ពលរដ្ឋខ្មែរនៅប្រទេសន័រវេស ប្រកាសធ្វើបាតុកម្មនៅចុងសប្តាហ៍នេះ ក្នុងបំណងថ្កោលទោសទង្វើថៃឈ្លានពាន និងជំរុញឱ្យមេដឹកនាំខ្មែរ រុញសំណុំរឿងនេះ ទៅតុលាការអន្តរជាតិ (ICJ) និងតុលាការឧក្រិដ្ឋសង្រ្គាម (ICC) ដើម្បីទប់ស្កាត់ការឈ្លានពាន ខណៈថៃនៅបន្តប្រើនាវាចម្បាំង យន្តហោះចម្បាំង គ្រាប់បែកចង្កោម ផ្សែងពុល ឈ្លានពានកម្ពុជា១៣ថ្ងៃមកនេះ ។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រាប់VODថា ពលរដ្ឋខ្មែរនៅប្រទេសន័រវេស ប្រកាសធ្វើបាតុកម្មនៅខាងមុខសាលាក្រុង គ្រីស្ទានសាន់ (Kristiansand Rådhus) នាថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៣:០០ ដល់ម៉ោង ១៦:០០ រសៀល។
លោកបញ្ជាក់ថា ការរៀបចំបាតុកម្មនេះ ក្នុងគោលបំណងទាមទារឱ្យប្រទេសថៃ ត្រូវបញ្ឈប់ការឈ្លានពានកម្ពុជា និងបាញ់ផ្លោងធ្វើឱ្យជនស៊ីវិលខ្មែរស្លាប់ របួស និងកំណើនជនភៀសសឹករាប់ម៉ឺននាក់។
លោកបន្តថា ជាងនេះទៀត កងទ័ពថៃបានបំផ្លាញប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ជាសម្បត្តិវប្បធម៌របស់ខ្មែរ និងជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដែលថៃត្រូវទទួលខុសត្រូវ។
លោកបន្ថែមថា ពលរដ្ឋខ្មែរនៅប្រទេសន័រវេស ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះយោធាថៃ និងរដ្ឋាភិបាលថៃ ដែលយកលេសគ្រប់បែបយ៉ាង បង្កសង្គ្រាមឈ្លានពានលើប្រទេសកម្ពុជាម្តងហើយម្តងទៀត។
សម្រាប់ លោក ម៉ែន ណាត សកម្មភាពយ៉ាងគឃ្លីនរបស់យោធាថៃនេះ ជាការរំលោភបំពានបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ និងរំលោភគោលការណ៍ច្បាប់អន្តរជាតិនានាផងដែរ។
លោកថា ការធ្វើបាតុកម្មនោះផងដែរ ខ្មែរនៅប្រទេសន័រវេស ក៏អំពាវនាវឱ្យដ្ឋាភិបាលកម្ពុជាប្រញាប់ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ជុំវិញករណីវិវាទព្រំដែននេះឱ្យបានឆាប់ ដើម្បីការពារទឹកដី។
លើសពីនេះ រដ្ឋាភិបាលកម្ពុជាត្រូវប្តឹងពួកយោធានិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC អំពីករណីបង្កសង្គ្រាមលើកម្ពុជា និងករណីបាញ់សម្លាប់ជនស៊ីវិលនិងទាហានខ្មែរ។
លោកថា៖ «គោលបំណងទាមទារឲ្យប្រទេសថៃ បញ្ឈប់ការឈ្លានពានទៅលើប្រទេសកម្ពុជាជាបន្ទាន់ប្រទេសថៃ ត្រូវសងជំងឺចិត្តដល់កម្ពុជា ចំពោះការបំផ្លិចបំផ្លាញប្រាសាទបុរាណខ្មែរ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធ និងបំផ្លាញទៅដល់នៅទីតាំងជនស៊ីវិលជាច្រើនកន្លែងទៀត គោលបំណងមួយទៀត គឺជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែប្រញាប់រៀបចំប្ដឹងប្រទេសថៃទៅតុលាការអន្តរជាតិហ្នឹងសំខាន់ណាស់ អីចឹងហើយបានយើងអំពាវនាវឲ្យបងប្អូនខ្មែរនៅក្នុងប្រទេសន័រវេសនេះ ក៏ចូលរួមឲ្យបានច្រើនកុះករដើម្បីជាការលើកទឹកចិត្តទៅដល់វីរកងទ័ពខ្មែរ ទៅដល់ជនរងគ្រោះខ្មែរ ដែលកំពុងតែរងការទន្ទ្រានឈ្លានពានពីប្រទេសថៃ»។
ដែលការណ៍នេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំនៅប្រទេសន័រវេស លោក ម៉ែន ណាត អំពាវនាវឱ្យពលរដ្ឋខ្មែររស់នៅប្រទេសន័រវេស មេត្តាចូលរួមឱ្យបានច្រើនកុះករ ដើម្បីថ្កោលទោសយោធាថៃ និងដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គ្រួសារហ៊ុន ត្រូវតែពន្លឿនបញ្ជូនសំណុំរឿងព្រំដែន និងករណីបាញ់សម្លាប់ទាហាន និងពលរដ្ឋខ្មែរ ប្តឹងថៃទៅតុលាការអន្តរជាតិ ICJ និងតុលាការឧក្រិដ្ឋកម្មសង្រ្គាម ICC។
គួររំឮកថា គិតចាប់ពីថ្ងៃទី៧ ដល់ព្រឹកថ្ងៃទី១៩ ខែធ្នូនេះ មានចំនួន១៣ថ្ងៃហើយ ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅជួរមុខ តាមបន្ទាត់ព្រំដែន ដោយប្រើទាំងអាវុធធុនធ្ងន់ ទ័ពថ្មើរជើង និងប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់ រួមទាំងបាញ់ផ្សែងពុល តាមទំនើងចិត្តលើទឹកដីកម្ពុជា យ៉ាងតិច៥ខេត្តជាប់ព្រំដែន និងបានទម្លាក់គ្រាប់ ក្បែរជំរុំជនភៀសសឹក នៅភូមិសាស្ត្រស្ពានអូរជីក ព្រំប្រទេសស្រុកស្រីស្នំ ខេត្តសៀមរាប ដែលជាតំបន់អង្គរជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ការវាយប្រហារមកលើទឹកដីកម្ពុជាពីសំណាក់យោធាថៃ ក្នុងរយៈពេល១៣ថ្ងៃ គិតត្រឹមល្ងាចថ្ងៃទី១៦ ខែធ្នូនេះ បានបណ្តាលឱ្យជនស៊ីវិលខ្មែរ ១៨នាក់ ស្លាប់ និង ៧៩នាក់ រងរបួស ហើយជនភៀសសឹកកើនដល់ជិត ៤៤ម៉ឺននាក់។
ក្រៅពីនោះ យោធាថៃ ក៏បានប្រើប្រាស់អាវុធយុទ្ធភណ្ឌ និងយន្តហោះចម្បាំង F-16 បន្តវាយប្រហារទម្លាក់គ្រាប់ បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងប្រាសាទបុរាណខ្មែរផងដែរ៕









