យន្តហោះចម្បាំងថៃបន្តទម្លាក់​គ្រាប់​បែកពីរ​គ្រាប់ទៀតនៅស្រុកស្វា​យ​ចេក​ខេត្ត​បន្ទាយ​មាន​ជ័យ

ក្រសួង​ការ​ពារ​ជាតិកម្ពុជា បាន​ឱ្យ​ដឹង​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា យន្ត​ហោះ​ចម្បាំង​ថៃ F-16 បាន​ទម្លាក់​គ្រាប់​បែក​ចំនួន​២គ្រាប់​ទៀត ចូល​ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ធ្វើ​ឱ្យ​ខេត្ត​ជាប់​ព្រំដែន​របស់​កម្ពុជា​យ៉ាង​តិច​៤ រង​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ពី​យន្ត​ហោះ​ចម្បាំង​នេះ ខណៈ​កម្ពុជា​មិន​ប្រើ​អាវុធ ដើម្បី​ប្រឆាំង​ទៅ​នឹង​សត្រូវ​ឈ្លាន​ពាន​តាម​ជើង​អាកាស ។

ក្រសួងការពារជាតិកម្ពុជា និយាយ​ថា នៅ​ម៉ោង ១៣:០១​នាទី ថ្ងៃ​ទី​២១​ខែ​ធ្នូ​នេះ យោធា​ថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះច​ម្បាំង ទម្លា​ក់​គ្រាប់​បែក​ចំនួន​២គ្រាប់ ចូល​ភូមិ​សាស្ត្រ ឃុំ​ផ្គាំ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ​។ យ៉ាង​ណា ក្រសួង​​​មិន​​បាន​បញ្ជាក់​ពីចំ​នួន​អ្នក​រង​គ្រោះពី​ការ​ទម្លាក់​គ្រាប់​បែក នៅ​ស្រុក​ស្វាយចេក​នេះ​​នៅ​ឡើយ​ទេ។

ប៉ុន្តែថា កងកម្លាំង​កម្ពុជា កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ឈរ​ជើង​យ៉ាង​រឹង​មាំ តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ តតាំង​ជាមួយ​សត្រូវ​ឈ្លាន​ពាន ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

លើស​ពីនេះ​ នៅព្រឹកថ្ងៃអាទិត្យនេះដែរ អ្នកនាំពាក្យក្រសួងការពារ​ជាតិ អ្នក​ស្រី ម៉ាលី សុជាតា បាន​ឱ្យ​ដឹងថា​ យោធា​​ថៃ​កំពុង​បើក​ការ​ប្រយុទ្ធ​បុក​ចូល​តំបន់​ប្រាសាទ​តាមាន់ធំ និង​ថ្ម​ដូន ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ដោយ​ប្រើ​អាវុធ​ធុន​ធ្ងន់ និង​អាវុធ​បំពាក់​លើ​រថ​ក្រោះ ។

អ្នកស្រីសង្កត់ធ្ងន់ថា ទង្វើឈ្លានរបស់យោធាថៃមកលើកម្ពុជា ជាទង្វើ​ឃោរឃៅ រួមទាំ​ង​ការ​ប្រើ​ប្រាស់​អាវុធ​យុទ្ធោប​ករណ៍​ធុន​ធ្ងន់ និង​មាន​កម្រិត​បំផ្លាញ​ខ្ពស់​ ដូច​ជា យន្ត​ហោះ​ចម្បាំងF-16 នាវា​ចម្បាំង កាំភ្លើង​ធំគ្រប់​ប្រភេទ គ្រាប់​បែក​ចង្កោម ផ្សែង​ពុល មក​វាយ​ប្រហារ​កម្ពុជា និង​ជន​ស៊ីវិល រំលោភ​​ធម្ម​នុញ្ញ​​អង្គ​ការ​សហ​ប្រជា​ជាតិ ធម្មនុញ្ញ​អាស៊ាន និង​ច្បាប់​អន្តរ​ជាតិ​មួយ​ចំនួន​ទៀត។

ការណ៍នេះ​ កម្ពុជាទាមទារ​ឱ្យ​សហគមន៍​អន្តរ​ជាតិ​ចាត់​វិធាន​ការ ដើម្បី​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​ដែន​អធិប​តេយ្យ​កម្ពុជា​​ទាំង​កំរោល​នេះ ហើយកម្ពុជា​​បញ្ជាក់​ឡើង​វិញ​ នូវ​សិទ្ធិស្វ័​យ​ការ​ពារ​ដែន​អធិប​តេយ្យ​កម្ពុជា ដូច​​ដែល​មាន​ចែង​នៅក្នុ​ងច្បា​ប់​អន្តរ​ជាតិ ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី និង​ប្រជា​ជន​របស់ខ្លួន​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

អ្នកស្រីថា៖ «ទង្វើឈ្លានរបស់យោធាថៃមកលើកម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាប់​ថា ថៃ​បាន​បំពាន​ច្បាប់​អន្តរ​ជាតិ ​ជា​រដ្ឋ​ដែល​បំផ្លាញ​សន្តិ​ភាព​និង​សន្តិសុខ មិន​ត្រឹម​តែជា​មួយ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តំបន់​ទាំង​មូល​ ដើម្បី​មហិច្ឆ​​តាឈ្លាន​​ពាន​របស់​ខ្លួន មិន​ចេះ​ឆ្អែត​ឆ្អន់​មក​លើ​ប្រទេស​ដែល​តូច​ជាង​នឹង​ខ្សោយ​ជាង​ខ្លួន​ប៉ុណ្ណោះ»។

ប្រតិបត្តិការឈ្លានពាន​នេះ យោធាថៃ បាន​ប្រើ​យន្ត​ហោះ​ចម្បាំង F-16 កម្ទេច​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​កម្ពុជា​រាប់​សិប​កន្លែង​តាម​ទំនើង​ចិត្ត ខណៈ​កម្ពុជា​មិន​ប្រើ​អាវុធ​ប្រឆាំង​យន្ត​ហោះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ឈ្លាន​ពាន​តាម​ដែន​អាកាស​ដ៏​កំរោល​នេះ។

ការណ៍នេះ​ ធ្វើឱ្យកងទ័ពជើងអាកាសថៃ ពង្រីក​ទីតាំងឈ្លាន​ពាន​ចូល​កាន់​តែ​ជ្រៅ​ក្នុង​ដែន​ដី​កម្ពុជា ដូច​ជាថៃ​បាន​​​ជាទម្លាក់​គ្រាប់​បែក​ចង្កោម និង​បាញ់​ផ្សែង​ពុល ចូល​តំបន់​ប្រាសាទ​ព្រះ​វិហារ។

យោធាថៃ​ទម្លាក់​គ្រាប់​ផ្តាច់​ស្ពាន អូរជីក ព្រំ​ប្រទល់​ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរ​មាន​ជ័យ និង​ព្រំ​ប្រទល់​ស្រុក​ស្រី​ស្នំ ខេត្ត​សៀម​រាប។ ទម្លាក់​គ្រាប់​ផ្តាច់​ស្ពាន​មេទឹក​មួយ​កន្លែង​ទៀត នៅ​ខេត្ត​ពោធិ៍​សាត់ និង​កាល​ពីថ្ងៃ​​ម្សិល​មិញ យន្ត​ហោះ​ចម្បាំង F-16 ថៃបានទ​ម្លាក់​គ្រាប់​ចំនួន​៥គ្រាប់​បន្ថែម​ទៀត នៅ​ខេត្ត​ពោធិ៍​សាត់ កម្ទេច​អគារ​ពាណិជ្ជ​កម្ម​ឯកជន និង​សាលាប​ឋម​សិក្សា​នៅ​ឃុំ​ថ្មដា ស្រុក​វាល​វែង។

ការឈ្លានពានជាប់គ្នា១៥ថ្ងៃមក​នេះ បណ្តាល​ឱ្យ​ជន​ស៊ីវិល​ខ្មែរ ស្លាប់​កើន​ដល់​១៩​នាក់ របួ​ស​៧៩​នាក់ ខូច​ខាត​ផ្ទះ​សំបែង​ចំនួន​៧៦​ខ្នង សាលា​រៀន មណ្ឌល​សុខ​ភាព ប្រាសាទ​បុរាណ និ​ង​ហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ចំនួន​ទៀត។

ចំណែក ជនភៀសសឹក​ខ្មែរ កើន​ដល់​ជិត​៥២​ម៉ឺន​នាក់ (៥១៨ ៦១១នាក់​) ក្នុង​នោះ​ស្ត្រី ជាង​២៧​ម៉ឺន​នាក់(២៧០ ០៦៩នាក់​) និង​កុមារ​ជាង​១៦​ម៉ឺន​នាក់(១៦៥ ៣៨៥នាក់​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ