លោក ហ៊ុន សែន ត្រូវបានអ្នកឃ្លាំមើលចាត់ទុកថា ជាមេដឹកនាំអាត្មានិយមហួសហេតុ គិតតែពីពង្រឹងអំណាចក្តោបអំណាចតពូជ ដែលសូម្បីតែក្នុងកំឡុងពេលពលរដ្ឋខ្មែរនៅគ្រប់ទិសទី និងកងទ័ពកំពុងរួបរួមគ្នាប្រយុទ្ធតតាំងនឹងថៃឈ្លានពានក្តី ក៏មេដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានលើកបន្តុបដោយវៀតណាមរូបនេះ នៅតែឆ្លៀតបញ្ចេញសារគំរាមកំហែងចាប់ពលរដ្ឋខ្មែរ ដែលមានមតិផ្ទុយដាក់គុកដែរ ប៉ុន្តែបែរជាបង្ហាញឱ្យឃើញពីភាពអសមត្ថភាពយ៉ាងខ្លាំង ក្នុងការទប់ទល់ទៅនឹងការរំលោភឈ្លានពានយ៉ាងកំរោលពីកងទ័ពថៃលើទឹកដីកម្ពុជា។
ប្រតិកម្មទាំងនេះ កើតឡើងខណៈលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលស៊ីប្រាក់ខែរាស្ត្របង់ពន្ធ តែធ្វើការបម្រើបក្សនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ចេញសារគំរាមជាថ្មីទៀត ចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមដែលមានមតិមិនស្របនឹងរដ្ឋាភិបាលគ្រួសារហ៊ុនរបស់លោក។
លោកថា៖ «សូមបញ្ជាក់បន្ថែមអ្នកដែលចូលមកជេរតាមហ្វេសប៊ុក ឬបង្ហោះហ្វេសប៊ុកមិនត្រឹមតែហ្វេសប៊ុកពុក១ទេ ហ្វេសប៊ុកអ្នកណាក៏ដោយ ឱ្យតែប៉ះពាល់ដល់រដ្ឋាភិបាល ប៉ះពាល់ដល់គណបក្សប្រជាជនប៉ះពាល់ដល់ថ្នាក់ដឹកនាំ គឺត្រូវតែជាប់គុកដាច់ខាត អត់ត្រូវទទួលបានការលើកលែងទេ ផ្តាំផ្ញើតគ្នាទៅផង»។
ការគំរាមជាថ្មីទៀតនេះ គឺបន្ទាប់ពី លោក ហ៊ុន សែន បានថ្លែងកាលពីពេលថ្មីៗនេះថា នយោបាយងើបមួយវ៉ៃមួយរបស់លោក ទៅលើអ្នកមានមតិផ្ទុយ គឺនៅតែបន្ត។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានប្រាប់វីអូឌីនៅថ្ងៃទី២៤ខែធ្នូនេះថា ក្នុងស្ថានភាពដែលថៃកំពុងឈ្លានពានកម្ពុជា ហើយកងទ័ពកម្ពុជាកំពុងប្រយុទ្ធយ៉ាងប្តូរផ្តាច់ដើម្បីការពារទឹកដី ខ្មែរគ្រប់និន្នាការនយោបាយគួរដាក់គំនុំនយោបាយមួយឡែក ហើយគួរធ្វើការបញ្ចេញមតិ ឬធ្វើអ្វីៗដើម្បីជាប្រយោជន៍ក្នុងការលើកស្ទួយស្មារតីជាតិនិយម ឱ្យខ្មែរចាប់ដៃគ្នារួបរួមសាមគ្គីគ្នា ទប់ទល់ទៅនឹងសត្រូវបរទេសឈ្លានពាន។
លោកលើកឡើងថា ទាំងមេដឹកនាំ និងប្រជាពលរដ្ឋ គួរកុំធ្វើនូវទង្វើ ឬក៏ការប្រើពាក្យសម្តីទាំងឡាយណាដែលធ្វើឱ្យខ្មែរគ្នាឯងឈឺចាប់ ហើយងាកមកស្រាក់ដៃរួបរួមសាមគ្គីគ្នាជួយឧបត្ថម្ភទៅដល់កងទ័ពជួរមុខនិងជនភៀសសឹកជាងកន្លះលាននាក់ដែលកំពុងជួបការលំបាក។
លោកថា៖«ពេលនេះជាពេលសង្គ្រាម យើងត្រូវរួមគ្នាដើម្បីកុំឱ្យជាតិលិចលង់បាត់បង់បែកបាក់ការសាមគ្គី ខ្ញុំថា នេះជាសតិសម្បជញ្ជៈឧត្តមគតិរបស់ខ្មែរយើងម្នាក់ៗ ហើយអ្វីដែលសំខាន់ គឺថ្នាក់ដឹកនាំត្រូវប្រើគ្រប់មធ្យោបាយ គ្រប់ជ្រុងជ្រោយបែបណា ដើម្បីកុំឱ្យមានការបែកបាក់ កុំឱ្យមានការយល់ច្រឡំ ហើយការបញ្ចេញមតិនិយាយស្តី ក៏យើងត្រូវឱ្យមានហេតុមានផលចៀសវាងបំភ្លៃនូវការពិត វាដូចជាយើងជួយនូវអ្វីជាចិត្តសាស្ត្រសង្គ្រាម ក៏ដូចជាសង្គ្រាមស៊ើបការណ៍ សង្រ្គាមយុទ្ធសាស្ត្រនៃការបែកបាក់ ដែលចំណេញដល់ប្រយោជន៍នៃប្រទេសសៀម ដែលគេចង់បានប្រទេសយើងចង់បានទឹកដីយើង»។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្ត្រនយោបាយ ហាក់យល់ស្របទៅនឹងការលើកឡើងរបស់ លោក សុវណ្ណារ៉ា ដោយសរសេរលើបណ្តាញសង្គមរបស់លោក នៅថ្ងៃទី២៤ខែធ្នូនេះថា ខ្មែរគ្រប់រូបត្រូវគិតឈាមខ្មែរ ហើយត្រូវរួមគ្នាថែការពារជាតិទឹកដីខ្មែរ។ ខ្មែរយើងតែងនិយាយថា «ឈាមខាប់ជាងទឹក» ក្នុងសេចក្ដីថា គិតសាច់ឈាមឯងជាងអ្នកដទៃ។
បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ថា៖ «ខណៈថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា ជនរួមជាតិខ្មែរយើងត្រូវរួមស្មារតីតែមួយ ឱ្យជាតិយើងរឹងមាំ ទប់ទល់នឹងសត្រូវឈ្លានពាន។ ភាពខុសគ្នានៃពណ៌សម្បុរនយោបាយ សាសនា វណ្ណៈសង្គម…សូមទុកមួយឡែកសិន»។
ជាមួយគ្នានេះ គណបក្សកម្លាំងជាតិ តាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៣ខែធ្នូ បានលើកឡើងថា ចំពោះមុខស្ថានភាពកាន់តែអាក្រក់ទៅ ដែលកងទ័ពថៃបានឈ្លានពានកម្ពុជា ដោយបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ អគារ សាលារៀនមន្ទីរពេទ្យ ប្រជាពលរដ្ឋខ្មែរស្លាប់និងរងរបួសរាប់ស៊ឹបនាក់ ពលរដ្ឋភៀសសឹកជាង៥០ម៉ឺននាក់សាលារៀនជាង១០០០សាលាត្រូវបិទទ្វារ និងសិស្សជាង២០ម៉ឺននាក់មិនបានរៀនសូត្រជាដើម។ ដើម្បីធានាសុខសុវត្ថិភាពប្រជាពលរដ្ឋខ្មែរ និងអធិបតេយ្យ បូរណភាពដែនដីនៃប្រទេសកម្ពុជា គណបក្សកម្លាំងជាតិ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវដោះលែងអ្នកនយោបាយ និងក្រុមសកម្មជនសង្គម ដើម្បីជាការបង្ហាញពីខ្មែររួបរួមសាមគ្គីគ្នា ដែលនឹងអាចទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។
លោក អ៊ុំ សំអាន ប្រធានស្ថាប័នកិច្ចការព្រំដែន និងអន្តោប្រវេសនៃរដ្ឋាភិបាលក្រៅប្រទេស២៣តុលា បានសរសេរនៅពីលើសារគំរាមរបស់លោក ហ៊ុន សែន ដែលលោកបានចែករំលែកថា ក្នុងដំណាក់កាលនេះទៅហើយ មេបក្សកាន់អំណាចនៅមានពេលមកគម្រាមចាប់ខ្មែរគ្នាឯងដាក់គុកទៀត ស្របពេលដែលថៃកំពុងសម្រុកវាយឈ្លានពានទឹកដីខ្មែរ ហើយថៃដណ្តើមកាន់កាប់បានទឹកដីខ្មែរនៅតាមព្រំដែនជិតអស់ហើយ។ លោក ហ៊ុន សែន គួរយកពេលវេលានេះទៅផ្សះផ្សាបង្រួបបង្រួមជាតិរវាងខ្មែរនិងខ្មែរ ដើម្បីប្រឆាំងសត្រូវឈ្លានពានទឹកដី និងយកពេលទៅទប់ទល់នឹងការឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃ។
បើតាមអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ រហូតមកដល់ថ្ងៃនេះ ថៃកំពុងគ្រប់គ្រងនៅប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ប្រាសាទខ្នារ ថ្មដូន ច្រកអានសេះ ភ្នំ៣៥០ ភ្នំ៥០០ ភ្នំ៦៧៧ ភូមិជោគជ័យ ភូមិព្រៃចាន់ តំបន់ច១ តំបន់អូរភ្លុកដំរី ផ្ទះ៣ខ្នង ភ្នំទ្រព្យ។ល។ នេះបើតាមព័ត៌មានពីទាហានជួរមុខ។
លោកបន្តថា ទាហានខ្មែរកំពុងដកថយសឹងគ្រប់សមរភូមិហើយ លោក ហ៊ុន សែន បែរជានៅតែខ្លាំងជាមួយខ្មែរគ្នាឯងទៀត។ លោក សំអាន និយាយថា មូលហេតុនៃការបាត់បង់ទីតាំងទាំងនោះបាន គឺដោយសារគ្រាប់បែកទម្លាក់ពីយន្តហោះចម្បាំងរបស់ថៃ គ្រាប់ពីដ្រូនថៃ និងគ្រាប់ផ្លោងថៃ។
សម្រាប់ លោក អ៊ុំ សំអាន អំពើពុករលួយជាប្រព័ន្ធ និងអសមត្ថភាពនៃការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន ជាង៤០ឆ្នាំមកនេះ ធ្វើឱ្យកងទ័ពកម្ពុជាគ្មានយន្តហោះចម្បាំងសូម្បីតែ១គ្រឿង គ្មានសំណាញ់មេឃ គ្មានកាំភ្លើងបាញ់ដ្រូនគ្រប់គ្រាន់ និងគ្មានដ្រូនចម្បាំងគ្រប់គ្រាន់។
លោកថ្លែងក្នុងសំដីដើមថា៖ «សុំទោស ខ្ញុំមិនចង់និយាយពាក្យទាំងអស់នេះ នៅពេលមានសង្រ្គាមទេ ប៉ុន្តែលោក ហ៊ុន សែន ហួសហេតុពេក សូម្បីតែពេលកំពុងមានសង្រ្គាម ក៏គាត់គម្រាមចាប់ខ្មែរដាក់គុកដែរ»។
ទាំងគណបក្សកម្លាំងជាតិ និងលោក អ៊ុំ សំអាន នៅតែទទូចឱ្យរដ្ឋាភិបាលគ្រួសារហ៊ុន ត្រូវប្តឹងជម្លោះព្រំដែនជាមួយថៃ ទៅតុលាការ ICJ ទៅតុលាការ ICC និងទៅសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីឱ្យទប់ស្កាត់ការឈ្លានពានយ៉ាងកំរោលរបស់ថៃ។
លោក សុខ សុគន្ធ ហៅ ជែម សុខ អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គមដែលធ្លាប់លួងលោមលោក ហ៊ុន សែន ឱ្យធ្វើការកែទម្រង់ប្រព័ន្ធដឹកនាំរដ្ឋលើវិស័យមួយចំនួន និងស្នើសុំឱ្យដោះលែង ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ និងសកម្មជនសង្គម តែ លោក ហ៊ុន សែន មិនព្រម បាននិយាយថា លោក ហ៊ុន សែន ជាមេដឹកនាំដែលខ្លាំងបានតែជាមួយខ្មែរគ្នាឯង ហ៊ានចាប់ដាក់គុក ហ៊ានបង្ក្រាបតែខ្មែរគ្នាឯង ប៉ុន្តែជាមួយយួនជាមួយសៀម គឺខ្លាចគេឡើងញ័រ។
លោកថា៖«ខ្មែរមួយចំនួន គេអត់និយាយទេ ប៉ុន្តែគេអស់សង្ឃឹម ហើយគេយល់ថាគាត់កែមិនឡើងទេ។ អ៊ីចឹងបើគាត់កែមិនឡើង បាបកម្មអីដែលធ្លាក់មកលើគាត់ គេអង្គុយចាំមើលគេមិនជួយគាត់ទេ ពីព្រោះអី ពីព្រោះគេឃើញដួងចិត្តរបស់គាត់ វាអត់មានសោះចំពោះអ្នកដទៃ។ គាត់បានក្បាលមីក្រូហ្វូន គាត់គំរាម ហើយគាត់អត់គំរាមអ្នកណាទេ គាត់អត់មានគំរាមយួនគាត់អត់មានគំរាមសៀម គាត់អត់មានគំរាមបរទេសទេ គាត់គំរាមតែខ្មែរ។ ហើយគាត់ប្រាប់ទៀត គាត់ថា ហ្ហែងស្លាប់ដោយសារអំណាចអញទៅ ចាប់ហ្ហែងអញអត់គិតទេ មួយម៉ាត់នេះឆ្ងាញ់ណាស់ស៊ីលុយណាស់»។
សម្រាប់លោក ជែម សុខ ដោយសារតែចរិតអួតក្អេងក្អាង និងស៊ីជោរ ថែមទាំងមាត់រប៉ិលរប៉ូចរបស់លោក ហ៊ុន សែន ដែលតែងតែតាំងខ្លួនជាអ្នកចេះដឹងលើសគេ ដោយលូកដៃចូលទៅកកូរកកាយនយោបាយផ្ទៃក្នុងរបស់ថៃ និងការជាប់ពាក់ព័ន្ធរបស់គ្រួសារហ៊ុនជាមួយឧក្រិដ្ឋជនអនឡាញ ទើបថៃជ្រើសរើសយកការធ្វើសង្គ្រាម ដើម្បីបំបាក់លោក ហ៊ុន សែន។ លោកថា ចាប់ពីពេលនេះទៅ ប្រជាជនកម្ពុជានឹងរស់នៅមិនបានសុខនោះទេ។
សម្រាប់ លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃ២៤ខែធ្នូនេះថា កម្ពុជាគួរឈប់ជឿទៅលើការជួយពីសហគមន៍អន្តរជាតិ លើការអាចបញ្ឈប់សង្គ្រាមថៃឈ្លានពានកម្ពុជា ប៉ុន្តែត្រូវត្រៀមខ្លួនប្រយុទ្ធ។ លោកថា បើមិនប្រយុទ្ធគឺចាញ់ទាំងស្រុង តែបើប្រយុទ្ធអាចមានសង្ឃឹមឈ្នះ ខណៈដែលប្រវត្តិសាស្ដ្រកម្ពុជាបង្ហាញថា សឹងគ្រប់សង្គ្រាមតទល់នឹងសត្រូវ កងទ័ពខ្មែរកម្រនឹងចាញ់ណាស់ លើកលែងតែបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ និងម្នាក់ៗគិតតែឱបក្រសោបប្រយោជន៍ផ្ទាល់ខ្លួន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ខែធ្នូនេះ មានអ្នកនយោបាយ និងសកម្មជននយោបាយ រួមនឹងសកម្មជនសង្គម ៩២នាក់ ត្រូវបានប្រព័ន្ធយុត្តិធម៌ក្រោមកណ្តាប់ដៃលោក ហ៊ុន សែន ចាប់ឃុំខ្លួន។ នេះបើតាមអង្គការសិទ្ធិមនុស្សលីកាដូ៕









