យោធាថៃ បានបញ្ចេញវីដេអូពីសកម្មភាពកម្ទេចហេដ្ឋារចនាសម្ព័ន្ធកម្ពុជានៅតំបន់អានសេះ និងការពង្រាយនាវាចម្បាំងក្នុងដែនសមុទ្រខេត្តកោះកុង ខណៈក្រសួងថា កងទ័ពកម្ពុជាកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន ដើម្បីការពារទឹកដី។
ការបង្ហាញសាច់ដុំពីសំណាក់យោធាថៃនេះ ចំពេលដែលកម្ពុជាមិនប្រើអាវុធប្រឆាំងនឹងយន្តហោះចម្បាំង F-16 ថៃ ដែលកំពុងគំរាមគំហែងដែនអធិបតេយ្យកម្ពុជា និងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលខ្មែរ តាមរយៈបាញ់ផ្លោង ទម្លាក់គ្រាប់បែកចង្កោម និងបាញ់ផ្សែងពុល តែកម្ពុជាមិនទាន់ប្រើអាវុធប្រឆាំងនឹងយន្តហោះចម្បាំងនេះនៅឡើយ។
នៅថ្ងៃទី២៣ ខែធ្នូនេះ កងទ័ពជួរមុខថៃ បានបង្ហោះវីដេអូ ដោយសរសេរសារថា កងទ័ពជើងទឹកថៃ បានពង្រាយនាវាចម្បាំង ៤គ្រឿង នៅតំបន់ប្រេងក្បែរដែនសមុទ្រប្រទេសកម្ពុជា ស្ថិតនៅខេត្តកោះកុង។
ប្រភពនិយាយថា មិនត្រឹមតែប៉ុណ្ណោះ កងទ័ពថៃបានគ្រប់គ្រងតំបន់អានសេះទាំងស្រុង ដោយបានឈូសកម្ទេចអនុវស្សាវរីយ៍តាអ៊ុំជិះសេះ ផ្ទះពលរដ្ឋ ផ្សារ និងរូបសំណាក់ព្រះវិស្ណុរបស់ខ្មែរថែមទៀត។
លើសពីនេះ កងទ័ពថៃ បានបញ្ជាក់ថា ថៃនឹងបញ្ជូនកងកម្លាំងជាង២០០នាក់បន្ថែមទៀត ដើម្បីមកគ្រប់គ្រងតំបន់អានសេះ ធ្វើលេណដ្ឋាន និងកសាងសំណងរឹងម៉ាំ ដើម្បីទប់ទល់នឹងកងទ័ពកម្ពុជា។
តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់VODថា យោធាថៃពិតជាបានឈូសឆាយកម្ទេចរង្វង់មូលតាអ៊ុំជិះសេះ កម្ទេចផ្សារ រូបសំណាក់ព្រះវិស្ណុ និងផ្ទះពលរដ្ឋខ្មែរ នៅតំបន់អានសេះ ខេត្តព្រះវិហារ។
លោកបន្តថា យោធាថៃបានរំលោភចូលដែនអធិបតេយ្យកម្ពុជាប្រមាណជាង ២គីឡូម៉ែត្រ នៅច្រកអានសេះ ខណៈទាហានខ្មែរធ្លាប់អះអាងថា ប៉ុស្តិ៍ត្រួតពិនិត្យរបស់ថៃ នៅឆ្ងាយពីនេះជាង ២គីឡូម៉ែត្រ។
លោកថា៖ «ថៃរំលោភចូលដីខ្មែរយើងជាងពីរគីឡូម៉ែត្រនៅច្រកអានសេះ ពីមុនទាហានថៃរំលោភចូលត្រឹមតែបន្លាលួសតែប៉ុណ្ណោះឯង កាលពីសង្គ្រាមលើកទីមួយ បន្ទាប់ពីសង្គ្រាមលោកលើកទីមួយក្រោយមកក៏រំលោភចូលមកដល់រង្វង់មូលតាអ៊ុំឥឡូវនេះ បន្ទាប់ពីឈូសឆាយកម្ទេចរង្វង់មូលតាអ៊ុំ និងតូបរបស់ពលរដ្ឋខ្មែរនៅផ្សារអានសេះ និងផ្ទះរបស់ពលរដ្ឋខ្មែរនៅច្រកអានសេះ ហើយឥឡូវនេះ គឺថៃរំលោភមកដល់កាស៊ីណូរបស់ខ្មែរមកថែមទៀត រហូតដល់បំផ្លាញរូបសំណាករបស់ខ្មែរយើង នៅក្បែរកាស៊ីណូហ្នឹងគឺចូលដីខ្មែរយើងប្រហែលជាជាងពីរគីឡូម៉ែត្រ»។
ម្យ៉ាងវិញទៀត លោក អ៊ុំ សំអាន សង្កេតឃើញថា ទាហានថៃបាននឹងកំពុងដឹកលូធំៗមកដាក់នៅរង្វង់មូលអនុស្សាវរីយ៍តាអ៊ុំ ដើម្បីត្រៀមធ្វើលេណដ្ឋានគ្រប់គ្រងនៅរង្វង់មូលតាអ៊ុំ ដែលជាទឹកដីរបស់ខ្មែរ។
លោកអះអាងថា សង្រ្គាមឈ្លានពានរបស់យោធាថៃចូលដល់ថ្ងៃទី១៧នេះ យោធាថៃបានប្រើអាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 នាវាចម្បាំង ដើម្បីចូលឈ្លានពានទឹកដីកម្ពុជា។
លោកថា៖ «ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹង បណ្ដោយឲ្យថៃផ្លោងពីនាវាចម្បាំងមកដែនគោករបស់កម្ពុជា ហើយនិងបណ្ដោយឲ្យយន្តហោះរបស់ថៃ ទម្លាក់គ្រាប់បែកលើទឹកដីខ្មែរស្រេចចិត្តហ្នឹងដោយសាររដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ហ្នឹងអសមត្ថភាពក្នុងការការពារទឹកដី អត់បានត្រៀមខ្លួនទុកជាមុន ដោយសារតែអំពើពុករលួយបក្ខពួកនិយមគ្រួសារនិយមគិតតែបង្ក្រាបខ្មែរគ្នាឯង អត់គិតដើម្បីត្រៀមខ្លួនប្រឆាំងទៅនឹងការឈ្លានពានពីសំណាក់ប្រទេសជិតខាង គិតតែទប់អំណាច បង្រ្កាបខ្មែរគ្នាឯង»។
លោកថា ការបង្ហាញសាច់ដុំរបស់ថៃ តាមរយៈវីដេអូនេះបង្ហាញថា នាវាចម្បាំងថៃ បានរំលោភចូលហួសតំបន់ដែនសមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េ ដែលជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា។ ហើយថា ការបង្ហាញបែបនេះ ដោយសារតែថៃកន្លងមក ធ្លាប់រំលោភយកកោះគុត ដែលជាចំណែករបស់ខ្មែរ ២ភាគ៣ ហើយឥឡូវនេះ ថៃចង់ស៊ីដាច់តំបន់សមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េ ដែលជាកម្មសិទ្ធិរបស់ខ្មែរថែមទៀត។
លោកអះអាងថា សព្វថ្ងៃនេះ ថៃកំពុងត្រួតត្រាផ្តាច់មុខលើតំបន់សមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េ រីឯកម្ពុជាទាមទារបានតែលើក្រដាស ឬគ្រប់គ្រងបានតែលើក្រដាសតែប៉ុណ្ណោះ។
លោកបារម្ភថា កាលណា ថៃកំពុងត្រួតត្រាផ្តាច់មុខលើតំបន់សមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េ កម្ពុជាមិនអាចចេញទៅសមុទ្រអន្តរជាតិបានទេ ក៏មិនអាចនាំនំទិញចូលមកកម្ពុជាបានផងដែរ។
ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន អ្នកស្រី វ៉ាន់ លក្ខិណា និយាយថា ការដែលកងទ័ពជើងទឹក និងកងទ័ពជើងអាកាសកម្ពុជា មិនហ៊ានបាញ់តបតជាមួយថៃ កំហុសគឺមកពីមេដឹកនាំកម្ពុជា លោក ហ៊ុន សែន។
ក្នុងន័យនេះ អ្នកស្រីពន្យល់ថា មេទ័ពខ្មែរទាំងអស់ភាគីច្រើន សុទ្ធតែស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី និងស្រឡាញ់ប្រជាជនខ្មែរ ប៉ុន្តែពួកគាត់ត្រូវរងចាំបញ្ជាពីមេដឹកនាំគ្រួសារហ៊ុន ទើបហ៊ានបាញ់តបតសត្រូវ។
អ្នកស្រីហាក់ស្តីបន្ទោសថា កំហុសគ្រប់យ៉ាងមិនមែនមកពីកងទ័ពកម្ពុជាទេ គឺកំហុកគ្រប់យ៉ាងមកពីកម្ពុជាមានមេដឹកនាំកំសាក គ្មានសមត្ថភាព គ្មានអាវុធទំនើប ដើម្បីទប់ទល់សត្រូវ ការពារទឹកដីនោះទេ។
អ្នកស្រីថា៖ «ហេតុអីបានលោកហ៊ុនសែនមិនបញ្ជាឲ្យទាហានទាំងជើងទឹក ជើងគោក អាចតទល់ជាមួយអាវុធធុនធ្ងន់របស់ប្រទេសថៃ ដោយសារតែលោក ហ៊ុន សែន នេះយល់ឃើញច្បាស់ថា បើសិនជាតដៃជាមួយថៃទៅបានត្រឹមតែខាតគ្រាប់ ខាតសព្វាវុធ និងកម្លាំងមួយចំនួនតែប៉ុណ្ណោះ វាអត់អាចយកឈ្នះថៃបានទេ ដោយសារតែសព្វាវុធរបស់ថៃ គឺមានសភាពទំនើបខ្លាំងជាងប្រទេសកម្ពុជាជាក់ស្ដែង មកដល់ពេលនេះ ប្រទេសកម្ពុជាដូចជាមិនដែលបានឃើញប្រកាសក្នុងការទិញអាវុធធុនធ្ងន់ ឬក៏អាវុធទំនើបណាមួយចូលមកទឹកដីប្រទេសកម្ពុជាឡើយ ឃើញតែប្រទេសកម្ពុជាភាគច្រើនប្រកាសដំណឹងនៅពេលដែលចេញទៅក្រៅប្រទេសម្ដងៗ គឺខ្ចីលុយបរទេស អ៊ីចឹងយើងមិនដឹងថានៅក្នុងប្រទេសកម្ពុជាយើងហ្នឹងមានអាវុធកម្រិតទំនើបបែបណានោះទេ»។
យ៉ាងណា នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និយាយថា យោធាថៃបន្តឈ្លានពានកម្ពុជា ប្រើអាវុធធុនធ្ងន់ កម្រិតបំផ្លាញខ្ពស់បាញ់ស្រោចលើអធិបតេយ្យកម្ពុជា។តែប្រភពនោះ មិនបានលើកឡើងពីការដែលយោធាថៃ រំលោភចូលដែនអធិបតេយ្យកម្ពុជានៅតំបន់អានសេះ និងពង្រាយនាវាចម្បាំង រំលោភចូលដែនសមុទ្រកម្ពុជា នៅខេត្តកោះកុង នោះទេ។
យ៉ាងណា អ្នកស្រី បន្តអះអាងថា មកទល់ពេលនេះ កងទ័ពកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងម៉ាំ អង់អាចក្លាហាន ដើម្បីការពារទឹកដី ហើយកម្ពុជាបន្តប្រើសិទ្ធិស្វ័យការពារខ្លួន ដើម្បីការពារទឹកដី តបតាមច្បាប់អន្តរជាតិ។
លោកថា៖ «គិតមកដល់ម៉ោងនេះ ទីតាំងមួយចំនួនយោធាថៃនៅបន្តធ្វើសកម្មភាពវាយប្រហារ មកលើដែនអធិបតេយ្យកម្ពុជានៅឡើយទេ។ កងកម្លាំងរបស់យើងនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន»។
គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ ២១នាក់ របួស ៨៣នាក់ ខណៈជនភៀសសឹកបានកើនដល់ជាង ៥៤ម៉ឺននាក់ (៥៤៤ ៧០៣នាក់) ក្នុងនោះមានស្ត្រីជាង ២៨ម៉ឺននាក់ (២៨៥ ៥៤៤នាក់) និងកុមារជាង ១៧នាក់ (១៧៤ ០០៦នាក់)។
សកម្មភាពឈ្លានពានរបស់យោធាថៃ បានប្រើយន្តហោះចម្បាំង F-16 និងនាវាចម្បាំងបាញ់កម្ទេចហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជារាប់សិបកន្លែង រួមទាំងសាលារៀន ប្រាសាទបុរាណតាមទំនើងចិត្ត ខណៈកម្ពុជាមិនប្រើអាវុធប្រឆាំងយន្តហោះ ដើម្បីឆ្លើយតបនឹងការឈ្លានពានតាមដែនអាកាសដ៏កំរោលនេះទេ៕









