អង្គការធ្វើការលើផ្នែកសិទ្ធិការងារ បានបង្ហាញពីការសិក្សាស្រាវជ្រាវមួយ ដោយរកឃើញថា ពលករចំណាកស្រុកខ្មែរដែលបានត្រឡប់មកវិញជាច្រើន កំពុងប្រឈមនឹងសម្ពាធផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាពិសេសបញ្ហាបំណុល ខណៈការជួយសង្គ្រោះបឋម និងការទទួលបានជំនួយមានតិចតួច ដែលធ្វើឱ្យពលករទាំងនោះស្ទើរជាងពាក់កណ្តាល មានគម្រោងធ្វើចំណាកស្រុកជាថ្មីទៀត។
ក្នុងទិវាអ្នកចំណាកស្រុកអន្តរជាតិលើកទី២៦ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ អង្គការសង់ត្រាល់ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយក្នុងនោះមានរំលេចនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីមួយ អំពី «ស្ថានភាពសេដ្ឋកិច្ចរបស់ពលករខ្មែរ ដែលបានត្រឡប់មកវិញ និងការគាំទ្រដែលពួកគេត្រូវការបន្ទាន់»។
របាយការណ៍សិក្សាដែលបានរកឃើញពីស្ថានភាពសម្ពាធផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលពលករទាំងនោះកំពុងប្រឈម និងសេចក្តីត្រូវការរបស់ពួកគេ បានបង្ហាញថា ក្នុងចំណោមពលករដែលបានធ្វើការសម្ភាសន៍ចំនួន ៥២៧នាក់ ក្នុងនោះ មានតែពលករចំនួន ៣១ភាគរយប៉ុណ្ណោះ ដែលទទួលបានជំនួយការជួយសង្គ្រោះបឋម ដែលភាគច្រើនមកពីរដ្ឋាភិបាលកម្ពុជា ខណៈការចំណាយជាមធ្យមអំឡុងពេលវិលត្រឡប់មកវិញមានចំនួន ២៧៥ដុល្លារ ក្នុងនោះចំណាយលើការដឹកជញ្ជូន៧៤ដុល្លារ ចំណាយលើអាហារ១៤៥ដុល្លារ និងចំណាយលើការបង់ប្រាក់ក្រៅប្រព័ន្ធ៥៦ដុល្លារ។
ប្រភពដដែលបន្តថា ពលករ ៧១ភាគរយ ដែលវិលត្រឡប់មកវិញ មានជាប់បំណុលជាមធ្យមចន្លោះពី៣០.៨០ដុល្លារ ទៅ៣ ៥០០០ដុល្លារ(ជាមធ្យម៥៥០០ដុល្លារ) ក្នុងនោះមាន ៨៥ភាគរយ មិនអាចបង់តាមការកំណត់បាន ដោយការបង់សងប្រចាំខែជាធម្យម ២២០ដុល្លារ។
ក្នុងចំណោមពលករដែលបានសម្ភាសន៍ មាន ៥៣ភាគរយ មានគម្រោងចំណាកស្រុកជាថ្មីម្តងទៀត ក្នុងនោះ ៧៨ភាគរយ ចង់ត្រឡប់ទៅប្រទេសថៃ។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ លោក មឿន តុលា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា ពលករជាច្រើនបានត្រឡប់មកវិញ ដោយត្រូវចំណាយថវិការផ្ទាល់ខ្លួន ហើយទទួលបានជំនួយតិចតួច ខណៈដែលបំណុលនៅតែជាមូលហេតុចម្បង ដែលធ្វើឱ្យពួកគាត់សម្រេចចិត្តចំណាកស្រុកជាថ្មីម្តងទៀត។
ចំណែក ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករចំណាកស្រុកដែលត្រឡប់មកពីថៃអំឡុងមានជម្លោះព្រំដែននោះ ភាគច្រើនកំពុងប្រឈមនឹងភាពអត់ការងារធ្វើ ដែលធ្វើឱ្យជីវភាពរបស់ពួកគាត់ខ្វះខាត និងមិនអាចរកប្រាក់ដោះបំណុលបាន។ ហើយមួយទៀត ពលករមួយចំនួន ក៏ប្រឈមនឹងការចាញ់បោកមេខ្យល់ដែលសន្យារកការងារឱ្យធ្វើក្នុងស្រុកផងដែរ ខណៈពលករមួយចំនួនទៀត បានសម្រេចចិត្តត្រឡប់ទៅធ្វើការនៅថៃវិញទាំងប្រថុយប្រថានអំឡុងពេលមានជម្លោះព្រំដែន។
លោកថា៖ «ប្រសិនបើភាគច្រើននៃពួកគាត់មិនមានឱកាសទទួលបានការងារធ្វើ ទទួលបានការងារសមរម្យ ពិតណាស់វាអាចប៉ះពាល់ដល់សង្គមជាតិទាំងមូល ហើយវាក៏ជាបន្ទុករបស់រដ្ឋមួយដែរ ប្រសិនបើភាពក្រីក្រហ្នឹងកាន់តែច្រើន [..] ក្នុងកាលៈទេសៈដែលគាត់អត់មានការងារធ្វើ ចំណាយប្រទេសជាតិទាំងមូលហ្នឹងក៏ត្រូវផ្ទេរទៅ ផ្តោតទៅលើការគាំពាររបស់គាត់ហ្នឹង អាហ្នឹងជាផ្នែកមួយ ផ្នែកមួយទៀត គឺគាត់អត់មានឱកាសការងារធ្វើ ចំណូលក៏បាត់បង់សម្រាប់គ្រួសារ ឯចំណូលជាតិក៏វាបាត់បង់តាមហ្នឹងដែរ។ ប្រសិនបើមនុស្សអត់មានលុយចាយ មនុស្សអត់មានការងារធ្វើ កម្លាំងនៃការបង្កើនសេដ្ឋកិច្ចហ្នឹងក៏វាប៉ះពាល់ទៅតាមហ្នឹងដែរ»។
ជាដំណោះស្រាយ លោក ឌី ថេហូយ៉ា យល់ថា រដ្ឋាភិបាលត្រូវគិតគូរពីការបង្កើនឱកាសការងារសម្រាប់អតីតពលករទាំងនោះ ដើម្បីឱ្យពួកគាត់អាចរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ និងបំណុល ហើយក៏ត្រូវគិតគូរពីការបន្ធូរបន្ថយឬទប់ស្កាត់យ៉ាងណា កុំឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ រឹបអូសផ្ទះនិងដីធ្លីរបស់ពួកគាត់ នៅពេលដែលពួកគាត់មិនអាចរកប្រាក់បង់បានទាន់ពេល។
សម្រាប់ជាដំណោះស្រាយរយៈពេលវែង លោកថា រដ្ឋាភិបាល ត្រូវបង្កើនការទាក់ទាញអ្នកវិនិយោគ ដើម្បីបង្កើនឱកាសការងារក្នុងស្រុកសម្រាប់ពលរដ្ឋ និងត្រូវការពារសន្តិសុខសុវត្ថិភាពសង្គម ទប់ស្កាត់បទល្មើសឆបោកតាមអនឡាញឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគផងដែរ។
អ្នកស្រី ឡាន់ ស៊ីដា ជាអតីតពលករខ្មែរចំណាកស្រុកដែលទើបត្រឡប់មកពីប្រទេសថៃ អំឡុងពេលដែលប្រទេសទាំងពីរមានជម្លោះប្រដាប់អាវុធ បានផ្តល់បទសម្ភាសន៍ទៅកាន់អង្គការសង់ត្រាល់ថា ការដែលអ្នកស្រីធ្វើចំណាកស្រុកទៅធ្វើការផ្នែកលក់គ្រឿងសមុទ្រនៅប្រទេសថៃ ដោយសារតែបញ្ហាជីវភាពខ្វះខាត និងមានសមាជិកគ្រួសារឈឺ ហើយណាមួយគ្រួសារអ្នកស្រីក៏ជាប់បំណុលឯកជន ដែលត្រូវរកប្រាក់ចំណូលដើម្បីសងត្រឡប់ផងដែរ។
ចាប់តាំងពីត្រឡប់មកដល់កម្ពុជា អ្នកស្រីនៅមិនទាន់ការងារធ្វើនៅឡើយ ហើយការធ្វើស្រែចម្ការ ត្រូវការពេលវេលាប្រមាណ១ឆ្នាំបានប្រមូលផលបាន ដូច្នេះអំឡុងពេលមកដល់ភ្លាមៗនេះ ធ្វើឱ្យគ្រួសារអ្នកស្រីប្រឈមនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ។
អ្នកស្រី ឡាន់ ស៊ីដា និយាយថា៖ «ប៉ះយ៉ាងខ្លះ ប៉ះដូចដល់ពេលរកលុយអញ្ចេះ ដល់ពេលបងឈឺចេះ គិតដែរព្រោះអីបងខ្ញុំគាត់ឈឺប្រចាំ មានរោគប្រចាំកាយគាត់ យើងគិតថា ដល់ពេលបងយើងឈឺ យើងបានរកអីមកទប់ បើយើងនៅណោះយើងចេះតែបានទម្លាក់លុយមកទប់បន្តិចៗ ដល់ពេលយើងមកនៅអញ្ចេះប្រៀបដូចយើងអត់មានចំណូល មានតែចំណាយ បាយទឹកព្រឹកល្ងាចក៏យើងត្រូវការប្រើលុយ។ ចង់សំណូមពរឱ្យខ្មែរយើងរកការងារឱ្យអ្នកមកពីថៃឱ្យមានច្បាសលាស់ សួរថាមានទេ មានតែខ្លាច ព្រោះអីយើងខ្លាចទៅមិនច្បាស់លាស់ មិនដឹងថា បានពិតឬមិនពិត»។
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក៏បានចេញរបាយការណ៍ ស្តីពី ទម្រង់ប្រជាសាស្ត្រ និងសេដ្ឋកិច្ចរបស់ពលករចំណាកស្រុកដែលវិលត្រឡប់ពីប្រទេសថៃ ដោយរកឃើញថា ពលករខ្មែរជាង៧០ម៉ឺននាក់ ប្រឈមនឹងភាពអត់ការងារធ្វើ ក្នុងចំណោមជាង៩០ម៉ឺននាក់ ដែលប្រឡប់ពីប្រទេសថៃចូលកម្ពុជាវិញ។ អំឡុងពេលនោះ CDRI អះអាងថា មានពលករខ្មែរទើបវិលត្រឡប់មកពីថៃប្រមាណតែ ១៩ម៉ឺននាក់ប៉ុណ្ណោះ ក្នុងចំណោម៩២ម៉ឺននាក់ដែលទទួលបានការងារធ្វើ។
វិទ្យាស្ថាននេះ បន្តថា មួយភាគបីនៃពលករចំណាកស្រុកត្រឡប់មកវិញ គឺមកពីគ្រួសារដែលមានប្រាក់កម្ចីផ្លូវការ ចាប់ពី៥ពាន់ដុល្លារ ដល់៨ពាន់ដុល្លារអាមេរិក ដែលមានទំហំធំជាងប្រាក់ចំណូលជាមធ្យម សម្រាប់មនុស្សម្នាក់ប្រចាំឆ្នាំរបស់កម្ពុជា។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មានប្រសាសន៍ថា របាយការណ៍ពីចំនួនពលករខ្មែរប្រមាណ ៧០ម៉ឺននាក់ដែលប្រឈមនឹងការអត់ការងារធ្វើនេះ ប្រសិនបើរដ្ឋាភិបាលមិនប្រញាប់ដោះស្រាយទេ នឹងធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ ហើយបញ្ហាសង្គមនឹងប្រឈមនឹងភាពអសន្តិសុខ។
លោកថា ដើម្បីដោះស្រាយបញ្ហានេះ ទាមទារឱ្យរដ្ឋាភិបាលបង្កើតការងារដល់ពួកគាត់ និងទាក់ទាញអ្នកវិនិយោគមកកម្ពុជាឱ្យបានច្រើន ព្រមទាំងត្រូវស្តារឡើងវិញនូវស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទៅតាមការទាមទារពីបណ្តាប្រទេសលោកសេរី ដូចជា សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។
លោកថា៖ «មកដល់ពេលនេះ ហាក់បីដូចជាកម្ពុជាយើងមិនទាន់បានស្តារទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហ្នឹងនៅឡើយ អីចឹងរដ្ឋាភិបាលត្រូវពិនិត្យមើលឡើងវិញ ជុំវិញបញ្ហាទាំងអស់នេះ តាមរយៈការដាក់ដោះលែងអ្នកនយោបាយ សកម្មជននយោបាយ សង្គម ក៏ដូចជាប្អូនៗយុវជនបរិស្ថាន ២៣តុលា ឱ្យមានសេរីភាពឡើងវិញ ហើយត្រូវបើកលំហនូវសេរីភាពបញ្ចេញមតិ បើកលំហនូវសេរីភាពនយោបាយ ក៏ដូចជាសារព័ត៌មានឱ្យបានពេញលេញឡើងវិញ ពេលហ្នឹងខ្ញុំគិតថានឹងមានលក្ខណៈល្អប្រសើរ ហើយនិងមានការសាទរពីសហគមន៍អន្តរជាតិ ពេលហ្នឹងនឹងមានអ្នកវិនិយោទុន គេនឹងចាប់អារម្មណ៍ផ្តោតអារម្មណ៍មកលើកម្ពុជាយើង»។
វីអូឌី មិនអាចសុំការឆ្លើយតបជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទេ នៅថ្ងៃទី១៨ ខែធ្នូនេះ។
យ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក៏ធ្លាប់បានស្នើឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ អនុគ្រោះដល់ពលករខ្មែរ ដើម្បីដោះស្រាយ និងសម្របសម្រួលដល់ជីវភាពពលរដ្ឋខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញនោះ ។
លោកលើកឡើងក្នុងសំណេរដើមនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ ដែលត្រឡប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន» ។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបរាជ័យក្នុងការផ្តល់ការធានាការគាំពារដល់ពលករចំណាកស្រុករាប់សែននាក់ ដែលមានបំណុលមីក្រូហិរញ្ញវត្ថុ ក្រោយពួកគេត្រឡប់មកពីប្រទេសថៃ ក្នុងអំឡុងជម្លោះព្រំដែន។ សេចក្តីថ្លែងការណ៍ បានលើកឡើងថា ពលករភាគច្រើនកំពុងស្ថិតក្រោមសម្ពាធក្នុងការសងប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុ ដែលពួកគេបានយកមុនពេលស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ។
យ៉ាងណា នៅថ្ងៃបន្ទាប់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញមុខបដិសេធ និងថ្កោលទោស ដោយថាជាការផ្សាយរបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ។
ក្រសួងចោទថា ការផ្សាយនេះ ធ្វើឱ្យមានការយល់ច្រឡំ ក្នុងចេតនាទុច្ចរិតញុះញង់ និងមូលបង្កាច់ការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រដ្ឋាភិបាល ដល់ពលករដែលបានវិលត្រឡប់មកកម្ពុជាវិញ។ ហើយថា ខ្លួនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ រហូតពលករទទួលបានការងារធ្វើក្នុងប្រព័ន្ធចំនួនជាង២៨ម៉ឺននាក់ ហើយក្រសួងកំពុងមានឱកាសការងារប្រមាណ៨ម៉ឺនកន្លែង និងកំពុងប្រមូលបន្ថែម។
បើតាមសេចក្តីថ្លែងការណ៍របស់អង្គការសង់ត្រាល់ ពលករដែលចូលរួមសម្ភាសន៍ បានស្នើដល់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ផ្តល់ការងារដែលមានស្ថិរភាពនិងមានគុណភាពសមរម្យ រួមទាំងឱកាសការងារសម្រាប់អ្នកមានអាយុលើសពី៤០ឆ្នាំ, រៀបចំមូលនិធិហិរញ្ញវត្ថុចាប់ផ្តើមពីអាជីវកម្មខ្នាតតូច, បង្កើនតម្លៃនៃការបញ្ជាទិញស្រូវអង្ករ និងធានាឱ្យមានការក្រកួតប្រជែងលើទីផ្សារដោយយុត្តិធម៌។ ក្រៅពីនោះ ពួកគេបានស្នើឱ្យមានការផ្អាកការបង់បំណុលយ៉ាងតិច ៦ខែ និងពង្រីកវិសាលភាពកិច្ចគាំពារសង្គម ដូចជា បសស បណ្ណក្រីក្រ និងជំនួយផ្នែកអាហារអំឡុងពេលធ្វើសមាហរណកម្មជាដើម៕









