យោធាថៃ បានបង្កើនការវាយសន្ធាប់យ៉ាងខ្លាំងនៅប្រាសាទតាមាន់ ប្រាសាទព្រះវិហារ ប្រើយន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកនៅបឹងត្រកួន ខេត្តបន្ទាយមានជ័យជាដើម ខណៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបានចាប់ផ្តើម ដើម្បីជំរុញឱ្យថៃវិលទៅគោរពបទឈប់បាញ់ ។
ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូនេះ ថៃបន្តវាយប្រហារកម្ពុជាដោយយន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកនៅបឹងត្រកួន ស្រុកថ្មពួក បាញ់ផ្លោងនៅទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបាញ់ប្លោងនៅភូមិអូរចោត និងគីឡូលេខ៩ ខេត្តបាត់ដំបង ជាដើម។
បន្ថែមលើនេះ យោធាថៃបានបាញ់ប្រហារមកលើអគារ និងផ្ទះរបស់ប្រជាពលរដ្ឋស៊ីវិលកំពុងរស់នៅប្រមាណជា ៣០គ្រាប់(កាំភ្លើងដៃ) នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជាងនេះទៀត យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំពីចម្ងាយ កាំភ្លើងត្បាល់ និងដ្រូនជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងចូលភូមិសាស្ត្រ តាថាវ ភ្នំខ្មោច ជាំតែ និងបន្តបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់យ៉ាងគំហុក។
យ៉ាងណា ក្រសួងបញ្ជាក់ថា កងកម្លាំងកម្ពុជាកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
ការវាយប្រហារលើកម្ពុជាកាន់តែខ្លាំងនេះ ក៏ចំពេលមានកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើឡើងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីរកមធ្យោបាយបញ្ចប់ការប្រយុទ្ធដែលអូសបន្លាយអស់ពេល១៦ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា ទោះមានកិច្ចប្រជុំអាស៊ានក្តីតែថៃមិនខ្លាចទេ ព្រោះថៃទុកខ្លួនឯងជាបងធំ និងវាយសង្រ្គប់ខ្លាំងបន្ថែមទៀតដើម្បីដណ្តើមកាន់កាប់តំបន់បន្ថែម ដោយថៃគិតថាបើមានកិច្ចព្រមព្រៀងសន្តិភាពអ្នកណាវាយបានកន្លែងណាឈរជើងទីនោះ។
លោកកត់សម្គាល់ដែរថា គ្មានសហគមន៍អន្តរជាតិណាថ្កោលទោសថៃ ក្នុងការឈ្លានពានកម្ពុជាប៉ុន្មានថ្ងៃទៅនេះ ព្រោះថៃមានសេដ្ឋកិច្ចខ្លាំងជាងកម្ពុជា មានទំនាក់ទំនងការទូតល្អ ជាដើម។
ក្នុងស្ថានភាពនេះ លោកថា កម្ពុជាត្រូវតែពឹងខ្លួនឯងទប់ទល់ការឈ្លានពានរបស់ថៃ តាមរយៈការធ្វើទំនើបកម្មវិស័យយោធា ពង្រឹងផ្ទៃក្នុងជាតិ រួមទាំងប្តឹងថៃទៅតុលាការអន្តរជាតិ។
លោកថា៖ «កម្ពុជាក៏ត្រូវប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) ពីជម្លោះព្រំដែនកម្ពុជាជាមួយថៃ ហើយនឹងប្ដឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)ផងដែរ ដោយថៃទម្លាក់គ្រាប់បែកមកលើលំនៅឋានប្រជាពលរដ្ឋ មកលើសាលារៀន មន្ទីរពេទ្យ ឲ្យស្លាប់ប្រជាពលរដ្ឋឲ្យស្លាប់កុមារស្លាប់ទាហានយើង។ លើសពីហ្នឹង គឺកម្ពុជាត្រូវប្ដឹងទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺមានប្រទេសបារាំងនិងប្រទេសឥណ្ឌូនេស៊ី ជាសហប្រធាន ដើម្បីឲ្យដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជាជាមួយថៃ ហើយនឹងត្រូវប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិម្តងទៀត ដើម្បីឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហ្នឹងអនុម័តដាក់ទណ្ឌកម្មទៅលើថៃ»។
ជ្រុងមួយនៃរឿងនេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានសរសេរលិខិតចំហរទៅកាន់សហគមន៍អន្តរជាតិ ដែលលោកបង្ហោះលើហ្វេសប៊ុកនៅថ្ងៃទី២១ ខែធ្នូ ដោយលើកហេតុផលមួយចំនួន ប្រាប់អន្តរជាតិថា ថៃជាអ្នកឈ្លានពានកម្ពុជា។
លោកថា កម្ពុជាទាមទារឱ្យគោរពខ្សែបន្ទាត់ព្រំដែន តាមផែនទី តាមសន្ធិសញ្ញាព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែថៃទាមទារខ្សែបន្ទាត់ព្រំដែនតាមផែនទីឯកតោភាគីរបស់ខ្លួន។
លោកពន្យល់ កម្ពុជា និងថៃ គឺជាអ្នកជិតខាងនឹងគ្នា ដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់កំណត់ដោយអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងផែនទីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងមានអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក ដើម្បីឈានទៅបោះបង្គោលព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍជាមួយគ្នាឱ្យបាន ១០០ភាគរយ។
មួយវិញទៀត ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទាំងជម្លោះកាលពីឆ្នាំ១៩៥៤, ជម្លោះឆ្នាំ២០០៨-២០១១ និងជម្លោះបច្ចុប្បន្ន កម្ពុជាតែងតែប្រកាន់យកយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។
ជាលទ្ធផលនៃជម្រើសផ្លូវច្បាប់នេះ កម្ពុជាបានទទួលជោគជ័យ ដោយក្នុងករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ និងឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថា ប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។
លោកថា នេះបង្ហាញថា កម្ពុជាជាប្រទេសការពារអធិបតេយ្យភាពរបស់ខ្លួន ដោយប្រើយន្តការច្បាប់អន្តរជាតិ ហើយគ្មានហេតុផលណាដែលកម្ពុជាច្រានចោលយន្តការ ដែលខ្លួនធ្លាប់ទទួលបានជោគជ័យ២លើករួចមកហើយនេះ ហើយបែរជាទៅបង្កសង្រ្គាមជាមួយថៃឡើយ។
ជុំវិញជម្លោះព្រំដែននេះដែរ លោក សុក សំអឿន ទីប្រឹក្សាច្បាប់មេធាវីអមរិន្ទ បានសរសេរលើហ្វេសប៊ុកលោកថា ការដោះស្រាយដោយអាស៊ាន មានតែការសម្របសម្រួលប៉ុណ្ណោះ មិនមានយន្តការប្រើទ័ពដើម្បីអន្តរាគមន៍ទេ តែអាចនឹងមានដែរ គឺអាស៊ានបង្កើតកងរក្សាសន្តិសុខប្រចំាការតាមព្រំដែន បើសមាជិកទាំងអស់យល់ព្រម រួមទាំងភាគីជម្លោះថៃ និងកម្ពុជាដែរ។
លោកបន្តទៀតថា ទណ្ឌកម្មធំ ដែលអាស៊ានអាចធ្វើ គឺដកសមាជិកភាពពីអាស៊ាន នូវប្រទេសដែលគេប្រាប់មិនស្តាប់។
ប៉ុន្តែលោកថា ទម្រំាសម្រេចបែបនេះមិនដឹងប្រើរយៈពេលប៉ុន្មានឆ្នាំ ហើយក្នុងកំឡុងចរចានោះ ថៃផ្អាកសង្រ្គាមដែរទេ។ ហើយបើដកសមាជិកភាពពីអាស៊ាន តើថៃបញ្ចប់សង្រ្គាមដែរឬទេ? ដូចនេះកម្ពុជា នៅតែត្រូវទប់ទល់នឹងការវាយប្រហារពីថៃដដែល។
ដោយឡែក លោកថា អង្គការសហប្រជាជាតិអាចលូកដៃ បន្ទាប់ពីយន្តការតំបន់បរាជ័យ តែអង្គការសហប្រជាជាតិ មិនអាចគៀរគរទ័ពអង្គការសហប្រជាជាតិបានទេ បើក្រុមប្រឹក្សាសន្តិសុខមិនសម្រេចថា ត្រូវធ្វើអន្តរាគមន៍ដោយកងទ័ពនោះ។
ក្រុមប្រឹក្សាសន្តិសុខ ដែលឈានទៅដល់ការបញ្ជូនទ័ពបាន លុះត្រាសមាជិកអចិន្រ្តៃយ៍របស់ខ្លួនសម្រេចជាឯកច្ឆ័ន្ទដែរ ពោលគឺគ្មានជំទាស់ដោយសមាជិកណាមួយទេ។ បើមិនអាចរកសំឡេងគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខបានទេ អង្គការសហប្រជាជាតិអាចរកសំឡេងគាំទ្រដោយមហាសន្និបាតបានដែរ ប៉ុន្តែត្រូវការពេល និងត្រូវការតស៊ូមតិខ្លាំង ហើយអង្គការសហប្រជាជាតិដែលសម្រេចបញ្ជូនទ័ពនោះ គេមើលទៅលើប្រទេសដែលបំពានគេនោះដែរ តើមានកម្លាំងប៉ុណ្ណា?
លោកសរសេរក្នុងន័យដើមថា៖ «ចូរមើលសង្រ្គាម រុស្សី និងអ៊ុយក្រែន អង្គការសហប្រជាជាតិមានទៅហ៊ានក្អកឯណា។ ដូចនេះលោកថាមានតែខ្លួនទីពឹងខ្លួន»។
ដោយឡែក ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក ខេស៊ី បាណេត (Casey Barnet) បានបង្ហោះសារលើហ្វេសប៊ុកថា គិតត្រឹមម៉ោង១២អធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ថៃបានអនុវត្តការវាយប្រហារតាមអាកាសប្រហែល២៣លើកលើកម្ពុជា ដោយវាយបំផ្លាញទាំងគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងសាលាបឋមសិក្សា វត្តអារាម និងស្ពាន។
ហើយកម្រិតខ្លាំងក្លានៃការវាយប្រហារតាមអាកាស បានកើនឡើងដោយមាន៥លើកនៅថ្ងៃទី ១៨ខែធ្នូ និង៤លើកទៀតនៅថ្ងៃទី១៩ ខែធ្នូ។
លោកសង្កត់ធ្ងន់ថា ការចាប់ផ្តើមសង្គ្រាមជាមួយកម្ពុជា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានដាក់លោក អនុទិន ស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតឡើងវិញ មុនពេលការរំលាយសភានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥៕









