យោធាថៃ នៅចុងសប្ដាហ៍នេះ បន្តបាញ់ផ្លោងជាច្រើនគ្រាប់ចូលទីប្រជុំជន ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលធ្វើឱ្យពលរដ្ឋមួយចំនួន កំពុងសម្រុកធ្វើដំណើរចាកចេញពីក្រុង ខណៈមួយចំនួនទៀតចាំមើលសភាពការណ៍ ដោយសារមានការផ្ដល់ដំណឹងថាក្បាលគ្រាប់អាចធ្លាក់នៅតាមបណ្ដោយផ្លូវជាតិលេខ៥។
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ បានឱ្យដឹងថា យោធាថៃនៅតែបន្តបើកការវាយប្រហារចូលទីតាំងប្រជាជនស៊ីវិល ដោយប្រើកាំភ្លើងធំផ្លោងចំនួន ៩គ្រាប់ ចូលក្នុងភូមិសាស្ត្រ ឃុំនិមិត្ត ស្រុកអូរជ្រៅ និងចំនួន ១១គ្រាប់ ចូលក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង ២និង៥៨នាទីរសៀល។
យោងតាមប្រភពពលរដ្ឋនៅតំបន់ក្រុងប៉ោយប៉ែត អះអាងថា ពួកគាត់បានឮបន្ទុះគ្រាប់ប្រមាណជាង ៣០គ្រាប់ គិតត្រឹមម៉ោង៣កន្លះរសៀលថ្ងៃដដែល។
ពលរដ្ឋនៅក្រុងប៉ោយប៉ែត លោក ស៊ី ដារ៉ូ ប្រាប់វីអូឌីថា យោធាថៃបានឈរជើងកាំភ្លើងធំនៅក្បែរផ្សាររ៉ុងក្លឿ ត្រើយម្ខាងតំបន់ស្តារហ្គោលរបស់កម្ពុជា ដោយពួកគេបានបញ្ឈរកាណុងកាំភ្លើងឡើងខ្ពស់ លើសពី ៤៥ដឺក្រេ។
លោក ស៊ី ដារ៉ូ និយាយថា៖ «គោលដៅនៅជាប់ព្រំដែន Star Gold ព្រំដែនមាត់អូរ Star Gold ខាងកងកម្លាំងគេអត់ហ៊ានតដៃទេ ដោយសារវាឈរជើងនៅជាប់មាត់អូរពេក ហើយនៅជិតក្រុង អត់ហ៊ានតដៃទេ បើតដៃ ផ្ទុះចំក្រុង អ៊ីចឹងវាបញ្ឈរកាណុងឡើងលើ វានៅជិតក្រុងពេក វានៅជាប់មាត់អូរតែម្តង”។
យោងតាមការសម្ភាសន៍របស់ វីអូឌី ជាមួយប្រភពព័ត៌មាន ក្នុងរយៈពេលប្រមាណ ៣នាទី មានស្នូរបន្ទុះគ្រាប់ផ្លោង៣គ្រាប់បានបន្លឺឡើងខ្លាំងៗ។ សារបង្ហោះជាច្រើននៅលើបណ្ដាញសង្គម បានឱ្យដឹងថា ក្បាលគ្រាប់ផ្លោងរបស់យោធាថៃបានធ្លាក់នៅភូមិកូនដំរី ក្នុងឃុំនិមិត្ត នៃស្រុកអូរជ្រៅ ដែលនៅកៀកៗ នឹងផ្លូវជាតិលេខ៥ ជាផ្លូវដែលពលរដ្ឋកំពុងភៀសខ្លួន។
មកទល់ពេលនេះ លើទំព័រហ្វេសប៊ុកផេករដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានបង្ហោះការប្រកាសណាមួយជុំវិញសុវត្ថិភាពពលរដ្ឋនៅឡើយទេ។
ដោយឡែក ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោក ប៉ានខែម ប៊ុនថន បានបង្ហោះវីដេអូ នៅម៉ោង ២និង១០នាទីរសៀលថា ពុំទាន់មានគ្រាប់ណាមួយដែលធ្លាក់នៅកណ្ដាលក្រុងប៉ោយប៉ែតនោះទេ ខណៈពលរដ្ឋកម្ពុជា និងជាតិសាសន៍ផ្សេង រួមទាំងជនជាតិថៃ កំពុងធ្វើការរកស៊ីជាធម្មតា។ យ៉ាងណា លោកណែនាំឱ្យពលរដ្ឋដែលភៀសខ្លួនតាមផ្លូវជាតិលេខ៥ និងផ្លូវលេខ៥៨ ប្របលោកយាយម៉ៅ ឱ្យមានការប្រុងប្រយ័ត្ន។
លោក ប៉ាន់ខែម ប៊ុនថន និយាយថា៖«ខ្ញុំសូមឱ្យបងប្អូនជ្រាបថា មិនទាន់មានគ្រាប់ណាមួយធ្លាក់ នៅកណ្ដាលក្រុងប៉ោយប៉ែតនៅឡើយទេ។ ឯបងប្អូនខ្មែរយើងជាច្រើន ក៏ដូចជាជនបរទេសជាច្រើន ពិសេសជនជាតិថៃនៅក្រុងប៉ោយប៉ែតនេះ ក៏កំពុងតែបន្តធ្វើចរាចរណ៍ទៅមក បន្តមុខរបរធម្មតា បន្តធ្វើការធម្មតា។ ហើយក៏មានមួយចំនួន ក៏គាត់កំពុងភ័យបារម្ភដែរ។ បាទ ប៉ុន្តែក្នុងស្ថានភាពនេះ កុំអាលធ្វើដំណើរទៅខាងផ្លូវជាតិលេខ៥ ដោយសារយើងស្ដាប់សំឡេងទៅ ដូចជាទៅខាងកើតក្រុងប៉ោយប៉ែតនៅផ្លូវជាតិលេខ៥ អ៊ីចឹងកុំអាលធ្វើដំណើរតាមនេះសោះបងប្អូន»។
ប៉ុន្តែពលរដ្ឋក្រុងប៉ោយប៉ែត ម្នាក់ទៀត គឺលោក រស់ ភារុណ រិះគន់អាជ្ញាធរក្រុងហាក់មានបំណងលាក់បាំងពីការវាយប្រហាររបស់ថៃមិនឱ្យពលរដ្ឋដឹង ចាប់តាំងពីករណីដ្រូនរបស់យោធាថៃ ហោះបុកអគារ២៥ជាន់ កាលពីម្សិលម៉ិញ។ លោកសំណូមពរឱ្យអាជ្ញាធរបង្កើនការជូនដំណឹងដល់ពលរដ្ឋឱ្យបានឆាប់រហ័សជាងនេះ។
លោក រស់ ភារុណ និយាយថា៖ «យល់ថា គោលបំណងគេចង់ឱ្យប្រជាជនមានភាពស្ងប់ស្ងាត់ មិនឱ្យចលាចល ប៉ុន្តែ[សំឡេងគ្រាប់ផ្លោង] ដំណឹងខ្លះគួរតែប្រជាជនដឹងឱ្យមានការប្រុងប្រយ័ត្នទើបត្រូវ»។
ទាំងលោក ស៊ី ដារ៉ូ និងលោក រស់ ភារុណ ពុំទាន់ហ៊ានភៀសខ្លួនពីក្រុងប៉ោយប៉ែតនោះទេ ដោយបារម្ភពីសុវត្ថិភាពនៅតាមផ្លូវ ដោយពួកលោកព្យាយាមនៅកៀកនឹងជាតិសាសន៍ដទៃទៀត ពិសេសជនជាតិថៃ។
គួរបញ្ជាក់ថា ការបាញ់ប្រហាររបស់យោធាថៃនៅតែបន្តផ្ទុះឡើង ទោះបីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានកំណត់យកថ្ងៃទី២២ ខែធ្នូ ស្អែកនេះ ជាថ្ងៃប្រព្រឹត្តទៅនៃកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីពិភាក្សាពីការទប់ស្កាត់កុំឱ្យជម្លោះនៅតាមព្រំដែនរវាងប្រទេសទាំងពីរកុំឱ្យរាលដាលកាន់តែខ្លាំង៕









