ថៃព្រមានឈប់បន្តលិខិតស្នាក់នៅដល់ពលករខ្មែរដោយ​​ថា​បារម្ភ​ពី​អសន្តិសុខ​ជាតិ

រដ្ឋា​ភិបាល​ថៃ ព្រមាន​ថា ឈប់​បន្ត​លិខិត​ស្នាក់​នៅ​ស​ម្រាប់​ការ​ងារ​ដល់​ពលករ​ខ្មែរ ចាប់​ពី​ដើម​ឆ្នាំ​២០២៦​ទៅ ដោយ​ថា បារម្ភ​អស​ន្តិសុ​​ខ​ជា​តិ ខណៈ​ជម្លោះ​ព្រំដែន​នៅ​បន្ត​អូស​បន្លាយ និង​អាជ្ញាធរ​ខ្លួន​រក​ឃើញ​ថា ពលករ​ខ្មែរ​ប្រមាណ​ជា១​០​ម៉ឺន​នាក់​ទៀត កំពុង​ធ្វើ​ការ​គ្មាន​លិខិត​បញ្ជាក់​ច្បាស់​លាស់។​

សារព័ត៌មានថៃ TNN និង Thai PBS កាលពីថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៥ បាន​ស្រង់​សម្ដី​អ្នក​នាំ​​ពាក្យ​ទីស្តី​​ការ​​នាយក​រដ្ឋ​មន្ត្រី លោក ស៊ីរីពង្ស អង់កាសាគុគៀត (Siripong Angkasakulkiat) មក​ចុះ​ផ្សាយ​​ថា បច្ចុប្ប​ន្ន​ប្រទេស​ថៃ មិន​អាច​ដំណើរ​ការ​បន្ត​លិខិត​អនុញ្ញាត​ធ្វើ​ការ​សម្រាប់​ពលករ​កម្ពុជា​ ដូច​ជន​ជាតិ​ដទៃ​​ទៀត​បាន​ទេ ដោយ​សារ​តែ​បញ្ហា​ព្រំដែន​ដែល​មិន​ទាន់​ដោះ​ស្រាយ​ដាច់​ស្រេច ដូច្នេះ​ចាំ​បាច់​ត្រូវ «ពន្យារ​ពេល» ដំណើរ​ការ​បន្ត​លិខិត​អនុញ្ញាត​ធ្វើ​កា​រ។ លើស​ពី​នេះ សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ថៃ តាម​រយៈ​ក្រសួង​មហា​ផ្ទៃ ក្នុង​កិ​​ច្ចប្រជុំ​​គណៈ​រដ្ឋ​មន្ត្រី ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៥។

រដ្ឋាភិបាលថៃ បានអនុម័តបន្តលិខិតអនុញ្ញាត​ធ្វើការ ​សម្រាប់​តែ​ពលករ​មក​ពី​ប្រទេស​៣ ប៉ុណ្ណោះ រួម​មាន មី​យ៉ាន់​ម៉ា ឡាវ និង​វៀត​ណាម រហូត​ដល់​ឆ្នាំ២​០២៨ ដោយ​មិន​រាប់​បញ្ចូល​កម្ពុជា។

ក្នុងសេចក្ដីសម្រេចនោះ ការផ្អាកជាបណ្តោះអាសន្ននេះ គឺសម្រាប់​តែ​ពលករ​កម្ពុជា​ណា​ដែល​លិខិត​អនុ​ញ្ញាត​របស់​ពួក​គេ​ផុត​កំណត់​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​អាច​បន្ត​ធ្វើការ​ដល់​ខែ​ចុង​ក្រោយ​ក្នុង​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ខាង​មុខ។

ប្រភព​គូស​បញ្ជាក់​ថា មូលហេតុនៃការផ្អាកនេះ ដោយ​សារ​បារម្ភ​សន្តិ​សុខ ខណៈ​អាជ្ញាធរ​រក​ឃើញ​ថា ពលករ​ខ្មែរ​ប្រមាណ​ជា ១០​ម៉ឺន​នាក់ (១០០ ០០០នាក់) ប្រើ​លិខិត​ស្នាក់​នៅ​មិន​ច្បាស់​លាស់​។

លើសពីនេះ ថៃព្រមានចាត់វិធានការច្បាប់ បើរកឃើញថា​ពលករ​ខ្មែរ​ណា​មាន​លិខិត​ការ​ងារ​ផុត​កំណត់ ហើ​​យ​មិន​ព្រម​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ។

កាលពីជាង២ខែមុន ​ពោលនៅ​ថ្ងៃ​ទី១​០ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នាយក​​រដ្ឋ​មន្ត្រី លោក អានុធីន ឆានវីរៈ​គូន (Anutin Charnvirakul) បាន​​សម្រេច​​ផ្អាក​​ការ​​ចុះ​​ហត្ថ​លេខា​​លើ​សេច​ក្តី​​ព្រាង​​សេចក្តី​ប្រកាស​​របស់​ក្រសួ​​ង​មហា​​ផ្ទៃ ដែល​​អនុញ្ញាត​​ឱ្យ​ពលរដ្ឋ​ខ្មែរ​​ដែល​មាន​លិខិត​អនុញ្ញាត​ការ​ងារ​ផុត​កំណត់​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ជា​បណ្តោះ​អាសន្ន។

វីអូឌី (VOD) មិនទាន់អាចសុំប្រតិកម្មឆ្លើយតបពី អ្នក​នាំ​ពាក្យ​​ក្រសួង​​ការ​​ងារ លោក ស៊ុន មេសា ដើម្បី​​ចង់​​ដឹង​​ពី​​​វិធាន​​ដោះ​ស្រាយ​លើ​បញ្ហានេះ​ជូន​​ពលករ​​ខ្មែរ បាន​​ទេ គិត​​ត្រឹមថ្ងៃចន្ទ​​​នេះ។

យ៉ាងណា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២០​ ខែ​ធ្នូ ឆ្នាំ​២០២៥ បាន​អំពាវ​នាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើកា​រ​នៅ​ក្នុង​ប្រទេស​ថៃ សូម​អត់​ធ្មត់ រក្សា​ភាព​ស្ងៀម​ស្ងាត់ និង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ទីតាំង​​ការ​ងារ​របស់​ខ្លួន​ជា​ធម្មតា និង​ត្រូវ​ចៀស​វាង​ការ​ជួប​ជុំ ឬ​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​កាន់​ច្រក​ព្រំដែន រហូត​ដល់​ស្ថាន​ភាព​វិល​ត្រឡប់​មក​ជាប្រក្រតី​ឡើង​វិញ ដើម្បី​ធានា​សុវត្ថិ​ភាព និង​ចៀស​វា​​ង​គ្រោះ​ថ្នាក់​ជាយថា​ហេតុ​ក្នុង​ពេល​ធ្វើដំ​ណើរ​ឆ្លង​កាត់​ច្រក​ព្រំដែន​កម្ពុជា-ថៃ ។

ក្រសួងបន្តថា ក្នុងករណីមានការគំរាមកំហែង ការបំភិត​បំភ័យ ឬ​ការ​បៀត​បៀន​ណា​មួយ​ សូម​ទាក់​​ទ​ង​ទៅ​កា​ន់​ស្ថាន​ឯកអគ្គរាជ​ទូត​កម្ពុជា​នៅទី​ក្រុង​បាង​កក ឬ​មណ្ឌល​ធន​ធាន​ពលករ​ទេស​ន្តរ​ប្រវេសន៍ នៅទី​ក្រុង​បាង​​កក ។

សម្រាប់សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអតីតតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន​ និយាយ​​ថា ថៃ​កំពុង​យក​បញ្ហា​នេះ ដាក់​សម្ពាធ​មក​លើ​កម្ពុជា​បន្ថែម ខណៈ​​ដែល​ប្រទេ​​សទាំង​​​២ កំពុ​​ង​​មាន​ជ​ម្លោះនឹ​ង​គ្នា​​​នៅ​មិន​ទា​​ន់​​ដោះ​ស្រាយ​បាន។

លោកក៏មានក្ដីបារម្ភជុំវិញ​ការ​ធ្វើដំ​ណើរត្រ​លប់​មក​វិញ​របស់​ពលករ​តាម​ច្រក​ព្រំ​ដែន​ដែរ​ ដែល​អាច​​នឹង​​ប្រឈម​នៅ​គ្រោះ​ថ្នាក់។ ជាង​នេះ​ទៅ​ទៀត​ ប្រសិន​បើព​លករ​ខ្មែរ ដែល​ផុត​សុពល​ភាព​ប័​ណ្ណ​​​​ការ​ងារ​ ក៏​នឹង​ប្រឈម​សុវត្ថិ​ភាព និង​ពេល​ត្រលប់​មក​កម្ពុជា​វិញ ក៏​អាច​នឹង​ប្រឈម​ភាព​គ្មានកា​រ​ងារ​ធ្វើ​ផង​ដែរ ស្រប​ពេល​ដែ​​លជម្លោះ​កម្ពុជា​-ថៃ​ហាក់កា​​ន់​តែ​ឡើង​កម្ដៅ ។

លោកថា៖ «ថៃកំពុងប្រើប្រាស់សម្ពាធមកលើកម្ពុជា ខ្ញុំព្រួយបារម្ភថា​តើ​ពលករ​ទាំង​អស់ ត្រូវ​ប្រឈម​ក្នុង​ជម្រើស​មួយ​​ណា ឆ្លង​កាត់​មក​វិញ​ដោយ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ ហើយ​អត់​មាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស ជួប​បញ្ហា​ជីវភាព ឬ​ក៏​បន្ត​ស្នាក់​នៅ​ប្រទេស​គេ​ដោយ​ខុស​ច្បា​ប់ ហើយ​គេ​ធ្វើ​ទុក្ខ​បុក​ម្នេ​​ញ​ ហើយ​​គេ​​ចា​ប់​​គេ​ចង។ ដូច្នេះ​ហើយ​រាជ​រដ្ឋាភិ​បាល ក៏​លោក​ត្រៀម​លក្ខណៈ​ដើម្បី​ទទួល ត្រូវ​រៀប​ចំ​យន្ត​ការ​​សម្រប​​សម្រួល​​ដោ​​យ​ជជែក​គ្នា​ជាមួយ​ថៃ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​វិល​ត្រឡប់​ដោយ​សុវត្ថិ​ភាព»។

ទោះជាយ៉ាងណា​​ក៏ដោយ លោក ច័ន្ទរ័ត្ន យល់ថា ក្នុងស្ថានភាពនេះ រដ្ឋាភិបាល​កម្ពុជា​​គួរ​តែ​ត្រៀ​ម​ល​ក្ខណៈ​​ក្នុង​ការ​ទទួល និង​ធានា​ថា ពលករ​នឹង​ទទួល​បាន​ការ​ងារ​ធ្វើ​បន្ទាប់​ពី​ត្រលប់​មក​វិញ ហើយ​កម្ពុជា​​មា​ន​​ទំនាក់​​ទំន​ង​ល្អ​ជាមួ​យ​សហគមន៍​អន្តរ​ជាតិ ដើម្បី​ស្វែង​រក​ជំនួយ​គាំទ្រ​ ពិសេស​ត្រូ​​វជជែក​​ជាមួ​យ​រដ្ឋាភិ​បា​​លថៃ ដោ​យ​ឈរ​លើ​គោល​ការណ៍​ច្បាប់​មនុស្ស​ធម៌ និង​ធានា​សុវត្ថិ​ភា​ព​មិន​ឱ្យ​ប៉ះ​ពាល់​​ដល់​​ជន​​ស៊ីវិល។ 

ដោយឡែក មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុ​កប្រចាំ​ប្រទេស​​ថៃ​​នៃ​​អង្គ​ការ​​សង់​ត្រាល់ លោក​ លឹង​ សុផុន ថ្លែង​​ប្រាប់​​VOD​ថា លោ​​កក៏​បា​ន​​ទទួល​ដំណឹ​​ងរឿ​ង​រដ្ឋាភិ​​បាល​​ថៃ​​ប្រកាស​នេះ​ដែរ តែ​​ថា​​បច្ចុប្ប​ន្ន​​​ព​ល​​ករ​ខ្មែ​​រ​​ដែល​មាន​ប័ណ្ណ​ការ​ងារ​ជិត​ផុត​កំណត់​ និង​ប្រភេទ​MOU ​ដែល​មិន​ទាន់​​ផុ​ត​សុ​ព​​ល​​ភាព ឬ​ផុ​ត​កំណត់ ពួក​គាត់​កំពុង​បន្ត​ធ្វើ​ការ​ធម្មតា ប៉ុន្តែ​​សម្រាប់​ពលករ​ដែល​​មាន​វីសា​ការ​​ងារ​​ផុត​​កំ​ណត់​នៅ​ឆ្នាំ​២០២៦​ខាង​មុខ កំពុង​បារម្ភ​ពី​អនាគត​មិន​ច្បាស់​លាស់។

លោកថា៖ «អ្នកដែលដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៧ហ្នឹង គឺឲ្យស្នាក់នៅធ្វើការរហូតដល់ផុតកំណត់ ហើយមួយទៀតគឺឲ្យពិនិត្យមើលថា តើលិខិតអនុញ្ញាតឲ្យធ្វើការតាមអនុសារណៈ​យោគយល់គ្នា ដែលយើងហៅថាជាMOU គឺផុតកំណត់តាមការអនុញ្ញាតមានន័យថា MOUផុតកំណត់ពីរឆ្នាំ ហើយយើងតពីរឆ្នាំបាននៅក្នុងប្រទេសថៃយ៉ាងណាការចុះបញ្ជីឈ្មោះថ្មីហ្នឹង គឺគេមិនទាន់បើឲ្យពលរដ្ឋខ្មែរ និងបន្តសុពលភាទេ»

លោកបន្តថា ​ពលករដែលអាជ្ញាធរថៃ​ជូនដំណឹង​មិនអនុញ្ញាត​ឱ្យ​ធ្វើកា​រ​នៅ​ថៃ​គឺ​សំដៅ​ដល់​ពលករ​​ដែ​ល​ពួ​​កគា​​ត់​​​មាន​វីសាផុ​ត​កំណ​ត់​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៥ ប៉ុ​​ន្តែ​អាជ្ញាធរ​ថៃ​អនុ​ញ្ញាត​បន្ត​ឱ្យ​១ឆ្នាំ​​បន្ថែម​ទៀត តាម​វី​សារ​ការងា​រពួ​កគា​ត់​ម្នាក់ៗ​រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២៦ ដូច្នេះ​ពលករ​ខ្មែរ​ដែ​ល​ផុត​កំណត់​ នឹង​ត្រូ​​វបញ្ជូន​​ត្រលប់​​​​​​ទៅ​កាន់​​ប្រទេស​​វិញ​ ។

លោកថា៖ «លិខិតធ្វើការបានផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៦​ហ្នឹង ក៏​មិន​ទាន់​ឲ្យ​ត​ដែរ សម្រាប់​ប្រជា​ពលរដ្ឋ​​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិត​ធ្វើ​ការ​កាន់​វីសា​ការ​ងារ​ហ្នឹង គឺ​អ្នក​ដែល​ផុត​កំណត់​នៅ​ទី​៣១ ខែ​មីនា ឆ្នាំ២០២៦ និង​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៧ ទាំង​ពីរ​ប្រភេទ​ហ្នឹង គឺ​ថ្មីៗ​ហ្នឹង គឺ​មិន​ទាន់​មានកា​រ​ឲ្យ​បន្ត ឬ​ក៏​បន្ត​សុពល​ភាព​ទៅ​គេ​អស់​ត្រឹម​ណា គឺ​ពួក​គាត់​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ហ្នឹង​ហើយ​ទាក់​ទង​រឿង​MOU គឺ​យើង​ស្នាក់​នៅ​និង​ធ្វើ​ការ​ហ្នឹង​ ទៅ​តាម​ការ​កំណត់​ដែល​​បាន​អនុញ្ញាត​ឲ្យ»។

បន្ថែមពីនេះ លោក សុផុន សម្ដែង​ការ​ព្រួយ​បារម្ភ​ផង​ដែរ ប្រសិ​ន​បើ​ពលករ​ដែល​គាត់​មាន​ឯកសារ​ការ​ងារ​ផុត​កំណត់​​ហើយ តែ​នៅ​តែ​បន្ត​ធ្វើការ​ដោយ​មិន​ស្រប​ច្បាប់​អាច​ធ្វើ​ឱ្យ​ពួក​គាត់​ប្រឈម​សុវត្ថិ​ភាព ខណៈ​​សមត្ថ​កិ​​ច្ច​​ថៃ​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ពលករ​ខ្មែរ​ដែល​មិន​ស្រប​ច្បាប់​អនុវត្ត​តាម​នីតិវិធី ។

លើសពីនេះ លោកក៏សំណូមពរដល់រដ្ឋាភិបាល រួមទាំង​ក្រសួង​ពាក់​ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ មាន​វិធាន​ជួយ​សម្រ​​ប​សម្រួល​​ដល់​​ពលករ​ខ្មែរ​ ដែ​ល​គាត់​កំពុង​តែ​ប្រឈម​ទៅ​ភាព​គ្មាន​ការ​ងារ​ធ្វើ​ និង​សុវត្ថិ​ភា​​ពជូ​ន​ពួក​គា​​ត់​​ផង។

យ៉ាងណា កាលពីសប្ដាហ៍មុន ក្នុង​ទិវា​អ្នកចំណាក​ស្រុក​អន្តរជាតិ​​​លើក​ទី​២៦ ​នៅថ្ងៃ​ទី​១៨ ខែ​​ធ្នូ ឆ្នាំ​​២០២៥ អង្គ​ការ​​សង់​ត្រាល់ បាន​ចេញ​​សេច​ក្តី​ថ្លែង​​ការណ៍​​មួយ ​ក្នុ​ង​នោះ​​មាន​​រំលេច​​នូវ​​​​​​លទ្ធផល​​​នៃ​​កា​រសិក្សា​ស្រាវ​ជ្រាវ​ថ្មីមួយ​​ អំពី ​«ស្ថាន​ភាព​សេដ្ឋកិច្ច​របស់​ពលករ​ខ្មែរ​ ដែល​បាន​ត្រឡប់​មក​វិញ និង​ការ​គាំទ្រ​​ដែល​ពួក​គេ​ត្រូ​វការ​បន្ទាន់»។

របាយ​ការណ៍​សិក្សា​ដែល​​បាន​រកឃើញ​ពី​​ស្ថានភាព​សម្ពាធ​​ផ្នែក​សេដ្ឋ​កិច្ច​​ធ្ងន់​ធ្ងរ​​ ដែល​​ពល​ករ​ទាំង​​​នោះ​កំពុង​​ប្រឈម និង​​សេចក្តី​ត្រូវ​​ការ​​របស់​ពួក​គេ បាន​​បង្ហាញ​​ថា ក្នុង​​ចំណោម​​ពលករ​​ដែល​​បាន​ធ្វើកា​រ​​សម្ភាសន៍​ចំនួន ៥២៧​នាក់ ក្នុង​​នោះ ​មាន​តែ​ពលករ​ចំនួន ៣១ភាគរយប៉ុណ្ណោះ ដែល​​ទទួល​បានជំនួយ​ការ​ជួយ​សង្គ្រោះ​បឋម ដែលភាគ​ច្រើន​មក​ពីរដ្ឋា​ភិបាល​កម្ពុជា ខណៈ​ការ​ចំណាយ​ជា​មធ្យម​​អំឡុង​ពេល​វិល​ត្រឡប់​មក​វិញមានចំនួន ២៧៥​ដុល្លារ​ ក្នុងនោះ​ចំណាយ​​លើ​ការ​ដឹក​ជញ្ជូន៧៤ដុល្លារ ចំណាយ​លើ​អាហារ​១៤៥​ដុល្លារ និង​ចំណាយ​លើកា​របង់ប្រាក់​ក្រៅប្រព័ន្ធ​៥៦ដុល្លារ។

ប្រភពដដែល​បន្តថា ពលករ​ ៧១​ភាគ​រយ​ ដែល​វិល​ត្រឡប់​មក​វិញ មាន​ជាប់​បំណុល​​ជា​មធ្យម​ចន្លោះ​ពី​៣០.៨០ដុល្លារ ទៅ​៣ ៥០០០ដុល្លារ(ជាមធ្យម​៥៥០០​ដុល្លារ)​ ក្នុង​នោះ​មាន ៨៥ភាគរយ មិន​អា​ចបង់តាម​ការ​កំណត់​បាន ដោយ​ការ​បង់​​សង​​ប្រចាំ​ខែ​ជាធម្យម​ ២២០​ដុល្លារ។​ ក្នុងចំណោម​ពលករ​ដែល​បានសម្ភាសន៍ មាន ៥៣ភាគរយ មាន​គម្រោ​ងចំណាក​ស្រុក​ជា​ថ្មី​ម្តង​ទៀត ក្នុងនោះ ៧៨​ភាគ​រយ ចង់​ត្រឡប់​ទៅប្រទេស​ថៃ។

ក្រោយថៃ បើកការឈ្លានពានកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ​២០២៥ ពលករ​ខ្មែរ​ជិត​១លាន​នាក់​បាន​វិល​ចូល​កម្ពុជា​វិញ ប៉ុន្តែវិ​ទ្យាស្ថា​ន​បណ្តុះ​បណ្តាល និង​ស្រាវ​ជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) កាលពីថ្ងៃទី២៧ ខែ​សីហា ឆ្នាំ​២០២៥ បាន​ចេញ​​ផ្សាយ​របាយ​ការណ៍​ថ្មី​មួយ រក​ឃើញ​​ថា ពលករ​ខ្មែរ​វិល​ត្រឡប់​ទាំង​នោះ​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់ ក្នុងចំណោមពលករជាង៩០​ម៉ឺន​នាក់ ដែលត្រលប់ចូលកម្ពុជាវិញនោះ ប្រឈមនឹងគ្មានការងារធ្វើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ