មហាអំណាចចិន បាននិយាយនៅថ្ងៃទី១៨ ខែធ្នូនេះថា ការលក់អាវុធរបស់ខ្លួនឱ្យប្រទេសកម្ពុជា និងប្រទេសថៃកន្លងមក គឺមិនពាក់ព័ន្ធជាមួយនឹងជម្លោះព្រំដែន ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន រវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ ដែលទីក្រុងប៉េកាំងមានទំនាក់ទំនងជិតស្និទ្ធនោះទេ។
ប្រភពសារព័ត៌មាន ដឹស្ត្រេតថាមស៍ បានចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះថា ក្រសួងការពារជាតិចិន បាននិយាយក្នុងការឆ្លើយតបទៅនឹងរបាយការណ៍ថា ទាហានថៃបានរឹបអូសអាវុធដែលផលិតដោយចិនពីទីតាំងកម្ពុជា ខណៈដែលមានការប៉ះទង្គិចគ្នាតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយបានលើកឡើងថា ‘‘យើងសង្ឃឹមថា ភាគីដែលពាក់ព័ន្ធនឹងចៀសវាងការស្មានទុកជាមុន នឹងការផ្សាយបំភ្លើសដែលមានចេតនាមិនល្អ’’។
ក្រសួងបាននិយាយថា ទីក្រុងប៉េកាំង សង្ឃឹមថា ប្រទេសទាំងពីរ នឹងឈានដល់បទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបានបន្ថែមថា ប្រទេសចិននឹងបន្តតស៊ូមតិដើម្បីសន្តិភាពនិងការចរចា។
ការប៉ះទង្គិចតាមព្រំដែនរវាងថៃនិងកម្ពុជា បានបន្តឡើងវិញក្នុងខែធ្នូ ដោយបានសម្លាប់មនុស្សជាង ៤០នាក់ និងបានធ្វើឱ្យមនុស្សជាងកន្លះលាននាក់នៅក្នុងប្រទេសទាំងពីរផ្លាស់ទីលំនៅ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី ក្នុងការហៅតាមទូរស័ព្ទដាច់ដោយឡែកជាមួយសមភាគីថៃ និងកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងបានរិះគន់ ‘‘ព័ត៌មានមិនពិត’’ដែលលោកបាននិយាយថា មានគោលបំណងលាបពណ៌ដែលធ្វើឱ្យខូចខាតដល់ចំណងមិត្តភាពចិនជាមួយប្រទេសទាំងពីរ។
ប្រភពខាងលើថា ក្រសួងការបរទេសបានដកស្រង់សម្តី លោក វ៉ាង(Wang) ថាក្នុងនាមជាមិត្តនិងជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់កម្ពុជា និងថៃ ប្រទេសចិនមិនចង់ឃើញភាគីទាំងពីរ ចូលរួមក្នុងជម្លោះប្រដាប់អាវុធឡើយ ហើយមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋស៊ីវិលដែលបណ្តាលមកពីការប៉ះទង្គិចគ្នា៕









