ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក វុលឃ័រ ធើក (Volker Türk) បាននិយាយថា ការពង្រីកអរិភាព (ភាពស្អប់ខ្ពើម ឬសត្រូវ) រវាងថៃ-កម្ពុជា និងការវាយប្រហារតាមអាកាស និងអាវុធធន់ធ្ងន់ជុំវិញតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ បង្កឱ្យមានភាពព្រួយបារម្ភទាក់ទងនឹងការការពារប្រជាជនស៊ីវិលដោយលោកបានអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធគ្នាជាបន្ទាន់។
យោងតាមរបាយការណ៍ឧត្ដមស្នងការសិទ្ធិអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះថា លោក វុលឃ័រ ធើក (Volker Türk) បានបង្ហាញការព្រួយបារម្ភចំពោះការវាយប្រហារតាមអាកាសដោយអាវុធធន់ធ្ងន់ ជុំវិញតំបន់ភូមិដែលមានពលរដ្ឋរស់នៅ និងទីតាំងវប្បធម៌។
លោក ធើក និយាយថា៖ «ខ្ញុំមានការតក់ស្លុតចំពោះរបាយការណ៍ ដោយថាតំបន់ជុំវិញភូមិ និងកន្លែងវប្បធម៌ កំពុងតែរងការវាយប្រហារដោយយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំ»។
ឧត្តមស្នងការសិទ្ធិមនុស្ស បានព្រមានថា «នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ វាច្បាស់ណាស់ថា ការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជារឿងដែលសំខាន់បំផុត»។
ចាប់តាំងពីការប្រយុទ្ធគ្នាបានកើតឡើងម្តងទៀត កាលពីថ្ងៃទី០៧ ខែធ្នូ ប្រទេសកម្ពុជា បានរាយការណ៍ថាមានជនស៊ីវិលចំនួន ១៨នាក់ បានស្លាប់ ខណៈថៃរាយការណ៍ថា មានជនស៊ីវិល១នាក់ស្លាប់។ ការវាយប្រហារត្រូវបានគេរាយការណ៍ថា កាន់តែខ្លាំងឡើងពីព្រំដែន និងចូលទៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក។
ប្រភពខាងលើ បន្តថា អគារកាស៊ីណូ និងទីតាំងមជ្ឈមណ្ឌលឆបោកក្នុងប្រទេសកម្ពុជា ក៏ត្រូវបានគេរាយការណ៍ថា រងការវាយប្រហារផងដែរ។ អ្នកដែលរស់រានមានជីវិតម្នាក់ពីការវាយប្រហារនៅអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៨ ខែធ្នូ បានប្រាប់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា មានជនស៊ីវិលម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសក្នុងការវាយប្រហារ។
លោក ធើក បាននិយាយថា បុគ្គលដែលត្រូវបានជួញដូរ មានសញ្ជាតិផ្សេងគ្នា ត្រូវបានបង្ខំឱ្យអនុវត្តការក្លែងបន្លំនៅមជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ ហើយឥឡូវនេះ ត្រូវប្រឈមនឹងហានិភ័យពីការប្រយុទ្ធគ្នា ដោយអំពាវនាវឱ្យមានការជម្លៀសអ្នកដែលត្រូវបានឃុំខ្លួននៅទីនោះ។
លោកបាននិយាយថា ច្បាប់មនុស្សធម៌អន្តរជាតិបានចែងយ៉ាងច្បាស់លាស់ថា ការវាយប្រហារណាមួយត្រូវតែគោរពតាមគោលការណ៍ជាមូលដ្ឋានជាចាំបាច់ និងសមាមាត្រ និងប្រុងប្រយ័ត្ន ដើម្បីការពារជនស៊ីវិល។ រាល់របាយការណ៍ដែលអាចទុកចិត្តបាននៃការវាយប្រហារដោយខុសច្បាប់ គួរតែត្រូវបានស៊ើបអង្កេតភ្លាមៗ ហ្មត់ចត់ និងដោយឯករាជ្យ។
ជម្លោះបានបង្ខំឱ្យមនុស្សប្រមាណ ៧៥ម៉ឺននាក់(៧៥០ ០០០នាក់) ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេតាមតំបន់ព្រំដែន។
លោកឧត្តមស្នងការសិទ្ធិមនុស្ស បន្ថែមថា៖ «ខ្ញុំជំរុញឱ្យភាគីទាំងពីរបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ និងត្រឡប់មករកការសន្ទនាវិញ» ដោយបានរំឭកពីសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីបន្ថយភាពតានតឹងនៃជម្លោះដោយប្រទេសទាំងពីរ សម្រេចនៅគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងខែតុលា។ ការិយាល័យរបស់ខ្ញុំ ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយដល់វិធានការកសាងទំនុកចិត្ត និងដើម្បីធានាការការពារជីវិត និងសុខុមាលភាពរបស់ជនស៊ីវិលជាអាទិភាព»។
យ៉ាងណាក្តី គិតត្រឹមថ្ងៃសុក្រនេះ ការឈ្លានពានពីភាគីថៃមកលើកម្ពុជាជាថ្មីទៀត ដែលចាប់ពីថ្ងៃទី៧ខែធ្នូមកនេះ មានរយៈពេលចំនួន១៣ថ្ងៃហើយ ។
ជុំវិញការឈ្លានពាននេះ ប្រទេសមហាអំណាចមួយចំនួន បានបង្ហាញការព្រួយបារម្ភ ដូចជា សហរដ្ឋអាមេរិក បារាំង អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ចិន ជាដើម បានបង្ហាញជំហរប្រហាក់ប្រហែលគ្នា ពីការចង់ឃើញភាគីទាំងពីរ បញ្ឈប់ប្រយុទ្ធគ្នា ហើយងាកទៅគោរពបទឈប់បាញ់ តាមការសម្របសម្រួលនៃយន្តការអាស៊ានឡើងវិញ ដូចដែលធ្លាប់បានធ្វើកន្លងមក៕









