នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រ៉ាហ៊ីម និយាយថា ប្រទេសកម្ពុជានិងថៃ បានយល់ព្រមចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២ ខែធ្នូនេះ នៅទីក្រុងគូឡាឡាំពួរ ដើម្បីចាប់ផ្តើមកិច្ចសន្ទនាក្នុងការទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៃជម្លោះតាមបណ្តោយព្រំដែន។
សារព័ត៌មាន ដឹ ស្ត្រេត ថាមស៍(The Straits Times) បានរាយការណ៍នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះថា នាយករដ្ឋមន្រ្តីបាននិយាយថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដំបូងឡើយគ្រោងធ្វើនៅថ្ងៃទី១៦ ខែធ្នូ ប៉ុន្តែក្រោយមកត្រូវបានពន្យាពេល ដោយសារសមភាគីបានបង្ហាញការព្រួយបារម្ភថា កិច្ចប្រជុំធ្វើឡើងឆាប់រហ័សពេក។
‘‘នាយករដ្ឋមន្ត្រីភាគច្រើនបានជូនដំណឹងមកខ្ញុំដោយនិយាយថា ប្រហែលជាវាឆាប់ពេកក្នុងការរៀបចំកិច្ចប្រជុំ មុនភាពតានតឹងអាចបន្ធូរបន្ថយបាន។ ដូច្នេះពួកគេស្នើឱ្យធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ នៅគូឡាឡាំពួរ។ ការយល់ឃើញរបស់ខ្ញុំ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានគិតទុកជាមុនដោយការពិចារណាក្នុងរឿងនេះ’’។ នេះបើតាម លោក អាន់វ៉ា(Anwar) បាននិយាយក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ជាមួយនិពន្ធនាយកនៅសេរីភ័រដាណា (Seri Perdana) នៅថ្ងៃទី១៧ ខែធ្នូ។
លោក អាន់វ៉ា បាននិយាយថា គោលបំណងនៃកិច្ចប្រជុំនេះ គឺបញ្ចុះបញ្ចូលថៃ និងកម្ពុជា ដើម្បីឱ្យបញ្ឈប់ការកើនឡើងភាពតានតឹងនៃជម្លោះតាមបណ្តោយព្រំដែន។
លោក អាន់វ៉ា ក៏បាននិយាយផងដែរថា ប្រទេសម៉ាឡេស៊ី មិនស្ថិតនៅក្នុងជំហរជាអ្នកណែនាំទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ាននោះទេ ប៉ុន្តែបានកត់សម្គាល់ថា ភូត្រាយ៉ាចា (Putrajaya) កំពុងទំនាក់ទំនងជាមួយពួកគេជារៀងរាល់ថ្ងៃ។
លោក អាន់វ៉ា ក៏បាននិយាយផងដែរថា ការសម្រេចចិត្តកោះប្រជុំនេះ គឺធ្វើឡើងបន្ទាប់ពីការចរចាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
លោកបន្ថែមថា ថៃនិងកម្ពុជាបានយល់ព្រមជាមួយអ្នកអង្កេតការណ៍អាស៊ាន ដោយមេទ័ពការពារប្រទេសរបស់ម៉ាឡេស៊ី និងចាកចេញទៅព្រំដែននៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តការចូលរួមក្នុងកម្រិតយោធា៕









