ថៃថាអាមេរិកបង្កើន​សម្ពាធឱ្យគោរព​បទឈប់បាញ់​ខណៈ​កម្ពុជា​ថា​ថៃ​ជាអ្ន​កឈ្លា​ន​ពាន

កាសែត​ថៃ​បាន​ទ​ម្លា​យ​ឱ្យដឹ​ង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សហរដ្ឋ​អាមេរិក​បាន​បង្កើន​​សម្ពាធ​ឱ្យ​រដ្ឋាភិ​បាល​ខ្លួន​គោរព​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​នានា ដែល​បាន​សម្រប​សម្រួល​ដោយ​អាស៊ាន ខណៈ​កម្ពុជា​អះ​អាង​ថា​ថៃ​បាន​បំ​ពា​​ន​ច្បាប់​អន្តរ​ជាតិ រំលោភ​បទ​ឈប់​បាញ់ ហើយ​បើក​ការ​ឈ្លាន​ពាន​កម្ពុជា​យ៉ាង​កំរោល​​ជា​ថ្មីទៀត​ចំនួន​១៣​​​ថ្ងៃ​មក​នេះ បង្ក​ឱ្យជ​នស៊ី​វិល​ខ្មែរ​ស្លាប់និ​ងរ​បួសកើ​ន​ឡើង ។

នៅថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ​២០២​៥នេះ​ សារព័ត៌មាន​ថៃ ខាវសុត បានដកស្រង់​សម្តី​រដ្ឋមន្រ្តី​ក្រសួង​ការ​បទេស​ថៃ លោក​ សីហាស័ក្តិ ភុងកេតកែវ ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio បាន​ខល​ទូរ​ស័ទ្ទ​ផ្ទាល់ជំ​រុញ​ឱ្យ​ភាគី​ថៃ​ត្រូវ​វិល​ទៅរ​ក​តុ​ចរចា អនុវត្ត​នូវ​បទ​ឈប់​បាញ់​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ា​ឡេស៊ី។

ប្រភពថា រដ្ឋមន្រ្តីការបរទេសថៃ លោក សីហាស័ក្តិ និយាយថា សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ភា​គី​ថៃ​ ត្រូវ​ត្រឡប់​ទៅអ​នុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​គូឡាឡាំ​ពួ​ឡើង​វិញ ដើម្បី​សន្តិភាព​និង​ស្ថេរភាព​ក្នុង​តំបន់។

ប្រភពនិយាយក្នុងសម្តីដើមថា៖ «ខ្ញុំបានទទួលទូរស័ទ្ទផ្ទាល់​ពី លោក Marco Rubio រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ជំរុញ​ភាគី​ថៃ​យើង​ត្រូវ​តែ​ត្រឡប់​ទៅ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភា​ព​នៅ​គូឡា​ឡាំពួ​ឡើង​វិញ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង និង​ដើម្បី​ស្តារ​សន្តិភាព ស្ថេរភាព»

យ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា និយាយនៅ​ថ្ងៃ​ទី១​៩​ខែ​​​ធ្នូ​​នេះ ថា យោធា​ថៃ​ នៅ​តែ​បន្ត​ប្រើ​អាវុធ​ធុន​ធ្ងន់​កម្រិត​បំផ្លាញ​ខ្ពស់ ដូច​ជា នាវា​ចម្បាំង យន្ត​ហោះ​ចម្បាំង គ្រាប់​បែក​ចង្កោម ផ្សែង​ពុល ឈ្លាន​ពាន​កម្ពុជា ចំនួន​១៣​ថ្ងៃ​មក​នេះ រំលោភ​ច្បាប់​អន្តរ​ជាតិ ហើយ​ទម្លាក់​កំហុស​ដាក់​កម្ពុជា ដើម្បី​បិទ​បាំង​មហិច្ឆតា​ឈ្លាន​ពាន។

អ្នកស្រីថា៖ «ទង្វើឈ្លានពានរបស់កម្ពុជាដ៏​ឃោរឃៅ រួម​ទាំង​​​ប្រើប្រាស់​​អាវុធ​​យុទ្ធោ​បរណ៍​ និង​​មាន​កម្រិត​បំផ្លាញ​​ខ្ពស់​ ដូច​​ជា​ យន្ត​ហោះ​​ចម្បាំង នាវា​​ចម្បាំង កាំភ្លើង​ធំ​គ្រប់​ប្រភេទ គ្រាប់​​បែក​​ចង្កោម ផ្សែង​​ពុល ដ្រូន គ្រប់​​​ប្រភេទ និង​អាវុធ​ធុន​ធ្ងន់​ជា​ច្រើន​ទៀត វាយ​​ប្រហារ​មក​លើ​កម្ពុជា ជាពិសេស​​លើ​ជន​ស៊ីវិល​​​ស្លូត​ត្រង់​ និង​បេតិក​ភណ្ឌ​​​ដែល​ជា​​សម្បត្តិ​​មនុស្ស​​ជាតិ»

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់VODថា សហរដ្ឋអាមេរិក​កំពុង​តែ​មើល​ឃើញ​ថា អ្នក​ដែល​បង្ក​សង្រ្គាម​ពិត​ប្រាកដ គឺ​ភាគី​ថៃ ព្រោះថៃបានប្រើអាវុធទំនើបៗដើម្បីឈ្លានពាន។

លោកបន្តថា មូលហេតុដែលរដ្ឋមន្រ្តីការបទេសអាមេរិក លោក Marco Rubio ខល​ទៅរ​ដ្ឋម​ន្រ្តី​ការ​បទេស​ថៃ ព្រោះ​ភា​គី​​ថៃ​​ជា​អ្ន​ក​ប្រ​កាស​​លុប​ចោល​កិច្ច​ព្រម​ព្រៀង​​សនិ្តភាព​​នៅ​ទីក្រុង​គូឡា​ឡាំពួ​មុន។ លោក​ថា ទង្វើ​ឈ្លាន​ពានរ​បស់​ថៃនេះ​ ត្រូវ​បាន​អន្តរ​ជាតិ រួម​ទាំង​អាមេរិក​មើល​ឃើញ​ថា ជា​ចេតនា​ឈ្លាន​ពាន​និង​ធ្វើបា​បក​ម្ពុជា​ដែល​ជាប្រ​ទេស​ទន់​ខ្សោយ​ជាង​ខ្លួន។

លោកថា៖ «អាមេរិកគេដឹងថា ថៃជាអ្នកផ្ដើមធ្វើសង្គ្រាមមុន ថៃឈ្លា​ន​ពាន​កម្ពុជា ​ហើយ​​អ្នក​ដែល​ចង់​លុប​ចោល​សេច​ក្ដី​ប្រកាស​រួម​នៅ​ម៉ាឡេ​ស៊ី​ហ្នឹង​ក៏​ថៃ ជា​អ្នក​ប្រកាស​ជាសា​ធារណៈ​ផង​ដែរ ហើយ​មួយ​ទៀត​ គេយល់​ថា កម្ពុជា​យើង​ធ្លាប់​ជួប​ប្រទះ​នូវ​សង្គ្រាម​ស៊ីវិល​ជា​ច្រើ​ន​ទសវត្សរ៍ ហេតុ​ដូច្នេះក​ម្ពុជា​មិន​ចង់​មាន​សង្គ្រាម​នោះ​ទេ ដូច្នេះ​មិន​អាច​លាក់​បាំង​អាមេរិក ឬ​ក៏ពិភព​លោក​បាន​នោះ​ទេ ដែល​ថៃ​បង្ក​សង្គ្រាម​មុន​ដែល​ចាប់​ផ្ដើម​បាញ់​ប្រហារ​មុន​មក​លើ​ភាគី​កម្ពុជា»។

នាយក​​កម្ម​វិធី​តស៊ូ​មតិ​របស់​អង្គ​ការ​​ប្រជា​ធិប​​​តេយ្យ​​​ខ្មែរ​​​​​នៅ​​អូស្ត្រាលី លោក សេង វណ្ណ​លី និយាយ​ថា ជាការ​ពិត ក្នុង​កិច្ច​ព្រម​ពៀង​សន្តិភា​ព​នៅគូ​ឡា​ឡាំពួ មាន​ហត្ថ​លេខា លោក ត្រាំ ដូច្នេះ​បើ​ថៃ​មិន​គោរព​ ហើយ​​បន្ត​បាញ់​ប្រហារ​លើក​ម្ពុជា មាន​ន័យ​ថា ថៃ​កំពុង​មើល​ងាយ​សហរដ្ឋ​អាមេរិក។

លោកថា នេះមិនមែនជាលើកទី១ទេ​ ដែលអាមេរិកជំរុញ​ឱ្យ​ភាគី​ថៃ​គោរព​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ ខណៈ​ប៉ុន្មាន​​សប្តាហ៍​មុន លោក ត្រាំ ក៏​បាន​ខល​ទូរស័ទ្ទ​ទៅ​នាយករដ្ឋ​មន្រ្តី​ថៃ លោក អនុទីន ម្តង​ហើយ ជំរុញ​ឱ្យ​ថៃ​គោរព​បទ​ឈប់​បាញ់ និង​កិច្ច​ព្រម​ព្រៀង​នានា​ ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី។

លោកបន្តថា ក្រោយចប់សន្ទានាជាមួយលោក អនុទីន លោក ត្រាំ​ ក៏បាន​ផុស​ក្នុង​បណ្តាញ X របស់​លោក​ថា ករ​ណីទា​ហាន​ថៃ​ជាន់​មីន​ដាច់​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា គឺ​ជា​រឿង​ឧទ្ទវហេតុ​ប៉ុណ្ណោះ។

លោកថា៖ «សហរដ្ឋអាមេរិក ក្រោយ​អំពី​ការ​ដាក់​សម្ពាធ​តាម​រយៈ​ការ​បញ្ចេញ​សារ​របស់​លោក​រដ្ឋ​មន្ត្រី​ការបរទេស និ​ងកា​រ​ហៅ​ទូរស័ព្ទ​របស់​លោក​ ដូណាល់ ត្រាំ កាល​ពី​ថ្មី​ៗ​នេះ អាស្រ័យ​ទៅ​លើ​យន្ត​ការ​ច្បាស់​លាស់​ ថាតើ​បើ​សិន​ជា​ថៃនៅ​តែ​ប​ន្ត​សកម្ម​ភាព​គឃ្លើន ហើយ​នឹង​ប្រើក​ម្លាំង​ក្នុង​ការ​រំលោភ​បំពាន​លើ​ដែន​អធិប​តេយ្យ​កម្ពុជា ហើយ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​ដោយ​ឈរ​ទៅ​លើយ​ន្តកា​រស​ន្តិវិ​ធី តើ​សហរដ្ឋ​អាមេរិក​គួរ​ដាក់​សម្ពាធ​នៅ​ក្នុង​ទម្រង់​បែប​ណា! សម្រាប់​ខ្ញុំ​មើល​ឃើញ​ថា បើ​សិន​ជាស​ហរដ្ឋ​អាមេរិក​ដាក់​សម្ពាធ​តាម​រយៈ​ការ​ដំឡើង​ពន្ធ​នាំ​ចេញ​ផលិត​ផ​ល​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក នឹង​ដំឡើង​កម្រិត​ខ្ពស់​ វាអាច​នឹង​ប៉ះ​ពាល់​ដល់​អ្នក​ប្រើ​ប្រាស់​ក្រុម​ហ៊ុន​ផលិត​នាំ​ចេញ​រប​ស់​ថៃ ទៅកា​ន់​ទីផ្សារ​សហ​រដ្ឋ​អាមេ​រិក ព្រោះ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ទីផ្សារ​សំខាន់​សម្រាប់​ប្រទេសថៃ»។

កាលពីថ្ងៃទី១២ ខែ​វិច្ឆិកា​ នាយករដ្ឋ​មន្រ្តី​ថៃ លោក អនុធិន ចាន់វិរៈគុណ ​ថ្លែង​ក្នុង​​សន្និ​សី​ទ​​កាសែត​​ថា កិច្ច​​ព្រម​​ព្រៀង​​​សនិ្ត​ភាព​​នៅ​​កូឡា​​ឡាំពួ ត្រូវ​​បាន​​​បញ្ចប់ គឺលុបចោល​ហើយ ​ថៃ​មិន​អនុវត្ត​តាម​ទៀត​ទេ។

លោក​បន្ត​ថា ថៃបានត្រៀមកងកម្លាំងដើម្បីការពារ និង​ទាម​ទារ​ទឹក​ដី​បន្ថែម​​ទៀត​តាម​ព្រំដែន តាម​ផែន​ការ​របស់​ក្រុម​យោធា​ជួរ​មុខ ហើយ​ថៃ​ក៏​លែង​ខ្វល់​នឹង​របាំង​ពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក​ទៀត​ដែរ។

លោកអះ​អា​ងថា​ សន្តិភា​ព​កម្ពុជា-ថៃ ត្រូវបានបញ្ចប់ គ្រប់​យ៉ាង​ដំណើរ​ការ​តាម​គោល​នយោបាយ​យោធា​ថៃ​ ទាម​ទារ​និង​ការ​ពារ​ទឹក​ដី មិន​ខ្វល់​ពី​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព ហើយ​ក៏​មិន​​រាយ​ការណ៌​ទៅ​លោក​ ត្រាំ។

សេចក្តីថ្លែងការណ៍រួម ស្តីពី​សន្តិភាព​​​កម្ពុជា-​ថៃ ត្រូវ​​បា​ន​​​ធ្វើ​ឡើ​​​​ង​​នៅ​​​​ប្រទេស​​​ម៉ាឡេ​​ស៊ី កាល​​​ពី​​ថ្ងៃ​​ទី​២៦​ ខែ​​​​តុលា ឆ្នាំ​​​​២០២៥ ក្រោម​យន្ត​​ការ​​អាស៊ាន និង​​មហា​​អំណាច​​សហរដ្ឋ​​អាមេរិក ដែល​ក្នុង​នោះ​មាន​​ការ​​ចុះ​​ហ​ត្ថ​​​លេខា ពី​​នាយក​​រដ្ឋ​​មន្ត្រី​​កម្ពុជា និង​នាយករដ្ឋ​មន្ត្រី​ថៃ និង​ប្រធាន​អាស៊ាន​ប្តូរ​វេន លោក អ៊ានវ៉ា អ៊ីប្រា​ហ៊ីម និង​ប្រធានាធិបតី​ ត្រាំ ធ្វើ​​ជា​​សាក្សី​​លើ​ការ​ពង្រឹង​បទ​ឈប់​បាញ់​នេះ​ផង​ដែរ និង​ក្រោយ​មាន​ការ​ប្រកាស​​គាំទ្រ​ពី​ប្រទេស​បារាំង និង​ជប៉ុន​ផង​​ដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព​មាន ៨ចំណុច តម្រូវ​ឱ្យភាគី​ទាំង​ពីរ​​ឯកភាព​គ្នា បន្ធូរ​​បន្ថយ​ភាព​តាន​តឹង​ផ្នែក​យោធា និង​ស្តារ​ទំនុក​ចិត្ត​ជាមួយ​គ្នា​ឡើង​វិញ បន្តអនុវត្ត​ការ​បោស​​សម្អាត​មីន​​តាម​ព្រំដែន ចៀស​វាង​នូវ​ការ​គំរាម​​កំហែង​ដោយ​​ប្រើ​ប្រាស់​កម្លាំង ឬ​កា​រ​ញុះ​ញង់។ ការ​ប្តេជ្ញា​ចិត្ត​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី និង​គម្រោង​ដោះ​លែង​វីរកង​ទ័ព​ខ្មែរ​ទាំង​១៨​នាក់​ផង​ដែរ។

ឯកភាព​គ្នា​ក្នុ​ងកា​រ​ដោះស្រា​យ​បញ្ហា​ទំនាស់​ព្រំដែន តប​តាម​ច្បាប់​អន្តរ​ជាតិ ដោយ​ចៀស​វាង​ការ​គំរា​ម​កំហែង​​​ប្រើ​ប្រាស់ ឬ​ការ​ប្រើ​ប្រាស់​កម្លាំង និង​ទង្វើ​ញុះ​ញង់ ដើម្បី​ស្តារ និង​រក្សា​ទំនុក​ចិត្ត ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅម​ក និង​សន្តិ​ភាព​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ។

ប៉ុន្តែចាប់ពីមានបទឈប់បាញ់ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ​២០២៥ និង​សេចក្តី​ថ្លែង​ការណ៍​រួ​ម ស្តីពី​សន្តិ​ភាពកម្ពុជា ថៃ ចុះ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ដែល​មាន​ហត្ថលេ​ខា​ប្រធានាធិបតី ត្រាំ និង​ប្រធាន​អាស៊ាន​ប្តូរ​វេន​ផង​នោះ ថៃមិ​ន​បាន​​គោរព​នោះ​ទេ ។

ការណ៍នេះ កម្ពុជាចោទថា ថៃតែងតែបង្កើតលេស ដើម្បី​ប្រើក​ង​កម្លាំង​ឈ្លាន​ពាន​កម្ពុជា ទោះ​​កម្ពុជា​ប្រកាស​គោរព​​បទ​ឈប់​បាញ់​មិន​តបត​ដោយ​កម្លាំង​អាវុធក្តី។

ការអត់ធ្មត់របស់កម្ពុជានេះ ថៃបានចូលរាយបន្លាលួសព័ទ្ធយកដីខ្មែរជា​ច្រើន​កន្លែង ដូច​ជា នៅ​ប្រាសាទ​តាមាន់​ធំ តំបន់​អាន​សេះ ភូមិ​ជោគ​ជ័យ និងភូមិ​​ព្រៃ​ចាន់​ជាដើម និង​បើក​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ បណ្តាល​​ឱ្យ​ស្លាប់​ម្នាក់ និង​របួស​៣នាក់ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ក៏​កម្ពុជា​មិន​តបត។

រហូត​មកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥​នេះ យោធាថៃបើកការបាញ់ផ្លោង ឈ្លាន​ពាន​កម្ពុជា ជា​ទ្រង់​ទ្រាយធំ​ជា​ថ្មី​ទៀត នៅ​សមរភូមិ​ទិស​ព្រះ​វិហារ និង​ទីតាំង​មួយ​ចំនួន​ទៀត រហូត​មកដ​ល់​ថ្ងៃទី​៩ខែ​ធ្នូ ពោល​គឺ​ពីរថ្ងៃ​បន្ទាប់ ទើប​កម្ពុជា​ប្រកាស​ឱ្យ​តបត​ប្រើ​សិទ្ធិ​ការ​ពារ​ខ្លួន ដើម្បី​ការ​ពារ​ទឹក​ដី។

យ៉ាងណា ក្រុមអ្នកតាមដានជម្លោះព្រំដែននេះ ផ្តល់យោបល់ថា ដើម្បីទប់ស្កាត់មហិច្ឆតា​ឈ្លាន​ពាន​របស់​ថៃ និ​​​ងទប់​ស្កាត់​ការ​បង្ហូ​រឈាម​គ្នា​រយៈ​ពេល​យូរ ក្រៅ​ពី​ប្រើសិ​ទ្ធិកា​រ​ពារ​ខ្លួន កម្ពុជា​ចាំបា​ច់ត្រូវ​ប្តឹង​ថៃ​ទៅ​តុ​លា​កា​​រយុត្តិធ​ម៌​អន្តរ​ជាតិ​(ICJ) និង​តុលាការ​ព្រហ្ម​ទណ្ឌអ​ន្តរ​ជាតិ​(ICC) រួម​ទាំង​ប្តឹង​ទៅ​សហ​ប្រធាន​នៃកិច្ច​ព្រម​ព្រៀង​សន្តិភា​​ព​ទីក្រុង​ប៉ារីស​​ឱ្យ​កោះ​ប្រជុំ​បន្ទាន់ ទើប​អាច​ទប់​ស្កាត់​បាន ។

ពួកគេសំអាងថា ប្រទេសថៃបានចិញ្ចឹមចិត្តឈ្លានពានដែលអធិប​តេយ្យ​កម្ពុជា ច្រើន​ទសវត្សរ៍​មក​ហើយ ។ ហើយ​ថា​ពួក​គេនឹ​ង​មិន​បញ្ចប់​ត្រឹម​នេះ បើ​កម្ពុជា​មិន​ប្រើច្បា​ប់​អន្តរ​ជាតិ​ដែលក​ម្ពុជា​មាន ដើម្បី​ទប់​ទល់​នឹង​មហិច្ឆតា​ឈ្លាន​ពាន​នេះ​ទេ​នោះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ