គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២២ខែធ្នូម្សិលមិញ ជនស៊ីវិលខ្មែរស្លាប់បានកើនឡើងដល់២១នាក់ រងរបួសកើនដល់ចំនួន ៨៣នាក់ សរុបជាង១០០នាក់ រីឯជនភៀសសឹកកើនឡើងដល់ជាង ៥៤ម៉ឺននាក់ ដោយសារការវាយប្រហារឈ្លានពាន ពីសំណាក់យោធាថៃ។
នេះបើតាមសេចក្តីសង្ខេបព័ត៌មានរបស់ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ «ស្តីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជាដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥»។
អ្នកនាំពាក្យរូបនេះ ឱ្យដឹងថា គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ ២១នាក់ របួស ៨៣នាក់ ខណៈជនភៀសសឹកបានកើនដល់ជាង ៥៤ម៉ឺននាក់ (៥៤៤ ៧០៣នាក់) ក្នុងនោះមានស្ត្រីជាង ២៨ម៉ឺននាក់ (២៨៥ ៥៤៤នាក់) និងកុមារជាង ១៧នាក់ (១៧៤ ០០៦នាក់)។
លោកថា៖ «មកដល់ពេលនេះ គឺបងប្អូនប្រជាពលរដ្ឋកម្ពុជាជាងកន្លះលាននាក់ រួមទាំងស្ត្រី និងកុមារ កំពុងតែរងទុក្ខទោស បន្ទាប់ពីបង្ខំចិត្តចាកចោលផ្ទះសម្បែង និងសាលារៀន គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ F-16 របស់ថៃ ដែលបំផ្លិចបំផ្លាញផ្ទះសំបែង និងភូមិកររបស់ពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ»។
បើតាមរបាយការណ៍ក្រសួង ក្នុងចំណោមអ្នករបួសទាំង ៨៣នាក់នោះ ក៏មានជនជាតិចិនម្នាក់ ដែលជាកម្មករនៅក្រុមហ៊ុនរ៉ែមួយ នៅខេត្តបាត់ដំបងផងដែរ។
ចំពោះករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលវិញ លោក ទូច សុខៈ ឱ្យដឹងថា ខូចខាតផ្ទះប្រជាពលរដ្ឋកើនដល់ ១១១ខ្នង សាលារៀន៥ទីតាំង មណ្ឌលសុខភាព៣ទីតាំង ផ្សារ១ បង្គោលទូរស័ពុ្ទ២កន្លែង ប្រាសាទបុរាណមួយចំនួន វត្តអារាម៥ទីតាំង អគារឯកជន១៣ទីតាំង អគាររដ្ឋចំនួន១១ខ្នង សណ្ឋាគារ៥ទីតាំង មធ្យោបាយធ្វើដំណើរ ២៨គ្រឿង និងទីតាំងផ្សេងៗមួយចំនួនទៀត។
គួរបញ្ជាក់ថា យោធាថៃបានចាប់ផ្តើមឈ្លានពានទឹកដីកម្ពុជាជាថ្មី និងទ្រង់ទ្រាយធំ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដែលគិតមកដល់ពេលនេះ មានរយៈពេល ១៧ថ្ងៃមកហើយ។ បើតាមក្រសួងការពារជាតិកម្ពុជា យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់នៅក្នុងភូមិសាស្ត្រជាច្រើននៅខេត្តដែលជាប់ព្រំដែន និងបានទម្លាក់គ្រាប់ចូលជ្រៅដល់ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប។
យោធាថៃ បានប្រើយន្តហោះចម្បាំង F-16 កម្ទេចហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជារាប់សិបកន្លែងតាមទំនើងចិត្ត ខណៈកម្ពុជាមិនប្រើអាវុធប្រឆាំងយន្តហោះ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានតាមដែនអាកាសដ៏កំរោលនេះទេ។
ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កងកម្លាំងកម្ពុជា បាននិងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕









