នៅថ្ងៃទី២៣ ខែធ្នូនេះ សារព័ត៌មានថៃជាច្រើន រួមទាំងខាវសុត បានដកស្រង់សម្តីរដ្ឋមន្រ្តីការបរទេសថៃ លោក សីហាសាក់ ភុងកេតកែវ ថា ថៃបដិសេធមិនទៅប្រជុំGBCនៅប្រទេសម៉ាឡេស៊ី តាមសំណើររបស់កម្ពុជានោះទេ ដោយថៃទាមទារឱ្យកិច្ចប្រជុំនេះ ធ្វើនៅប្រទេសថៃ។
រដ្ឋមន្រ្តីការបរទេសថៃ លោក សីហាសាក់ បញ្ជាក់ថា ថៃមិនទៅប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC នៅប្រទេសម៉ាឡេស៊ី តាមសំណើរកម្ពុជានោះទេ ដោយលោកថា ត្រូវប្រជុំនៅប្រទេសថៃ ខេត្តចន្ទបុរី។
លោកបន្តថា ការប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC នេះផងដែរ ត្រូវធ្វើតាមសំណើររបស់ភាគីថៃ គឺចរចាទ្វេភាគី មិនឱ្យមានប្រទេសទី២ ទី៣ លូកដៃចូលជ្រៀតជ្រែក បញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃទេ។
លោកនិយាយថា៖ «កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC ត្រូវធ្វើឡើងនៅប្រទេសថៃ ខេត្តចន្ទបុរី តែប៉ុណ្ណោះ ថៃមិនទៅប្រជុំនៅម៉ាឡេស៊ីទេ ដោយកម្ពុជាត្រូវធ្វើតាមសំណើរថៃ ចរចាទ្វេភាគី មិនឱ្យមានប្រទេសទី២ ទី៣នោះទេ»។
បើតាម សេចក្តីប្រកាសរបស់ប្រធានអាស៊ាន អំពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពី ស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជានិងថៃ ទីក្រុងកូឡាឡាំពួរ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំនុចទី៩បាននិយាយថា គណៈកម្មាធិការព្រំដែនទូទៅ(GBC) នឹងកោះប្រជុំវិញសាមញ្ញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ក្នុងគោលបំណង ដើម្បីពិភាក្សាអំណពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់។ ហើយថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញអំពីក្តីសង្ឃឹម ចំពោះការកាត់បន្ថយអរិភាពទាំងឡាយឱ្យបានឆាប់តាមដែនអាចធ្វើទៅបាន៕









