ពលរដ្ឋនៅក្រុងប៉ោយប៉ែតមួយចំនួន បានសម្រេចចិត្តជម្លៀសខ្លួនជាថ្មីម្ដងទៀត ដោយជ្រើសរើសការធ្វើដំណើរនៅពេលយប់ ដើម្បីគេចផុតពីការបាញ់គ្រាប់ផ្លោងរបស់យោធាថៃនៅពេលថ្ងៃ។ តែយ៉ាងណា ក៏នៅមានពលរដ្ឋកម្ពុជាមួយចំនួនទៀត បន្តក្រាញននៀលទាំងភាពភ័យខ្លាច ដោយសារកន្លែងការងារគំរាមថាមិនបើកលុយឱ្យ និងមិនទទួលយកធ្វើការវិញ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែធ្នូ បាននាំគ្នាភៀសខ្លួនទាំងយប់ ដោយសារយោធាថៃនៅតែបន្តបាញ់ផ្លោងចូលតំបន់នេះក្នុងរយៈពេលបីថ្ងៃជាប់គ្នា។
អ្នករត់កង់បីនៅក្រុងប៉ោយប៉ែត សុំមិនបញ្ចេញឈ្មោះ ថ្លែងប្រាប់វីអូឌី ជាសំណេរតាមប្រព័ន្ធតេឡេក្រាមថា ថ្ងៃនេះក្រុងប៉ោយប៉ែត ហាក់មានភាពស្ងប់ស្ងាត់ជាងមុនបន្តិច ដោយសារពលរដ្ឋកម្ពុជាមួយចំនួន បានចាកចេញកាលពីយប់ម៉ិញ។ លោកបន្តថា ពួកគេជ្រើសរើសការធ្វើដំណើរនៅពេលយប់ ដោយសារយោធាថៃច្រើនតែធ្វើសកម្មភាពបាញ់ផ្លោងនៅពេលថ្ងៃ ដោយភាគច្រើនគ្រាប់ទាំងនោះធ្លាក់នៅបណ្ដោយផ្លូវជាតិលេខ៥ ធ្វើឱ្យការធ្វើដំណើរគ្មានសុវត្ថិភាព។
យ៉ាងណា លោកថា ជនបរទេស ដូចជា ឥណ្ឌូនេស៊ី នេប៉ាល់ និងជនជាតិថៃ គឺនៅមានចំនួនច្រើនដដែល ឯជនជាតិចិន ហាក់ថយចុះជាងមុនបន្តិច។
ពលរដ្ឋរូបនេះ បញ្ជាក់ដែរថា ភាគច្រើនពលរដ្ឋខ្មែរដែលបន្តរស់នៅក្រុងប៉ោយប៉ែត គឺដោយសារពួកគេប្រឈមនឹងការគំរាមរបស់ថៅកែក្រុមហ៊ុនដោយមិនបើកប្រាក់ខែឱ្យ និងមិនទទួលយកចូលធ្វើការវិញ។ លោកបន្ថែមថា ពួកគេបន្តរស់នៅទាំងភាពភ័យខ្លាច ខណៈមកទល់រសៀលថ្ងៃទី២៣ខែធ្នូនេះ ស្នូរគ្រាប់ផ្លោងរបស់យោធាថៃនៅបន្តឮសន្ធឹកពេញក្រុងប៉ោយប៉ែត។
គិតត្រឹមម៉ោង៤រសៀល ក្រសួងការពារជាតិ ឱ្យដឹងថា យោធាថៃបានបាញ់ផ្លោងចំនួនជាង ១០គ្រាប់ ចូលសង្កាត់ផ្សារកណ្ដាល សង្កាត់អូរឫស្សី និងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយថ្ងៃនេះការបាញ់ផ្លោងចាប់ផ្ដើមនៅម៉ោង៨ព្រឹក ដោយមានភាពរង្វើលៗ និងបង្កើនការបាញ់កាន់តែញឹកនៅពេលរសៀល។
មកទល់ពេលនេះ មិនទាន់មានការប្រកាសផ្លូវការណាមួយពីរដ្ឋបាលក្រុងប៉ោយប៉ែត ឱ្យពលរដ្ឋជម្លៀសខ្លួននៅឡើយទេ។ ជាមួយគ្នានេះ ក៏មិនទាន់មានគ្រាប់ផ្លោងណាមួយដែលធ្លាក់នៅចំកណ្ដាលក្រុងប៉ោយប៉ែតដែរ ដោយភាគច្រើនក្បាលគ្រាប់ធ្លាក់នៅភូមិសាស្ត្រភូមិកូនដំរី និងភូមិស្ទឹងបត់ ចម្ងាយប្រមាណ១០គីឡូម៉ែត ពីព្រំដែន។
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោក ប៉ានខែម ប៊ុនថន បញ្ជាក់នៅម៉ោង១០ព្រឹកថា អាជ្ញាធរបានផ្អាកការធ្វើដំណើរលើផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វជាមួយផ្លូវលេខ៥០ កំណាត់ផ្លូវលេខ៥៨ និងកំណាត់ផ្លូវលេខ៣០ ដោយសារផ្លូវទាំងនេះស្ថិតក្នុងតំបន់មានហានិភ័យខ្ពស់ពីការធ្លាក់គ្រាប់ផ្លោង៕









