ខណៈទំហំនៃការដាំដុះស្រូវរបស់កសិករខ្មែរ មានការកើនឡើង និងការកែច្នៃក្នុងស្រុកនៅមានកម្រិត ហើយបើកម្ពុជានៅតែពឹងផ្អែកខ្លាំងទៅលើទីផ្សារវៀតណាម ដូចបច្ចុប្បន្ន គេមិនឃើញមានតម្រុយណាមួយដែលថា តម្លៃស្រូវនៅឆ្នាំ២០២៦ខាងមុខ អាចនឹងមានភាពប្រសើរឡើងនោះទេ ដែលការណ៍នេះ នឹងបង្កើនទុក្ខលំបាកដល់កសិករកាន់តែខ្លាំងថែមទៀត ខណៈបច្ចុប្បន្នមានពលរដ្ឋខ្មែររហូតដល់ជិត៥លាននាក់ បានជំពាក់បំណុលធនាគារក្នុងចំនួនទឹកប្រាក់ជិត៦០ពាន់លានដុល្លារ។
នេះបើយោងតាមប្រភពពាក់ព័ន្ធនានា។ នៅក្នុងរដូវប្រមូលផលស្រូវវស្សាចុងឆ្នាំ២០២៥នេះ គេឃើញកសិករជាច្រើន នៅតាមបណ្តាខេត្តនានា បានត្អូញត្អែរពីការខាតបង់មិនអាចប្រមូលប្រាក់បានគ្រប់គ្រាន់ ដើម្បីបង់ថ្លៃដើម ដែលចំណាយធ្វើស្រូវដូចជាជី ថ្នាំកសិកម្ម និងការចំណាយផ្សេងៗ រួមទាំងបំណុលធនាគារ ដោយសារតែស្រូវចុះថោក ១គីឡូក្រាមអាចលក់បានត្រឹមតម្លៃចាប់ពីជាង៥០០រៀល ទៅដល់៩០០រៀល។
យ៉ាងណាក្តី សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១១ខែធ្នូនេះ នៅតាមបណ្តាខេត្តនានាតម្លៃ ស្រូវ សើមសម្រាប់ប្រភេទស្រូវធម្មតា គឺមានតម្លៃពី៦៣០ទៅដល់៧២០រៀល ខណៈស្រូវសែនក្រ អូប លក់ បានពី៩២០ទៅ៩៤០រៀលក្នុង១គីឡូក្រាម។ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ស្រូវសើមលក់បានថ្លៃចាប់ពី៨០០រៀលទៅដល់១៤០០រៀល។
យ៉ាងណាក្តី ជាវិធានការដើម្បីជួយដល់កសិករ ក្រសួងកសិកម្មកំពុងតែបន្តធ្វើការកៀរគរ និងជំរុញឱ្យប្រជាកសិករនៅតាមបណ្តាខេត្តនានា ចូលរួមចងក្រងបង្កើតជាសហគមន៍កសិកម្មទំនើប ក្រោយពីក្រសួងបានដាក់ឱ្យដំណើរការគោលនយោបាយសហគមន៍កសិកម្មទំនើបនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។
មកដល់ពេលនេះ ក្រសួងកសិកម្ម បានចងក្រងជាសហគមន៍កសិកម្មទំនើបបានចំនួន១៣នៅទូទាំងប្រទេស ខណៈ៦សហគមន៍ទៀតកំពុងរៀបចំដំណើរការ។ នេះបើតាមការលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម។
តាមរយៈបណ្តាញសង្គមរបស់ខ្លួន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា ការចូលរួមចងក្រងជា «សហគមន៍កសិកម្មទំនើប» គឺជាមធ្យោបាយមាននិរន្តរភាពបំផុត សម្រាប់ប្រជាកសិករ ដើម្បីធ្វើការស្ដារមកវិញ និងការពារខ្លួនពីហានិភ័យនៃការធ្លាក់ថ្លៃស្រូវ តាមរយៈការទទួលទុនកម្ចីមានការប្រាក់ទាប ការកាត់បន្ថយចំណាយថ្លៃដើម តាមការប្រមូលទិញដុំ ការផ្ដល់ជំនួយបច្ចេកទេស និងការចុះកិច្ចសន្យាផលិតកម្មដើម្បីធានាទីផ្សារនិងតម្លៃទុកមុន។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រជាកសិករដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបទាំងអស់ មិនបានរងផលប៉ះពាល់នៃការធ្លាក់ថ្លៃតម្លៃស្រូវនោះទេ។ ក្រសួងកសិកម្ម នឹងបន្តជ្រោមជ្រែងប្រជាកសិករឱ្យទទួលបានអត្ថប្រយោជន៍ទាំងនេះ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប។
វីអូឌី មិនអាចទាក់ទង លោក ឃឹម ហ្វីណង់ ដើម្បីធ្វើអត្ថាធិប្បាយបន្ថែមលើបញ្ហានេះបានទេ នៅថ្ងៃទី២២ខែធ្នូនេះ។
ប៉ុន្តែលោកបានថ្លែងតាមរយៈវីដេអូបង្ហោះលើបណ្តា្ញសង្គមរបស់លោកថា បច្ចុប្បន្ននេះ កម្ពុជាពឹងផ្អែកទីផ្សារពីរសំខាន់ ក្នុងនោះអង្ករក្រអូប គឺនាំចេញទៅកាន់ទីផ្សារពិភពលោក។
ចំណែក អង្ករស គឺពឹងផ្អែកលើទីផ្សារប្រទេសវៀតណាម ដែលវៀតណាមគេមកទិញស្រូវពីកម្ពុជាយកទៅកិនកែច្នែហើយនាំចេញបន្ត។ លោកថា អង្ករក្រអូបមានការធ្លាក់ចុះ ប៉ុន្តែកម្ពុជារំពឹងថា វាមិនមានការធ្ងន់ធ្ងរដុនដាបដូចអង្ករសទេ។ តួយ៉ាងដូចជាស្រូវផ្ការំដួលក្នុងរដូវនេះ កម្ពុជាព្យាយាមទប់ធ្វើយ៉ាងណាឱ្យស្ថិតនៅក្នុងរង្វង់១០០០រៀល ក្នុង១គីឡូក្រាម។
ប៉ុន្តែអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា អ្វីដែលជាសម្ពាធធំគឺលើអង្ករស ហើយស្រួលមើលទេបើសិននៅវៀតណាមទីផ្សារអង្ករសធ្លាក់ចុះ ហើយកម្ពុជាពឹងលើការនាំចេញទៅប្រទេសវៀតណាម នោះកម្ពុជាគេចមិនរួចទេ តម្លៃនឹងវាអូសធ្លាក់ចុះបន្តគ្នា។
លោកថា៖ «ប៉ុន្តែខ្ញុំសូមអ៊ីចេះ យើងបានជជែកច្រើនហើយពីហេតុផល ហើយក៏មិនមែនជាលើកទី១ដែរ ដែលក្រសួងកសិកម្មព្យាយាមពន្យល់ថា ហេតុអ្វីបានជាយើងជួបស្ថានភាពបែបនេះ? ប៉ុន្តែក្រសួងចង់យកឱកាសនេះ ផ្តោតទៅលើដំណោះស្រាយច្រើនជាង ពីព្រោះពេលនេះបើយើងជជែកអារឿងហេតុផល ជជែកដល់ណាទៀត ក៏យើងមិនអាចជួយឱ្យស្រូវឡើងថ្លៃដែរ។ អ្វីដែលក្រសួងចង់បានចង់ប្រែក្លាយការអាណិតអាសូរដល់កសិករ ឱ្យទៅជាសកម្មភាពពិតប្រាកដ ដើម្បីឈានទៅរកដំណោះស្រាយណាមួយ ដើម្បីជួយគាត់ ហើយបើមិនអាចជួយបានយូរអង្វែងទេ ក្រសួងព្យាយាមជួយក្នុងពេលបច្ចុប្បន្ននេះ»។
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ អំពីមូលហេតុដែលស្រូវកម្ពុជាចុះថោក នៅពេលរដូវប្រមូលផលថា ដោយសារទីផ្សារនៃការស្រូបយករបស់កម្ពុជានៅទាប បើធៀបនឹងប្រទេសជិតខាងកម្ពុជា ដូចជា ថៃ និងវៀតណាម ដែលវិស័យកសិឧស្សាហកម្មរបស់គេមានវ័យចំណាស់ជាងកម្ពុជា។
លោកថា ថៃ និងវៀតណាម គឺមានទីផ្សារធំដោយសារគេដើរមុនកម្ពុជា ក្នុងការនាំចេញអង្ករប្រមាណ២០ទៅ៣០ឆ្នាំរួចមកហើយ ដែលធ្វើឱ្យទីផ្សារអន្តរជាតិគេស្គាល់ច្បាស់ នូវអង្កររបស់ប្រទេសទាំងពីរនេះ ខុសពីអង្ករកម្ពុជាដែលទើបតែឈានចូលទីផ្សារចុងក្រោយគេ មិនសូវមានអ្នកស្គាល់នោះទេ។
កត្តាមួយទៀតដែលលោកកត់សម្គាល់ឃើញ គឺស្រូវដែលធ្លាក់ថ្លៃ គឺស្រូវដែលមិនមានគុណភាពទៅតាមអ្វីដែលម្ចាស់រោងម៉ាស៊ីនចង់បាន។
លោក លន់ យ៉េន អ្នកនាំពាក្យសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានបណ្តាញសារព័ត៌មានNetra Post ស្រង់សម្តីថា ឈ្មួញកណ្តាលមិនបានបញ្ចុះថ្លៃ ឬក៏បង្ខូចថ្លៃកសិផលរបស់កសិករ ដូចការលើកឡើងនោះទេ ហើយក៏គ្មានឈ្មួញណាមានចេតនាទៅទិញស្រូវរបស់កសិករក្នុងតម្លៃថោកឡើយ គឺទិញទៅតាមតម្លៃទីផ្សារ ។
លោកថា៖ «មិនមានថាអីណាគាត់ទៅខិលខូច គាត់ទិញពីកន្លែងនេះថោកទម្លាក់តម្លៃ ទៅលក់នោះថ្លៃ ខាងអ្នកទិញគាត់ដឹងតើ គាត់ចេះតើ ពីព្រោះមុននឹងទិញឈ្មួញឬអ្នកចុះប្រមូលទិញហ្នឹង គាត់ឆែកគុណភាព ហើយគាត់បាញ់ស្បិកហ្នឹងទៅអ្នកទិញថា តម្លៃស្រូវប្រភេទប៉ុណ្ណឹង បងឯងទិញអត់? ឥឡូវតម្លៃគេប៉ុណ្ណេះៗ បងឯងយកទេ? អាហ្នឹងបានគាត់យកទៅលក់ឱ្យ ហើយទៅវៀតណាមគាត់ទិញតម្លៃទូទៅ ហើយបានគាត់យកទៅដល់វៀតណាម បានខាងក្រុមព្រំដែនហ្នឹងគាត់ឆែកមើល អូ! តម្លៃនឹងប៉ុណ្ណេះបានយក អូ! អាហ្នឹងអត់កើតទេ គេទម្លាក់តម្លៃទៅវាទៅ តាមគុណភាពគ្រាប់ស្រូវដែរណា ជួនកាលសើមខ្លាំងទៅជួនកាលស្អុយច្រើនទៅ»។
សម្រាប់ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ(CPS) ដែលជាអ្នកសិក្សាខាងសេដ្ឋកិច្ច និងកសិកម្ម បានថ្លែងតាមរយៈការផ្តល់បាថកថានៅវេទិការអនាគតកាលពីពេលថ្មីៗនេះថា នៅវៀតណាម នៅថៃ គោលការណ៍រដ្ឋគេគឺផ្តល់ទុនឱ្យកសិករខ្ចីក្នុងអត្រាការប្រាក់ទាបបំផុត គឺ១ភាគរយក្នុងរយៈពេល១ឆ្នាំ ខណៈកម្ពុជាយកការប្រាក់ពីកសិករក្នុងរង្វង់ពី១៥ទៅ២០ភាគរយ ដូច្នេះវាខុសគ្នាឆ្ងាយណាស់។ អ្ន
កជំនាញរូបនេះ លើកឡើងថា ការអភិវឌ្ឍវិស័យកសិម្ម គឺជំរុញឱ្យមានការវិនិយោគច្រើនថែមទៀត គឺរដ្ឋត្រូវធ្វើយ៉ាងណាឱ្យវិស័យឯកជនមានលទ្ធភាពចូលវិនិយោគឱ្យបានច្រើន តាមរយៈការសង់រោងចក្រកែច្នៃ។ ទៅមុខទៀត ទាល់តែរដ្ឋជួយជ្រោមជ្រែងថែមទៀត ធ្វើម៉េចកុំឱ្យវិស័យឯកជនខាត ដោយត្រូវផ្តល់លទ្ធភាពផ្សេងៗ ក្នុងនោះការផ្តល់ហិរញ្ញប្បទានសម្រាប់វិនិយោគលើវិស័យកសិកម្ម គឺជារឿងចាំបាច់ណាស់ ពីព្រោះការធ្វើអ្វីមួយទៅបានទាល់តែមានលុយ។
លោកថា៖ «ចឹងបើច្រូតថ្ងៃនឹងត្រូវទៅដល់ម៉ាស៊ីនសម្ងួត២ថ្ងៃអីយ៉ាងយូរ ភាគច្រើនត្រូវទៅសម្ងួតនៅវៀតណាម ឬត្រូវទៅសម្ងួតនៅតាមម៉ាស៊ីនស្រូវធំៗ ហើយកសិករគាត់ត្រូវតែលក់ភ្លាមៗ ទោះគាត់មិនចង់លក់ថ្លៃថោកខ្លាំង។ ពីព្រោះអាថ្លៃ វាប្រែប្រួលលឿនណាស់ ពេលខ្លះទុកតែ១អាទិត្យឬ១ខែក្រោយ វាឡើងវិញហើយ។ ហើយអ្នកខ្លះទៀត ត្រូវតែបង្ខំចិត្តលក់ដើម្បីបានលុយយកទៅសងគេ សងថ្លៃជីក៏មាន សងធនាគារសងអី។ ដល់ចឹងទៅរឿងខ្វះទុនហ្នឹងហ្មង រឿងសម្ពាធអាទុនហ្នឹង»។
ទាក់ទងនឹងតម្លៃស្រូវ លោក សុផល លើកឡើងថា ស្រូវទើបតែឆ្នាំនេះទេ ដែលធ្លាក់ថ្លៃ ប៉ុន្តែកាលពី៣ឆ្នាំមុន គឺ៣ឆ្នាំជាប់ៗគ្នាគឺតម្លៃស្រូវឡើងខ្ពស់ ដែលកាលនោះស្រូវផ្ការំដួលឡើងថ្លៃដល់១គីឡូ១៥០០រៀល ហើយស្រូវOMក៏ឡើងបាន១២០០រៀលដែរ ខណៈជាធម្មតាស្រូវOM មានតម្លៃត្រឹម៨០០-៩០០រៀល។
លោកថា ការឡើងថ្លៃស្រូវកាលពីប៉ុន្មានឆ្នាំមុន គឺដោយសារតែមានគ្រោះរាំងស្ងួត នៅតាមបណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសឥណ្ឌា ដែលនៅពេលនោះ ឥណ្ឌាបានផ្អាកការនាំអង្ករចេញ ដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ទើបអង្ករលើទីផ្សារពិភពលោកឡើងថ្លៃ។ លោកបន្តថា មូលហេតុដែលឆ្នាំនេះស្រូវចុះថោក គឺដោយសារតែអាកាសធាតុអំណោយផលធ្វើឱ្យបណ្តាប្រទេសនានា រួមទាំងកម្ពុជាផលិតស្រូវបានច្រើនលើសតម្រូវការ។
យ៉ាងណាក្តី ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញអង្ករជាង៥៩ម៉ឺនតោន ទៅកាន់ប្រទេសនិងតំបន់ចំនួន៦៩ កើនឡើង ៣៣,៧% ពីចំនួនជាង៤៤ម៉ឺនតោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយនឹងចំនួនខាងលើនេះ កម្ពុជារកចំណូលបាន៤០៨លានដុល្លារកើនឡើង២១% ពីចំនួន៣៣៥លានដុល្លារ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា។
ទាក់ទងនឹងរឿងស្រូចចុះថោកនេះ អ្នកឃ្លាំមើលជាច្រើន បានលើកឡើងថា ក្រសួងកសិកម្មនិងក្រសួងពាក់ព័ន្ធ គួរតែរៀនសូត្រពីប្រទេសជិតខាង ដូចជាថៃនិងវៀតណាមជាដើម។ នៅក្នុងប្រទេសថៃ រដ្ឋគេបញ្ចេញប្រាក់ទិញស្រូវពីកសិករ មិនឱ្យទាបជាងតម្លៃដែលរដ្ឋាភិបាលធ្លាប់សន្យាឡើយ។ ឧទាហរណ៍ថា រដ្ឋគេប្រកាសថា ស្រូវ១គីឡូក្រាមតម្លៃ១០០០រៀល ឈ្មួញអាចឱ្យតម្លៃប្រហាក់ប្រហែលឬលើសហ្នឹងបន្តិច។ បើឈ្មួញកណ្តាលចង់ទម្លាក់ថ្លៃមកនៅត្រឹម១គីឡូ៨០០រៀល កសិករនឹងលក់ស្រូវជូនរដ្ឋក្នុងតម្លៃ ១០០០រៀលក្នុង១គីឡូ។ នេះជាគោលនយោបាយការពារតម្លៃស្រូវកសិករ។
ប្រភពទាំងនេះ បានរិះគន់ថា ស្រូវចុះថោកនៅរាល់រដូវប្រមូលផល ដែលធ្វើឱ្យកសិករខ្មែរកាន់តែជួបការលំបាកខ្លាំងឡើងៗពីមួយឆ្នាំទៅ១ឆ្នាំ គឺមកពីអសមត្ថភាពដឹកនាំប្រទេសរបស់រដ្ឋាភិបាលគ្រួសារហ៊ុន៕









