ការប្រមូលផលត្រី ពីបឹងទន្លេសាប នឹងចាប់ផ្តើមពីចុងសប្តាហ៍នេះទៅ ដែលពលរដ្ឋអាចធ្វើដំណើរទៅកាន់ទីតាំងមួយចំនួន នៅរាជធានីភ្នំពេញ បើមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬតម្រូវការផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយក្នុងលិខិតជូនដំណឹងមួយ ចុះថ្ងៃទី២៣ ខែធ្នូនេះថា តាមការសង្កេតរបស់ខ្លួន ការប្រមូលផលត្រីពីបឹងទន្លេសាប នឹងចាប់ផ្តើមពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ខែធ្នូនេះ។
ក្រសួងបញ្ជាក់ថា តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។
ការណ៍នេះជាអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ។
ការប្រមូលផលត្រី ចាប់ពីថ្ងៃព្រហស្បតិ៍ ៦កើត ដល់ថ្ងៃពុធ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។
ក្រសួងគូសបញ្ជាក់ថា សម្រាប់«បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ»។
លើសពីនេះ រដ្ឋបាលជលផល ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ជួយសម្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីនេះផងដែរ៕









