សហមេធាវី និងកូនស្រីលោក កឹម សុខា ព្រមទាំងបញ្ញវ័ន្តខ្មែរមួយចំនួន បានជំរុញឱ្យរដ្ឋាភិបាល និងតុលាការ អនុវត្តរដ្ឋធម្មនុញ្ញត្រង់ចំណុចផ្សះផ្សាជាតិ ដើម្បីជំរុញចរន្តរួបរួមជាតិកាន់តែខ្លាំង ខណៈថៃកំពុងបង្កើនសង្គ្រាមឈ្លានពានដ៏កម្រោលកាន់តែខ្លាំងមកលើកម្ពុជា បណ្តាលឱ្យស្លាប់ និងរបួសជនស៊ីវិលរាប់សិបនាក់ និងមានជនភៀសសឹកកើនឡើងរាប់សែននាក់។
សហមេធាវីលោក កឹម សុខា គឺលោក ផែង ហេង បានលើកឡើងនៅថ្ងៃទី១៩ខែធ្នូនេះថា «ខ្មែរល្មមអនុវត្តរដ្ឋធម្មនុញ្ញ ត្រង់ចំណុចផ្សះផ្សាជាតិ និងឯកភាពជាតិហើយ។
នៅក្នុងបុព្វកឋានៃរដ្ឋធម្មនុញ្ញកម្ពុជា បានសរសេរថា «យើងប្រជារាស្ត្រខ្មែរដែលធ្លាប់មានអរិយធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភធំទូលាយ ថ្កុំថ្កើង រុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ក្នុងអំឡុង២ទសវត្សរ៍ចុងក្រោយនេះ។
ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ ទ្រុឌទ្រោម ឱនថយ មហាសោកស្តាយ បានភ្ញាក់រឭកក្រោកឈរឡើងចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិរក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជាកោះសន្តិភាពឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្សគោរពច្បាប់ ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើង រីកចម្រើនលូតលាស់ សម្បូររុងរឿងជានិរន្តរ៍»។
ប៉ុន្តែយ៉ាងណាក្តី ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយគ្រួសារហ៊ុន ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិលើកឡើងថា បានរំលោភរដ្ឋធម្មនុញ្ញដោយរំលាយប្រព័ន្ធដឹកនាំរដ្ឋ តាមបែបប្រជាធិបតេយ្យ ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ និងចាប់លោក កឹម សុខាប្រធានគណបក្សឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ គប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីចុងឆ្នាំ២០១៧។ បើទោះបីជាសហរដ្ឋអាមេរិក បានបដិសេធបទចោទនេះក្តី ក៏តុលាការកម្ពុជាដែលត្រូវបានគេដឹងឮយ៉ាងទូលំទូលាយថា ជាឧបករណ៍បម្រើនយោបាយឱ្យ លោក ហ៊ុន សែន នៅតែបន្តផ្តន្ទាទោស លោកកឹម សុខាឱ្យជាប់ឃុំរហូតដល់២៧ឆ្នាំ។ សាលាឧទ្ធរណ៍ បានបន្តពន្យាពេលសវនាការរឿងក្តីរបស់លោកជាច្រើនលើក ដោយអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលកំពុងកាន់អំណាចពេញណែននៅក្នុងដៃ បានថ្លែងកាលពីពេលកន្លងមក ហើយសម្តីរបស់លោកត្រូវបានសហមេធាវីលោក កឹម សុខា ធ្វើការចែកចាយជាបន្តបន្ទាប់ដើម្បីរំឭកពីសំណុំរឿងក្តី«អយុត្តិធម៌»របស់លោក កឹម សុខា ដែលត្រូវបានតុលាការអូសបន្លាយពេលជិត១០ឆ្នាំមកហើយនេះ។ លោក កើត រិទ្ធ និយាយថា រឿងក្តីមួយដែលត្រូវការពេលវេលាដោះស្រាយយូរពេកយូររហូតដល់គេភ្លេចរឿងក្តីនោះ មានន័យថា វាស្មើនឹងអយុត្តិធម៌សម្រាប់គេទៅហើយ។ ដូច្នេះដាក់ពាក្យបណ្តឹង១ទាមទារមួយ ១០ឆ្នាំក្រោយបានដោះស្រាយចប់ យើងនិយាយពីយុត្តិធម៌យ៉ាងម៉េចកើត។
លោក សុក សំអឿន ទីប្រឹក្សាច្បាប់នៃមេធាវីអមរិន្ទ បានបដិសេធធ្វើអត្ថាធិប្បាយលើសំណុំរឿងក្តី លោក កឹម សុខា ដោយថ្លែងយ៉ាងខ្លីថា៖ «មិនខមិនទេ ទុកឱ្យរាស្ត្រវិនិច្ឆ័យចុះ»។
កញ្ញា កឹម មនោវិទ្យា កូនស្រីលោកកឹម សុខា លើកឡើងថា ប្រសិនបើរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ចង់ឃើញមានការបង្រួបបង្រួមជាតិ ដូចអ្វីដែលខ្លួនតែងតែនិយាយ នោះមិនគួរណាបន្តរក្សាការចោទប្រកាន់លើឪពុករបស់នាង និងសកម្មជននយោបាយ និងសកម្មជនសង្គមដទៃទៀតនោះទេ។
កញ្ញាបានថ្លែងតាមរយៈបទសម្ភាសន៍ជាមួយវិទ្យុបារាំង កាលពីថ្ងៃទី១៨ខែធ្នូថា ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍អន្តរជាតិ គឺទាមទារចង់ឃើញមានការបង្រួបបង្រួមជាតិពិតប្រាកដ ជាពិសេសចង់ឃើញមានការទម្លាក់ចោលការចោទប្រកាន់ទៅលើករណីឪពុករបស់នាង ដែលសហគមន៍អន្តរជាតិ បានទាមទារជិត១០ឆ្នាំមកហើយ។
កញ្ញាថា៖ «រឿងក្តីរបស់ឪពុកខ្ញុំបានប្រព្រឹត្តឡើងមកជិត១០ឆ្នាំមកហើយ ហើយតុលាការអត់មានភស្តុតាងអីជាក់លាក់ ភស្តុតាងអីជាក់ស្តែងទាំងអស់ ដើម្បីចោទប្រកាន់គាត់ ប៉ុន្តែនៅតែទុកករណីនេះ ពន្យារហូតមកដល់ពេលនេះ។ អ៊ីចឹងវាល្មមដល់ពេលដោះស្រាយបញ្ហានេះហើយ ទាំងប្រជាពលរដ្ឋខ្មែរ ទាំងអន្តរជាតិគេចង់ឃើញឱ្យយើងរួបរួមគ្នា គេចង់ឃើញឱ្យយើងឈប់មួលបង្កាច់គ្នា ទន្ទឹមដែលកម្ពុជាកំពុងតែទទូចទៅសហគមន៍អន្តរជាតិ ឱ្យជួយអន្តរាគមន៍រឿងបញ្ហាព្រំដែនជាមួយថៃនេះ។ ហេតុអ្វីដែលកម្ពុជាខ្លួនឯងមិនអាចធ្វើបាននូវអ្វីដែលសហគមន៍អន្តរជាតិគេស្នើ ពាក់ព័ន្ធករណីឪពុករបស់ខ្ញុំ។ បើយើងនិយាយមែនទែនទៅ បើយើងពឹងអន្តរជាតិ ទាល់តែយើងជឿជាក់លើគេ ហើយបើយើងជឿជាក់លើគេ ហេតុអីបានជាយើងមិនអាចធ្វើតាមសំណូមពររបស់គេបាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី១៤ខែធ្នូថា លោកមានមោទកភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរ ក្នុងកាលៈទេសៈដែលប្រទេសជាតិយើង កំពុងជួបប្រទះនឹងការលំបាក ដោយសារការឈ្លានពានពីប្រទេសជិតខាង។
លោកបន្តថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរ នៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។
បើតាម កញ្ញា កឹម មនោវិទ្យា លោក កឹម សុខា ក៏ដូចជាប្រជាជាតិខ្មែរគ្រប់រូបដែរ គឺមានការឈឺចាប់ខ្លាំង និងមានការតក់ស្លុត ពីព្រោះការវាយប្រហាររបស់ថៃមកលើកម្ពុជាលើកនេះ មានសភាពធ្ងន់ធ្ងរខ្លាំងបើប្រៀបធៀបកាលពីលើកមុនៗ ដូច្នេះហើយអតីតប្រធានគណបក្សសង្រ្គោះជាតិ គាត់មានក្តីព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពរបស់កងទ័ពជួរមុខ និងប្រជាពលរដ្ឋ រួមទាំងសុវត្ថិភាពរបស់ប្រទេសកម្ពុជាទាំងមូល។
កញ្ញាបញ្ជាក់ថា ប្រសិនបើនៅពេលនេះ លោក កឹម សុខា មានសេរីភាពពេញលេញ គាត់នឹងចេញទៅជួយប្រជាពលរដ្ឋភៀសសឹក ហើយលើសពីនេះទៀត គាត់ក៏អាចជួយប្រទេសកម្ពុជា ក្នុងការធ្វើការតស៊ូមតិនិងបញ្ហាការទូតមួយចំនួន ទាក់ទងនឹងការរំលោភបំពានរបស់ថៃមកលើកម្ពុជាផងដែរ។
កញ្ញាថ្លែងថា៖ «នាងខ្ញុំរំភើបខ្លាំងណាស់ ឃើញប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ទាំងក្នុងនិងក្រៅប្រទេស និងគ្រប់និន្នាការនយោបាយទាំងអស់ យើងឃើញថា ពិតជាបានរួបរួមគ្នាមែនចាប់តាំងពីខែ៧មកម្ល៉េះ។ តែផ្ទុយទៅវិញ យើងអត់ឃើញថា ភាគីកាន់អំណាចហ្នឹង គាត់អត់ឃើញមករួបរួមជាមួយខាងពួកយើងខ្ញុំទេ។ យើងឃើញមានការលើកឡើងតែទង្វើ ជាក់ស្តែងយើងអត់ឃើញ។ អ៊ីចឹងហើយឥឡូវខ្ញុំសំណូមពរឱ្យពួកគាត់បង្ហាញឆន្ទៈពិតប្រាកដ តាមទង្វើមិនមែនតាមសម្តីទេ។ ការចោទប្រកាន់មកលើឪពុករបស់ខ្ញុំនេះត្រូវបានសហគមន៍អន្តរជាតិទាំងមូល លើកឡើងថា ជាការមួលបង្កាច់ដោយគ្មានមូលដ្ឋាន។ ទន្ទឹមយើងទៅពឹងសហគមន៍អន្តរជាតិ ក្នុងករណីថៃ ហេតុអ្វីយើងមិនយកសំណើររបស់គេ ពាក់ព័ន្ធនឹងបញ្ហាឪពុកខ្ញុំក្តី ឬបញ្ហាប្រជាធិបតេយ្យក្តី យកមកពិចារណាផង។ ដូច្នេះហើយខ្ញុំឃើញថា រឿងនឹងក៏វាប៉ះពាល់ដល់ការតស៊ូមតិរបស់កម្ពុជា ទៅលើបញ្ហាព្រំដែនផងដែរ ពីព្រោះគេមើលឃើញថា កម្ពុជាពុំមានឆន្ទៈក្នុងការដោះ ស្រាយបញ្ហាផ្សេងៗទៀត»។
បន្ទាប់ពីតុលាការបានលើកពេលសវនាការ លោក កឹម សុខា ជាថ្មីទៀត លោកសេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានលើកឡើងថា មេដឹកនាំនយោបាយកម្ពុជានៃគណបក្សប្រជាជនកម្ពុជា ចាត់ទុក «ច្បាប់» ដូចកុងតាក់ភ្លើង ចង់បិទ ចង់បើកតាមទំនើងចិត្ត រួចចង់ឲ្យពលរដ្ឋជឿលើការដឹកនាំរបស់ពួកគេតើអាចទៅរួចទេ?។ លោកបន្តថា មិនដឹងមានពលរដ្ឋប៉ុន្មាននាក់ជឿទេ ប៉ុន្តែសម្រាប់រូបលោកវិញគ្មានជំនឿទេ។
លោកថ្លែងថា ការពន្យារពេលសវនាការសំណុំរឿងរបស់លោក កឹម សុខា ជាថ្មីទៀត ស្តែងឲ្យឃើញពីការស្រឡាញ់អំណាចរបស់ឥស្សរជនគណបក្សកាន់អំណាច ជាពិសេស លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាងការតម្កល់ផលប្រយោជន៍ជាតិ និងការកសាងសាមគ្គីភាពជាតិជាធំ។
លោក នី សុខា ប្រធានសមាគមអាដហុក បានថ្លែងថា មកដល់ពេលនេះ លោកអត់ទាន់មានឃើញសញ្ញាណាមួយ ដែលរដ្ឋាភិបាលមានការរៀបចំដំណើរការក្នុងការផ្សះផ្សា ឬក៏រៀបចំឱ្យមានការដោះស្រាយវិបត្តិនយោបាយ ដោយចាប់ផ្តើមឱ្យមានការដោះលែងអ្នកទោសមនសិការ ដែលកំពុងជាប់ឃុំជិត១០០នាក់នោះនៅឡើយទេ។
លោកថា នៅក្នុងឆ្នាំ២០២៦ កម្ពុជាក៏នឹងនៅតែជួបការលំបាកដូចឆ្នាំ២០២៥ និងឆ្នាំកន្លងមកដែរ បើគណបក្សកាន់អំណាចនៅតែមិនបានធ្វើកំណែទម្រង់ឱ្យបានល្អ ដើម្បីបង្ហាញពីការលើកកម្ពស់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យទេនោះ។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសរសេរលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា នៅចំពោះមុខបញ្ហាជម្លោះព្រំដែនជាមួយថៃតជំនាន់ ដែលនឹងបន្តអូសបន្លាយយូរអង្វែងតទៅមុខទៀត ដែលមិនដឹងអាចបញ្ចប់បាននៅពេលណានេះ កម្ពុជាត្រូវមានជំហរច្បាស់ និងត្រូវចេះប្តេជ្ញាចិត្តច្បាស់។ ជំហរច្បាស់ គឺយល់ដឹងថា ពលិកម្ម ក្តីក្លាហាន និងភាពធន់របស់កងទ័ពកម្ពុជានៅខាងមុខ ត្រូវតែជំរុញជនរួមជាតិនៅខាងក្រោយ ឱ្យចេះនិងចង់ពង្រឹងឯកភាពជាតិឱ្យរឹងរឹតតែមាំនិងខ្លាំង។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីថា ក្នុងស្ថានភាពកម្ពុជា កំពុងទទួលរងការឈ្លានពានយ៉ាងគឃ្លើនពីសំណាក់ប្រទេសថៃនេះ ពលរដ្ឋខ្មែរគ្រប់ទិសទី ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកចិត្តទូលាយ ក្នុងការបង្រួមបង្រួម ឯកភាពជាតិខ្មែរ វាជារឿងសំខាន់ណាស់ ដែលជាស្មារតី ក្នុងការការពារជាតិ និងបូរណភាពទឹកដី ទប់ទល់ការរំលោភឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។
លោកថា៖ «ពេលនេះ គឺជាពេលដែលប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីជុំវិញពិភពលោក រួបរួមគ្នាសាមគ្គីគ្នាប្រឆាំងនឹងការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ស្មារតីនេះ សំខាន់ណាស់ វាស្របនឹងស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជាផង ហើយវាស្របនឹងទឹកចិត្តរបស់ប្រជាពលរដ្ឋដែលចង់បានផង។ ម្ល៉ោះហើយរដ្ឋាភិបាលកម្ពុជាមិនត្រូវបង្អែរបង្អង់យូរទេ គួរតែប្រញ៉ាប់ប្រញ៉ាលសម្រួលដោះលែង លោក កឹម សុខា រួមទាំងដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ ឱ្យពួកគាត់មានសេរីភាពឡើងវិញ ហើយជាការរួមចំណែកទៅដល់ការលើកទឹកចិត្តដល់ជនភៀសសឹកខ្មែររាប់សែននាក់ ព្រមទាំងកងទ័ពខ្មែរជួរមុខក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ថៃ នេះជាអ្វីដែលប្រជាពលរដ្ឋខ្មែរចង់បាន»។
អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានលើកយកមកពិភាក្សាគ្នាលើករណីបន្តឃុំខ្លួនអតីតមេបក្សប្រឆាំង ដោយថា ខ្មែររកច្រកឯកភាពជាតិមិនបាន ចំពេលចោរថៃឈ្លានពានយ៉ាងកំរោល។ ពួកគេថា ការអូសបន្លាយរឿងក្តីរបស់ លោក កឹម សុខា រហូតដល់ជិត១០ឆ្នាំទៅហើយនេះ គឺពិតជាការបដិសេធយុត្តិធម៌ដោយចេតនា។
អ្នកវិភាគឯករាជមួយចំនួន លើកឡើងថា លោក ហ៊ុន សែន ទំនងជាមិនដោះលែង លោក កឹម សុខា និងអ្នកនយោបាយប្រឆាំងដទៃទៀតឡើយ បើរដ្ឋាភិបាលគ្រួសារហ៊ុននៅអាចទប់ខ្លួនបានដូចបច្ចុប្បន្ន ពីព្រោះការរំលាយគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៧ មិនមែនធ្វើឡើងដោយសារតែគណបក្សដែលមានប្រជាពលរដ្ឋគាំទ្រជិតកន្លះប្រទេសនេះ ប្រព្រឹត្តអ្វីខុសច្បាប់ ដូចអ្វីដែលតុលាការរបស់ លោក ហ៊ុន សែន បានចោទប្រកាន់នោះឡើយ ប៉ុន្តែមកពីសន្ទុះសំឡេងគាំទ្រគណបក្សសង្គ្រោះជាតិ នៅតែបន្តកើនឡើងយ៉ាងខ្លាំង បើទោះបីជាលោក ហ៊ុន សែន បានកម្ចាត់ លោក សម រង្ស៊ី ចេញពីប្រធានគណបក្សហើយលោក កឹម សុខា បានឡើងធ្វើជាប្រធានបក្សក៏ដោយ។ ហេតុដូច្នេះប្រសិនបើលោក ហ៊ុន សែន បើកឱ្យក្រុមអ្នកនយោបាយប្រឆាំងរស់ឡើងវិញ វាស្មើនឹងបំផ្លាញមហិច្ឆតាក្តោបអំណាចតពូជរបស់គ្រួសារហ៊ុនរបស់លោក។ ប៉ុន្តែទោះយ៉ាងណា លោក ហ៊ុន សែន អាចនឹងព្រមបន្ធូដៃ បើមានសម្ពាធខ្លាំងពីពលរដ្ឋខ្មែរ៕









