ថៃបន្តប្រើយន្តហោះ​ចម្បាំង នាវា​ចម្បំាង គ្រាប់​បែក​ចង្កោម ផ្សែង​ពុល​ឈ្លាន​ពាន​កម្ពុជា

ក្រសួង​ការ​ពារ​ជាតិ​ក​ម្ពុជា និយាយ​ថា នៅ​ថ្ងៃ​សុក្រ​នេះ យោធា​ថៃ នៅ​តែ​បន្ត​ប្រើ​អាវុធ​ធុន​ធ្ងន់​កម្រិត​បំផ្លាញ​ខ្ពស់ ដូចជា នាវា​ចម្បាំង យន្ត​ហោះ​ចម្បាំង គ្រាប់​បែក​ចង្កោម ផ្សែង​ពុល ឈ្លាន​ពាន​កម្ពុជា ចំនួន​១៣​ថ្ងៃ​ម​ក​នេះ រំលោភ​ច្បាប់​អន្តរ​ជាតិ ហើយ​ទម្លាក់​កំហុស​ដាក់​កម្ពុជា ដើម្បី​បិទ​បាំង​មហិច្ឆតា​ឈ្លាន​ពាន។

អ្នកនាំពាក្យក្រសួងកា​រពា​រជាតិ អ្នក​ស្រី ម៉ាលី សុជាតា ឱ្យ​ដឹង​ថា គិត​ពីម៉ោ​ង​៥ល្ងា​ច​ថ្ងៃទី​​១៨ខែ​ធ្នូ រហូត​ដល់​ព្រឹក​ម៉ោង​៧​ថ្ងៃ​ទី​១៩ ខែ​ធ្នូនេះ​ យោធា​ថៃ នៅ​តែ​ប្រើ​អាវុធ​​ធុន​ធ្ងន់ កម្រិត​បំផ្លាញ​ខ្ពស់ បាញ់​ស្រោច​មក​លើ​អធិប​តេ​យ្យ​​​កម្ពុជា មក​លើខេ​ត្ត​មួយ​ចំនួន​ជាប់​ព្រំដែន ដូច​ជា ខេត្ត​ឧត្តរ​មាន​ជ័យ ព្រះ​វិហារ បន្ទាយ​មាន​ជ័យ​ និង​​ពោធិ៍​សាត់ ជាដើម ។

អ្នកស្រីថា យោធាថៃ​ បាន​​បាញ់​កាំភ្លើង​ធំ ចេញ​ពី​នាវា​ចម្បាំង ផ្លោង​ចូល​ភូមិ​សាស្ត្រថ្ម​ដា អូរ​ភ្លុក​ដំរី ខេត្ត​ពោធិ៍​សាត់ និង​បាញ់​ផ្លោង​ចូល​ភូមិ​ព្រៃ​ចាន់ ខេត្ត​បន្ទាយ​មាន​ជ័យ។ ក្រៅពី​នេះ​ យោធា​ថៃ​​បាន​បាញ់ផ្លោ​ង​ចូល​ប្រាសាទ​តាមាន់​ធំ និង​ដំណាក់​ស្តេច ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ទីតាំង​មួយ​ចំនួន​ទៀត។

សម្រាប់កម្ពុជា ទង្វើឈ្លានពានទាំងកំរោល​នេះ ថៃ​បាន​រំលោភ​ច្បាប់​អន្តរ​ជាតិ បង្ក​គ្រោះ​ថ្នាក់​ដល់​ជន​ស៊ី​វិលខ្មែរ​ស្លាប់ និង​របួស​កើត​ឡើង​ខ្ពស់ ដែល​គិត​ត្រឹម​ថ្ងៃទី​១​៨​ខែ​ធ្នូនេះ​ ជន​ស៊ីវិល​ខ្មែរ​ស្លាប់​កើន​ឡើង​ដល់​១៨នាក់ និង​របួស​កើន​ដល់​៧៩​នាក់។

លើសពី​នេះ កម្ពុជា ទាម​ទារ​ឱ្យ​ថៃ​បញ្ឈប់​ការ​ផ្សាយ​ព័ត៌​មាន​មិន​ពិត ក្នុង​ចេតនា​បង្វែរ​ការ​ចាប់​អារម្មណ៍ អំពី​ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ ទម្លាក់​កំហុស​មក​លើ​កម្ពុជា ដើម្បី​យក​លេស​បង្កើន​ភាព​តាន​តឹង បិទ​បាំង​មហិច្ឆតា​ឈ្លាន​ពាន​កម្ពុជា។

អ្នកស្រីថា៖ «ទង្វើឈ្លានពានរបស់កម្ពុជាដ៏​ឃោរឃៅ រួម​ទាំង​ប្រើប្រាស់​អាវុធ​យុទ្ធោបរណ៍​ និង​មាន​កម្រិត​បំផ្លាញ​ខ្ពស់​ ដូច​ជា​ យន្ត​ហោះ​ចម្បាំង នាវា​ចម្បាំង កាំភ្លើង​ធំ​គ្រប់​ប្រភេទ គ្រាប់​បែក​ចង្កោម ផ្សែង​ពុល ដ្រូន គ្រប់​ប្រភេទ និង​អាវុធ​ធុន​ធ្ងន់​ជា​ច្រើន​ទៀត វាយ​ប្រហារ​មក​លើ​កម្ពុជា ជាពិសេស​លើ​ជន​ស៊ីវិល​ស្លូត​ត្រង់​ និង​បេតិក​ភណ្ឌ​ដែល​ជា​សម្បត្តិ​មនុស្ស​ជាតិ»

កម្ពុជាសង្កត់ធ្ងន់ថា ទង្វើនេះ បញ្ជាក់យ៉ាង​ច្បាស់​ថា ថៃ​គឺ​ជា​រដ្ឋ​បំពាន​ច្បាប់​អន្តរ​ជាតិ ថៃ​ជា​រដ្ឋ​បំផ្លាញ​សន្តិភាព និង​សន្តិ​សុខ ក្នុង​តំបន់​ទាំង​មូល ដើម្បី​លេប​ទឹក​ដី​ខ្មែរ ជា​ប្រទេស​តូច​ជាង​ខ្លួន មិន​ចេះឆ្អែ​ត​ឆ្អន់។

យ៉ាងនេះក្តី កម្ពុជាអះអាងថា មកទល់ពេលនេះ កង​កម្លាំង​របស់​កម្ពុជា នៅ​បន្ត​ឈរ​ជើង​យ៉ាង​រឹង​មាំ គ្រប់​សមរភូមិ និង​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ ប្រឆំាំង​នឹង​សត្រូវ​ឈ្លាន​ពាន ដើម្បី​ការ​ពារ​ទឹក​ដី។

កាលពីថ្ងៃម្សិលមិញ ក្រសួងថា យោធាថៃបា​ន​បាញ់​ស្រោច​ទៅ​លើភូ​មិ​សាស្ត្រ​ប្រាសាទ​តាក្រ​បី ប្រាសាទ​តាមាន់​ធំ ប្រាសាទ​​ព្រះវិ​ហារ ភូមិ​ចម្ការ​ចេក អូរ​ភ្លុក​ដំរី និង​ទីតាំង​ផ្សេង​ទៀត។

យ៉ាងណា ក្រុមអ្នកតាមដានជម្លោះព្រំដែននេះ ផ្តល់យោបល់ថា ដើម្បី​ទប់​ស្កាត់​មហិច្ឆតា​ឈ្លាន​ពាន​របស់​ថៃ​ និ​​​ងទប់​ស្កាត់​ការ​បង្ហូរ​ឈាម​គ្នា​រយៈ​ពេល​យូរ ក្រៅ​ពី​ប្រើ​សិទ្ធិ​ការ​ពារ​ខ្លួន កម្ពុជា​ចាំបាច់​ត្រូវ​ប្តឹង​ថៃ​ទៅតុ​​លាការ​យុត្តិធ​ម៌​អន្តរ​ជាតិ​(ICJ) និង​តុលាការ​ព្រហ្មទ​ណ្ឌអ​ន្តរ​ជាតិ​(ICC) រួម​ទាំង​ប្តឹង​ទៅ​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀងស​ន្តិភា​​​ព​ទីក្រុង​ប៉ារីស​ឱ្យ​កោះ​ប្រជុំ​បន្ទាន់ ទើប​អាច​ទប់​ស្កាត់​បាន។

ពួកគេសំអាងថា ប្រទេសថៃបានចិញ្ចឹមចិត្តឈ្លានពានដែលអធិបតេយ្យ​កម្ពុជា ច្រើន​ទសវត្សរ៍​មក​ហើយ​។ ហើយ​ថា​ពួក​គេ​នឹង​មិន​បញ្ជប់​ត្រឹម​នេះ បើ​កម្ពុជា​មិន​ប្រើ​ច្បាប់​អន្តរ​ជាតិ​ដែល​កម្ពុជា​មាន ដើម្បី​ទប់​ទល់​នឹង​មហិច្ឆតា​ឈ្លាន​ពាន​នេះ​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ