មេទ័ពថៃបានទម្លាយឱ្យដឹងថា កងទ័ពខ្លួនស្លាប់ច្រើន នៅសមរភូមិប្រាសាទតាក្របី ខណៈកម្ពុជាអះអាងថា ការឈ្លានពានរបស់ថៃចូលដល់ថ្ងៃទី១២នេះ ថៃបន្តប្រើយន្តហោះចម្បាំង F-16 ពង្រីកទីតាំងប្រយុទ្ធ តែថា កងទ័ពកម្ពុជានៅតែបន្តប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីការពារទឹកដី។
អ្នកនាំពាក្យកងទ័ពថៃ លោក រិជ្ជណា សុខសុវ៉ានុន បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Thai PBS News កាលពីថ្ងៃទី១៧ ខែធ្នូនេះថា សមរភូមិតាក្របី បានធ្វើឱ្យទាហានថៃពលីជីវិតជាច្រើន។
លោកបន្តថា តំបន់ប្រាសាទតាក្របី ជាយុទ្ធសាស្រ្តសមរភូមិដ៏ក្តៅគគុក និងពិបាកបំផុតក្នុងការវាយដណ្តើមកាន់កាប់ ជាភូមិសាស្រ្តខ្ពស់ សម្បូរមីន ហើយទ័ពកម្ពុជា ត្រៀមក្នុងការទប់ទល់យ៉ាងខ្លាំង។
លោកអះអាងថា សមរភូមិតាក្របីនេះ អតីតមេទ័ពថៃ ធ្លាប់លួចវាយឆ្មក់ចូលដណ្តើមកាន់កាប់ប៉ុន្មានដងដែរ ប៉ុន្តែមិនទទួលបានជោគជ័យ ធ្វើឱ្យទាហានថៃស្លាប់ និងរងរបួសជាច្រើន តាំងពីមុន និងបច្ចុប្បន្ន។
លោក សុខសុវ៉ានុន បញ្ជាក់ថា តំបន់ប្រាសាទតាក្របីនេះ យោធាថៃនឹងបន្តវាយសម្រុកដណ្តើមកាន់កាប់ឱ្យបាន ព្រោះវាជារបស់ថៃ ហើយទាហានថៃក៏បានពលីច្រើនដែរ ដើម្បីទាមទារប្រាសាទមួយនេះ។
លោកថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បងប្អូនថៃ ប្រហែលជាមានការចាប់អារម្មណ៍ និងចង់ដឹងខ្លាំងហើយថា នៅសមរភូមិតំបន់ប្រាសាទតាក្របី គឺបច្ចុប្បន្នទាហានថៃយើង បានពលីច្រើននៅតំបន់នោះ ដែលភាគីទាំងពីរ កម្ពុជា-ថៃ បានវាយប្រហារគ្នាយ៉ាងខ្លាំង ដើម្បីដណ្តើមគ្នាកាន់កាប់»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ថ្លែងនាព្រឹកថ្ងៃទី១៨ ខែធ្នូនេះថាចូលដល់ថ្ងៃទី១២នេះ យោធាថៃធ្វើសកម្មភាពយ៉ាងគឃ្លើន បំពានច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងកំរោល។
អ្នកស្រីថា៖ «យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងF-16ទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅវេលាម៉ោង១១:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍រំលោភក្នុងដែនអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្ត្រ ក្រោយភូមិជោគជ័យ និងភូមិព្រៃចាន់នៅវេលាម៉ោង១៣:៥២នាទី យោធាថៃបានបាញ់ផ្លោងចូលទៅក្នុងភូមិព្រៃចាន់ នៅវេលាម៉ោង១៤:៣២នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងF-16ទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ»។
លើសពីនេះ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា យោធាថៃបន្តប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើកម្ពុជានៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តភ្នំខ្មោច និងពាក់ស្បែក ខេត្តព្រះវិហារ។
មិនត្រឹមតែប៉ុណ្ណោះ យោធាថៃបានបន្តសកម្មភាពយ៉ាងគឃ្លើន ដោយប្រើប្រាស់យន្ដហោះចម្បាំង F-16 ដដែលទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ ចូលទៅក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យ៉ាងណា ក្រសួងថា កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ស្ថិតក្នុងតម្លៃណាក៏ដោយ។
លើសពីនេះ ក្រសួងថា ទង្វើឈ្លានរបស់យោធាថៃ ជាឧក្រិដ្ឋកម្មសង្គ្រាម រំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ ធ្វើឱ្យជនស៊ីវិលខ្មែរ ស្លាប់ និងរបួស មានការកើនឡើងខ្ពស់ ការណ៍នេះ កម្ពុជាថា សកម្មភាពដែលគ្មានទំនួលខុសត្រូវ និងខុសច្បាប់របស់យោធាថៃ បង្កឱ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែសន្តិភាពនៅក្នុងតំបន់ប៉ុណ្ណោះទេ តែវាថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្លាប់អន្តរជាតិទាំងមូលផងដែរ។
សម្រាប់តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន វិញ ប្រាប់VODថា ក្នុងសមរភូមិប្រយុទ្ធជាង១០ថ្ងៃនេះ លោកជឿជាក់ថា ទាហានថៃពិតជាស្លាប់និងរបួសច្រើន ព្រោះពួកគេជាអ្នករុលចូលឈ្លានពានកម្ពុជាមុន។
លោកថា ជាយុទ្ធសាស្រ្តទ័ពខ្មែរ បើសត្រូវខ្លាំង ត្រូវដកថយសិនចាំឱ្យសត្រូវចូលអន្ទាក់ ហាក់ដូចចូលរូងខ្លា ទាហានខ្មែរនឹងវាយសង្រ្គប់កម្ចាត់ចោល ដូចសម្តីមេទ័ពថៃថាទាហានខ្លួនពលីច្រើននៅតាក្របី។
លោកថា៖ «យើងដឹងហើយថា ទាហានខ្មែរយើងគឺគាត់មានបទពិសោធន៍ ក្នុងការធ្វើសង្គ្រាមច្រើនឆ្នាំហើយដោយសារតែកម្ពុជាយើងជួបប្រទះនូវសង្គ្រាមស៊ីវិល រាប់ទសវត្សរ៍មកហើយ អ៊ីចឹងនៅពេលដែលគាត់មានបទពិសោធន៍ក្នុងការច្បាំង នឹងធ្វើឲ្យគាត់យកជ័យជម្នះទៅលើទាហានថៃបាន ដោយសារថៃមិនដែលធ្លាប់មានសង្គ្រាម អ៊ីចឹងយុទ្ធសាស្ត្រនៃការច្បាំងហ្នឹង គឺខ្សោយជាងទាហានខ្មែរយើង អ៊ីចឹងបើគិតពីទាហានថ្មើរជើង គឺទាហានខ្មែរយើងឈ្នះដាច់តែម្តង ដូច្នេះការដែលទាហានខ្មែរយើងបណ្ដេញទាហានថៃចេញពីប្រាសាទតាក្របីនេះ បង្ហាញពីភាពអង់អាចក្លាហានរបស់ទាហានខ្មែរ ហើយនិងតាក់ទិកក្នុងការធ្វើសង្គ្រាម ហើយនិងបទពិសោធន៍ក្នុងការធ្វើសង្គ្រាម រហូតដល់ឈ្នះនូវការច្បាំងគ្នានៅប្រាសាទតាក្របី»។
យ៉ាងណា លោក អ៊ុំ សំអាន នៅតែទទូចឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនប្តឹងថៃទៅតុលាការអន្តរជាតិ និងស្នើសុំកោះប្រជុំសន្តិសុខអង្គការសហប្រជាជាតិ និងមហាអំណាចសហរដ្ឋអាមេរិក ឱ្យជួយអន្តរាគមន៍។
លោកអះអាងថា ជាទម្លាប់អាក្រក់របស់ថៃ បើគ្មានកិច្ចអន្តរាគមន៍ខ្លាំងពីសហគមន៍អន្តរជាតិ ឬប្រទេសមហាអំណាចណាមួយទេ ថៃនៅតែបន្តឈ្លានពានកម្ពុជា និងបាញ់ផ្លោងធ្វើបាបជនស៊ីវិលកម្ពុជាបន្តទៀត។
លើសពីនេះ លោក អ៊ុំ សំអាន បានបង្ហោះសារថា តាមសារពីទាហាននៅជួរមុខ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ទាហានខ្មែរកំពុងគ្រប់គ្រងនៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ប៉ុន្តែទាហានខ្មែរបានដកថយយកកម្លាំងនៅថ្មដូន។
យ៉ាងក៏ដោយ ទាហានថៃមិនទាន់ហ៊ានចូលមកថ្មដូននៅឡើយទេ ព្រោះខ្លាច BM-21 បាញ់ស្រោចទៅលើពួកគេ សង្ឃឹមថា ទាហានខ្មែរនឹងទៅកាន់កាប់នៅថ្មដូនវិញក្នុងពេលឆាប់ៗនេះ។
សម្រាប់លោក អ៊ុំ សំអាន កោរសរសើរទាហានខ្មែរពិតជាអស្ចារ្យមែនទែន ដែលអាចច្បាំងដណ្តើមយកប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តូច ពីសត្រូវសៀមឈ្លានពានមកវិញ។
ចំណែក កូនស្រីច្បងលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បង្ហោះសារនៅថ្ងៃទី១៨ ខែធ្នូនេះ និយាយថា កម្ពុជាគួរស្នើអាស៊ានឱ្យផ្ទេរការទទួលខុសត្រូវ ក្នុងការដោះស្រាយជម្លោះនេះទៅកាន់ UN វិញ ដើម្បីឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ខណៈអាស៊ានអាចមានតួនាទីគាំទ្រចំណាត់ការរបស់ UN ។
នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរនៅអូស្ត្រាលី លោក សេង វណ្ណលី ធ្លាប់ប្រាប់ VOD ថា ក្នុងកាលៈទេសៈដែលយោធាថៃនៅតែបន្តឈ្លានពាននេះ មេដឹកនាំកម្ពុជាត្រូវអនុវត្ត បីចំនុច។
ទី១ មេដឹកនាំកម្ពុជាចាំបាច់ត្រូវប្រើកម្លាំងខ្លាំង ដើម្បីវាយទប់ទល់នឹងសត្រូវថៃឈ្លានពាន ដោយបន្ថែមកងកម្លាំង បន្ថែមសព្វាវុធទំនើបៗ រួមទាំងសំណាញ់មេឃ ដើម្បីព្រមានភាគីថៃ និងការពារទឹកដីខ្មែរ។
ទី២ មេដឹកនាំកម្ពុជា ត្រូវពង្រឹង និងពន្លឿនដើរយុទ្ធសាស្រ្តការទូតឱ្យលឿនបំផុត ដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិ ប្រទេសលោកសេរី ជាពិសេស សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ឱ្យដឹងថា ថៃជាជនល្មោភសង្រ្គាម បើកការវាយប្រហារឈ្លានពានទឹកដីកម្ពុជាមុន។
និងទី៣ ត្រូវប្រមូលភស្តតាងបញ្ជូនសំណុំរឿងព្រំដែនទាំងអស់ រួមទាំងករណីយោធាថៃបាញ់សម្លាប់ពលរដ្ឋនិងទាហានខ្មែរ ប្តឹងថៃទៅតុលាការឧក្រិដ្ឋកម្មសង្រ្គាម ICC និងតុលាការយុត្តិធម៌អន្តរជាតិ ICJ។
លោកអះអាងថា សកម្មភាពយ៉ាងគឃ្លើន និងឃោឃៅរបស់យោធាថៃប៉ុន្មានថ្ងៃនេះ ឆ្លុះបញ្ចាំងថា ពួកយោធាអភិរក្សនិយមរបស់ថៃ ជាជនល្មោភសង្រ្គាម ហើយតែងចិញ្ចឹមចិត្តចង់ឈ្លានពានទឹកដីខ្មែរ។
លោកថា៖ «កិច្ចការបន្ទាន់នៅពេលនេះ កម្ពុជាចាំបាច់ត្រូវតែធ្វើក្រៅតែអំពីការទប់ទល់ជាមួយនឹងទង្វើឈ្លានពានរបស់ថៃ គឺកម្ពុជាត្រូវតែដើរការទូតយ៉ាងសកម្មបំផុតតែម្ដង ទី១គឺត្រូវតែអំពាវនាវឲ្យសហគមន៍អន្តរជាតិ តែងថ្កោលទោសទៅលើទង្វើឈ្លានពានរបស់ថៃ ហើយក៏ដូចជាជំរុញឲ្យប្រធានសមាជិកអាស៊ាន ព្យាយាមសម្របសម្រួលដើម្បីធ្វើយ៉ាងម៉េចឲ្យភាគីថៃចូលមកតុចរចា ទី២អំពាវនាវឲ្យក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ឬក៏មហាសន្និបាតអង្គការសហប្រជាជាតិ បើកឲ្យមានកិច្ចប្រជុំបន្ទាន់ ស្តីអំពីសកម្មភាពឈ្លានពានរបស់ថៃ ហើយដោយជំរុញឲ្យក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដូចជា មហាសន្និបាតអង្គការសហប្រជាតិ និងផ្ដល់យោបល់ប្រឹក្សាផ្លូវច្បាប់ ដើម្បីស្នើឲ្យតុលាការអន្តរជាតិ តុលាការយុត្តិធម៌អន្ដរជាតិអាយ.ស៊ី.ជេ ហ្នឹងដោះស្រាយបញ្ហាព្រំដែនដែលជាចំណុចទីតាំងរសើប ររវាងកម្ពុជាជាមួយថៃ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយជម្លោះនាពេលអនាគត»។
គិតចាប់ពីថ្ងៃទី៧ ដល់ព្រឹកថ្ងៃទី១៨ ខែធ្នូនេះ មានចំនួន១២ថ្ងៃហើយ ដែលយោធាថៃ បានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅជួរមុខ តាមបន្ទាត់ព្រំដែន ដោយប្រើទាំងអាវុធធុនធ្ងន់ គាំទ្រថ្មើរជើង ប្រើយន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់ និងបាញ់ផ្សែងពុល តាមទំនើងចិត្តលើដែនដីកម្ពុជា យ៉ាងតិច៦ខេត្តជាប់ព្រំដែន និងបានទម្លាក់គ្រាប់២គ្រាប់ ក្បែរជំរុំជនភៀសសឹក នៅភូមិសាស្ត្រស្ពានអូរជីក ព្រំប្រទេសស្រុកស្រីស្នំ ខេត្តសៀមរាប ដែលជាតំបន់អង្គរជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ការវាយប្រហារមកលើទឹកដីកម្ពុជា ពីសំណាក់យោធាថៃ ក្នុងរយៈពេល១១ថ្ងៃ គិតត្រឹមល្ងាចថ្ងៃទី១៦ ខែធ្នូនេះ បានបណ្តាលឱ្យជនស៊ីវិលខ្មែរ ១៧នាក់ ស្លាប់ និង ៧៧នាក់ រងរបួស ហើយជនភៀសសឹកកើនដល់ជិត ៤៤ម៉ឺននាក់។ ក្រៅពីនោះ យោធាថៃ ក៏បានប្រើប្រាស់អាវុធយុទ្ធភណ្ឌ និងយន្តហោះចម្បាំងទម្លាក់គ្រាប់ បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងប្រាសាទបុរាណខ្មែរផងដែរ៕









