គិតត្រឹមថ្ងៃសៅរ៍នេះ ជនភៀសសឹកខ្មែរកើនឡើងដល់ជាងកន្លះលាននាក់ សេវាមូលដ្ឋាននៅខេត្តជាប់ព្រំដែន រួមទាំងសេវាសុខាភិបាលផង ត្រូវបានផ្អាកស្ទើរទាំងស្រុង ក្រោយយោធាថៃ និងរដ្ឋាភិបាលក្រុងបាងកក បានបើកប្រតិបត្តិការពង្រីកសមរភូមិប្រយុទ្ធឈ្លានពានកម្ពុជាជាថ្មីទៀតចំនួន១៤ថ្ងៃមកនេះ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បាននិយាយនៅថ្ងៃទី២០ខែធ្នូនេះថា មហិច្ឆតាពង្រីកទឹកដីពីសំំណាក់យោធាថៃ និងរដ្ឋាភិបាលបាងកក ចំនួន១៤ថ្ងៃមកនេះ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជា លំនៅឋានជនស៊ីវិល ប្រាសាទបូរាណ បង្កឱ្យជនស៊ីវិលខ្មែរជិត១០០នាក់ស្លាប់និងរបួស។
បើប្រភពនេះ ការបាញ់ផ្លោង និងប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែក មកលើដែនអធិបតេយ្យកម្ពុជា ពីសំណាក់យោធាថៃ ចាប់ពីថ្ងៃទី៧ រហូតម៉ោង៧ព្រឹក ថ្ងៃទី២០ខែធ្នូនេះ បណ្តាលឱ្យជនស៊ីវិលខ្មែរ១៨នាក់ស្លាប់ ៧៩នាក់រងរបួស ផ្ទះពលរដ្ឋ៧៦ខ្នងរងការខូចខាត សាលារៀន មន្ទីរពេទ្យ ប្រាសាទបូរាណ ស្ពានថ្មពីរកន្លែង រួមទាំងស្ពានអូរជីកស្ថិតក្នុងខេត្តឧត្តរមានជ័យ ដែលយន្តហោះថៃទើបទម្លាក់គ្រាប់ផ្តាច់នៅយប់មិញនេះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។
ចំណែកសេវាមូលដ្ឋានវិញ ដូចជា សេវារដ្ឋបាល អប់រំ និងសុខាភិបាលតាមក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ជាដើម សម្រាប់ខេត្តជាប់ព្រំដែនត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយសារតែថៃបង្កើនការវាយប្រហារលើតំបន់ស៊ីវិលទាំងជើងទឹក ជើងគោក និងជើងអាកាស។
រីឯជនភៀសសឹកខ្មែរវិញ គិតត្រឹមថ្ងៃទី១៩ខែធ្នូ កើនឡើងដល់ ៥១ម៉ឺន២ពាន់១០នាក់(៥១២ ០១០នាក់) ក្នុងនោះមានស្ត្រីជាង២៦ម៉ឺន៧ពាន់នាក់ និងកុមារជាង១៦ម៉ឺននាក់។
លោកថា៖ «ពលរដ្ឋកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត ចំពោះអំពើឈ្លានពានឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើយង់ឃ្នងផ្សេងៗ ដែលបង្កឡើងដោយរដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ»។
លើសពីនេះ ក្រសួងមហាផ្ទៃ បន្តអំពាវនាវទៅសហគមន៍អន្តរជាតិ និងមជ្ឈដ្ឋានអន្តរជាតិ ត្រូវមានវិធានការជាបន្ទាន់ ដើម្បីឱ្យរដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ វិលទៅគោរពបទឈប់បាញ់ ក្រោមការសម្របសម្រួលពីយន្តការអាស៊ាន និងមហាអំណាចមានចិន និងអាមេរិកជាដើម។
យ៉ាងណា ក្រុមអ្នកតាមដានជម្លោះព្រំដែននេះ ផ្តល់យោបល់ថា ដើម្បីទប់ស្កាត់មហិច្ឆតាឈ្លានពានរបស់ថៃ និងទប់ស្កាត់ការបង្ហូរឈាមគ្នារយៈពេលយូរ ក្រៅពីប្រើសិទ្ធិការពារខ្លួន កម្ពុជាចាំបាច់ត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) រួមទាំងប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យកោះប្រជុំបន្ទាន់ ទើបអាចទប់ស្កាត់បាន។
ពួកគេសំអាងថា ប្រទេសថៃបានចិញ្ចឹមចិត្តឈ្លានពានដែនអធិបតេយ្យកម្ពុជា ច្រើនទសវត្សរ៍មកហើយ ។ ហើយថាពួកគេនឹងមិនបញ្ចប់ត្រឹមនេះ បើកម្ពុជាមិនប្រើច្បាប់អន្តរជាតិដែលកម្ពុជាមាន ដើម្បីទប់ទល់នឹងមហិច្ឆតាឈ្លានពាននេះទេនោះ៕









