អ្នកតាមដាន​ឱ្យកម្ពុជា​រក​អាមេរិក​និង​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ក្រោយ​អាស៊ាន​មិន​អាច​ទប់​ស្កាត់​ថៃឈ្លាន​ពាន

អ្នកតាមដានជម្លោះព្រំដែន និយាយ​ថា អាស៊ាន​បាន​បរា​ជ័យ​ម្តង​ហើយ​ម្តង​ទៀត ក្នុង​ការ​រក​យុត្តិ​ធម៌​ឱ្យ​កម្ពុជា ជុំវិញ​ទ​​ង្វើ​ឈ្លាន​ពាន​របស់​ថៃ ដែល​ថៃ​ប្រើ​ទាំង​យន្ត​ហោះ​ចម្បាំង​ ទម្លាក់​គ្រាប់​បែក​ចង្កោម បាញ់​​ផ្សែង​​​ពុល​​ រំលោភ​ច្បាប់​​អន្តរ​ជាតិ បង្ក​ការ​រង​គ្រោះ​ថ្នាក់​ដល់​កម្ពុជា និង​ជន​ស៊ីវិល​ខ្មែរ។

​​ការណ៍នេះ ពួកគេជំរុញ​ឱ្យមេដឹកនាំកម្ពុជា ចាំបាច់ត្រូវ​ប្រើកិ​ច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​រក​ការ​អន្តរា​គមន៍​ពីស​ហគមន៍​អន្តរ​ជាតិ មាន​អា​មេ​រិក​ជាដើម ទើប​អាច​ទប់​ស្កាត់​​ទង្វើ​ឈ្លាន​ពាន​ដ៏​​សាហាវ​ពីសំ​​​ណា​ក់​ភាគី​ថៃ​នេះ​បាន។

ការលើកឡើង​នេះ ក្រោយកិ​ច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅទី​ក្រុង​គូឡា​ឡាំពួរ​ បាន​បិទ​បញ្ចប់​កាល​ពីថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥។ បើ​តាម​សេចក្តី​ប្រកាស​របស់​ប្រធាន​អាស៊ាន​ពី​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ ដែល​មាន​១០​ចំណុច​នោះ ក្រៅ​ពីស​ម្តែង​ការ​ព្រួយ​បារម្ភ​ពី​ជម្លោះ​ព្រំ​ដែន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស អាស៊ាន​ជំរុញ​ឱ្យ​កម្ពុជា​-ថៃ បញ្ឈប់​នូវ​អរិភាព​ទាំង​ឡាយ និង​គោរព​បទ​ឈប់​បាញ់​ថ្ងៃ​ទី២​៨ ខែ​កក្កដា និង​សេចក្តី​ថ្លែង​ការណ៍​រួម​ថ្ងៃ​ទី​២៦ ខែ​តុលា ឡើង​វិញ។

បន្ថែម​លើនេះ​ អាស៊ានក៏បានអំពាវនាវឱ្យកម្ពុជា-ថៃ វិលទៅ​រក​យន្ត​ការច​រចា​ទ្វេ​ភាគី និង​ប្រើ​ប្រាស់​ការ​សម្រប​សម្រួល​​របស់​ប្រធាន​អាស៊ាន​ស្តារ​ឡើង​វិញ នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដោះ​មីនមនុស្ស​ធម៌ និង​កាត់​បន្ថយ​ភាព​តាន​តឹង​ផ្នែក​យោធា​នៅ​តាម​ព្រំដែន ក្រោមកា​រ​សង្កេត​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន។

ប៉ុន្តែអាស៊ាន មិនបានថ្កោលទោសទង្វើឈ្លាន​ពាន​របស់​ថៃ មក​លើ​កម្ពុជា​ ដែល​ថៃ​រំលោភ​ច្បាប់​អន្តរ​ជាតិ ប្រើយ​ន្ត​​ហោះ​​ចម្បាំង​ទម្លាក់​គ្រាប់​បែក​ចង្កោម បាញ់​ផ្សែង​ពុល​ បង្ក​គ្រោះ​ថ្នាក់​ដល់​កម្ពុជា និង​ពលរដ្ឋ​ស៊ី​វិល​ខ្មែរ ដែល​បា​​ន​ស្លា​​​ប់និង​របួស​កើន​ឡើង​ដល់​ជាង ១០០​នាក់​ គិត​ពី​ថ្ងៃ​ដែល​ថៃ​ឈ្លាន​ពាន ចំនួន​១៦​​​ថ្ងៃម​ក​នេះ​​ទេ។

ជុំវិញរឿងនេះ អ្នកនាំពាក្យប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់​ថា​ ការ​ប្រកាស​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ទាំង​​១០​ចំណុច​របស់​អាស៊ាន មិន​បាន​ដាក់​កំហុស​លើ​ភាគី​ណា​ទេ ក្រៅ​ពី​ការ​សម្រប​សម្រួល​ និង​ដាស់​តឿន​កម្ពុជា-ថៃ គោរព​បទ​ឈប់​បាញ់។

ក្នុងន័យនេះ លោកថា ការដោះស្រាយតាមយន្តការ​អាស៊ាន ជា​ការ​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត​មិន​អាច​រក​យុត្តិ​ធម៌​ឱ្យ​កម្ពុជា​បាន ខណៈ​ថៃ​ឈ្លាន​ពាន​កម្ពុជា បាញ់​សម្លាប់​ជន​ស៊ីវិល បំផ្លាញហេដ្ឋា​រចនា​សម្ព័ន្ធ ប្រាសាទ​បុរាណ​ខ្មែរ តាម​ទំនើង​ចិត្ត​ដែល​ជាកា​រ​រំលោភ​លើធ​ម្ម​នុញ្ញ​អាស៊ាន​ និង​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ​ថែម​ទៀត។

យ៉ាងណា លោក​ឱ្យយោបល់​ថា កម្ពុជា​មានតែពឹងមហាអំណាចអាមេរិក ចិន និង​សហគមន៍​អន្តរជា​តិ រួម​ទាំង​ប្តឹង​ទៅ​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ទើប​អាច​ដាក់​សម្ពាធ​ឱ្យ​ថៃ​ឈប់​ឈ្លាន​ពាន​កម្ពុជា​បាន។

លោកថា៖ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលាហ្នឹង គឺសំខាន់ដែរ គឺ​ត្រូវ​តែ​ធ្វើ​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ហ្នឹង ដើម្បី​​ឲ្យ​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​ហ្នឹង! កោះ​អញ្ជើញ​ ឬ​ក៏​រំឭក​នូវ​កិច្ច​ព្រម​ព្រៀង​ឡើង​វិញ​ ក្នុង​ភាព​ជា​ហត្ថ​លេខី មាន​ន័យ​ថា ប្រទេស​ថៃ​ក៏​ជាប្រ​ទេស​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ហត្ថ​លេខី ក្នុង​ការ​គោរព​និង​​ការ​ការ​ពារ​កម្ពុជា​ឲ្យ​ផុត​អំពី​ការ​រំលោភ​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា។ កិច្ច​ព្រម​ព្រៀង​ហ្នឹង ជា​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ត្រូវ​បាន​លើក​ស្ទួយ និង​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ អ៊ីចឹ​ង​ថៃ​ក៏​មាន​កាតព្វ​កិច្ច​ក្នុង​ការ​ជំរុញ​ ឬ​ក៏​ការកា​រ​ពារ​ហ្នឹង​ដែរ។ប៉ុន្តែ​ដោយ​ឡែក​ថៃ​បាន​រំលោភ​បំពាន​ទៅលើ​​​អធិប​តេយ្យ​ភាព​កម្ពុជា និង​រំលោភ​លើសិ​ទ្ធិជ​ន​ស៊ី​វិល​របស់​កម្ពុជា តាម​បណ្ដោយ​ព្រំដែន​ហ្នឹង»

សម្រាប់អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ​ លោក សេក សុជាតិ យល់​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ ជា​រឿង​មួយ​ដ៏​អាក្រក់​សម្រាប់​កម្ពុជា និង​បង្ហាញ​ថា​អាស៊ាន​គ្មាន​គុណ​តម្លៃ​ដោះ​ស្រាយ​វិវាទ​ក្នុង​តំបន់​ទេ ហើយ​កិច្ច​ប្រជុំ​នេះ គ្រាន់​តែ​ជាកា​រប​ង្អួត​សហគមន៍​អន្តរ​ជាតិ​ប៉ុណ្ណោះ។

លោកគូសបញ្ជាក់ថា បើអាស៊ានឱ្យកម្ពុជាបន្តចរចា​ទ្វេភាគីជាមួយ​ថៃ ហាក់​បី​ដូច​ជា​ដូច​បើក​ដៃ​ឱ្យថៃ​​ឈ្លាន​ពាន​ដី​ខ្មែរ​ដោយ​ចំហរ ខណៈ​កន្លង​ទៅ​លោក​ថា ថៃ​មិន​បាន​គោរព​បទ​ឈប់​បាញ់​ ហើយ​ថៃ​មាន​ជា​ប្រទេសអំ​នួត​ខ្លាំង តែង​តែ​ក្បត់​ពាក្យ​សន្យា​របស់​ខ្លួន​រហូត​មក។

លោកថា៖ «ឲ្យកម្ពុជាទៅចរចាជាមួយនឹងប្រទេស​ថៃ ទ្វេ​ភាគី​ ហើយ​ប្រទេស​ទាំង​អស់ មិន​ចូល​រួម​មិន​ដឹង​ឮ​ ហើយ​មិន​មាន​ឥទ្ធិ​ពល​ ដូច្នេះ​ការ​ចរចា​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​​ថៃ គ្រាន់​តែ​ជា​ល្បិច​ពន្យារ​ពេល​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រទេស​ថៃ​ឈ្លាន​ពាន​ដែ​នអ​ធិប​តេយ្យ​ភាព​កម្ពុជា​តែ​ប៉ុណ្ណោះ។ បើ​សិន​ជា​ពិភព​លោក​មើល​ឃើញ​អំពី​ភាព​គឃ្លើន​របស់​ភាគី​ថៃ ដែល​បំពាន​មក​លើ​កម្ពុជា គួរ​តែ​និយាយ​ដោយ​បើក​ចំហ​ត្រង់ៗ​ ហើយ​នាំ​គ្នា​ដាក់​គំនាប​ទៅ​លើ​ប្រទេស​ថៃ​ឲ្យបា​ន​គ្រប់ៗ​គ្នា​ទៅ​តាម​លទ្ធ​ភាព និង​រូប​ភាព ដើម្បី​ពង្រឹ​ងល​ក្ខណៈ​ពិសេស​របស់​សមាគម​អាស៊ាន »។​

ជាមួយគ្នានេះទីប្រឹក្សាច្បាប់មេធាវី​អមរិន្ទ លោក សុក សំអឿន បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​លោកនៅ​ថ្ងៃ​ទី២​៣ ខែ​ធ្នូ​នេះ​ថា អាស៊ាន​គ្រាន់​តែជា​ស​ហគមន៍​សេដ្ឋ​កិច្ច​មួយ​ប៉ុណ្ណោះ មិន​មាន​យន្ត​ការ​ដោះ​ស្រាយ​ជម្លោះ​រវាង​សមាជិក និង​សមាជិក និង​គ្មាន​វិធាន​ការ​ប្រើ​ទ័ព​អាស៊ាន ដើម្បី​បញ្ចប់​ជម្លោះ​រវា​ងស​មា​ជិក និង​សមាជិក​ដែរ។

បើតាម​ លោក សុក សំអឿន អាស៊ាន ខុសពីសហគមន៍អឺរ៉ុប។ សហគមន៍​អឺរ៉ុប មា​ន​សម្ព័ន្ធ​ណា​តូ និង​មាន​កិ​ច្ច​ព្រម​ព្រៀង​ថា​បើ​ប្រទេស​ណា​ឈ្លាន​ពាន​ប្រទេស​ជា​សមាជិក ប្រទេស​ផ្សេង​ទៀត​នឹង​បញ្ជូន​ទ័ព​មក​ជួយ​ ហើយ​សហគមន៍​អឺរ៉ុប​មាន​តុលាការ​សិទ្ធិ​មនុស្ស ដែល​អាច​ដាក់​ទោស​លើ​ប្រទេស​ជា​សមាជិ​ក​របស់​ខ្លួន ដែល​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្លួន​បាន ដែល​ខុស​ពី​អាស៊ាន​ដែល​គ្រាន់​តែ​មាន​សម្ព័ន្ធ​សេដ្ឋ​កិច្ច បើក​សេរី​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​សមាជិ​ក​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក​ពន្យល់​ទៀត​ថា មូល​ហេតុ​ដែល​សមា​គម​អាស៊ាន​មិន​អាច​ធ្វើ​បាន​ដូច​នៅ​អឺរ៉ុប​ទៅ ព្រោះ​តែ​សហគមន៍​អឺរ៉ុប​មាន​ប្រទេស​ខ្លះ​រីក​ចំរើន ដែ​លអា​ច​ហៅ​ថា​បង​ធំ ហើយ​មាន​អាមេរិក​ជា​ជំហរ​ក្នុង​សម្ព័ន្ធ​ណាតូ​ថែម​ទៀត ចំណែក​អាស៊ាន​មិន​ទាន់​មាន​ប្រទេ​ស​ណា​ជា​បង​ធំ ដែល​អាច​ឱ្យ​សមាជិក​ផ្សេង​គិត​ថា​នឹង​ទទួល​ផល​ប្រយោជន៍​ច្រើន​ពី​បង​ធំ​នោះ​ទេ។

ដូចនេះ លោក​ថា អាស៊ានងាយនឹងបែកបាក់ណាស់ មិនអា​ច​ឈាន​ទៅ​ឱ្យ​ដូច​អឺរ៉ុប​បាន​ទេ​ ហើយ​ត្រង់​នេះ​​ហើយ​ដែល​ជាមូល​ហេតុ​ដែល​ថៃ​មិន​ស្តាប់​អាស៊ាន​នោះ​ទេ ហើយ​ក៏​មិន​ខ្វល់​ថា​ត្រូវ​បែក​ចេញ​ពី​អាស៊ាន​នោះ​ដែរ។

ជាមួយ​គ្នានេះ​ អ្នក​តាម​ដាន​ភូមិ​សាស្រ្តនយោបាយតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេង វណ្ណី បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​លោក​​ថា ថៃ​មាន​ប្រៀប​ក្នុង​កិច្ច​ប្រជុំ​ពិសេស​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ ដោយ​សម្រេច​បាន​សំណើ​បទ​ឈប់​បាញ់​នៅ​ម៉ោង​១២​យប់​របស់​កម្ពុជា​បរា​ជ័យ ដោយ​សារ​ថៃ​ដឹង​ច្បាស់​ពី​ដែន​កំណត់​របស់​អាស៊ាន ដូច​ជា គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​និង​គោល​ការណ៍​កុង​សង់​ស៊ីស។

មួយវិញទៀត លោកថា កម្ពុជាមិនអាចជំរុញ​របៀប​វារៈ​នៃ​ការ​ប្រើ​ប្រាស់​រូប​ភាព​ផ្កាយ​រណប​(ដែល​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាមេរិក និង​អ៊ីរ៉ុប ដើម្បី​ផ្ទៀង​ផ្ទាត់​អ្នក​រំលោភ​បំពាន​បទ​ឈប់​បាញ់)។

ផ្ទុយទៅវិញ លោកថា ថៃស្នើប្រើកិច្ចប្រជុំគណកម្មការព្រំដែនទូទៅថ្ងៃ​ទី​២៤ ជា​ល្បែង​ថ្ពឹន​ភ្នែក​សហគមន៍​តំបន់ និង​អន្តរ​ជាតិ ដើម្បី​ឲ្យ​ខ្លួន​អាច​ឈ្លាន​ពាន​កម្ពុជា​បន្ត​ទៀត ប្រើ​ប្រាស់​យន្ត​ការ​ទ្វេភាគី​ដែល​សិទ្ធិ​សម្រេច​លើ​កិច្ច​ការ​ព្រំដែន​​ស្ថិត​នៅ​លើយោ​ធា​ថៃ ហើយ​កន្លង​មក​បរាជ័យ​ក្នុង​ការ​អនុវត្ត​ម្តង​ហើយ​ម្តង​ទៀត និង​គេច​វេស​ពី «អវសាន​វាទ» របស់​អាមេរិក​ដែល​កំណត់​ឲ្យ​បញ្ឈប់​រាល់​ការ​ប្រើក​ម្លាំង​នៅថ្ងៃ​ទី​២​៣ ខែ​ធ្នូ។

ជារួម សម្រាប់ លោក សេង វណ្ណលី យន្ត​ការ​អាស៊ាន​បន្ត​បរាជ័យ​ក្នុង​ការ​បញ្ឈប់​ថៃ​ពី​ការ​ឈ្លាន​ពាន ហើយ​បើ​គ្មាន​ដំណោះ​ស្រាយ​សម​ស្រប​ណាមួ​យ​ពីអា​មេរិក ចិន និង​អង្គ​ការ​សហ​ប្រជាជាតិ​បន្ថែម​ទៀត​នោះ​ទេ ថៃ​នឹង​នៅតែ​ប​ន្ត​ប្រើ​ប្រាស់​ការ​ឈ្លាន​ពាន​កម្ពុជា​ជា​របៀប​វារៈ​នយោ​បាយ សំដៅ​ទាក់​ទាញ​ប្រជា​ប្រិយ​ភាព​ក្នុង​ការ​បោះឆ្នោ​ត​ក្នុង​ខែ​កុម្ភៈនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ