ល៉ោះ​​ហើយ​ក្នុងកា​រ​វាយ​​ចូល​​របស់​​​ថៃ​ពេល​នេះ ខ្ញុំ​គិត​ថា ​ថៃ​ក៏​មិន​​ហ៊ាន​​ប្រមាថ​​មើល​​ងាយ​​មក​​លើ​​កម្ពុជា​ដែរ ​ពីព្រោះ​កម្ពុជា​​មាន​​ខែល​​ការ​ពារ​​ប្រទេ​ស​​ជា​ច្រើន​ដូច​ជា​កិច្ច​ព្រម​ព្រៀង​​ក្រុង​ប៉ារីស និង​​ថៃ ក៏​ជាស​មាជិក​មួយ​​ដែល​​ទទួល​​ស្គាល់​​នូវ​បូរ​ណ​​ភាព​ទឹក​ដី និង​អធិប​តេយ្យ​​ជាតិ​​កម្ពុជា​ដែរ។ ប៉ុន្តែ​ការ​​ដឹកនាំ​របស់​មេដឹកនាំបច្ចុប្បន្ន ​គាត់​​​ធ្វើ​ឱ្យ​​មាន​ការងា​ក​រេ​ចេញ​ពី​ការ​គ្រប់​​គ្រង​​ប្រទេស តាម​បែប​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស ​និង​ការ​​បណ្តោយ​​ឱ្យ​ឧក្រិដ្ឋ​ជន​ជាច្រើ​ន​ មក​រំលោភ​បំពាន​នូវច្បាប់​កម្ពុជា ​និង​ច្បាប់​អន្តរ​ជាតិ ​ដែល​​ធ្វើឱ្យ​រងការ​រិះគន់​ពីសហគមន៍​អន្តរ​ជាតិ និង​​បាត់​​ប​ង់​ទំនុកចិត្ត​ពីសហគមន៍​អន្តរ​ជាតិ​»។

លោក ​ករុណា ​លើក​ជា​ឧទាហរណ៍​ថា ក្នុង​​​ឆ្នាំ​២០០៨​ ថៃ​​បាន​​​រំលោភ​​លើ​ដែន​​ដី​កម្ពុជា​​នៅ​​តំប​ន់​​ប្រាសាទ​ព្រះ​វិហារ​ ហើយ​រដ្ឋាភិបាល​កម្ពុជាបាន​ដាក់​បណ្តឹងទៅ​តុលាការ​អន្តរជាតិ​ ហើយ​ទីបំផុតកម្ពុជាក៏​ទទួល​បាន​​​ជ័​យ​​​ជំនៈ ​ដែល​​​​នេះ​​មក​ពីកាលនោះ​​​កម្ពុជា​​នៅ​​ដើរ​​តាម​​គន្លង​​ប្រជា​ធិប​​តេយ្យ និង​ការ​​គោរព​សិទ្ធិ​មនុស្ស​​ដែល​​មាន​​​ការ​​ទទួល​​ស្គាល់​​ដោយ​​សហគមន៍​អន្តរ​ជាតិ។

សម្រា​ប់ ​លោក ​គឹម សុខ​ អ្នក​នាំពាក្យរ​ដ្ឋាភិបាល​​ស្រមោល​២៣តុលានៅក្រៅ​ប្រ​ទេស​​ បាន​​ថ្លែង​​ថា​ កម្ពុជា​កំពុង​​តែ​​ខាត​បង់​យ៉ាងដំណំ ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ។ ប៉ុន្តែ​លោក​បាន​ចោទ​សួរថា ហេតុ​អ្វី​ភា​គី​​ថៃ​​មិន​ខ្លាច​​វ៉ៃឈ្លាន​ពាន​កម្ពុជា បើទោះ​បីជាមាន​អន្តរាគមន៍​របស់​ប្រធា​នាធិបតីសហរដ្ឋ​​អាមេរិក​លោក​​ ដូណា​ល់ ត្រាំ ក្តី​?។

លោកថា៖ «ថៃវ៉ៃកម្ពុជា​ថៃមានឈ្មោះ​ជាភាគីឈ្លានពាន យ៉ាងណារឿងមួយគឺក្រុម​​លោក ​ហ៊ុន សែន ​និង​​លោក ​ហ៊ុន ម៉ាណែត​ មាន​ឈ្មោះ​​ជា​រដ្ឋាភិ​បាល​​ឧក្រិដ្ឋ​កម្ម​​ឆ្លង​ដែន ដែល​​ការ​ពារ​ពួក​ម៉ាហ្វី​យ៉ា​ឧក្រិដ្ឋ​ជន​​អន្ត​​រជា​តិ​ ​ដូច​​ជា ចេន ហ្ស៊ី​ ជាដើម ​ដែល​​សហរដ្ឋ​អាមេរិក​ប្រទេស​​ប្រជាធិ​បតេ​យ្យ​នានា​ អង់​គ្លេស​ កូរ៉េ​ខាង​​​​ត្បូង ជប៉ុន ​និ​​ង​​សហភាព​អឺរ៉ុប​​ជាដើម កំពុង​​​តែ​ធ្វើកិ​ច្ច​​សហ​ប្រតិប​ត្តិ​ការណ៍​តាម​​ចាប់។ មួយ​​មាន​ឈ្មោះ​​ជា​អ្នក​​ឈ្លាន​ពាន​​គឺថៃ ចំណែក​ខាងនៅ​កម្ពុជា​​មាន​ឈ្មោះ​ជារដ្ឋាភិបាល​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ ដូច្នេះ​សហរដ្ឋ​អាមេរិក​ក្តី ​ស​ហគ​មន៍អន្តរជាតិ ប្រជា​ធិប​តេយ្យ​ក្តី គេ​ពិបាក​​សម្រេច​ចិត្ត​​​ថា​នៅ​​ខា​ង​ណា​ណាស់។ នេះជាមូលហេតុដែល​ពួកគេ​នៅស្ងៀ​ម ​មិន​ថ្កោលទោស​ថៃនៅពេល​ដែល​ថៃ​ឈ្លានពាន​ទឹកដីកម្ពុជា»។

ជ្រុង​មួយ​​ទៀ​ត​​នៃ​បញ្ហា​នេះ​ ក្រុមអង្គការ​សង្គមស៊ីវិលកម្ពុជា និងថៃ ជាង៣០ស្ថាប័ន ថ្មីៗ​នេះ ​បាន​ចេញ​សេចក្តី​ប្រ​កាស​រួ​ម​មួ​យ ​ដោយ​ទាមទារ​ឱ្យកងទ័ព​ថៃ និង​កម្ពុជា ​បញ្ឈប់​សង្គ្រាម​ជាបន្ទាន់ ដោយ​ចាត់​ទុក​សង្គ្រាម​​​​នេះ​ថា គឺប​ង្ក​​ឡើ​​ង​​ដោយ​​អ្នក​​នយោ​បាយ​​ទុច្ច​រិត​ពី​ប្រទេស​​ទាំង​​ពីរ ដែល​​​បាន​បង្ក​​ឱ្យ​​មាន​មហន្ត​រាយ ​និង​​ការ​​ឈឺចាប់​​ដល់​​កង​​​ទ័ព​ និង​ប្រជាជន​នៃប្រទេស​ទាំងពីរ​។

អ្នក​ជំនាញ​ជាតិ ​និង​អន្តរជាតិ​មួយ​ចំនួន ​ក៏យល់​ស្រប​ទៅ​នឹងការ​លើកឡើង​នេះ​ផង​ដែរ ដោយ​បន្ថែមថា សង្គ្រាម​​រវាង​ប្រទេស​ជិតខាង​ទាំងពីរ​នេះ ​គឺ​កើតឡើង​ដោយ​សារ​តែទំនាស់​ផល​ប្រយោជន៍ ​ជាពិសេស​ពាក់​​​ព័ន្ធ​ល្បែង​អន​ឡាញ​​​របស់​អ្នក​នយោបាយ​​ថៃ​និង​កម្ពុជា។ ប៉ុន្តែ​យ៉ាងណា​ក្តី អ្នក​វិភាគ​មួយ​ចំនួន​លើក​ឡើង​​ថា នៅ​លើ​ពិភពលោក​នេះ ​ប្រទេស​តូចហើយ​ក្រីក្រ ​តែង​តែ​ទទួល​រងការរំលោភបំពាន​ពីប្រទេសធំ ​ពី​​ប្រទេស​​​អ្នក​មាន​ ហើយ​ប្រទេស​មហាអំណាច ​ជាពិសេស​ចិន ​​និង​រ៉ុស្ស៊ី ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ ​​ជានិច្ចកាល​​តែង​តែធ្វើមិន​ដឹងមិនឮ​ចំពោះ​ប្រទេស​​ធំ ​ឬ​ប្រទេស​អ្នក​មាន​ ដែល​រំលោភ​បំពាន​ទៅ​លើ​ប្រទេស​​​អ្នក​ក្រ ​ដោយ​សារ​តែផល​ប្រយោជន៍​សេដ្ឋកិច្ច​ ដូច​ជា ចិន​ នឹងសហ​រដ្ឋអាមេ​រិក ​គឺ​​ទទួល​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ពីថៃ​ច្រើន​ជាង​ពីកម្ពុជា​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ