ប្រជាពលរដ្ឋខេត្តបាត់ដំបង មិនតិចនាក់នោះឡើយ ដែលបានរងការភិតភ័យ និងតក់ស្លុត ដោយសារយន្តហោះ T-50 របស់ទ័ពអាកាសថៃ ទម្លាក់គ្រាប់ទៅលើភូមិសាស្ត្រស្រុកបាណន់ ចំនួន៤គ្រាប់ នៅពេលព្រឹក និងមួយគ្រាប់ទៀតនៅពេលរសៀល នាថ្ងៃទី២៤ ខែធ្នូនេះ។
សន្ធឹកគ្រាប់លាន់ឡើង លាយឡំផ្សែងខ្មៅខ្មួលខ្មាញ់ បណ្ដាលឱ្យសិស្សានុសិស្សកំពុងរៀននៅសាលាក្បែរជើងភ្នំសំពៅ និងសាលាផ្សេងៗទៀត រត់ឈូឆរគេចទៅកន្លែងមានសុវត្ថិភាព។ ទោះយ៉ាងណា មិនទាន់មានរបាយការណ៍ផ្លូវការណាមួយបង្ហាញពីទំហំប៉ះពាល់នៅឡើយទេ។
ហេតុការណ៍ទម្លាក់គ្រាប់នៅព្រឹកនេះ បានធ្វើឱ្យស្រុកបាណន់ ក្លាយជាគោលដៅវាយប្រហារថ្មីរបស់យោធាថៃ ក្នុងភូមិភាគ៥ ភូមិសាស្ត្រខេត្តបាត់ដំបង ក្រោយពួកគេបានបាញ់ផ្លោង និងទម្លាក់គ្រាប់ទៅលើស្រុកកំរៀង ភ្នំព្រឹក និងសំពៅលូន អស់ជាច្រើនថ្ងៃមកនេះ។ ទីតាំងដែលរងការវាយប្រហារ មានចម្ងាយជាង៨០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ និងចម្ងាយជាង១០គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងបាត់ដំបង។
ពលរដ្ឋរស់នៅក្រុងបាត់ដំបង អ្នកស្រី មុំ សុភា ប្រាប់វីអូឌីថា ហេតុការណ៍ព្រឹកនេះ បានផ្អើលដល់ក្រុងបាត់ដំបង ទាំងពលរដ្ឋទូទៅ និងសិស្សដែលកំពុងរៀន។ អ្នកស្រីបារម្ភថា យោធាថៃអាចវាយប្រហារដល់ក្រុង ដោយសារប៉ុន្មានថ្ងៃមកនេះ អ្នកស្រីបានសង្កេតឃើញមានយន្តហោះ និងដ្រូនឈ្លបការណ៍ ហោះលើក្រុងទាំងយប់ទាំងថ្ងៃ។ ជាមួយគ្នានេះ អ្នកស្រីក៏បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការភៀសសឹក។
អ្នកស្រី មុំ សុភា និយាយថា៖ «បារម្ភខ្លាំងណាស់រាល់ថ្ងៃនេះ ព្រោះអីឃើញដ្រូនអាណាមិកហ្នឹងហោះល្បាត ហោះឈ្លបច្រើនណាស់ រាល់ពេល ព្រោះអីខេត្តបាត់ដំបងនេះជាខេត្តដែលកៀក(ព្រំដែន)មែនទែន»។
មកទល់ពេលនេះ ពុំទាន់មានការប្រកាសណាមួយពីអាជ្ញាធរខេត្តបាត់ដំបង ពីវិធានសុវត្ថិភាព ឬការជម្លៀសចេញពីតំបន់រងការវាយប្រហារនៅឡើយទេ។ ប៉ុន្តែហ្វេសប៊ុកផេករបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ពលរដ្ឋនៅជើងភ្នំសំពៅ បាននាំគ្នាពួនសម្ងំតាមវាលស្រែគេចពីការទម្លាក់គ្រាប់នៅរសៀលនេះ។
ចំណែក មន្ទីរអប់រំខេត្តបាត់ដំបង បានប្រកាសផ្អាកការបង្រៀន និងរៀន ដោយបិទបណ្ដោះអាសន្នសាលាទាំងអស់ក្នុងស្រុកបាណន់។
ជុំវិញការបាញ់ផ្លោងនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ឱ្យដឹងថា នៅយប់មិញនេះ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រស្រុកភ្នំព្រឹកចំនួន៧គ្រាប់។
អ្នកស្រីថា៖ «នៅវេលាម៉ោង២១ និង៣០នាទី(៩កន្លះយប់) យោធាថៃបានបាញ់ផ្លោងចំនួន៧គ្រាប់ ចូលក្នុងភូមិសាស្ត្រភ្នំព្រឹក(ខេត្តបាត់ដំបង)»។
រយៈពេល ១៧ថ្ងៃ នៃការវាយប្រហារមកលើកម្ពុជា ថៃបានប្រើយន្តហោះចម្បាំងចំនួនបីប្រភេទហើយ។ ទីមួយគឺ F-16 ទិញពីសហរដ្ឋអាមេរិក ទីពីរ យន្តហោះ Gripen ទិញពីស៊ុយអែត និងទីបីដែលទើបចេញប្រើថ្ងៃនេះ គឺ T-50 ទិញពីប្រទេសកូរ៉េខាងត្បូង ដោយយន្តហោះ T-50 នេះ គឺប្រើសម្រាប់ការហ្វឹកហាត់បែបទំនើបប៉ុណ្ណោះ ប៉ុន្តែយោធាថៃបានប្រើប្រាស់វាសម្រាប់ការវាយប្រហារមកលើតំបន់ស៊ីវិលកម្ពុជាទៅវិញ៕









