កងទ័ពនៅជួរមុខ និងគ្រួសារកងទ័ពនៅជួរក្រោយ ដែលទីទាល់ក្រខ្លាំង បន្តអំពាវនាវសុំជំនួយ ខណៈភាពក្រីក្រតោកយ៉ាករបស់កងទ័ព និងគ្រួសាររបស់ពួកគេ ធ្វើឱ្យប៉ះពាល់ផ្លូវចិត្ត និងការអាណិតអាសូរយ៉ាងខ្លាំងពីពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស បន្ថែមពីលើការឈឺចាប់ដែលថៃបានឈ្លានពាន និងប្រមាថមើលងាយកម្ពុជា។
ការអំពាវនាវនេះ ស្របពេលដែលប្រជាពលដ្ឋខ្មែរនៅគ្រប់ទិសទី ទាំងក្នុងនិងនៅក្រៅប្រទេស រួមទាំងស្ថាប័នរដ្ឋាភិបាលនានា កំពុងមានភាពផុលផុសយ៉ាងខ្លាំង ក្នុងការចូលរួមផ្តល់ជំនួយ និងរៃអង្គាសជំនួយដើម្បីយកទៅជួយកងទ័ពជួរមុខ និងជនភៀសសឹក កំពុងខ្វះខាតដែលនៅពេលនេះ កើនឡើងដល់ជាងកន្លះលាននាក់។
«សូមមេត្តា ករុណាជួយនូវសម្ភារទាន និងទានបច្ច័យដល់វីរកងទ័ពម្នាក់នេះផង ទាហានជាង៣០ឆ្នាំមកហើយ»។ នេះជាសារលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបង្ហោះលើបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី២១ខែធ្នូ អំពាវនាវសូមឱ្យសាធារណជន ជួយទៅដល់វីរៈកងទ័ពម្នាក់ ដោយភ្ជាប់នឹងរូបថតកងទ័ពរូបនោះរងរបួសក្បាល។
បើតាម លោក មាជ សុវណ្ណារ៉ា លោកអនុសេនីយ៍ត្រី ឈរ ឈឿ បានសរសេរសារមកកាន់ឆាតនៃផេករបស់លោក ពីតំបន់ប្រាសាទព្រះវិហារថា៖ «ខ្ញុំបាទឈ្មោះឈរ ឈឿ ប្រចាំការនៅបង្គោល៨ ព្រះវិហារ ត្រូវរបួសក្បាលនៅពេលប្រយុទ្ធគ្នា ក្នុងសមរភូមិថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ សូមបងប្អូនជួយដល់ខ្ញុំជាកងទ័ពបម្រើជាតិជាង៣០ឆ្នាំហើយ។ ខ្ញុំប្តេជ្ញាថាពេលធូរស្រាលពីររបួសរួច ខ្ញុំនឹងឡើងទៅប្រយុទ្ធវិញ មិនចោលបងប្អូនយើងនៅខាងលើទេ។ ហើយខ្ញុំមកនេះ ចង់ឱ្យលោកគ្រូជួយផ្សាយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង បានជួយដល់រូបខ្ញុំតិចតួចតាមសទ្ធា ក្នុងស្មារតីខ្មែរជួយខ្មែរ ទាល់ហើយលោកគ្រូ។ ទាក់ទងលេខទូរស័ព្ទខ្ញុំ 088 391 8357 និងQR Code កូនរបស់ខ្ញុំ»។
នៅក្នុងវីដេអូឃ្លីបខ្លីមួយកងទ័ពម្នាក់ កំពុងហូបបាយជាមួយប្រហុក និងអំបិលដាក់លើស្លឹកចេកផ្ទាល់នៅលើដី បាននិយាយថា ខ្លួនកំពុងហូបបាយជាមួយអំបិលនិងប្រហុក។ នេះបើតាមអាខោនហ្វេសប៊ុកឈ្មោះសិត ណារី។
លោកថា៖ «អ៊ុំពូមីង ហូបបាយជាមួយខ្ញុំម៉ោះ ហូបបាយជាមួយខ្ញុំនេះ បុកអំបិលឆាបាយម៉ោះ មិនមានអីទេមានតែបុកអំបិលប្រហុក បាយ»។
ចំណែក ស្ត្រីជាភរិយាកងទ័ពជួរមុខម្នាក់ទៀត ក៏បានសរសេរលើបណ្តាញសង្គមដែរថា៖ «បងប្អូនអើយពេលនេះ ប្តីខ្ញុំកំពុងនៅសមរភូមិនៅឡើយ ចិត្តមួយបារម្ភពីប្តី កូនក៏គ្មានអីហូប អង្ករក៏គ្មាន ម្ហូបអាហារទឹកដោះគោកូនក៏គ្មាន កូន៤នាក់នៅតូចៗ»។
និយាយដល់ត្រង់ចំណុចនេះ ក៏បានដាក់រូបហូរទឹកភ្នែក។ ដោយមានភ្ជាប់រូបថតបីកូនតូចនៅនឹងដៃ កំពុងអង្គុយនៅលើគ្រែរនាបក្តារ ហើយកូនតូចម្នាក់ទៀត អង្គុយនៅនឹងដីគ្មានខោស្លៀក និងនៅក្នុងវីដេអូខ្លីមួយស្ត្រីដែលមានវ័យប្រហែលជាជិត៣០ឆ្នាំ ដែលមានរូបរាងស្គមស្គាំង កំពុងឈរបីកូន ខណៈកូនតូចៗផ្សេងទៀត កំពុងរត់លេង រូបនេះហាក់បីដូចជាពុំមានព្រលឹងនៅក្នុងខ្លួនឡើយ។
សំណេរបានសរសេរបន្តថា៖ «ខ្ញុំមិនអាចបញ្ចេញរឿងខ្លះបាន ចាំសន្តិភាពសិន…សុំគេបើកអំណោយគេមិនកត់ឈ្មោះឱ្យទៀត។ បើបងប្អូនមិនជឿអាចខលវីដេអូមកក៏បានដែរ…។ ខ្ញុំទាល់ហើយបងប្អូនជួយខ្ញុំផងបានទេសូមអង្វរ។ ឃើញគេគ្រួសារកងទ័ពបងប្អូនខ្មែរយើងជួយច្រើនណាស់ ចំណែកខ្ញុំ ប្តីកងទ័ពដែរម៉េចក៏វេទនាម្ល៉េះ។ ខ្ញុំមិនសុំអ្វីច្រើនទេបងអើយ ត្រឹមទឹកដោះគោកូនក៏បាន»។
សារដែលបានបង្ហោះកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ មិនបានប្រាប់ឈ្មោះនិងទីតាំងទេ ប៉ុន្តែបានប្រាប់លេខទូរសព្ទ ០៨៨ ៣៩១ ៨៣៥៧។ នេះបើយោងតាមអាខោនហ្វេសប៊ុកឈ្មោះDA Vila។
DA Vila បានសរសេរថា សុំបងប្អូនជួយចែករំលែកមួយផង ដើម្បីជួយដល់ប្រពន្ធរបស់វីរកងទ័ពយើង។ នេះមើលឃើញជាក់ស្តែង សូមអភ័យទោសពីដំបូងថា មិនហ៊ានបង្ហោះទេ ប៉ុន្តែការដែលដាច់ចិត្តបង្ហោះរឿងនេះ គឺដោយសារតែឃើញប្រពន្ធកូនគ្រួសារវីរកងទ័ពលំបាកវេទនាពេក។
ចាប់តាំងពីមានការផ្ទុះសង្គ្រាមលើកទី២ក្នុងទ្រង់ទ្រាយធំ កាលពីថ្ងៃទី៧ខែធ្នូមក ប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់មួយចំនួន គ្មានមធ្យោបាយធ្វើដំណើរភៀសសឹកទៅកាន់ទីកន្លែងមានសុវត្ថិភាពនោះទេ ដោយខ្លះត្រូវធ្វើដំណើរថ្មើរជើង និងខ្លះទៀតទ្រាំនៅសម្ងំនៅក្នុងផ្ទះរបស់ខ្លួន ដែលប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង។ នេះបើយោងតាមបណ្តាញសង្គមជាច្រើន។
លោក ភីន សុផានី ជាប្រជាពលរដ្ឋរស់នៅលើកោះស្រឡៅ ក្នុងខេត្តកោះកុង កាលពីថ្ងៃទី១៤ខែធ្នូ បានផ្ញើសារសុំជំនួយឱ្យមានការជួយផ្តល់ជាប្រាក់ ដើម្បីជួលទូកទៅដឹកប្រជាពលរដ្ឋក្រីក្រជាង១០គ្រួសារចេញពីកោះស្រឡៅ ខណៈកងទ័ពជើងទឹកថៃ បានប្រើកាំភ្លើងធំបាញ់ពីលើកប៉ាល់នៅក្នុងសមុទ្រ តម្រង់មកលើដីគោកកម្ពុជា។
លោកថា៖ «បងអើយអ្នកនៅកោះស្រឡៅនឹងនៅ ប្រហែលជាង១០គ្រួសារ ១២-១៣គ្រួសារ ហើយអ្នកដែលនៅហ្នឹង ក៏នៅមួយគ្រួសារម្នាក់២នាក់ អ្នកជំហៗមនុស្សប្រុស តែគ្រួសារភាគច្រើនអ្នកដែលនៅហ្នឹងគឺអស់សោះហ្មង អត់មានមធ្យោបាយទៅហ្មង អត់លុយអត់កាក់មិនដឹងទៅណាទៅណី ចឹងគ្នាសុខចិត្តនៅហ្នឹងទៅ បើសិនជាអាចសូមជួយពួកគាត់ឱ្យចេញផុតពីកោះស្រឡៅផងបង ពីព្រោះម្នាក់ៗនៅទាំងភ័យទាំងខ្លាច»។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលតែងតែចុះទៅជួបសំណេះសំណាលជាមួយកងទ័ពជួរមុខនៅតាមព្រំដែន បានប្រាប់វីអូឌីនៅថ្ងៃទី២១ខែធ្នូថា នៅគ្រប់សមរភូមិសង្គ្រាមទាំងព្រំដែនខាងកើតជាមួយវៀតណាមកាលពីអតីតកាល និងព្រំដែនខាងលិចនាពេលបច្ចុប្បន្នជាមួយថៃ គេតែងតែឃើញកូនចៅប្រជាពលរដ្ឋដែលជាកសិករក្រីក្រ គឺជាអ្នកចេញមុខច្បាំងការពារទឹកដី ប្រឆាំងបរទេសឈ្លានពាន។ ចំពោះភាពក្រលំបាកតោកយ៉ាករបស់កងទ័ព និងក្រុមគ្រួសារកងទ័ពនាពេលបច្ចុប្បន្ន លោក មាជ សុវណ្ណារ៉ា បដិសេធធ្វើអត្ថាធិប្បាយដោយថ្លែងថា ខ្លាចប៉ះពាល់ដល់ការសម្ងាត់របស់កងទ័ព។
លោកថា៖ «ខ្ញុំសុំមិននិយាយ ប៉ុន្តែខ្ញុំមើលឃើញទិដ្ឋភាពជាក់ស្តែងនៅតាមព្រំដែន បើចប់សង្គ្រាមទៅសូមឱ្យមានការកែទម្រង់នូវទំនើបកម្មយោធា ហើយឱ្យគុណតម្លៃអ្នកដែលបូជាជីវិតពលីនៅក្នុងសមរភូមិមុខក៏ដូចជាកងទ័ព ឱ្យមានសេចក្តីថ្លៃថ្នូរកិត្តិយស ការរស់នៅស្លៀកពាក់ប្រាក់ខែឧបត្ថម្ភបែបណា ផ្ទះសំបែងទៅនឹងបំណុលធនាគារបែបណា ខ្ញុំក៏ដូចជារដ្ឋាភិបាលគិតថា យើងត្រូវមានគោលនយោបាយកងទ័ពទៅនឹងទំនើបកម្មយោធាបែបណា ឱ្យល្អ តំណាងនូវកិក្តិយសសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ របស់ប្រជារាស្ត្រ ពីព្រោះកងទ័ពជាកងទ័ពរបស់ជាតិ របស់ប្រជារាស្ត្រ មិនមែនជាកងទ័ពរបស់គណបក្សនយោបាយណា ឬក៏ក្រុមគ្រួសារបក្ខពួកណាទេ»។
វីអូឌីមិនអាចទាក់ទងអ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី២២ខែធ្នូនេះ។
យ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងកាលពីពេលថ្មីៗនេះថា ការរួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ក្នុងការផ្តល់ជំនួយ និងប្រមូលជំនួយ ជួយទៅដល់កងទ័ពជួរមុខនិងជនភៀសសឹកក្នុងគ្រាដ៏លំបាកនេះ គឺជាស្មារតីស្នេហាជាតិធំណាស់របស់ប្រជាជាតិខ្មែរ។
លោកថា៖ «ត្រូវធ្វើការងារច្រើនហត់នឿយច្រើន ពុះពារច្រើន ហើយខ្ញុំសូមឱ្យមានការយោគយល់ការសាមគ្គីគ្នា បើលើសខ្វះ បើមានបញ្ហា សូមយោគយល់គ្នា ហើយរួមគ្នាតទៅទៀតក្នុងដំណាក់កាលដ៏លំបាកនេះ។ ក្នុងនាមខ្ញុំជាប្រមុខរាជរដ្ឋាភិបាល យើងខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហា ចំពោះប្រជាពលរដ្ឋកងកម្លាំងរបស់យើង ដោយមានកម្លាំងមហាជន ប្រជាពលរដ្ឋ ជាពិសេសយុវជនយើងនៅពីក្រោយគ្រប់មជ្ឈដ្ឋានទាំងអស់។ នេះជាស្មារតីដ៏រឹងមាំរបស់ជាតិយើង ហើយសូមបន្តនូវកិច្ចការងារនេះដោយទឹកចិត្តទាំងអស់គ្នា»។
សម្រាប់លោក មាជ សុវណ្ណារ៉ា ដែលធ្លាប់ធ្វើជាអតីតទាហានប៉ារ៉ារបស់លោកតា សឺន សាន លើកឡើងថា សង្គ្រាមដ៏ក្តៅគគុកប្រឆាំងថៃឈ្លានពាន មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីខែកក្កដា និងមកដល់ខែធ្នូនេះ ជាបទពិសោធន៍ដែលអគ្គមេបញ្ជាការកងទ័ព និងក្រសួងការពារជាតិ ក៏ដូចជារដ្ឋាភិបាលកម្ពុជានឹងអាចដឹងហើយថាតើត្រូវធ្វើទំនើបកម្មវិស័យកងទ័ពបែបណា ធ្វើទំនើបកម្មជីវភាពរបស់កងទ័ព រួមទាំងប្រពន្ធកូនរបស់កងទ័ព ដើម្បីឱ្យពួកគាត់អាចរស់នៅបានក្នុងកម្រិតជីវភាពសមរម្យថ្លៃថ្នូរមានកិត្តិយស។
លោកថា៖ «ស្មារតីប្រឈមច្បាំងការពារជាតិ បែរជានៅសមរភូមិក្រោយប្រពន្ធកូនមានជំពាក់បំណុល កូនអត់បានទៅរៀនសូត្រទៅសាលា ប្រពន្ធជួបការលំបាក បារម្ភពីប្តីស្លាប់ ឬក៏រស់ កត្តាជីវភាពគ្រួសារក្រីក្រអាហ្នឹងខ្ញុំជឿថា រដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិ ត្រូវពង្រឹងផ្នែកជីវភាពកងទ័ព វិន័យ សណ្តាប់ធ្នាប់សេចក្តីថ្លៃថ្នូររបស់កងទ័ព ដើម្បីតំណាងឱ្យជាតិឱ្យកិត្តិយសប្រទេសជាតិ ឱ្យកិត្តិយសលើកមុខមាត់ក្រុមគ្រួសារទាហានដែលបូជាជីវិត ឱ្យកូនឱ្យចៅទៅធ្វើទាហានឱ្យប្តីការពារប្រទេសជាតិ កុំឱ្យសត្រូវឈ្លានពានខ្ញុំថា នេះជាការទទួលខុសត្រូវចាំបាច់ ដែលត្រូវមានកំណែទម្រង់ទំនើបកម្មវិស័យយោធា ទៅនឹងកត្តាជីវភាពរបស់កងទ័ព»។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានសម្តែងការសោកស្តាយ និងរំជួលចិត្តចំពោះភាពក្រីក្រតោកយ៉ាកយ៉ាងខ្លាំងរបស់កងទ័ពកម្ពុជាជួរមុខ និងជនភៀសសឹក និងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី សូមបន្តជួយឧបត្ថម្ភទៅដល់កងទ័ពជួរមុខ និងជនភៀសសឹកខ្មែរជាបន្តទៅទៀត។ ជាមួយគ្នានេះ រដ្ឋាភិបាលត្រូវដោះស្រាយការលំបាករបស់ទាហានជួរមុខ គឺត្រូវតែផ្គត់ផ្គង់សម្ភារយោធានិងរបបអាហារឱ្យបានគ្រប់គ្រាន់សមរម្យ ដើម្បីឱ្យពួកគេមានកម្លាំងមានទឹកចិត្តកាន់តែខ្លាំងក្លាថែមទៀតដើម្បីប្រយុទ្ធជាមួយកងទ័ពសៀមឈ្លានពាន។
លោកថា៖ «នឹងត្រូវតែលើកទឹកចិត្តទាហាន សម្ភារសឹកត្រូវតែគ្រប់គ្រាន់ ការហូបចុកក៏មិនគួរឱ្យមានការខ្វះខាត នឹងជាបន្ទុករបស់ក្រសួងការពារជាតិ ជាបន្ទុករបស់រដ្ឋាភិបាល ដែលត្រូវជួយជ្រោមជ្រែងទៅដល់បងប្អូនទាហានជួរមុខ ដោយការយកចិត្តទុកដាក់មែនទែន ដើម្បីជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការការពារជាតិ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។ ហើយជាមួយគ្នានឹងរដ្ឋាភិបាលកម្ពុជា គួរលើកទឹកចិត្តទៅដល់បងប្អូនទាហានដែលពលី គឺលើកទឹកចិត្តដល់ក្រុមគ្រួសារពួកគាត់ តាមរយៈការជួយសម្រួលទៅដល់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យបានសមរម្យជាងសព្វថ្ងៃ។ ជាមួយគ្នាហ្នឹង រដ្ឋាភិបាលក៏គួរជួយដល់ក្រុមគ្រួសារកងទ័ពនៅខាងក្រោយ ដែលពួកគាត់កំពុងតស៊ូដោយឧបត្ថម្ភគាំទ្រដល់ពួកគាត់បន្ថែមទៀត ទាំងថវិកាទាំងសម្ភារ មិនត្រូវបណ្តែតបណ្តោយឱ្យពួកគាត់រស់នៅតាមយថាកម្មទេ»។
អ្នកឃ្លាំមើលសង្គមជាច្រើន បានបន្ទោសស្ថានភាពរស់នៅក្រីក្រតោកយ៉ាកដ៏សែនសង្វេគរបស់កងទ័ពជួរមុខកម្ពុជា និងក្រុមគ្រួសាររបស់កងទ័ពនាពេលបច្ចុប្បន្ន ទៅលើអំពើពុករលួយជាប្រព័ន្ធ នៅក្នុងជួររដ្ឋាភិបាលគ្រួសារហ៊ុន ជាពិសេសនៅក្នុងក្រសួងការពារជាតិ ដែលទាមទារឱ្យមានការធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មជាបន្ទាន់ ដើម្បីធ្វើឱ្យវិស័យការពារជាតិរឹងមាំខ្លាំងធន់ក្នុងការការពារទឹកដីទប់ទល់នឹងបរទេសឈ្លានពាន៕









