លោក មហាម៉ាត់ ហាសាន បាននិយាយថា ខណៈដែលមានភាពតានតឹងរវាងកម្ពុជា-ថៃ អាស៊ានត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលជារឿងចាំបាច់ ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ នេះបើយោងតាមប្រភពសារព័ត៌មាន ដឹស្តា(The Star)របស់ប្រទេសម៉ាឡេស៊ី។
ដឹស្តា(The Star) បានចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះថា រដ្ឋមន្ត្រីការបរទេស បាននិយាយថា ខណៈប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ាន មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ជនស៊ីវិល និងជម្លោះអូសបន្លាយដែលប៉ះពាល់ដល់ជីវភាពរស់នៅ និងបណ្តាលឱ្យមានការផ្លាស់ទីលំនៅយ៉ាងសំខាន់។
លោកបានកត់សម្គាល់ថា នៅថ្ងៃទី២១ ខែធ្នូ លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តីប្រទេសកម្ពុជា និងថៃ ដើម្បីពិភាក្សារកវិធីបន្ធូរបន្ថយភាពតានតឹង ដែលកំពុងតែកើនឡើង។
លោក អាន់វ៉ា បានគូសបញ្ជាក់អំពីសារៈសំខាន់ចំពោះកម្ពុជានិងថៃ ត្រូវរក្សាការសន្ទនាប្រកបដោយគតិបណ្ឌិត និងការគោរពគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ភាពតានតឹង និងរក្សាសន្តិភាព ក្នុងនោះ លោកមហាម៉ាត់ បាននិយាយនៅក្នុងសុន្ទករថាបើកកិច្ចប្រជុំពិសេសអាស៊ាន ស្តីអំពីស្ថានការណ៍ដែលកំពុងបន្តរវាងកម្ពុជានិងថៃនៅម៉ាឡេស៊ីថ្ងៃទី២២ ខែធ្នូ។
លោក មហាម៉ាត់ បាននិយាយទៀតថា ‘‘គោលដៅរបស់ពួកយើងលើសពីការបន្ធូរបន្ថយភាពតានតឹង។ យើងត្រូវតែពង្រឹងការកសាងទំនុកចិត្តក្នុងចំណោមភាគីជម្លោះ និងកម្រិតនៃផ្តល់ការយល់ដឹងសម្រាប់ការសន្ទនា ទោះបីជាមានភាពខុសគ្នាក៏ដោយ”។
លោកបន្តថា អគ្គមេបញ្ជារការកងកម្លាំងការពារជាតិម៉ាឡេស៊ី តាមរយៈយន្តការក្រុមអង្កេតការអាស៊ានបានកំពុងចូលរួមយ៉ាងសកម្មជាមួយសមភាគីកម្ពុជា និងថៃ ដើម្បីតាមដានស្ថានការណ៍។ លោកថា កិច្ចប្រជុំនឹងស្តាប់ការសង្ខេបដោយផ្ទាល់ពីក្រុមអង្កេតការអាស៊ាន អំឡុងពេលកិច្ចប្រជុំបិទទ្វារ(Close-door)។
ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធាន នាពេលបច្ចុប្បន្ន ក៏បានជំរុញឱ្យភាគីទាំងពីរអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា និងរាល់កិច្ចព្រមព្រៀងជាបន្តបន្ទាប់ រួមទាំងកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរផងដែរ។
ទោះជាយ៉ាងណា ភាពស្អប់ខ្ពើម ឬភាពជាសត្រូវ បានកើតឡើងវិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់ និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
លោក អាន់វ៉ា ក៏បានបញ្ជាក់ម្តងហើយម្តងទៀត អំពីសារៈសំខាន់នៃប្រទេសកម្ពុជា និងថៃ ក្នុងការរក្សាការសន្ទនាប្រកបដោយគតិបណ្ឌិត និងការគោរពគ្នាទៅវិញទៅមក ក្នុងការកាត់បន្ថយភាពតានតឹង និងការពារសន្តិភាពក្នុងតំបន់អាស៊ាន។
ជាមួយគ្នានេះ នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរនៅអូស្ត្រាលី លោក សេង វណ្ណលី បានបង្ហោះនៅលើហ្វេសប៊ុកថា លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ នេះ ថៃមានប្រៀបដោយសម្រេចបាន ថៃអាចបន្តឈ្លានពានមកលើកម្ពុជាបានដោយកម្ពុជាបរាជ័យលើសំណើរបទឈប់បាញ់នៅម៉ោង ១២យប់ ដោយហេតុថាថៃដឹងអំពីដែនកំណត់របស់អាស៊ាន លើគោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុង។ លើសពីនេះ យន្តការអាស៊ានបន្តបរាជ័យក្នុងការបញ្ឈប់ថៃឈ្លានពានមកលើកម្ពុជា បើគ្មានការអន្តរាគមន៍ពីប្រទេសមហាអំណាចចិន និងអាមេរិក និងអង្គការសហប្រជាជាតិ៕









